អានតួអត្ថបទ
ខួប៣០ឆ្នាំ​នៃ​តេឡេស្កុបអវកាសហឺបល

​តេឡេស្កុបហឺបល៖ ៣០ឆ្នាំ​នៃ​ការ​សង្កេត​ដែល​នាំ​ទៅដល់​ការ​បំបែក​អាថ៌កំបាំងជាច្រើន​ទាក់ទង​នឹង​ចក្រវាល

គិតត្រឹមថ្ងៃទី២៤ ខែមេសា​ឆ្នាំ២០២០​នេះ តេឡេស្កុបអវកាស​ហឺបល (Hubble Space Telescope) មាន​អាយុកាល ៣០ឆ្នាំគត់ ក្រោ​យ​ពី​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​ឲ្យទៅ​ដំណើរការ​នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញភពផែនដី កាល​ពីឆ្នាំ១៩៩០។ នៅ​ក្នុងរយៈពេល ៣០ឆ្នាំ​កន្លងទៅនេះ តេឡេស្កុបហឺបល​បាន​ថតរូបភាព​អវកាស​រាប់លាន ហើយ​សុទ្ធសឹង​ជា​រូបភាព​ដែល​គេ​មិន​ធ្លាប់​ដែល​ឃើញ​មាន​កាល​ពីមុន ហើយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​បំបែក​នូវ​អាថ៌កំបាំង​ជាច្រើន ចាប់តាំង​ពី​វដ្តជីវិតផ្កាយ រហូតដល់​ការ​កំណត់​​បានកាន់តែ​ច្បាស់​នូវអាយុកាល​ចក្រវាល។

បណ្តុំ​នៃ​ល្អងធូលី ដែល​គេ​ឲ្យ​ឈ្មោះ​​ថា « Pillars of Creation » នៅ​ក្នុង​ណេប៊ុយឡា​ឈ្មោះ « ឥន្ទ្រិយ៍ » (Eagle Nebular/Nébuleuse de l’Aigle)
បណ្តុំ​នៃ​ល្អងធូលី ដែល​គេ​ឲ្យ​ឈ្មោះ​​ថា « Pillars of Creation » នៅ​ក្នុង​ណេប៊ុយឡា​ឈ្មោះ « ឥន្ទ្រិយ៍ » (Eagle Nebular/Nébuleuse de l’Aigle) © NASA/ESA
ផ្សាយពាណិជ្ជកម្ម

ខុសពី​តេឡេស្កុប​ដែល​នៅ​លើដី តេឡេស្កុប​អវកាស​ហឺបល​ ដែល​ស្ថិត​ក្នុង​គន្លង​តារាវិថី ផុត​ពី​ភាព​រំខាន​នៃ​ស្រទាប់​បរិយាកាស​របស់​ផែនដី អាច​ឲ្យ​គេ​មើល​ឃើញ​បាន​យ៉ាង​ច្បាស់ និង​លម្អិត ទៅ​ក្នុង​ចម្ងាយ​​រហូត​ទៅ​រាប់​ពាន់លាន​ឆ្នាំ​ពន្លឺ។

រូបភាព​អវកាស ដែល​ថត​ដោយ​តេឡេស្កុប​អវកាស​ហឺបល​បាន​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​អាច​សិក្សា​ដឹង​កាន់តែ​លម្អិត​អំពី​ចក្រវាល រាប់ចាប់តាំង​ពី​ការ​សិក្សា​លម្អិត​ អំពី​ការចាប់កំណើត និង​ការ​ស្លាប់​របស់​ផ្កាយ អំពី​វត្តមាន​នៃ​ប្រហោងខ្មៅ​ធំៗ​នៅ​ចំណុចកណ្តាល​នៃ​ចក្រវាល វត្តមាន​នៃ​ថាមពល​ងងឹត (Dark Energy) និង​ជាពិសេស អំពី​អាយុ​របស់​ចក្រវាល និង​​ល្បឿន​នៃ​ការ​រីកប៉ោង​នៃ​ចក្រវាលនៅ​ក្នុង​ពេល​បច្ចុប្បន្ន។

ខាងក្រោម​នេះ គឺ​ជា​រូបភាព​ដ៏ល្បីៗ​មួយចំនួន ដែល​តេឡេស្កុប​ហឺបល​ថតបាន

ណេប៊ុយឡាក្តាម (Crab Nebula/Nébuleuse de Crabe) ដែលមានមុខកាត់រហូតដល់ទៅប្រមាណជា ៦ឆ្នាំពន្លឺ គឺជាអ្វីដែលបន្សល់ទុកដោយការផ្ទុះស៊ូពើណូវ៉ា ដែលតារាវិទូចិនធ្លាប់បានសង្កេត និងកត់ត្រាទុក តាំងពីជិត១ពាន់ឆ្នាំមុន (ឆ្នាំ១០៥៤គ.ស.)។
ណេប៊ុយឡាក្តាម (Crab Nebula/Nébuleuse de Crabe) ដែលមានមុខកាត់រហូតដល់ទៅប្រមាណជា ៦ឆ្នាំពន្លឺ គឺជាអ្វីដែលបន្សល់ទុកដោយការផ្ទុះស៊ូពើណូវ៉ា ដែលតារាវិទូចិនធ្លាប់បានសង្កេត និងកត់ត្រាទុក តាំងពីជិត១ពាន់ឆ្នាំមុន (ឆ្នាំ១០៥៤គ.ស.)។ © NASA/ESA

ផ្កាយ​ដែល​ផ្ទុះ​ជា​ស៊ូពើណូវ៉ា​នេះ ស្ថិត​នៅ​ក្នុង​បណ្តុំផ្កាយគោ (Taurus) ក្បែរ​ផ្កាយ​យាមនង្គ័ល ហើយ​ស្ថិត​នៅ​ចម្ងាយ​ ៦ ៥០០ឆ្នាំ​ពន្លឺ​ពីភពផែនដី​របស់​យើង។

កាល​ពី​ឆ្នាំ១៨៤៤ តារាវិទូ​អៀរឡង់​ម្នាក់​ ដែល​ប្រើ​តេឡេស្កុប​សម័យ​បុរាណសង្កេតមើល​ណេប៊ុយឡា​នេះ ហើយ​បាន​គូរ​រូប​ចេញ​ស្រដៀង​ជា​រូបក្តាម ទើប​គេ​ឲ្យ​ឈ្មោះថា ណេប៊ុយឡាក្តាម រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ ក៏ប៉ុន្តែ តាមរយៈរូបថត​​ដែល​តេឡេស្កុប​ហឺបល​​ថតបាន នៅ​ខែតុលា​ឆ្នាំ១៩៩៩ និង​ក្រោយ​មក​ទៀត នៅ​ខែមករា និង​ខែ​ធ្នូ​ឆ្នាំ២០០០ គេ​​អាច​ដឹង​ថា ណេប៊ុយឡា​នេះ​មិនមាន​រូបរាង​ដូចក្តាម​នោះទេ ហើយ​លើសពីនេះ​ទៅទៀត រូបភាពនេះ​អាច​សង្កេតឃើញ​យ៉ាងលម្អិត​ និង​អាច​សិក្សា​យល់បានកាន់តែ​ច្បាស់ អំពី​អ្វីដែល​កើតឡើង ក្រោយ​ពី​ផ្កាយ​ត្រូវ​ផ្ទុះ​ជា​ស៊ូពើណូវ៉ា។


 

នេះជារូបភាពបង្ហាញពីបណ្តុំនៃធាតុដ៏តូចល្អិត ឬដែលអាចហៅជា « ល្អងធូលី » ដែលប្រមូលផ្តុំគ្នាក្នុងទម្រង់ដូចជាពពក នៅក្នុងតំបន់មួយស្ថិតក្នុងណេប៊ុយឡាឈ្មោះ « ឥន្ទ្រិយ៍ » (Eagle Nebular/Nébuleuse de l’Aigle) ចម្ងាយប្រមាណជា ៦៥០០ ទៅ ៧០០០ឆ្នាំពន្លឺពីភពផែនដីរបស់យើង។
នេះជារូបភាពបង្ហាញពីបណ្តុំនៃធាតុដ៏តូចល្អិត ឬដែលអាចហៅជា « ល្អងធូលី » ដែលប្រមូលផ្តុំគ្នាក្នុងទម្រង់ដូចជាពពក នៅក្នុងតំបន់មួយស្ថិតក្នុងណេប៊ុយឡាឈ្មោះ « ឥន្ទ្រិយ៍ » (Eagle Nebular/Nébuleuse de l’Aigle) ចម្ងាយប្រមាណជា ៦៥០០ ទៅ ៧០០០ឆ្នាំពន្លឺពីភពផែនដីរបស់យើង។ © NASA/ESA

គេ​ឲ្យឈ្មោះ​បណ្តុំ​នៃ​ល្អងធូលីនេះ​ថា​ជា « Pillars of Creation » ដោយសារ​តែ​វា​​មាន​រូបរាង​ដូចជា​សសរ ហើយ​វា​ជា​ធាតុផ្សំ ដែល​អាច​នាំ​ទៅ​ដល់​ការ​បង្កើត​ផ្កាយ និង​ភព។ វាជា​ចំណុច​ចាប់ផ្តើម នៅ​ក្នុង​​ដំណើរការ​​ចាប់កំណើតផ្កាយ ដែល​គេ​សង្កេតឃើញ​ជា​ទូទៅ នៅ​ក្នុង​ចក្រវាល​របស់យើង ដោយ​នៅ​ក្នុង​នោះ​ក៏រួមមាន​ផងដែរ ការ​ចាប់កំណើត​ព្រះអាទិត្យ និង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។

សសរ​ដែល​នៅ​ខាង​ឆ្វេងដៃគេ ហើយ​ដែល​ខ្ពស់​ជាងគេ មាន​កម្ពស់​រហូតដល់​ទៅ ៥ឆ្នាំពន្លឺ ហើយ​​ផ្កាយ​ជាច្រើន​ដួង​កំពុងតែ​ចាប់កំណើត​នៅ​ក្នុង​សសរ​ទាំងនេះ។ ចំណែក​ចំណុចភ្លឺៗ នៅ​ប៉ែក​ខាង​លើ​នៃ​រូបថតនេះ គឺ​ជា​ផ្កាយ​ដែល​ទើប​នឹង​ចាប់កំណើត។

ពណ៌ខុសៗគ្នា​នៅ​ក្នុង​រូបថត​នេះ​​គឺ​ជា​ពណ៌​នៃ​ពន្លឺ​បញ្ចេញ​ដោយ​សារធាតុ​គីមី​ផ្សេងៗគ្នា គឺ​ពណ៌​ខៀវ​ចេញ​ពី​សារធាតុ​អុកស៊ីសែន ពណ៌ទឹកក្រូច​ចេញ​ពី​សារធាតុ​ស្ពាន់ធ័រ ចំណែក​ពណ៌​បៃតង​ចេញ​ពី​សារធាតុ​អ៊ីដ្រូសែន និង​អាសូត។


 

នេះជារូបភាពដ៏ច្បាស់ និងដ៏លម្អិតបំផុតមួយ នៃណេប៊ុយឡាអូរ៉ាយយ៉ុន
នេះជារូបភាពដ៏ច្បាស់ និងដ៏លម្អិតបំផុតមួយ នៃណេប៊ុយឡាអូរ៉ាយយ៉ុន © NASA, ESA

ណេប៊ុយឡាអូរ៉ាយយ៉ុន​​ជា​តំបន់​មួយ​មាន​ទំហំ​ជាង ២០ឆ្នាំ​ពន្លឺ និង​ប្រមូលផ្តុំ​ទៅ​ដោយ​ផ្កាយ​ជិត៣០០០ ក្នុងទំហំខុសៗគ្នា និង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​វដ្តជីវិតផ្សេងៗគ្នា។ ណេប៊ុយឡាអូរ៉ាយយ៉ុន​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ជាទូទៅ​ចាត់ទុក​ថា​ជា​ទីកន្លែង​ដ៏​ពិសេសមួយ សម្រាប់​សិក្សា​លម្អិត អំពី​ដំណើរការ​ចាប់កំណើត​របស់​ផ្កាយ។

ណេប៊ុយឡាអូរ៉ាយយ៉ុន​ស្ថិត​ក្នុង​ចំណោម​ណេប៊ុយឡា​ដែលមាន​ពន្លឺ​ភ្លឺជាងគេ​បង្អស់​ ជាពិសេស សម្រាប់​អ្នក​នៅ​អឌ្ឍគោល​ខាងជើង ដែល​គេ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ ដោយ​មិន​ចាំបាច់​ប្រើ​ឧបករណ៍​អ្វី​ទាំងអស់។ គេ​ឲ្យឈ្មោះ​ថា​ ណេប៊ុយឡាអូរ៉ាយយ៉ុន ដោយសារតែវា​ជា​ណេប៊ុយឡា​ស្ថិត​នៅ​ក្នុង​បណ្តុំផ្កាយ​អូរ៉ាយយ៉ុន ហើយ​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ស្គាល់​ថា « ផ្កាយ​យាម​នង្គ័ល »។

ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ​ប្រមាណ​ជា ១៥០០ឆ្នាំ​ពន្លឺ​ពីភពផែនដី ណេប៊ុយឡា​អូរ៉ាយយ៉ុន​នេះ គឺ​​ជា​បណ្តុំ​នៃ​ទីចាប់កំណើតផ្កាយ​ដែល​ស្ថិត​នៅ​ជិត​បំផុត​​នឹង​ភពផែនដី​របស់​យើង ហើយ​តាម​រយៈ​រូបភាព​ដែល​ថត​បាន​ដោយ​តេឡេស្កុប​ហឺបល អ្នក​វិទ្យាសាស្ត្រ​អាច​សង្កេត និង​សិក្សា​បាន​យ៉ាង​លម្អិត អំពី​ការចាប់កំណើត​របស់​ផ្កាយ ហើយ​ដែល​អាច​ឲ្យ​យើង​យល់​កាន់តែ​ច្បាស់ អំពី​ការ​ចាប់កំណើត​ព្រះអាទិត្យ និង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង។


 

ណេប៊ុយឡាឡាហ្គូន (Lagoon Nebula/Nébuleuse de Lagune) ជារូបភាពដែលណាសាយកមកប្រើ សម្រាប់អបអរខួប ២៨ឆ្នាំ នៃតេឡេស្កុបហឺបល កាលពីឆ្នាំ២០១៨។
ណេប៊ុយឡាឡាហ្គូន (Lagoon Nebula/Nébuleuse de Lagune) ជារូបភាពដែលណាសាយកមកប្រើ សម្រាប់អបអរខួប ២៨ឆ្នាំ នៃតេឡេស្កុបហឺបល កាលពីឆ្នាំ២០១៨។ ©

រូបភាពនេះ​​បង្ហាញ​យ៉ាងច្បាស់ និង​យ៉ាងលម្អិត អំពី​តំបន់​ជា​ទី​ចាប់កំណើត​ផ្កាយ​ដ៏​ធំមួយ​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៤០០០ឆ្នាំ​ពន្លឺ​ពីភពផែនដី​របស់​យើង ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ណេប៊ុយឡាឡាហ្គូន

រូបភាព​នេះ​​ថតដោយ​តេឡេស្កុប​ហឺបល កាល​ពីខែ​កុម្ភៈ​ឆ្នាំ២០១៨ ហើយ​វា​បង្ហាញ​អំពី​តំបន់​មួយ ដែល​មាន​ទំហំ​ប្រមាណ​ជា ៤ឆ្នាំ​ពន្លឹ។ នៅ​ក្នុង « ល្អងធូលី » ដែល​ប្រមូលផ្តុំគ្នា​​ជា​ពពក​នេះ ចំណុច​ដែល​ភ្លឺ​ខ្លាំងជាងគេ នៅ​ចំកណ្តាល​រូបថត គឺ​ជា​ពន្លឺ​​ដ៏​ខ្លាំង​នៃ​កាំរស្មី​អ៊ុលត្រាវីយ៉ូលេ​របស់​ផ្កាយ​មួយ ឈ្មោះ « Herschel 36 » ​។

ផ្កាយ​នេះ​មានម៉ាស់​ធំជាង​ព្រះអាទិត្យ​របស់​យើង​រហូតដល់​ទៅ ៣២ដង មាន​សីតុណ្ហភាព​ក្តៅជាង ៨ដង មុខកាត់​ធំជាង ៩ដង ហើយ​មាន​ពន្លឺ​ភ្លឺ​ខ្លាំងជាង​រហូតដល់​ទៅ​ប្រមាណ​ជា ២០ម៉ឺនដង។ Herschel 36 ​នេះ​មាន​អាយុទើប​នឹង​បានប្រមាណ​ជា ១លាន​ឆ្នាំ​ប៉ុណ្ណោះ ក៏ប៉ុន្តែ ដោយ​មើល​ទៅលើ​ម៉ាស់​ដ៏​សម្បើម​របស់​វា អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាករ​ថា ផ្កាយ​នេះ​នឹង​អាច​មាន​ជីវិត​នៅ​បានត្រឹមប្រមាណ​ជា ៥លាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ជា​វដ្ត​ជីវិតមួយ​ដ៏​ខ្លី​បំផុត បើ​ធៀប​នឹង​ព្រះអាទិត្យ​របស់​យើង ដែល​មាន​អាយុជាង ៤ពាន់៥រយ​លាន​ឆ្នាំ ហើយ​អាច​នឹង​បន្ត​ជីវិត​បាន​រហូត​ដល់​ទៅ​ប្រមាណ​ជា ៥ពាន់​លាន​ឆ្នាំ​ទៅមុខទៀត។


 

នេះជារូបភាពបង្ហាញពីអ្វីដែលបន្សល់ទុកក្រោយពីផ្កាយដ៏សម្បើមមួយបានផ្ទុះទៅជាស៊ូពើណូវ៉ា កាលពីប្រមាណ ៨០០០ឆ្នាំមុន ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ណេប៊ុយឡាស្បៃ (Veil Nebula/Nébuleuse du Voile)។
នេះជារូបភាពបង្ហាញពីអ្វីដែលបន្សល់ទុកក្រោយពីផ្កាយដ៏សម្បើមមួយបានផ្ទុះទៅជាស៊ូពើណូវ៉ា កាលពីប្រមាណ ៨០០០ឆ្នាំមុន ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ណេប៊ុយឡាស្បៃ (Veil Nebula/Nébuleuse du Voile)។ © NASA/ESA

ផ្កាយ​ដែល​ផ្ទុះ​នេះ​មាន​ម៉ាស់​​ស្មើ​នឹង​ប្រមាណ​ជា ២០ដង​នៃ​ម៉ាស់​របស់​ព្រះអាទិត្យ ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២១០០ឆ្នាំ​ពន្លឺ​ពីភពផែនដី​របស់​យើង។

ណេប៊ុយឡា​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ទៅ​តាម​ទម្រង់​របស់​វា ដែល​មាន​រាង​ដូចជា​ស្បៃ​ស្តើង។ នៅ​ក្នុង​រូបភាព​នេះ តេឡេស្កុបហឺបល​ថត​យក​តែ​ផ្នែក​ដ៏តូចមួយ​ ដែល​មាន​ទំហំ​ត្រឹមតែ​ប្រមាណ​ជា ២ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ នៃ​ណេប៊ុយឡា​ទាំងមូល ដែល​មាន​ទំហំ​រហូត​ដល់​ទៅ​ប្រមាណ​ជា ១១០ឆ្នាំ​ពន្លឹ។


 

ណេប៊ុយឡាមេអំបៅ (Butterfly Nebula/Nébuleuse du Papillon)
ណេប៊ុយឡាមេអំបៅ (Butterfly Nebula/Nébuleuse du Papillon) © NASA/ESA

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣៨០០ឆ្នាំ​ពន្លឺ​ពីភពផែនដី ពពក​ដែល​មាន​រាង​ដូចជា​មេអំបៅ​នេះ តាមការពិត​គឺ​ជា​ឧស្ម័ន​ដែល​ត្រូវ​ភាយ​ចេញ​ពី​ស្រទាប់​ខាងក្រៅ​របស់​ផ្កាយ​មួយ ដែល​កាល​ពីមុន​មាន​ម៉ាស់​ស្មើ​នឹង​ប្រមាណ​ជា​៥ដង​នៃ​ម៉ាស់​របស់​ព្រះអាទិត្យ ក៏ប៉ុន្តែ ក្រោយ​ពី​បាន​មក​ដល់​ចុង​បញ្ចប់​នៃ​ជីវិត ក៏​បាន​រីកមាឌ​ទៅ​ជា​ផ្កាយ​យក្ស​ក្រហម ដែល​មាន​មុខកាត់​ធំជាង​ព្រះអាទិត្យ​សព្វថ្ងៃ​រហូតដល់​ទៅ​ប្រមាណ​ជា ១០០០ដង មុននឹង​បំភាយ​ឧស្ម័ន​នៅ​ស្រទាប់​ខាង​ក្រៅ​​ចេញ​ទៅ​ទិស​ពីរ​ផ្សេងគ្នា កាល​ពី​ប្រមាណ​ជា ២២០០ឆ្នាំមុន បង្កើត​បាន​ទៅ​ជា​រាង​មេអំបៅ ដែល​ទំហំ​រហូតដល់ទៅ​ប្រមាណ​ជា ២ឆ្នាំ​ពន្លឺ។


 

ណេប៊ុយឡាភ្នែកឆ្មារ ឬ NGC 6543
ណេប៊ុយឡាភ្នែកឆ្មារ ឬ NGC 6543 © NASA/ESA

 

នេះជាអ្វីដែល​បន្សល់​ទុក​​នៅ​ពេល​ដែល​ផ្កាយ​មួយ ប្រហាក់ប្រហែល​នឹង​ព្រះអាទិត្យ​របស់​យើង​​ត្រូវ​អស់​ជីវិត ហើយ​បំភាយ​ឧស្ម័ន​នៃ​ស្រទាប់​ខាង​ក្រៅ​របស់​ផ្កាយ ចេញ​ទៅ​ខាង​ក្រៅ។ តួរបស់​ផ្កាយ គឺ​ចំណុច​ភ្លឺ ដែល​ស្ថិត​នៅ​ចំកណ្តាល។


 

BUBBLE NEBULA (NGC 7635) នេះជារូបភាពដែលណាសាបានជ្រើសរើសយកមកប្រើ ដើម្បីអបអរខួប ២៦ឆ្នាំនៃតេឡេស្កុបអវកាសហឺបល កាលពីឆ្នាំ២០១៦។
BUBBLE NEBULA (NGC 7635) នេះជារូបភាពដែលណាសាបានជ្រើសរើសយកមកប្រើ ដើម្បីអបអរខួប ២៦ឆ្នាំនៃតេឡេស្កុបអវកាសហឺបល កាលពីឆ្នាំ២០១៦។ ©

NGC 7635 ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធនាម​ថា « ណេប៊ុយឡាពពុះសាប៊ូ » (Bubble Nebula) ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៧១០០ឆ្នាំ​ពន្លឺ​ពី​ភពផែនដី។ ពពក​ដែល​មាន​រាង​ដូចជា​ពពុះសាប៊ូ​នេះ តាមការពិត​គឺ​ជា​ឧស្ម័ន​នៃ​ស្រទាប់​ខាង​ក្រៅ​​របស់​ផ្កាយ​មួយ ដែល​មាន​អាយុ​ទើប​នឹងបាន ៤លាន​ឆ្នាំ ក៏ប៉ុន្តែ ជា​ប្រភេទ​ផ្កាយ ដែល​មាន​ម៉ាស់​ធំជាង​ព្រះអាទិត្យ​របស់​យើង​រហូតដល់​ទៅ ៤៥ដង ហើយ​ដែល​នឹង​ត្រូវ​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា នៅ​ក្នុង​ចន្លោះ​ពី​១០លាន ទៅ​២០លាន​ឆ្នាំ​ខាងមុខ។

 


 

កាឡាក់ស៊ីសមប្រេរ៉ូ (Sombrero) ឬ M104
កាឡាក់ស៊ីសមប្រេរ៉ូ (Sombrero) ឬ M104 © NASA/ESA

នេះ​ជា​កាឡាក់ស៊ី​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២៨លាន​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី​របស់​យើង។ កាឡាក់ស៊ី​នេះ​មាន​មុខកាត់​ប្រមាណ​ជា ៥ម៉ឺន​ឆ្នាំ​ពន្លឺ ពោលគឺ ត្រឹមតែ​ប្រមាណ​ជា ៣០%​ ប៉ុណ្ណោះ នៃ​មុខកាត់​កាឡាក់ស៊ី​មីលគីវេ​របស់​យើង។ ក៏ប៉ុន្តែ នៅ​ក្នុង​រូបភាព​នេះ គេ​មិន​អាច​មើ​លឃើញ​មុខកាត់របស់​វា​បាន​ទាំងមូល​​នោះទេ ដោយសារ​តែ​​​ពី​ផែនដី​របស់​យើង​នេះ​ទៅ យើង​មើល​ឃើញ​កាឡាក់ស៊ី​​​ពី​ចំហៀង។


 

កាឡាក់ស៊ី "ផ្កាកុលាប" ARP 273
កាឡាក់ស៊ី "ផ្កាកុលាប" ARP 273 © NASA/ESA

នេះ​ជា​រូបភាព​បង្ហាញ​ពី​​កាឡាក់ស៊ី​ពីរ ដែល​ស្ថិត​នៅ​ក្បែរ​គ្នា ហើយ​ដែល​​រង​ឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​គ្នា​ទៅវិញ​ទៅមក បង្កើត​ជា​ទម្រង់​ស្រដៀង​នឹង​​ផ្កា​កុលាប។ កាឡាក់ស៊ី​ទាំងពីរ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣០០លាន​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី​របស់​យើង។

 


 

កាឡាក់ស៊ី « ទឹកគួច » (Whirlpool) ឬ M51
កាឡាក់ស៊ី « ទឹកគួច » (Whirlpool) ឬ M51 © NASA/ESA

នេះ​ជា​រូបភាព​មួយទៀតនៃ​កាឡាក់ស៊ី​ពីរ​ដែល​មាន​ឥទ្ធិពល​លើ​គ្នា​ទៅវិញ​ទៅមក​ដោយសារ​កម្លាំង​ទំនាញ។ កាឡាក់ស៊ី​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣០ឆ្នាំ​ពន្លឺ​ពីភពផែនដី​របស់​យើង។ កាឡាក់ស៊ី​ធំ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា « ទឹកគួច » (Whirlpool) ទៅតាម​ទម្រង់​របស់​វា ដែល​គេ​អាច​មើ​ល​ឃើញ​យ៉ាងច្បាស់ នៅ​ក្នុង​រូបភាព​នេះ ដែល​តេឡេស្កុប​ហឺបល​ថត​ចំពី​លើ។


 

ការបុកទង្គិចគ្នា និង​រលាយ​ចូលគ្នា​នៃ​កាឡាក់ស៊ី NGC 4038-4039
ការបុកទង្គិចគ្នា និង​រលាយ​ចូលគ្នា​នៃ​កាឡាក់ស៊ី NGC 4038-4039 © NASA/ESA

នេះ​ជា​រូបភាព​បង្ហាញ​ពី​កាឡាក់ស៊ី​ពីរ​ទង្គិចគ្នា ហើយ​កំពុងតែ​​​រលាយ​ចូល​គ្នា។ កាឡាក់ស៊ី​ទាំងពីរ​នេះ​បាន​ខិត​ចូល​មក​ជិតគ្នា រហូត​ប៉ះទង្គិចគ្នា កាល​ពី​ប្រមាណជា ២០០លាន ទៅ​៣០០លាន​ឆ្នាំមុន។ រូបភាព​នេះ​វា​បង្ហាញ​ឲ្យ​យើង​អាច​មើល​ឃើញ​ទុក​ជាមុន​នូវ​អ្វី​ដែល​នឹង​ត្រូវ​កើតមាន​ឡើង រវាង​កាឡាក់ស៊ី​មីលគីវេ និង​កាឡាក់ស៊ី​អង់ដ្រូម៉ែត ដែល​នឹង​ត្រូវ​ទង្គិចគ្នា ហើយ​រលាយ​ចូល​គ្នា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ពាន់លាន​ឆ្នាំ​ខាងមុខនេះ។


 

កញ្ចុំផ្កាយ (STARS CLUSTER WESTERLUND 2)
កញ្ចុំផ្កាយ (STARS CLUSTER WESTERLUND 2) © NASA/ESA

នេះ​ជា​រូបភាព​ដែល​ណាសា​ជ្រើសរើស​យកមក​ប្រើ ដើម្បី​អបអរ​ខួប ២៥ឆ្នាំ នៃ​តេឡេស្កុបអវកាស​ហឺបល កាល​ពី​ឆ្នាំ២០១៥។ វា​បង្ហាញ​យ៉ាង​លម្អិត​នូវ​តំបន់​មួយ ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ផ្កាយ​ប្រមាណ​ជា ៣០០០ ដោយ​ក្នុងនោះ រួមមាន​ផ្កាយ​ជាច្រើន ជា​ប្រភេទ​ផ្កាយ​ដ៏​ធំៗ​បំផុត នៅ​ក្នុង​កាឡាក់ស៊ី​មីលគីវេ​របស់​យើង។ កញ្ចុំផ្កាយ (Stars Cluster) នេះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២ម៉ឺន​ឆ្នាំ​ពន្លឺ​ពីភពផែនដី​របស់​យើង មាន​មុខកាត់​ប្រមាណ​ពី ៦ឆ្នាំ ទៅ ១៣ឆ្នាំ​ពន្លឺ ហើយ​មាន​អាយុកាល​ទើប​នឹង​បាន​ប្រមាណ​ជា ២លាន​ឆ្នាំ​​តែ​ប៉ុណ្ណោះ។

 


 

HUBBLE ULTRA DEEP FIELD 2014
HUBBLE ULTRA DEEP FIELD 2014 © NASA/ESA

រូបភាព​នេះ ដែល​តេឡេស្កុប​ហឺបល​ថត​យក​ពី​តំបន់​ដ៏​តូចមួយ​នៅលើ​មេឃ ក៏ប៉ុន្តែ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កាឡាក់ស៊ី​រហូតដល់​ទៅ​ប្រមាណ​ជា ១ម៉ឺន​កាឡាក់ស៊ី ដោយ​ខ្លះ​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ​ប្រមាណ​ជា​ង ១៣ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី​របស់​យើង ពោលគឺ​ជា​កាឡាក់ស៊ី ដែល​មាន​វត្តមាន នៅក្រោយ​ហេតុការណ៍​ប៊ីកប៊ែង​តែ​ប៉ុន្មាន​រយលាន​ឆ្នាំ​តែ​ប៉ុណ្ណោះ។

លោក​អ្នក​អាច​ចូល​ទៅ​មើល​រូបភាព​ជាច្រើន​ផ្សេងទៀត​​នៅលើ​វេបសាយផ្លូវការ​​របស់​តេឡេស្កុបអវកាសហឺបល

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ