អានតួអត្ថបទ
សហរដ្ឋអាេមរិក កូវីដ១៩

លោកដូណាល់ ត្រាំ អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ Remdesivir ​ព្យាបាល​អ្នកជំងឺ​កូវីដ១៩

សហរដ្ឋអាមេរិក គឺប្រទេសដែលរងគ្រោះធ្ងន់បំផុត ដោយជំងឺកូវីដ១៩។ គិតមកត្រឹមថ្ងៃទី​២ឧសភា​នេះ មានអ្នកស្លាប់សរុប ប្រមាណ​ជិត៦៥០០០នាក់ នៅសហរដ្ឋអាមេរិក។ លោកដូណាល់ ត្រាំ បាន​ប្រកាស​កាលពីល្ងាចថ្ងៃ​សុក្រ​ទី​១ឧសភា​ បើកឲ្យ​មន្ទីរពេទ្យ ប្រើប្រាស់ថ្នាំមួយប្រភេទ ឈ្មោះ​ រឹមដេស៊ីវា (Remdesivir)​ដែលជាថ្នាំព្យាបាលជំងឺអេបូឡា យកទៅប្រើលើ​អ្នកជំងឺកូវីដ១៩។

ថ្នាំ Remdesivir ផលិតដោយមន្ទីរពិសោធន៍ Gilead របស់​សហរដ្ឋអាេមរិក ដែលជាថ្នាំប្រើសាកល្បងលើលំងឺអេបូឡានៅឆ្នាំ២០១៦។
ថ្នាំ Remdesivir ផលិតដោយមន្ទីរពិសោធន៍ Gilead របស់​សហរដ្ឋអាេមរិក ដែលជាថ្នាំប្រើសាកល្បងលើលំងឺអេបូឡានៅឆ្នាំ២០១៦។ POOL/AFP
ផ្សាយពាណិជ្ជកម្ម

យោងតាមការសិក្សាមួយនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ថ្នាំព្យបាលជំងឺអេបូឡា ឈ្មោះ Remdesivir គឺអាចជួយឲ្យអ្នកជំងឺកូវីដ១៩ អាចជាសះស្បើយ បានឆាប់រហ័ស។ លទ្ធផលស្រាវជ្រាវនេះ ត្រូវបាន​ទីភ្នាក់ងារឱសថសហរដ្ឋអាមេរិក យកមកសំអាង និងផ្តល់ក្តីសង្ឃឹមទៅដល់ការ​ប្រយុទ្ធជាមួយជម្ងឺកូវីដ១៩ ដែលកំពុងតែសម្លាប់មនុស្ស​ជាម​ធ្យមខ្ទង២០០០នាក់ សឹងតែជារៀងរាល់ថ្ងៃ នៅសហរដ្ឋអាេមរិក គិតចាប់ពីពាក់កណ្តាលខែមេសាមក។

ត្រេកអរចំពោះនឹងលទ្ធផលស្រាវជ្រាវនេះ លោក​ដូណាល់ ត្រាំ បានប្រកាសភ្លាម នៅល្ងាចថ្ងៃទី១ឧសភា អនុញ្ញាតឲ្យ​ប្រើថ្នាំ Remdesivir នេះទៅលើអ្នកជំងឺកូវីដ១៩។ យោងតាមលោកដូណាល់ ត្រាំ ចាប់ពីពេលនេះទៅ មន្ទីរពេទ្យនៅសហរដ្ឋអាេមរិកទាំងអស់ អាចប្រើថ្នាំនេះ ជួួយអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរខ្លាំង ដូចជាអ្នកជំងឺ ដែលត្រូវ​បញ្ចូលបំពង់ជំនួយការដង្ហើមជាដើម។

គួរបញ្ជាាក់ថា ថ្នាំ Remdesivir គឺជាថ្នាំប្រឆាំងមេរោគ ដែលផលិតសាកល្បងដោយ មន្ទីរពិសោធន៍អាមេរិក ឈ្មោះ Gilead Sciences ដើម្បីសាកប្រើទៅលើអ្នកជំងឺអេបូឡា។ នៅឆ្នាំ២០១៦ ថ្នាំនេះត្រូវបានគេសាកល្បងប្រើក្នុងទ្រង់ទ្រាយធំ ជាមួយនឹងថ្នាំ២ប្រភេទផ្សេងទៀត ទៅលើអ្នកជំងឺអេបូឡា នៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ តែលទ្ធផលបង្ហាញថា ថ្នាំ Remdesivir មិនមានប្រសិទ្ធិភាព​ល្អ លើ​ជាងថ្នាំ២មុខផ្សេងទៀតនោះទេ។

ដោយឡែក ទាក់ទិននឹងការប្រើថ្នាំ Remdesivirនេះ ទៅលើអ្នកជម្ងឺកូវីដ១៩ គឺវិទ្យាស្ថានសុខាភិបាល​សហរដ្ឋអាមេរិក ជាអ្នកផ្តើមធ្វើតេស្តសាកល្បង ក្នុងទ្រង់ទ្រាយធំ ទៅលើអ្នកជំងឺប្រមាណ​១០៦៣នាក់។ យោងតាមលទ្ធផលបឋម ចេញផ្សាយកាលពីថ្ងៃទី ២៩មេសា បង្ហាញថា អ្នកជំងឺកូវីដ​១៩ ចំនួន​ប្រមាណ៣១% បានជាសះស្បើយ ឆាប់រហ័សជាងអ្នកជម្ងឺ ដែលមិនប្រើថ្នាំនេះ។ លោក វិជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាពិសេសរបស់លោកដូណាល់ ត្រាំ បានអះអាងថា លទ្ធផលនេះ បង្ហាញយ៉ាងច្បាស់ថា ថ្នាំ Remdesivir មានប្រសិទ្ធិភាពល្អ ជួយពន្លឿនការជាសះ​ស្បើយ ពីជម្ងឺកូវីដ១៩។

ដោយឡែក យោងតាមការចុះផ្សាយរបស់ទស្សនាវត្តីវិជ្ជសាស្ត្រ The Lancet បានលើកឡើងថា ការសិក្សាសាកល្បងមួយទៀត ធ្វើឡើងដោយក្រុមគ្រូពេទ្យចិននៅវូហាន ប្រើថ្នាំ Remdesivir ទៅលើអ្នកជំងឺចំនួន២៣៧នាក់ គឺលទ្ធផលមិនសូវជាល្អនោះទេ។ តែយ៉ាងណា លោក Stephen Evans អ្នកជំនាញ​វិភាគតួលេខវិជ្ជសាស្ត្រនៅ សាលាសិក្សាវិជ្ជសាស្ត្រ​​ជំងឺឆ្លង និងអនាម័យទីក្រុងឡុងដ៍ បានលើកឡើងថា ការសិក្សានៅចិនមានទ្រង់ទ្រាយតូចពេក។ ចំណែកឯការសិក្សារបស់សហរដ្ឋអាមេរិក ថ្វីបើមានទ្រង់ទ្រាយធំជាង ហើយបង្ហាញលទ្ធផលល្អមែន តែមិនមែនមានន័យថា ថ្នាំ Remdesivir គឺជាថ្នាំសក្តិសិទ្ធព្យាបាល ជម្ងឺកូវីដ១៩នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ