អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូរ៉ូណាវីរុស

លោក​ដូណាល់ត្រាំ អះអាង​ថា​កុំភ័យ​នឹង​មេរោគ​កូរ៉ូណា និង​តែងតាំង​លោក​Mike Pence ​ជាអ្នក​សម្រប​សម្រួល

ប្រឈមនឹងការឆ្លងរាលដាល នៃមេរោគកូរ៉ូណា ដែលបង្កឲ្យប្រជាជនមានសតិអារម្មណ៍ភ័យខ្លាច លោក ដូណាល់ ត្រាំ បានចេញមុខអះអាង កាលពីថ្ងៃពុធទី២៦កុម្ភៈថា ការឆ្លងរាលដាល ទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក គឺមានតិចបំផុត។ ជាងនេះទៀត សហរដ្ឋអាមេរិក មានហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពវិជ្ជសាស្ត្រដ៏ល្អ ក្នុងការទប់ទល់ជាមួយមេរោគនេះ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានតែងតាំងលោក Mike Pence ធ្វើជាអ្នកសម្របសម្រួល តាមដានកិច្ចការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា។

លោកដូណាល់ ត្រាំ លើកឯកសារអួតបង្ហាញថា សហរដ្ឋអាមេរិកមាន​សមត្ថភាព​ត្រៀម​ខ្លួន​ខ្ពស់ ទល់នឹង​មេរោគកូរ៉ូណា។ សេតវិមាន ថ្ងៃទី​២៦ កុម្ភៈ ២០២០​
លោកដូណាល់ ត្រាំ លើកឯកសារអួតបង្ហាញថា សហរដ្ឋអាមេរិកមាន​សមត្ថភាព​ត្រៀម​ខ្លួន​ខ្ពស់ ទល់នឹង​មេរោគកូរ៉ូណា។ សេតវិមាន ថ្ងៃទី​២៦ កុម្ភៈ ២០២០​ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ ត្រាំអះអាងថា លោក Mike Pence គឺជាអ្នកជំនាញម្នាក់មានបទពិសោធន៍ ជាមួយការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង ព្រោះលោកMike Pence ធ្លាប់បានចាត់ចែងការប្រយុទ្ធប្រឆាំងនឹងមេរោគ MERS កាលពីឆ្នាំ២០១៤ ក្នុងអំឡុងពេលដែលគាត់ធ្វើជាអភិបាលរដ្ឋIndiana។ លោកដូណាល់ ត្រាំ ប្រកាសថា លទ្ធភាពនៃការឆ្លងរាលដាលមេរោគកូរ៉ូណា ក្នុងទ្រង់ទ្រាយធំ នៅសហរដ្ឋអាមេរិក គឺមានតិចបំផុត ដូច្នេះ គ្មានអ្វីត្រូវភ័យ​បារម្ភទេ។

បន្ទាប់ពីបានលើកឡើង អំពីផទ្ធផលជាវិជ្ជមាន ដោយ​ការកាត់បន្ថយ នូវការមកដល់របស់អ្នកដំណើរ មកពីប្រទេសចិន  លោកដូណាល់ ត្រាំ បានបញ្ជាក់ថា ក្នុងករណីចាំបាច់ ក្នុងពេលខាងមុខ លោកអាចនឹងដាក់ចុះ នូវវិធានការបិទខ្ទប់បន្ថែមទៀត ទៅលើការធ្វើដំណើរ ទៅឬមក ពីតំបន់ប្រឈមខ្លាំងផ្សេងទៀត។ លោក​ ដូណាល់ ត្រាំក៏បានអះអាងដែរ ថាលោកត្រៀមរួចហើយ ថានឹងបញ្ចេញកញ្ចប់ថវិកាពិសេស ដើម្បី​ចាត់ចែងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូរ៉ូណា។

សូមកត់សំគាល់ថា ទីផ្សារហិរញ្ញវត្ថុអាមេរិក បានខាតបង់ជាខ្លាំង ដោយសារ​សតិ​អាមរ្ភ​ភ័យខ្លាច ដោយមេរោគកូរ៉ូណា។ លោកដូណាល់ ត្រាំ ចេញមុខមកធានា អះអាងកុំឲ្យប្រជាពលរដ្ឋភ័យបារម្ភនេះ គឺបន្ទាប់ពី​ មានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ ក្រុមអ្នកនយោបាយបក្សប្រជាធិបតេយ្យ ដែលលើកឡើងថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ ហាក់ដូចជាមើលស្រាល បញ្ហានេះ។ ខណៈដែល សមាជិកសភាមកពី​បក្ស​ប្រជាធិបតេយ្យ យល់ឃើញថាប្រាក់៨៥០០លានដុល្លារ ទើបគ្រប់គ្រាន់​ ដើម្បីចាត់ចែងការប្រយុទ្ធនឹងការឆ្លង​រាលដាលមេរោគកូរ៉ូណា លោកដូណាល់ ត្រាំ បានស្នើសុំទៅសភាខុសហ្ក្រេស តែចំនួន​ ២៥០០លានដុល្លារប៉ុណ្ណោះ។

លោកស្រី Nancy Pelosi បានរិះគន់វិធានការរបស់លោកដូណាល់ ត្រាំ ថាជាវិធានការដ៏ស្គមស្គាំង ខ្វះវីតាមីន។ ដោយឡែក លោកដូណាល់ ត្រាំ បានឆ្លើយតបទៅវិញថា លោកស្រី Nancy Pelosi មានបំណងបំភ័យប្រជាជនអាមេរិក តាមរយៈការសុំឲ្យ​សភាខុសហ្រ្កេស ផ្តល់ប្រាក់ដ៏សន្ធឹកសន្ធាប់ ចាត់ចែងកិច្ចការនេះ។

សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ មានអ្នកផ្ទុកមេរោគកូរ៉ូណា នៅសហរដ្ឋអាមេរិក ចំនួន​៦១នាក់​ ដែលក្នុងនោះ ១៥ករណីឆ្លងក្នុងស្រុក ៤៥ករណីជាអ្នកផ្ទុកមេរោគដែលត្រលប់មកពីចិន និង​១ករណីជាអ្នកដំណើរមកពីនាវា ដែលជាប់គាំងនៅជប៉ុន។ លោក Alex Azar រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក បាន​ទទួលស្គាល់ថា ចំនួននៃការឆ្លងរាលដាល អាចនឹងរីកធំ ក្នុងពេលដ៏ឆាប់នេះ នៅសហរដ្ឋអាមេរិក​។ នៅកូរ៉េខាងត្បូងឯនោះ​ មានទាហានអាមេរិកម្នាក់ កំពុងស្ថិតក្នុងការតាមដានខ្ពស់ ក្រោយធ្វើតេស្តដឹងថាមានផ្ទុកមេរោគកូរ៉ូណា។ គម្រោងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពកូរ៉េខាងត្បូង ត្រូវផ្អាកទុកសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ