អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោក​អូបាម៉ា​និយាយ​ពី​ការ​ស្លាប់​បិនឡាដិន​កាល​ពី ៥ឆ្នាំ​មុន

កាល​ពី ៥ឆ្នាំ​មុន ពោល​ថ្ងៃទី១ ឧសភា ឆ្នាំ ២០១១ កម្លាំងពិសេស​របស់​អាមេរិក​បាន​បើក​ប្រតិបត្តិការ​បាញ់​សម្លាប់​មេកើយ​អាល់កៃដា​បិនឡាដិន​នៅ​ក្នុង​ទឹកដី​ប្រទេស​ប៉ាគីស្ថាន។ ៥ឆ្នាំ​ក្រោយ​ការ​ស្លាប់​តៃហោង​របស់​បិនឡាដិន លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​និយាយ​រៀបរាប់​ឡើង​វិញ​ពី​ភាព​អាល់អែក​របស់​លោក និង​ពី​ជោគជ័យ​របស់​អាមេរិក​ក្នុង​ការ​សម្លាប់​បាន​មេភេរវជន​ដែល​ពិភពលោក​តាម​រក​មុខ​ជាង​គេ។

លោក​អូបាម៉ា​កំពុង​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ពី​ការ​ស្លាប់​មេកើយ​អាល់កៃដា បិនឡាដិន ថ្ងៃទី១ ឧសភា ២០១១
លោក​អូបាម៉ា​កំពុង​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​ពី​ការ​ស្លាប់​មេកើយ​អាល់កៃដា បិនឡាដិន ថ្ងៃទី១ ឧសភា ២០១១ GETTY IMAGES NORTH AMERICA / AFP
ផ្សាយពាណិជ្ជកម្ម

គេ​ពិត​ជា​នៅ​ចាំ​បាន​មិន​ភ្លេច​ក្នុង​ថ្ងៃទី១ ឧសភា ឆ្នាំ ២០១១ ដែល​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ប្រកាស​ពី​ការ​ស្លាប់​មេកើយ​អាល់កៃដា​អ៊ូសាម៉ា បិនឡាដិន។ ៥ឆ្នាំ​ក្រោយ​មក ពោល​នៅ​ថ្ងៃ​ទី១ ឧសភា ឆ្នាំ ២០១៦ លោក​អូបាម៉ា​បាន​ត្រឡប់​ទៅ​និយាយ​ពី​ប្រតិបត្តិការ​របស់​កម្លាំងពិសេស​អាមេរិក​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​រហូត​សម្លាប់​បាន​បិនឡាដិន។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ទូរទស្សន៍ CNN លោក​អូបាម៉ា​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ភាព​អាល់អែក​របស់​លោក​ក្នុង​ការ​សម្រេច​ចិត្ត​ឲ្យ​កម្លាំងពិសេស​អាមេរិក​បើកប្រតិបត្តិការ​វាយលុក​ចូល​ក្នុង​ផ្ទះ​មួយ​ដោយ​មិន​ច្បាស់​ថា តើ​បិនឡាដិន​ពិត​ជា​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ផ្ទះ​នោះ ឬ​អត់?។

« បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​របស់​ខ្ញុំ​មក វា​ច្បាស់​ណាស់​សម្រាប់​ខ្ញុំ​ដែល​ថា គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ត្រូវ​ក្របួច ក បិនឡាដិន​ឲ្យ​ខាន​តែ​បាន។ ប្រសិន​បើ​យើង​បន្ត​រារែក មិន​ធ្វើ​សកម្មភាព​អ្វី​ទេ បិនឡាដិន​អាច​នឹង​រត់​គេច​ខ្លួន​ពី​កណ្តាប់​របស់​យើង។ នៅ​ពេល​នោះ យើង​អាច​នឹង​ខាត​បង់​ពេល​វេលា​រាប់​សិប​ឆ្នាំ​ទៀត មុន​នឹង​រក​ឃើញ​ដាន​បិនឡាដិន​ជា​ថ្មី។
 
ខ្ញុំ​ក៏​មាន​ជំនឿ​ជឿជាក់​កាល​ណោះ​ថា ទ័ពពិសេស​របស់​យើង​អាច​នឹង​គ្មាន​ជួប​គ្រោះថ្នាក់​អ្វី​ទេ​នៅ​ក្នុង​ប្រតិបត្តិការ​នោះ។ យើង​បាន​ដឹង​ច្បាស់​ពី​វត្តមាន​របស់​បិនឡាដិន​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ តែ​បើ​មិន​មែន​ជា​បិនឡាដិន​វិញ យើង​ប្រាកដ​ជា​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ពិភពលោក ព្រោះ​ថា នៅ​ពេល​ដែល​ប្រតិបត្តិការ​វាយលុក​បាន​ចាប់​ផ្តើម​ហើយ វា​ពិត​ជា​ពិបាក​ក្នុង​ការ​លាក់កំបាំង​រឿង​សម្ងាត់​នោះ​ខ្លាំង​ណាស់ »

ថ្ងៃ​នេះ និង​៥ឆ្នាំ​ក្រោយ​ការ​ស្លាប់​បិនឡាដិន អង្គការ​ភេរវនិយម​អាល់កៃដា​បាន​ចុះ​ខ្សោយ​ឥទ្ធិពល​យ៉ាង​ខ្លាំង។ តែ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម​កំពុង​បន្ត ពិសេស​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​កំពុង​មាន​ឥទ្ធិពល និង​សាហាវ​ជាង​អាល់កៃដា​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ