អានតួអត្ថបទ
យេម៉ែន-អាមេរិក

យេម៉ែន​កំពុង​ក្លាយ​ជា​សមរភូមិ​មួយ​ថ្មី​ទៀត​ឬ?

យោធា​អាមេរិក​បាន​បើក​ការ​វាយប្រហារ​ជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១៣​មករា​នេះទៀត ជា​លើក​ទីពីរ​ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង​ ទៅ​លើ​ទីតាំង​របស់​ឧទ្ទាម​ហ៊ូទី នៅ​យេម៉ែន។​ ម្សិលមិញ ក្រោយពី​រង​​ការ​វាយប្រហារ​របស់​សម្ព័ន្ធអន្តរជាតិ​អាមេរិក​និង​អង់គ្លេស ក្រុម​ឧទ្ទាមហ៊ូទីបាន​​ប្រកាស​សង​សឹក​ និង​​​​គំរាមបំផ្លាញ​ផលប្រយោជន៍​ប្រទេស​ទាំងពីរ​កាន់​តែ​ខ្លាំង។

អាមេរិក​វាយប្រហារ​ជា​ថ្មី​លើ​ពួក​ឧទ្ទាម​ហ៊ូទី​នៅយេម៉ែន​
អាមេរិក​វាយប្រហារ​ជា​ថ្មី​លើ​ពួក​ឧទ្ទាម​ហ៊ូទី​នៅយេម៉ែន​ AP - Sgt Lee Goddard
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃសៅរ៍​​នេះ ពួក​ឧទ្ទាម​ហ៊ូទី​បាន​អះអាង​មាន​យ៉ាង​ហោច​ទីតាំង​យោធា​របស់​ហ៊ូទី​មួយ​កន្លែង នៅ​រដ្ឋធានី​​សាណា​បាន​​រងការ​វាយប្រហារ។ បន្តិច​ក្រោយ​មក​​ទី​បញ្ជាការ​ដ្ឋាន​​អាមេរិក​ ក៏​បាន​បញ្ជាក់ ដំណឹង​ស្តីពី​ការ​វាយប្រហារតាម​ផ្លូវអាកាសទៅ​​លើ​ទីតាំង​ប្រព័ន្ធ​រ៉ាដា​មួយ​នៅ​យេម៉ែន ដោយ​ប្រើ​មីស៊ីល​Tomahawkបាញ់​ចេញ​ពី​នាវាចម្បាំង​​USS Carney។

កាលពី​ថ្ងៃសុក្រ អាមេរិក​និង​សម្ព័ន្ធមិត្ត​អង់គ្លេស​បាន​បើក​ប្រតិបត្តិការ​វាយប្រហារផ្លូវអាកាស​យ៉ាង​ហោច​១៥០គ្រាប់​ ​លើ​ទីតាំង​យោធា​របស់​ពួក​ឧទ្ទាម​ហ៊ូទី​នៅយេម៉ែន ចំនួន​ប្រមាណ​៣០​កន្លែង​។ ខា​ង​ហ៊ូទី​ថា​មាន​អ្នក​ស្លាប់​៥នាក់និង​រង​របួស៦នាក់។ ជា​ចម្លើយ​តប ពួកហ៊ូទី​បាន​គំរាម​​ថា​សង​សឹក​​វិញ​ដោយ​ដៅ​យក​​ផលប្រយោជន៍​អាមេរិក​និង​អង់គ្លេស​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ។ ម្សិលមិញ​ពួក​ហ៊ូទី​បាន​បាញ់​មីស៊ីល​យ៉ាង​ហោច​ណាស់​មួយគ្រាប់​​សំដៅ​សមុទ្ទ​ក្រហម តែបើ​តាម​យោធា​អាមេរិក ​​គ្មាន​ប៉ះលើ​នាវា​ណា​ឡើយ។

សម្រាប់​លោក​ចូបៃដិន ប្រធានាធិបតី ប្រតិបត្តិការ​កាលពី​ថ្ងៃសុក្រ​​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ។ ​ទាំងអាមេរិក​ក៏​ដូច​ជា​អង់គ្លេស ការ​ប្រហារ​នេះ​ជា​ទង្វើ​ដ៏​ស្រប​ច្បាប់​ដើម្បី​ស្តារ​សន្តិសុខ​ដល់​សមុទ្ទ​ក្រហម​ដែល​ជា​​ផ្លូវចរាចរណ៍​​​​ដឹកជញ្ជូន ដ៏​សំខាន់​តភ្ជាប់ពី​មហា​សមុទ្ទ​ឥណ្ឌា​ទៅ​សមុទ្ទ​មេឌីទែរ៉ាណេ ដោយ​មានពាណិជ្ជកម្ម​ពិភពលោកប្រមាណ​១២%​ឆ្លង​កាត់។ ​ហើយ​សហរដ្ឋ​អាមេរិក​​នឹង​បន្ត​វាយប្រហារ​បន្ថែម​ទៀត​ ដោយ​ដៅ​លើ​ទីតាំង​របស់​ពួក​ហ៊ូទី ដែល​មានគ្រូ​និង​​អ្នក​ជំនាញអ៊ីរ៉ង់ផង ​ប្រសិន​បើ​ពួក​ហ៊ូទី​មិន​ព្រម​បញ្ឈប់​សកម្មភាព​យោធា​នៅសមុទ្ទ​ក្រហម​ទេ។

ប៉ុន្តែ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រុស្ស៊ីបាន​បរិហារ​ទង្វើ​អាមេរិក​លើ​ពួក​ហ៊ូទី​ពេល​នេះ​ថា​ជា​ការ​ឈ្លានពាន​លើ​យេម៉ែន ជា​សកម្មភាព​មិន​ត្រឹម​ត្រូវ​បើ​យោល​ទៅ​ច្បាប់​អន្តរជាតិ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បញ្ចៀស​ភាព​ប្រឈម​គ្នា​ ដើម្បី​សន្តិភាព​និង​ស្ថិរភាព​នៅសមុទ្ទ​ក្រហម​ក៏​ដូច​ជា​សម្រាប់​តំបន់​ទាំងមូល។

អ្នក​អង្កេត​ការណ៍​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​តែ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស រំកិល​សមរភូមិ​មក​ខាង​យេម៉ែន​ ព្រោះ​ចលនា​ហ៊ូទី គឺ​ជា​ខ្សែរយៈ​តស៊ូ​ប្រចាំ​តំបន់​ដែលគាំទ្រ​ដោយ​​អ៊ីរ៉ង់ ដូច​ចលនា​ហេសបូឡា​ឬ​ក្រុមប្រដាប់អាវុធ​ផ្សេងៗ​ទៀត​នៅ​អ៊ីរ៉ាក់ឬស៊ីរី ឬ​ហាម៉ាសដើម្បី​រួម​គ្នា​ប្រឆាំង​នឹង​អ៊ីស្រាអែល។​ តាំងពី​ផ្ទុះ​សង្គ្រាម​នៅ​ហ្កាហ្សា​មក ពួកឧទ្ទាម​ហ៊ូទី​បាន​បាញ់​ដ្រូន​និង​មីស៊ីល​លើ​សមុទ្ទ​ក្រហម​ជា​ច្រើន បង្ក​អសន្តិសុខ​យ៉ាងខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ