អានតួអត្ថបទ
កូវីដ១៩-សហរដ្ឋ​អាមេរិក

លោកត្រាំ ភ្ជាប់កូវីដ១៩ ទៅនឹងការគំរាមដំឡើងពន្ធគយបន្ថែមលើផលិតផលចិន

កូវីដ​១៩ ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​ថ្មី និង​ដែល​លេចឡើង​​ជា​ដំបូង​នៅ​ខេត្ត​ហ៊ូពេ​ប្រទេស​ចិន កាលពី​ចុង​ឆ្នាំ​២០១៩ កំពុង​តែ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ចិន-អាមេរិក​ធ្លាក់​ដុនដាបកាន់​តែខ្លាំង​ឡើងៗ។ លោក ដូណាល់ ត្រាំ បាន​អះអាង​នៅ​ថ្ងៃព្រហស្បតិ៍​ទី ៣០មេសា ឆ្នាំ២០២០ ថាមាន​ភស្តុតាង​បញ្ជាក់​ថា កូវីដ១៩ មាន​ប្រភព​ចេញ​មក​ពី​មន្ទីរពិសោធន៍ចិន​នៅ​វូហាន។ ដូច្នេះ​ដើម្បី​ដាក់ព្រមាន​ចិន លោកដូណាល់ ត្រាំ ចង់​ដាក់​ទណ្ឌកម្ម​ដំឡើង​ពន្ធនាំចូល​លើ​ផលិតផល​ ថ្មីបន្ថែមទៀត។

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​គយ ព្រោះ​មាន​ភស្តុតាង​ថា​កូវីដ១៩​ចេញ​ពី​មន្ទីរពិសោធន៍​ចិន
លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​គយ ព្រោះ​មាន​ភស្តុតាង​ថា​កូវីដ១៩​ចេញ​ពី​មន្ទីរពិសោធន៍​ចិន Carlos Barria/Reuters
ផ្សាយពាណិជ្ជកម្ម

ពីមុន​មក លោកប្រធានាធិបតី​អាមេរិក បានត្រឹម​តែ​​បន្ទោស​រដ្ឋាភិបាល​ចិន ថា​គ្មាន​តម្លាភាព​ក្នុង​ចំណាត់​ការ​ និង​ចោទ​ប៉េកាំង​ថា​ប៉ុនប៉ង​លាក់​បាំង​​​ព័ត៌មាន​ស្តី​ពី ភាព​ធ្ងន់ធ្ងរ​របស់​កូរ៉ូណាវីរុស​ថ្មី ប៉ុន្តែ​នៅ​ក្នុងសន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ នា​ថ្ងៃព្រហស្បតិ៍​ទី ៣០​ មេសា​ម្សិលមិញ លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ដោយ​ចំៗ មួយ​កំរិត​ថា លោក​​មាន​ភស្តុតាង គួរ​ជឿជាក់​ បញ្ជាក់​ថា​មេរោគកូរ៉ូណាវីរុស​ថ្មី​ មានប្រភព​ចេញ​ពីមន្ទីរពិសោធន៍​ចិន​នៅ​វូហាន។

មាន​ភស្តុតាង​អ្វីខ្លះ ? លោកដូណាល់​ត្រាំ មិនបាន​បញ្ជាក់​ទេ។ លោកគ្រាន់​តែ​អះអាង​ថា ការរីក​សាយភាយ​នៃមេរោគ ទំនងអាចមាន​ពី​រយ៉ាង ប្រហែល​មក​ពី​​​គ្មានសមត្ថភាព​ទប់ ឬប្រហែលមក​ពីមាន​ចេតនា​​បណ្តោយ​ឱ្យ​មេរោគ​រីករាលដាល តែ​លោក ​មិន​ទាន់​អាច​និយាយ​អ្វី​ច្រើន​បាន​នៅ​ពេល​នេះ។ ​ ប៉ុន្តែ​ប្រឈម​នឹង​ទង្វើ​បែប​នេះ ចិន​ត្រូវ​តែ​រង​ទណ្ឌកម្ម។ អាមេរិក​នឹង​ដំឡើង​ពន្ធនាំ​ចូល​បន្ថែម​ទៀត​លើ​ផលិតផល​ចិន​ បើទោះ​បី​ជា​កាលពី​ខែ​មករា ចិន​និង​អាមេរិកសម្រេចបាន​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​យ៉ាង​ល្អនឹង​គ្នា​ក៏​ដោយ។ ពោល​គឺ​អាមេរិក​នឹង​ត្រលប់​ទៅ​បើ​វិធានការចាស់​ដែល​ធ្លាប់​អនុវត្ត​ក្នុង​ពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​គ្នា​ កាលពី​ឆ្នាំ​២០១៩។

សូម​បញ្ជាក់​ថា ប្រតិកម្មរបស់​លោក ដូណាល់ត្រាំ​ជុំ​វិញ​ប្រភព​​នៃ​វីរុស​កូរ៉ូណា​ថ្មី ធ្លាក់​មក​តែ​ប៉ុន្មាន​ម៉ោង​ក្រោយការ​ផ្សព្វផ្សាយ​លទ្ធផល​អង្កេត​របស់​ភ្នាក់ងារចារកិច្ច​អាមេរិក​។ នៅក្នុង​សេចក្តីថ្លែងការណ៍ ភ្នាក់ងារ​ចារកិច្ច​អាមេរិក​​បាន​បញ្ចប់​​សន្និដ្ឋាន​ថា វីរុស​កូណាថ្មី នៃ​ជំងឺ​កូវីដ១៩ មិនមែន​ជា​វីរុស​សប្បនិម្មិត្ត​ ដែល​គេបង្កើ​ឡើង និង​ដែល​គេ​ធ្វើ​ការ​ប្តូរ​ផ្លាស់​ហ្សែន​ ដូច​ពាក្យ​ចចាម​អារាម​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​​​​លោក​ដូណាល់ត្រាំ នៅ​តែ​អាច​ភ្ជាប់​បញ្ហា​កូវីដ​១៩ ទៅ​នឹង​ការ​ចង់​ដំឡើង​ពន្ធ​ចិន​បាន​ដដែល។

ជាចម្លើយ​​តប ចិន​បាន​បរិហារ​លោកដូណាល់ ត្រាំ វិញ ថាមួលបង្កាច់​ចិន និង​ប្រើ​តាកតិច​បង្វែរ​ចាប់​អារម្មណ៍​​ចេញ​ពី​ចំណាត់ការមិន​ល្អ​របស់​អាមេរិក​ក្នុង​ការប្រយុទ្ធ​ប្រឆាំ​ង​នឹង​វិបត្តិកូវីដ​១៩។ បើ​តា​ម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង​ប្រចាំ​ប៉េកាំង សហរដ្ឋ​អាមេរិក និង​លោក​ដូណាល់​ ត្រាំ​ ក៏​ជា​ទិសដៅ​នៃ​ការវាយប្រហារ​របស់​សារព័ត៌មាន​ចិន​ដែរ។ លោក ត្រាំ​ និង​លោកស៊ី​ ជិនពីង បាន​និយាយ​ទាក់ទង​គ្នាដោយ​ផ្ទាល់​ លើក​ចុងក្រោយ​បំផុត កាលពីចុង​​ខែ​មីនា។ មេដឹកនាំ​មហាអំណាច​ទាំង​ពីរ បាន​សម្តែង​សាមគ្គីភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត​កូវីដ១៩ ប៉ុន្តែ​ជា​សាមគ្គី​ភាព​តែ​សម្បក​ក្រៅតែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ