អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ាក់

អ៊ីរ៉ាក់ចោទ​អាមេរិក​បង្ក​អស្ថិរភាព​ ក្រោយពី​​អាមេរិក​សម្លាប់​មេបញ្ជាការ​ហេសបូឡាប្រចាំ​អ៊ីរ៉ាក់

កំហឹង​ស្អប់​អាមេរិក​ មាន​ទាំងលើទ្រូង​ផ្លូវ ​និង​ទាំងនៅ​ក្នុងរដ្ឋសភាអ៊ីរ៉ាក់។ នេះក៏ព្រោះតែ​ សហរដ្ឋអាមេរិក​ បាន​វាយប្រហារ​​សម្លាប់ ​មេបញ្ជាការ​ហេសបូឡាប្រចាំ​អ៊ីរ៉ាក់ម្នាក់​ ដែល​គាំទ្រ​អ៊ីរ៉ង់។ នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់ ​ថ្លែង​​ចេតនា​ចង់​បញ្ចប់បេសកកម្ម​ របស់​ សម្ព័ន្ធ​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរជន​ជីហាត ​ដែល​ដឹកនាំដោយ​សហរដ្ឋអាមេរិក នៅលើទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី​។

ទិដ្ឋភាព​រថយន្ត​ដែល​ត្រូវ​គ្រាប់​ស៊ីប​របស់​ទ័ព​អាមេរិក នៅ​ខាងកើត​ក្រុង​បាកដាដ។
ទិដ្ឋភាព​រថយន្ត​ដែល​ត្រូវ​គ្រាប់​ស៊ីប​របស់​ទ័ព​អាមេរិក នៅ​ខាងកើត​ក្រុង​បាកដាដ។ AP - Hadi Mizban
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ាក់ បាន​ថ្កោលទោស​ សហរដ្ឋអាមេរិក ដែល​បាន​វាយ​ប្រហារ​ដោយ​យន្តហោះដ្រូន សម្លាប់​ មេបញ្ជាការ​ហេសបូឡាប្រចាំ​អ៊ីរ៉ាក់ ដែល​គាំទ្រ​អ៊ីរ៉ង់ គឺ​លោក អាប៊ូ បាគៀ អាល់-សាអាឌី កាលពី​យប់​ថ្ងៃ​ពុធ​ ទី​៧ កុម្ភៈ នៅរដ្ឋធានីបាកដាដ។ ​ដំណឹង​វាយប្រហារ​សម្លាប់​នេះ ក៏ត្រូវ​ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​បញ្ជាក់អះអាង​ដែរថាបានសម្លាប់​​មេបញ្ជាការ​ហេស​បូឡា​នៅ​អ៊ីរ៉ាក់​ ដែល​ជាអ្នក​រៀបចំ​គម្រោង​វាយ​ប្រហារ​ទៅលើ​យោធា​អាមេរិក​​នៅក្នុង​តំបន់។ សំណុំរឿងនេះ ក៏​ជាប់ពាក់ព័ន្ធ​ផ្ទាល់​ទៅនឹងការ​ស្លាប់​របស់យោធា​អាមេរិក ចំនួន​ ៣នាក់ នៅ​ព្រំដែន​ហ្ស័កដង​និង​ស៊ីរី កាលពីថ្ងៃទី២៨ ខែមករា។

នៅ​អ៊ីរ៉ាក់ កំហឹង​ស្អប់​អាមេរិក​ មានផ្ទុះឡើង​​​ទាំងលើទ្រូង​ផ្លូវ ​និង​ទាំងនៅ​ក្នុងរដ្ឋសភា។ ក្រុម​អ្នក​​តំណាងរាស្ត្រ​អ៊ីរ៉ាក់ ​ដែល​មាន​ទំនោរ​កាន់ជើង​អ៊ីរ៉ង់ បាន​ឱកាស​រិះគន់​អាមេរិក ហើយ​និង​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោសថា រដ្ឋាបាលទីក្រុង​វ៉ាស៊ីនតោន​​ដើរហួស​បន្ទាត់​ក្រហម​ហើយ។  អ្នក​នាំពាក្យខាង​យោធា របស់​​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ឧត្តមសេនីយ យេហ៊ីយ៉ា រ៉ាស្សូល  បាន​ថ្លែងនៅថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែកុម្ភៈ ថា ​«សម្ព័ន្ធអន្តរជាតិ ដឹកនាំដោយ​សហរដ្ឋអាមេរិក ធ្វើ​ជ្រុល​ហួស​ហេតុ និងដើរ​ខុស​ពី​គោលដៅ ហើយ​ទង្វើ​នេះ ជា​ហេតុផល​ត្រឹមត្រូវ​បំផុត​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​។ ដ្បិត​ថា សកម្មភាព​ដើរ​ខុសផ្លូវរបស់​​សម្ព័ន្ធ​អន្តរ​ជាតិ ​បែបនេះ នាំឲ្យ​ អ៊ីរ៉ាក់ ធ្លាក់​ចូល​ក្នុង​អស្ថិរភាព​ ហើយ​និង​ទាញ​​ អ៊ីរ៉ាក់ ​ធ្លាក់​ចូល​​ជម្លោះ​ក្នុង​តំបន់​​»។​  នៅថ្ងៃ​ដដែល នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូហាមេដ ស្ហា អាល់ ស៊ូដានី ក៏បាន​អះអាង​បន្ថែមដែរ​អំពី​ចេតនា​បញ្ចប់​បេសក​កម្មនៃ​សម្ព័ន្ធអន្តរជាតិ​ប្រយុទ្ធប្រឆាំងនឹង​ក្រុម​ភេរជន​ជីហាត។ នេះក៏ព្រោះតែ លោកអះអាង​ថា កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ អាច​នឹង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បីទប់ទល់​ប្រឆាំង​នឹង​​ក្រុម​ភេរ​វជន​ហើយ​។​

គួរ​រំឭកជូនថា សម្ព័ន្ធអន្តរជាតិ​ប្រយុទ្ធប្រឆាំងនឹង​ក្រុម​ភេរជន​ជីហាត​ នៅតំបន់​​ដើមបូព៌ា បាន​ចាប់ផ្តើម​នៅឆ្នាំ២០១៤ ដឹកនាំ​មុខ​គេ​ដោយ​សហរដ្ឋអាមេរិក​​។​ ក្នុងក្របខណ្ឌនេះ​ កងទ័ព​អាមេរិក​ ឈរជើង​នៅ​អ៊ីរ៉ាក់​ ចំនួន ២ ៥០០ នាក់ ហើយ​នៅ​ស៊ីរីក្បែរខាង​ មាន​​​យោធាអាមេរិក​ចំនួន ៩០០នាក់។ រីឯ ​ពួក​ប្រដាប់អាវុធ​​ហេសបូឡានៅអ៊ីរ៉ាក់​ ត្រូវ ​សហរដ្ឋអាមេរិក ​ចាត់​ទុក​ថា​ជា​ពួក​​ឧទ្ទាមភេរវនិយម​ និងជាមុខ​សញ្ញាត្រូវកម្ទេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ