អ៊ីស្រាអែលវាយប្រហារចូលកាន់តែជ្រៅទៅក្នុងទឹកដីលីបង់
អ៊ីស្រាអែលប្រកាសបើកការវាយប្រហារផ្លូវអាកាសនៅក្នុងទឹកដីភាគខាងត្បូងលីបង់ នៅថ្ងៃពុធ ទី១៤កុម្ភៈ នៅប៉ុន្មានម៉ោងក្រោយ គ្រាប់រ៉ូក្កែតបាញ់ចេញពីលីបង់បណ្តាលឲ្យប្រជាជនអ៊ីស្រាអែល ៩នាក់ រងរបួស។ ប្រភពកងរក្សាសន្តិសុខលីបង់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFPថា មនុស្ស៤នាក់ស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ក្នុងនោះ ២នាក់ ជាកុមារ និងស្រ្តី១នាក់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣៩
នៅព្រំដែនអ៊ីស្រាអែល និងលីបង់ ការប៉ះទង្គិចអាវុធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា កើតមានជាប្រចាំ គិតចាប់តាំងពីអ៊ីស្រាអែលផ្តើមសង្រ្គាមសងសឹកក្រុមហាម៉ាសនៅហ្កាហ្សា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែ នៅថ្ងៃពុធ ទី ១៤កុម្ភៈ ជាលើកទី១ ដែលកងទ័ពអ៊ីស្រាអែលបើកការវាយប្រហារយ៉ាងសន្ធឹកទៅក្នុងទឹកដីលីបង់ នៅប៉ុន្មានម៉ោងក្រោយដែលក្រុងអ៊ីស្រាអែលនៅជាប់ព្រំដែនត្រូវគ្រាប់រ៉ូក្កែត បាញ់ចេញពីភាគខាងត្បូងលីបង់។ តាមគ្រូពេទ្យអ៊ីស្រាអែល នៅក្នុងការវាយប្រហារគ្រាប់រ៉ូកែ្កត មនុស្សរបួស៧នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រ។
ក្រុមហេសបូឡា ដែលធ្លាប់ជាអ្នកវាយប្រហារញឹកញយលើទីតាំងយោធារបស់អ៊ីស្រាអែល នៅព្រំដែនអ៊ីស្រាអែល លីបង់ មិនទាន់ចេញមុខទទួលខុសត្រូវលើការវាយប្រហារលើភូមិអ៊ីស្រាអែល។ ប៉ុន្តែ ជាការសងសឹកតបវិញ អ៊ីស្រាអែលបានបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារគោលដៅមួយចំនួន ដែលស្ថិតនៅចម្ងាយពី១០ ទៅ ២៥គីឡូម៉ែត្រពីព្រំដែន។
តាមអាជ្ញាធរលីបង់ ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃពុធ បានសម្លាប់មនុស្ស៤នាក់ ដែលនៅក្នុងនោះ មានកុមារពីរនាក់ និងស្ត្រីម្នាក់។
ដោយចុចដៅវាយប្រហារទីតាំងរបស់ក្រុមហេសបូឡា អ៊ីស្រាអែលចូលវាយកាន់តែជ្រៅ ទៅក្នុងទឹកដីលីបង់។ នៅថ្ងៃអង្គារ មេដឹកនាំក្រុមហេសបូឡាលីបង់បានព្រមានសាជាថ្មីថា ស្ថានការណ៍នៅព្រំដែនអ៊ីស្រាអែល និងលីបង់គ្មានថ្ងៃធូរស្រាលឡើងវិញទេ ដរាបណាអ៊ីស្រាអែលមិនឈប់ធ្វើសង្រ្គាមនៅហ្កាហ្សា។
បារម្ភខ្លាចពីការផ្ទុះរាលដាលសង្រ្គាមមួយទៀត នៅព្រំដែនលីបង់ និងអ៊ីស្រាអែល ប្រជាជនរបស់ប្រទេសទាំងពីរត្រូវបានជម្លៀសចេញពីភូមិក្រុងនៅតាមព្រំដែន។ អ៊ីស្រាអែលផ្ទាល់បានជម្លៀសប្រជាជនរបស់ខ្លួនចេញពីភូមិ ដើម្បីគេចចេញពីគ្រាប់រ៉ូក្កែត ដែលពួកហាម៉ាស នៅលីបង់ និងពួកហេសបូឡាបាញ់ចេញពីភាគខាងត្បូងលីបង់។
នៅក្នុងសារថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅថ្ងៃអង្គារ ប្រមុខដឹកនាំ ហេសបូឡា លោកហាសាន់ ណាស្រាឡាបានព្រមានថា បើសិនអ៊ីស្រាអែលពង្រីកមុខធ្វើសង្រ្គាមជាមួយលីបង់ នោះ ទាហានហេសបូឡានឹងវាយប្រហារតបវិញ។ សម្រាប់មេដឹកនាំក្រុមហេសបូឡា លីបង់មិនទន់ខ្សោយ មិនខ្លាចការគំរាម ឬចុះចាញ់ទទួលយកលក្ខខណ្ឌពីខាងក្រៅដាច់ខាត។ “គ្មានថ្ងៃទេដែលហេសបូឡាដកកម្លាំងទ័ពរបស់ខ្លួនចេញពីតំបន់ជាប់ព្រំដែនអ៊ីស្រាអែល”។
លោកហាសាន់ ណាស្រាឡាទំនងចង់និយាយដល់សំណើរបស់បារាំងនៅសប្តាហ៍នេះ ដែលគេបានដាក់ជូនរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែលឲ្យពិចារណា ដែលនៅក្នុងនោះ មានការទាមទារឲ្យទាហានហេសបូឡាដកថយ ចម្ងាយ ពី ១០ ទៅ ១២គីឡូម៉ែត្រពីព្រំដែន។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលផ្ទាល់ធ្លាប់ប្រាប់ភាគីបារាំង ឲ្យជួយអន្តរាគមផ្លូវការទូត ព្រោះថា អ៊ីស្រាអែលមិនចង់ឈ្លោះរាលដាលជាមួយលីបង់ទេ។ ប៉ុន្តែ នៅសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល ព្រមានថា គេជិតអស់ពេលវេលាដើម្បីចរចាការទូត។ បើសិនដំណោះស្រាយការទូតមិនអាចចេញរូបរាង អ៊ីស្រាអែលមានតែត្រូវប្រើផ្លូវយោធា ដើម្បីធានាសន្តិសុខបើកផ្លូវឲ្យប្រជាជនអ៊ីស្រាអែលអាចត្រលប់មករស់នៅក្នុងភូមិក្រុងនៅតាមព្រំដែនឡើងវិញ។ ដើម្បីធានាសន្តិសុខ ប្រជាជនរបស់ខ្លួន អ៊ីស្រាអែលមិនខ្លាចនឹងបើកការវាយប្រហាររុញច្រានក្រុមហេសបូឡាលីបង់ ឲ្យចេញឆ្ងាយពីព្រំដែន ដើម្បីកុំឲ្យក្រុមនេះអាចបាញ់គ្រាប់រ៉ូក្កែត គំរាមកំហែងអាយុជីវិតរបស់ប្រជាជនអ៊ីស្រាអែល។ គួរបញ្ជាក់ថា គិតចាប់តាំងមានសង្រ្គាមនៅហ្កាហ្សា អំពើហិង្សា វាយប្រហារគ្នាទៅវិញ ទៅមករវាងពួកហេសបូឡា និងទាហានអ៊ីស្រាអែលសម្លាប់មនុស្ស ២៤៣នាក់នៅទឹកដីលីបង់ និង១៥នាក់នៅភាគីអ៊ីស្រាអែល។ ភាគច្រើននៃអ្នកបាត់បង់ជីវិត ជាទាហានហេសបូឡា និងទាហានអ៊ីស្រាអែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ