អានតួអត្ថបទ
អាមេរិក

អាមេរិក៖លោកចន បុលតុនបានទម្លាយរឿងរ៉ាវលោកដូណាល់ ត្រាំនៅក្នុងសៀវភៅរបស់លោក

នៅ​អាមេរិក សំណុំរឿង​ដក​តំណែង​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ចាប់​ផ្តើម​ជា​ថ្មី​នា​ថ្ងៃ​ចន្ទ ទី២៧ មករា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ ក្រុម​មេធាវី​របស់​លោក​ត្រាំ​បាន​យល់​ឃើញ​ថា លោក​ត្រាំ​មាន​ហេតុផល​ត្រឹមត្រូវ​ដែល​បាន​ព្យួរ​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន។ តែ​អំណះអំណាង​នេះ​ហាក់​បាន​ផ្ទុយ​នឹង​ការ​បញ្ជាក់​របស់​អតីត​ទីប្រឹក្សាសន្តិសុខជាតិ​លោក​ចន បុលតុន​ដែល​ត្រូវ​បាន​លោក​ត្រាំ​ដក​តំណែង​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៩។ នៅ​ក្នុង​សៀវភៅ​របស់​លោក​ដែល​នឹង​ចេញ​លក់​នា​ពេល​ខាង​មុខ លោក​ចន បុលតុន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​ត្រាំ​បាន​ប្រាប់​លោក​កុំ​ឲ្យ​ផ្តល់​ជំនួយ​យោធា​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន ប្រសិន​បើ​អ៊ុយក្រែន​មិន​ព្រម​បើក​ការ​ស៊ើបអង្កេត​លើ​លោក Joe Biden ទេ​នោះ។

អតីត​ទីប្រឹក្សា​សន្តិសុខជាតិអាមេរិក​លោក​ចន បុលតុន (រូបឆ្វេង) និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ
អតីត​ទីប្រឹក្សា​សន្តិសុខជាតិអាមេរិក​លោក​ចន បុលតុន (រូបឆ្វេង) និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​កាសែត New York Times កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២៦ មករា។ តាម​កាសែត​អាមេរិក​ប្រចាំ​ថ្ងៃ​មួយ​នេះ លោក​ចន បុលតុន​បាន​អះអាង​នៅ​ក្នុង​សៀវភៅ​របស់​លោក​ដែល​នឹង​ចេញ​លក់​នា​ពេល​ឆាប់ៗ​ខាង​មុខ​ថា លោក​ដូណាល់ ត្រាំ​ពិត​ជា​បាន​ព្យួរ​ជំនួយ​យោធា​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ទទួល​បាន​មក​វិញ​នូវ​ការ​ស៊ើបអង្កេត​លើ​លោក Joe Biden ដែល​ជា​អតីត​អនុប្រធានាធិបតី​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា និង​ជា​គូប្រជែងរបស់​លោកត្រាំ​​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី៣ វិច្ឆិកា​ខាង​មុខ។

តាម​កាសែត New York Times ដដែល គឺ​នៅ​ក្នុង​ខែ​សីហា ឆ្នាំ ២០១៩ ដែល​លោក​ដូណាល់ ត្រាំ​បាន​ប្រាប់​លោក​ចន បុលតុន​ថា លោក​ចង់​រក្សា​ការ​ព្យួរ​ជំនួយ​យោធា​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​រហូត​ដល់​ថ្នាក់ដឹកនាំ​អ៊ុយក្រែន​សុខចិត្ត​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុម​អ្នកប្រជាធិបតេយ្យ ពិសេស​លោក Joe Biden និង​កូនប្រុស​របស់​គាត់​លោក Hunter Biden ដែល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ឧស្ម័ន​អ៊ុយក្រែន។ « ខ្ញុំ​មិន​ដែល​និយាយ​អ៊ីចឹង​ប្រាប់​ចន បុលតុន​ទេ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ត្រាំ​ដោយ​ចោទ​លោក​បុលតុន​ពី​បទ​ចង់​ផ្សព្វផ្សាយ​លក់​សៀវភៅ​របស់​ខ្លួន។ រីឯ​មេធាវី​របស់​លោក​ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​ថា អ្វី​ដែល​លោក​ត្រាំ​បាន​ធ្វើ​ចំពោះ​អ៊ុយក្រែន​ជា​យុទ្ធសាស្រ្ត​មួយ​នៃ​នយោបាយ​ការបរទេស​របស់​អាមេរិក។

សម្រាប់​មេធាវី​រូប​នេះ​ដដែល ការ​ទម្លាយ​របស់​លោក​ចន បុលតុន​លើ​លោក​ត្រាំ​មិន​អាច​ចាត់​ទុក​ជា​ការ​រំលោភ​អំណាច និង​ជា​ការ​ឈាន​ទៅ​ទម្លាក់​លោក​ត្រាំ​ទេ។ គួរ​រម្លឹក​ថា លោក​ត្រាំ​បាន​បញ្ជាក់​ពី​ការ​សម្រេច​ព្យួរ​ជំនួយ​យោធា​ទៅ​ឲ្យ​អ៊ុយក្រែន​ដើម្បី​ធានា​ពី​ការ​ផ្តល់​ជំនួយ​ស្មើភាព​ដល់​ក្រុម​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​របស់​អ៊ុយក្រែន និង​ឃ្លាំមើល​ពី​ការ​ប្រើប្រាស់​លុយ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ។ ប្រតិកម្ម​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ​តប​នឹង​ព័ត៌មាន​ទម្លាយ​ដោយ​កាសែត New York Times លោកស្រី Nancy Pelosi និង​លោក Chuck Shumer គូសបញ្ជាក់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​កោះហៅ​លោក​ចន បុលតុន​ឲ្យ​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​នីតិវិធី​ទម្លាក់​លោក​ត្រាំ​នៅ​ព្រឹទ្ធសភា។ លោក​បុលតុន​បាន​ថ្លែង​ពី​ការ​ត្រៀម​ខ្លួន​រួច​ហើយ ប្រសិន​បើ​មាន​ការ​កោះហៅ​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ