អ.ស.ប.ទទូចឱ្យបន្តទ្រទ្រង់ប្រតិបត្តិការមនុស្សធម៌របស់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន
អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឱ្យប្រទេសដែលបានផ្អាកការផ្តល់វិភាគទាន ជួយដល់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន Unrwar បន្តទ្រទ្រង់ស្ថាប័ននេះក្នុងការបំពេញបេសកកម្មមនុស្សធម៌ដ៏ចាំបាច់នៅហ្កាហ្សា។ សេចក្តីអំពាវនាវនេះធ្វើឡើងក្រោយពីស្ថាប័នទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន កំពុងជួបរឿងអាស្រូវមានបុគ្គលិកពាក់ព័ន្ធនឹងពួកហាម៉ាសក្នុងការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៧
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនUnrwa ដែលមានតួនាទីសកម្មខ្លាំងក្នុងការចាត់ចែងជំនួយមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនជិតពីរលាននាក់នៅតំបន់ហ្កាហ្សាបានប្រកាសបណ្តេញបុគ្គលិក១២នាក់ពីស្ថាប័ន ព្រោះបើតាមអាជ្ញាធរអ៊ីស្រាអែល ជនទាំងនោះមានពាក់ព័ន្ធនឹងការវាយប្រហារហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា២០២៣។ បើតាមប្រភពព័ត៌មានអាមេរិក និងបញ្ជាក់ដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យនេះ មានបុគ្គលិកចំនួន១២នាក់មានជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានអង្កេតផ្ទៃក្នុងស៊ីជម្រៅ។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្តល់ព័ត៌មានលម្អិតថា នៅក្នុងចំណោមជនជាប់ចោទ ៩នាក់ត្រូវបានបណ្តេញចេញ ម្នាក់បានស្លាប់និងពីរនាក់ទៀតកំពុងកំណត់អត្តសញ្ញាណ។
គ្រាន់តែ បានទទួលដំណឹងនេះភ្លាម សហរដ្ឋអាមេរិក បន្តដោយប្រទេសជាច្រើនផ្សេងទៀត មានជាអាទិ៍ អ៊ីតាលី កាណដា អង់គ្លេស អូស្ត្រាលី ហ្វាំងឡង់ និងអាល្លឺម៉ង់ ។ល។ បានប្រកាសផ្អាករាល់គ្រប់ជំនួយបន្ថែមដល់អង្គការទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកអគ្គលេខាធិការអង្គការប្រជាជាតិបានទទួលស្គាល់ការព្រួយបារម្ភរបស់ក្រុមប្រទេសអ្នកផ្តល់អំណោយ ប៉ុន្តែលោកនៅតែទទូចសុំឱ្យរដ្ឋាភិបាលនីមួយៗធ្វើយ៉ាងណាជួយធានាឱ្យស្ថាប័នអាចបន្តប្រតិបត្តិការសង្គ្រោះជនស៊ីវិល ដែលរស់រំពឹងលើជំនួយមនុស្សធម៌ដ៏ស្តួចស្តើង។ ភ្នាក់ងារនៅសល់ជំនួយហិរញ្ញវត្ថុដែលមិនឆ្លើយតបនឹងសេចក្តីត្រូវការរបស់ពួកគេបានទេ នៅខែកុម្ភៈ។ លោកអង់តូនីញ៉ូ ហ្គូទែរក៍ បានធានាថា បុគ្គលិកអង្គការសហប្រជាជាតិមានពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម ឬបទឧក្រិដ្ឋ ត្រូវតែទទួលផលវិបាកទៅតាមទង្វើរបស់ពួកគេ តែមនុស្សរាប់ពាន់នាក់ដែលកំពុងធ្វើការឱ្យស្ថាប័នអង្គការសហប្រជាជាតិ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដើម្បីមនុស្សធម៌មិនគួរត្រូវរងទោសទណ្ឌទេ។
ប៉ុន្តែនៅថ្ងៃសៅរ៍ម្សិលមិញ អ៊ីស្រាអែលដែលរិះគន់ស្ថាប័នUnrwa ជារហូតមក បានប្រកាសថាលែងចង់ឃើញភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះធ្វើសកម្មភាពនៅហ្កាហ្សាទៀតទេ ក្រោយបញ្ចប់សង្គ្រាមនៅហ្កាហ្សា។
បង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោយការផ្ទុះជម្លោះដំបូងរវាងអ៊ីស្រាអែល-អារ៉ាប់និងការបង្កើតរដ្ឋអ៊ីស្រាអែល ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន មានបុគ្គលិកបំរើការចំនួនប្រមាណ៣ម៉ឺននាក់ ក្នុងនោះ១ម៉ឺនបីពាន់នាក់ធ្វើការ ក្នុងការិយាល័យជាង៣០០កន្លែងនៅតំបន់ហ្កហ្សា។ ទីភ្នាក់ងារគ្រប់គ្រងជំរំជនភៀសខ្លួនសរុបជាង៦០ ក្នុងនោះ១៩នៅតំបន់ស៊ីហ្សកដានីក្រោមអាណានិគមកិច្ចអ៊ីស្រាអែល និងផ្តល់ការសិក្សាអប់រំដល់កុមារប៉ាឡេស្ទីនជាងកន្លះលាននាក់ ព្រមទាំងផ្តល់ជំនួយទូទៅ (អប់រំ ថែទាំសុខភាព សេវាសង្គម រចនាសម្ព័ន្ធជំរំ មីក្រូហិរញ្ញវត្ថុនិងជំនួយបន្ទាន់) ដល់ជនភៀសខ្លួនប៉ាឡេស្ទីនប្រមាណ៥លាន៩សែននាក់។ ស្ថាប័នអាចដំណើរការបានដោយសារជំនួយវិភាគទានរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ។ ម្ចាស់ជំនួយដ៏ធំជាងគេ គឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ សហភាពអឺរ៉ុប ស៊ុយអែត និងន័រវែស បន្ទាប់មកគឺតួកគី អារ៉ាប៊ីសាអូឌីត ជប៉ុន និងស្វីស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ