អានតួអត្ថបទ
យេម៉ែន-សមុទ្រក្រហម

កប៉ាល់អង់គ្លេស​ដែលត្រូវគ្រាប់មីស៊ីលរបស់ពួកឧទ្ទាមហ៊ូទី លិចក្នុងសមុទ្រក្រហម

នៅទីបំផុត កប៉ាល់​អង់គ្លេស Rubymar​ដែលត្រូវគ្រាប់មីស៊ីល​របស់​ពួកឧទ្ទាមកាលពីខែ​កុម្ភៈ បាន​លិចចូលទៅក្នុងទឹកសមុទ្រ​នៅថ្ងៃ​សៅរ៍ទី ២​មីនា។ នៅក្នុងសេចក្តីប្រកាស​កាលពីថ្ងៃអាទិត្យ​ទី ៣​មីនា ទីបញ្ជាការដ្ឋាន​របស់កងទ័ពអាមេរិក​នៅ​តំបន់​ដើមបូព៌ា បាន​ព្រមានពីគ្រោះមហន្តរាយបរិស្ថាន ជីវិត​សត្វសមុទ្រដោយសារ​ការលិចកប៉ាល់ដឹកជីគីមី និង​គ្រោះថ្នាក់​សម្រាប់​កប៉ាល់​ដែលត្រូវ​ធ្វើដំណើរ​នៅត្រង់​កន្លែង​ដែលមាន​លិចកប៉ាល់​អង់គ្លេស។ Rubymarជា​កប៉ាល់ដឹកទំនិញ​ដំបូងគេ​ដែលរងគ្រោះថ្នាក់ដល់​លិចលង់​ក្នុងទឹកសមុទ្រ​ដោយសារ​ការវាយប្រហារមីស៊ីលនិងដ្រូន​របស់​ក្រុមហ៊ូទីយេម៉ែន នៅសមុទ្រ​ក្រហម។

រូបភាពផ្កាយរណប​បង្ហាញ​កប៉ាល់អង់គ្លេស​ដែលត្រូវគ្រាប់មីស៊ីលរបស់ពួកឧទ្ទាមហ៊ូទី លិចក្នុងសមុទ្រក្រហមនៅថ្ងៃសៅរ៍ទី​២មីនា ២០២៤
រូបភាពផ្កាយរណប​បង្ហាញ​កប៉ាល់អង់គ្លេស​ដែលត្រូវគ្រាប់មីស៊ីលរបស់ពួកឧទ្ទាមហ៊ូទី លិចក្នុងសមុទ្រក្រហមនៅថ្ងៃសៅរ៍ទី​២មីនា ២០២៤ AP - Maxar Technologies
ផ្សាយពាណិជ្ជកម្ម

ដឹកជីគីមី​ចេញពីកំពង់ផែ​នៅ​អេមីរ៉ាត អារ៉ាប់​រួម សំដៅ​ប្រទេស​ប៊ុលហ្ការី កប៉ាល់អង់គ្លេសឈ្មោះRubymar ​ដែលមាន​បំពាក់ទង់ជាតិ​ប្រទេស​Bélize ត្រូវគ្រាប់មីស៊ីលបាលីស្ទិកពីរគ្រាប់​ របស់​ក្រុមហ៊ូទីយេម៉ែន កាលពីថ្ងៃទី​១៨​កុម្ភៈ​ នៅត្រង់ច្រកសមុទ្របាបអ៊ែល ម៉ាន់ដេប ដែលតភ្ជាប់ពីសមុទ្រ​ក្រហម(Red Sea) ទៅ​ឈូងសមុទ្រ​អេឌិន(Gulf of Aden)។

នៅបន្ទាប់ពី​បុគ្គលិក និងកាពីទែន​ត្រូវ​កប៉ាល់ដឹកទំនិញជប៉ុន​ជួយសង្រ្គោះយកចេញទៅដាក់​នៅកន្លែង​សុវត្ថិភាព​នៅប្រទេសជីប៊ូទី កប៉ាល់​Rubymarដែលរងខូចខាតដោយសារត្រូវ​​គ្រាប់មីស៊ីល​របស់​ពួកហ៊ូទី ត្រូវ​អណ្តែតត្រសែតនៅសមុទ្រក្រហម​។

រូបភាពផ្កាយរណបរបស់​ក្រុមហ៊ុន Maxarបង្ហាញ ស្នាមប្រេងហៀរចេញពីកប៉ាល់ ដែលអណ្តែតលើផ្ទៃទឹកសមុទ្រ ជិត​៣០គីឡូម៉ែត្រ។ បន្ទាប់ពី​អណ្តែតឃ្លីងឃ្លោង​នៅ​លើសមុទ្រ​អស់ជាច្រើនថ្ងៃ កប៉ាល់​Rubymarរបស់អង់គ្លេសនៅទីបំផុត​បាន​​លិចចូលក្នុងទឹកសមុទ្រ នៅថ្ងៃសៅរ៍ទី ២មីនា។ បើតាមរដ្ឋាភិបាល​យេម៉ែនដែលជា​គូសត្រូវ​របស់​ពួកហ៊ូទីយេម៉ែន​ អាកាសធាតុអាក្រក់ និង​ខ្យល់ខ្លាំង​នៅ​សមុទ្រ​ក្រហមកាលពីយប់ថ្ងៃ​សុក្រ​ជាមូលហេតុធ្វើ​ឲ្យកប៉ាល់​លិចទៅក្នុងទឹកសមុទ្រ។

រដ្ឋាភិបាល​យេម៉ែន ទទួលស្គាល់​ដោយសហគមន៍អន្តរជាតិ​បាន​ព្រមាន​ពីគ្រោះថ្នាក់​ដល់ជីវិតមនុស្ស និងបរិស្ថាននៅតាមបណ្តាប្រទេស​ជាប់មាត់សមុទ្រ​ដែលនៅក្នុងនោះមានផងដែរ​ប្រទេស​យេម៉ែន។ ទីបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅតំបន់​ដើមបូព៌ា​បានព្រមានពីគ្រោះមហន្តរាយបរិស្ថាន គ្រោះថ្នាក់​សម្រាប់ជីវិត​ក្នុងទឹកសមុទ្រ ព្រោះថា កប៉ាល់​ដែលលិច​នៅថ្ងៃសៅរ៍ មានដឹកផ្ទុកជីគីមី ស៊ុលហ្វាត ផូស្វ័រជាង ២១០០០តោន។ ក្រៅពីបំពុលបរិស្ថានដោយសារ​សារធាតុគីមីរាប់ម៉ឺនតោន​ធ្លាក់ក្នុងទឹកសមុទ្រ​ហើយ ទីបញ្ជាការដ្ឋានកងទ័ពអាមេរិក​ព្រមានថា វត្តមានរបស់​កប៉ាល់​ដែលមានប្រវែង ១៧១ម៉ែត្រ​នៅក្នុងទឹកសមុទ្រ​យ៉ាងដូច្នេះ​នឹង​អាច​បង្កគ្រោះថ្នាក់​ដល់កប៉ាល់​ផ្សេងទៀត ដែលត្រូវ​ធ្វើដំណើរចរាចរណ៍​នៅម្តុំដែលមាន​លិចកប៉ាល់។

Rubymarជា​កប៉ាល់លើកដំបូងគេ​ដែល​រងការវាយប្រហារ ខូចខាតរហូតដល់​ត្រូវ​លិចលង់​ក្នុងទឹកសមុទ្រ ដោយសារ​ស្នាដៃ​វាយប្រហារ​មីស៊ីល និងដ្រូនរបស់ពួកហ៊ូទីយេម៉ែន។ ក្រុមហ៊ូទីដែលទទួលបានការគាំទ្រ​អាវុធនិងហិរញ្ញវត្ថុពី​អ៊ីរ៉ង់ បាន​បើកការវាយប្រហារ​លើ​រាល់​កប៉ាល់​នៅសមុទ្រ​ក្រហម នៅក្នុងហេតុផល​បង្ហាញ​សាមគ្គីភាពជាមួយ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន។ នៅ​ថ្ងៃ​សៅរ៍ អ្នកទទួលខុសត្រូវ​ម្នាក់​របស់​ពួកហ៊ូទី​បានទាមទារ​ឲ្យនាយករដ្ឋមន្រ្តីអង់គ្លេស​ជំរុញ​ឲ្យមានការបើកច្រកផ្លូវមនុស្សធម៌​នៅហ្កាហ្សា បើសិន​ជា​អង់គ្លេស​ចង់ស្រោចស្រង់​កប៉ាល់​ទំនិញរបស់ខ្លួន។

តាំង​ពីបើកការវាយប្រហារ នៅសមុទ្រ​ក្រហម​ដើម្បីបុព្វហេតុក្រុមហាម៉ាស​ប៉ាឡេស្ទីន ពួកហ៊ូទីយេម៉ែន​បាន​បាញ់​មីស៊ីល និងដ្រូនបំផ្លាញ​កប៉ាល់ដឹកទំនិញជាច្រើន។ តាម​មូលនិធិហិរញ្ញវត្ថុអន្តរជាតិ ដោយសារ​តែ​គ្រោះថ្នាក់ គ្មាន​សន្តិសុខ​នៅ​សមុទ្រ​ក្រហម ចរាចរណ៍​របស់​កប៉ាល់ដឹកទំនិញតាម​សមុទ្រ​ក្រហម​បាន​ធ្លាក់ថយចុះអស់ ១ភាគ៣នៅ​សមុទ្រក្រហម នោះបើទោះបីជា​អាមេរិកដឹកនាំបក្សសម្ព័ន្ធ​ចេញមុខ​ការពារ​ ពី​ការវាយប្រហារ​មីស៊ីល​របស់​ពួកហ៊ូទីក្តី។ ការប្តូរ​ផ្លូវធ្វើដំណើរ​ ចេញពីសមុទ្រ​ក្រហមបានធ្វើ​ឲ្យ​ក្រុមហ៊ុន​ដឹកទំនិញពីអាស៊ី​ទៅអឺរ៉ុប ​ត្រូវ​បើកផ្លូវវៀង ចំណាយពេលយូរ​។ បញ្ហានៅ​សមុទ្រ​ក្រហម​បាន​បណ្តាល​ឲ្យ​ការដឹកជញ្ជូនផ្គត់ផ្គង់ទំនិញត្រូវ​រអាក់រអួល និងទំនិញកាន់តែឡើងថ្លៃនៅក្នុងពិភពលោក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ