អានតួអត្ថបទ
អាមេរិក-G២០

កិច្ចប្រជុំ G២០​គ្របដណ្តប់​ដោយ​រឿងអាស្រូវ « Panama Papers » ​និង​កំណើនសេដ្ឋកិច្ច​ពិភពលោក​​នៅ​ទ្រឹង

កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រទេស G២០ គឺ​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក និង​ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​បើក​ធ្វើ​តាំង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១៥ មេសា​នេះ​ក្នុង​ទីក្រុង​វ៉ាស៊ីតោន សហរដ្ឋអាមេរិក។ ស្រប​គ្នា​នឹង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ G២០ ក៏​មាន​មហាសន្និបាត​របស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តជាតិ FMI និង​ធនាគារ​ពិភពលោក។

កិច្ចប្រជុំ G២០រៀបចំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​គ្របដណ្តប់​ដោយ​រឿងអាស្រូវ « Panama Papers » ​និង​កំណើនសេដ្ឋកិច្ច​ពិភពលោក​​នៅ​ទ្រឹង ថ្ងៃទី១៤ មេសា ២០១៦
កិច្ចប្រជុំ G២០រៀបចំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​គ្របដណ្តប់​ដោយ​រឿងអាស្រូវ « Panama Papers » ​និង​កំណើនសេដ្ឋកិច្ច​ពិភពលោក​​នៅ​ទ្រឹង ថ្ងៃទី១៤ មេសា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

មាន​ប្រធាន​រឿង​ជា​ច្រើន​ដែល​កិច្ចប្រជុំ G២០ ឆ្នាំ​នេះ​លើក​យក​ទៅ​ជជែក និង​សុទ្ធសឹង​ជា​ប្រធានរឿង​បច្ចុប្បន្នភាព​ក្តៅគគុក រួម​មាន កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​នៅ​ទ្រឹង វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​អឺរ៉ុប បញ្ហា​អាកាសធាតុ វិបត្តិ​ជម្ងឺឆ្លង អនាគត​ជោគវាសនា​របស់​ប្រទេស​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប និង​រឿងអាស្រូវ « Panama Papers » ដែល​ទើប​បាន​បែក​ធ្លាយ​នា​ពេល​ថ្មីៗ​កន្លង​ទៅ។ តែ​បើ​តាម​មើល​ទៅ រឿងអាស្រូវ « Panama Papers » ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​សំខាន់​ជាង​គេ ព្រោះ « Panama Papers »បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ប្រព័ន្ធ​គេចពន្ធ​ជា​លក្ខណៈ​អន្តរជាតិ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​តាំង​ពី​ឈ្មោះ​ថ្នាក់ដឹកនំា​កំពូលៗ​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ អ្នក​អស់​អំណាច រដ្ឋមន្រ្តី មន្រ្តី​គ្រប់​ជាន់ថ្នាក់ ថៅកែ​ធំ តូច កីឡាករ និង​សិល្បករ​ល្បីៗ រហូត​ដល់​ពលរដ្ឋ​សាមញ្ញ​ទៀត​ផង។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ G២០ នឹង​ចាត់​វិធានការ​យ៉ាង​ណា​ខ្លះ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​រឿងអាស្រូវ « Panama Papers » កើត​មាន​ជា​ថ្មី​ទេ តែ​ប្រទេស​អឺរ៉ុប​ធំៗ​ចំនួន ៥ គឺ​បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និង​អេស្បាញ​បាន​ធ្វើ​សំណើ​រួម​គ្នា​ទៅ​កាន់ G២០ ឲ្យ​បង្កើត​បញ្ជី​ខ្មៅ​ថ្មី​មួយ​ស្តីពី​ឈ្មោះ​ប្រទេស​ជួយ​លាក់លុយ​អ្នក​គេចពន្ធ និង​លាត​ត្រដាន​អត្តសញ្ញាណ​ឈ្មោះ​ក្រុមហ៊ុន​ដែល​ទទួល​រក្សា​លុយ​អ្នក​គេចពន្ធ។ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា ដើម្បី​ឲ្យ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​គេចពន្ធ​មាន​ប្រសិទ្ធិភាព គេ​ត្រូវ​តែ​អនុវត្តន៍​វិធានការ​ជាក់ស្តែង​ជា​លក្ខណៈ​អន្តរជាតិ ពោល​មិន​ត្រូវ​មាន​ត្រឹម​តែ​ទ្រឹស្តី​ទេ។ ចំណែក​សមភាគី​អាល្លឺម៉ង់​បាន​ស្នើ​ឲ្យ​លុបបំបាត់​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឲ្យ​បង្កើត​ក្រុមហ៊ុន​លាក់ឈ្មោះ។

ការ​បង្កើត​ឲ្យ​មាន​បញ្ជីខ្មៅ​មិនមែន​ជា​រឿង​ថ្មី

ការ​បង្កើត​ឲ្យ​មាន​បញ្ជី​ខ្មៅ​ស្តីពី​ឈ្មោះ​ប្រទេស​ជួយ​លាក់លុយ​អ្នក​គេចពន្ធ និង​លាត​ត្រដាន​អត្តសញ្ញាណ​ឈ្មោះ​ក្រុមហ៊ុន​ដែល​ទទួល​រក្សា​លុយ​អ្នក​គេចពន្ធ​មិនមែន​ជា​ថ្មី​ទេ ព្រោះ​កន្លង​មក ប្រទេស​នីមួយៗ​ធ្លាប់​បាន​បង្កើត​ឲ្យ​មាន​បញ្ជី​ខ្មៅ​​នេះ​រួច​ហើយ ដូច​យ៉ាង​បារាំង​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​នូវ​ប្រទេស​ចំនួន ៦ ដែល​បាន​សហការណ៍​តិចតួច ឬ​មិន​សហការណ៍​ទាល់តែ​សោះ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​គេចពន្ធ និង​លាងសម្អាត​លុយកខ្វក់។ សហភាព​អឺរ៉ុប​ក៏​មាន​បញ្ជី​ខ្មៅ​នេះ​ដាច់​ដោយ​ឡែក​របស់​ខ្លួន​ដែរ។

តែ​អ្វី​ដែល​អឺរ៉ុប​ចង់​បាន​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ G២០ ពេល​នេះ គឺ​ការ​ចងក្រង​បញ្ជីខ្មៅ​មួយ​ជា​លក្ខណៈ​អន្តរជាតិ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការ​គេចពន្ធ។ ការ​ធ្វើ​យ៉ាង​នេះ ដោយ​អឺរ៉ុប​យល់​ឃើញ​ថា គឺ​មាន​តែ​ការ​រួមសហការណ៍​ជា​លក្ខណៈ​អន្តរជាតិ និង​កិច្ចព្រមព្រៀង​នយោបាយ​របស់ G២០ ទេ​ទើប​គេ​អាច​បញ្ជៀស​កុំ​ឲ្យ​រឿងអាស្រូវ​ដូច « Panama Papers » កើន​មាន​ជា​ថ្មី​ម្តង​ទៀត។ តែ​យ៉ាង​ណា​ក៏​ដោយ នេះ​ជា​ការងារ​ដ៏​លំបាក​ដែល​មិន​ងាយ​នឹង​រក​កុងសង់ស៊ុស​រួម ព្រោះ​មាន​ប្រទេស​ខ្លះ​មិន​ចង់​ឲ្យ​មាន​វិធានការ​របៀប​នេះ​ឡើយ។

លោកស្រី​គ្រីស្ទីន ឡហ្កាដ៖កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​ផុយស្រួយ

លោកស្រី​អគ្គនាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI គ្រីស្ទីន ឡាហ្កាដ​អះអាង​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​មិន​ទាន់​ចូល​ដល់​ស្ថានភាព​អាសន្ន​ទេ ពោល​ស្ថិត​ក្នុង​ស្ថានភាព​មួយ​នឹង​ថ្កល់  មាន​ន័យ​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​មាន​តិចតួច តែ​ជា​កំណើន​ផុយស្រួយ និង​កំពុង​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន។ ហានិភ័យ​ដែល​លោកស្រី​គ្រីស្ទីន ឡាហ្កាដ​បាន​លើក​ឡើង​រួម​មាន ការ​ដក​ខ្លួន​ជា​យថាហេតុ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​ក្នុង​ទ្វីប​អឺរ៉ុប វិបត្តិ​ប្រេង​ធ្លាក់​ថ្លៃ បញ្ហា​ប្រឈម​កើត​ចេញ​ពី​ការ​ប្រែប្រួល​ធាតុអាកាស និង​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​របស់​ចិន។

គឺ​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ធ្លាក់​ចុះ​ដែល​លោកស្រី​គ្រីស្ទីន ឡាហ្កាដ​យល់​ឃើញ​ថា បាន និង​កំពុង​បន្ត​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​ពិភពលោក ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់ និង​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំ​វត្ថុធាតុដើម​របស់​ខ្លួន​ចូល​ទៅ​ចិន។ ចំណែក​នៅ​ក្នុង​ក្រុមប្រទេស​ថៅកែ​ប្រេង និង​ដែល​ពឹង​តែ​លើ​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេង​ក៏​កំពុង​ស្គាល់​សេដ្ឋកិច្ច​ត្រដាបត្រដួស​ដែរ ពោល​តាំង​ពី​តម្លៃប្រេង​ចុះ​ថ្លៃ​ជា​បន្តបន្ទាប់។

ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា មាន​ប្រទេស​ថៅកែ​ប្រេង​ភាគ​ច្រើន​បាន​រត់​ទៅ​ខ្ចីលុយ​ពី​ធនាគារ​ពិភពលោក​ដើម្បី​បំពេញ​ការ​ចំណាយ​របស់​ខ្លួន។ នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ទេ​តាំង​ពី​ក្រោយ​វិបត្តិហិរញ្ញវត្ថុ​សកល​ចន្លោះ​ឆ្នាំ ២០០៨ ២០០៩។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល G២០ ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​ដើម្បី​កុំ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ក្នុង​ស្ថានភាព​អាសន្ន​ដែល​ពិបាក​ជួយ​ស្រោចស្រង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ