អានតួអត្ថបទ
ព្រឹត្តិការណ៍ធំៗឆ្នាំ​២០២៣

តើ​ព្រឹត្តិការណ៍ធំៗកើតឡើងក្នុង​ឆ្នាំ២០២៣ មានអ្វីខ្លះ?

២០២៣ ជាឆ្នាំពោរពេញដោយក្តីកង្វល់ និងទុក្ខសោក។ សង្គ្រាម​នៅអ៊ុយក្រែន អូសបន្លាយមិនទាន់ចប់ផង សង្គ្រាមថ្មីមួយទៀត បានឆេះរោលឡើងនៅតំបន់ហ្កាហ្សា។ វិបត្តិនៅហ្កាហ្សាបាននិងកំពុងតែធ្វើឲ្យគេព្រួយបារម្ភ អំពីស្ថិរភាពសន្តិសុខនៃតំបន់ដើមបូព៌ាទាំងមូល។ ២០២៣ ក៏ជាឆ្នាំនៃអស្ថិរភាព នៅតាមបណ្តាប្រទេសអាហ្វ្រិកជាច្រើន ជាមួយនឹងរដ្ឋប្រហារយោធា ព្រមទាំងសង្គ្រាមស៊ីវិល។ គ្រោះមហន្តរាយ​រញ្ជួយដីនៅតួកគី ស៊ីរី និង​ម៉ារ៉ុកបានផ្តាច់ជីវិតមនុស្សជាច្រើនម៉ឺននាក់​។ ស្របពេលដែល​ឥណ្ឌាទះដៃអបអរសាទរ នឹងជោគជ័យដែលបាន​បញ្ជូនយានទៅចុះចតនៅ​លើព្រះចន្ទ នៅលើផែនដីយើងឯនេះវិញ សីតុណ្ហភាពក្តៅហួតហែង បង្កឲ្យ​មានគ្រោះរាំងស្ងួត និង​ភ្លើងឆេះព្រៃដ៏ធំមហិមា។ តែទោះជាយ៉ាងណា ជោគជ័យនៃCOP28 នៅឌូបៃ បាន​ផ្តល់នូវស្នាមញញឹមមួយគ្រាដែរ ទំរាំឆ្នាំ​២០២៤មកដល់។​

Smoke rises following an Israeli airstrike in the Gaza Strip, as seen from southern Israel, Friday, Dec. 29, 2023. The army is battling Palestinian militants across Gaza in the war ignited by Hamas' O
ផ្សែងខ្មៅសន្ធោសន្ធៅនៅហ្កាហ្សា ក្រោយអ៊ីស្រាអែលបាញ់​ប្លោងមីស៊ីល ថ្ងៃទី​២៩ ធ្នូ ២០២៣ AP - Ariel Schalit
ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​នៅ​​ហ្កាហ្សា

មិនខុសពី​​ឆ្នាំ​២០២២ ដែលគ្រប់គ្នានៅចាំថា ជាឆ្នាំ​ដិតដាមដោយ​សង្គ្រាម​នៅអ៊ុយក្រែន ឆ្នាំ២០២៣វិញ ក៏​គឺជាឆ្នាំសង្គ្រាមដែរ គឺសង្គ្រាមនៅហ្កាហ្សា។ ថ្ងៃទី៧តុលា ក្រុមភេរវកម្មហាម៉ាសបានសំរុកចូលមក​ក្នុងទឹកដីអ៊ីស្រាអែល ហើយ​បានសម្លាប់ប្រជាជនស៊ីវីល ដោយឥតរើសមុខ យ៉ាងសាហាវព្រៃផ្សៃបំផុត។ ក្រុមហាម៉ាស បានបាញ់សម្លាប់​មនុស្ស​នៅតាមផ្លូវ ចូលទៅ​បាញ់សម្លាប់ដល់ក្នុងផ្ទះ ដុតទាំងរស់ និង​ថែមទាំងករណីរំលោភផ្លូវភេទថែមទៀត។ យោងតាមតួលេខ របស់អាជ្ញាធរអ៊ីស្រាអែល គឺមានមនុស្ស​ស្លាប់ចំនួន​ប្រមាណ ១១៤០នាក់ ដោយស្នាដៃពិឃាត​របស់​ក្រុមភេរវកម្មហាម៉ាស។ មិនត្រឹមប៉ុណ្ណោះទេ ក្រុមជ្រុលនិយមនេះ បានចាប់ចំណាប់ខ្មាំង ចំនួន​ប្រមាណ​២៥០នាក់ យកទៅតំបន់ហ្កាហ្សា​។​

ការវាយប្រហារ​របស់​ក្រុមហាម៉ាស គឺជាករណីវាយប្រហារមកលើប្រជាជនជ្វីហ្វ ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់​មានទេ បើគិតចាប់ពីក្រោយសង្គ្រាម​លោក​លើកទី២មក។ ហេតុការណ៍​នេះ បានធ្វើ​ឲ្យរញ្ជួយ​សង្គម​អ៊ីស្រាអែលទាំងមូល ដែលជឿក្នុងចិត្តថា អ៊ីស្រាអែលស្ថិតនៅក្នុងការគំរាមកំហែងសន្តិសុខជា​ប្រចាំ។ រដ្ឋាភិបាល​លោកណេតាន់ យ៉ាហ៊ូ បានប្រកាសសង្គ្រាមភ្លាមៗ ដោយ​បានប្តេជ្ញាថា នឹងកម្ទេចក្រុមភេរវកម្ម​ហាម៉ាសឲ្យ​វិនាសទាំងស្រុង។

កូនប្រុសរបស់ទាហានអ៊ីស្រាអែល យំសោកនៅពេលបញ្ចុះសពឪពុក។ ភូមិ Masu'ot Yitzhak អ៊ីស្រាអែល ថ្ងៃទី​២៨ធ្នូ២០២៣
កូនប្រុសរបស់ទាហានអ៊ីស្រាអែល យំសោកនៅពេលបញ្ចុះសពឪពុក។ ភូមិ Masu'ot Yitzhak អ៊ីស្រាអែល ថ្ងៃទី​២៨ធ្នូ២០២៣ AP - Leo Correa

មួយថ្ងៃក្រោយ​ការវាយ​ប្រហារ​របស់​ក្រុមហាម៉ាស សង្គ្រាមនៅហ្កាហ្សាបានចាប់ផ្តើម ដោយ​កងទ័ពអ៊ីស្រាអែលបានបាញ់​ប្លោងមីស៊ីល និង​ទំលាក់គ្រាប់បែក យ៉ាងដំណំទៅលើហ្កាហ្សា។ ថ្ងៃទី​២៧​តុលា កងទ័ពថ្មើរជើង​​អ៊ីស្រាអែលបានចាប់ផ្តើមសំរុករុលចូលដោយ​ផ្ទាល់ ទៅក្នុងតំបន់ហ្កាហ្សា ខណៈប្រជាជនប៉ាឡេស្ទីនប្រមាណជាង​១លាននាក់ បានចាប់ផ្តើមរត់ភៀសខ្លួនទៅទិសខាងត្បូង។

កម្លាំង​បាញ់​ប្លោងទំលាក់គ្រាប់ របស់​កងទ័ពអ៊ីស្រាអែល បានបង្កឲ្យ​មានការរិះគន់ លាយ​លំនឹង​ការ​​​ព្រួយ​បារម្ភ ពីសំណាក់​សហគមន៍អន្តរជាតិ ដោយសារតែវាបានបណ្តាលឲ្យ​ស្លាប់ជនស៊ីវីល​ប៉ាឡេស្ទីន។ គ្មានទឹក គ្មានភ្លើង គ្មានចំណីអាហារ គ្មាន​ថ្នាំសង្កូវព្យាបាលអ្នករបួស ប្រមាណ​៣ខែមកនេះ ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា រស់ក្នុងទុក្ខវេទនា រកអ្វីមកថ្លែងប្រដូចបាន​។

ក្មេងប្រុសប៉ាឡេស្ទីន អង្គុយខាងមុខគំនរអគារបាក់បែក នៅតំបន់រ៉ាហ្វា ខាងត្បូងហ្កាហ្សា ថ្ងៃទី​២៩ធ្នូ ២០២៣
ក្មេងប្រុសប៉ាឡេស្ទីន អង្គុយខាងមុខគំនរអគារបាក់បែក នៅតំបន់រ៉ាហ្វា ខាងត្បូងហ្កាហ្សា ថ្ងៃទី​២៩ធ្នូ ២០២៣ AP - Fatima Shbair

ក្រោយ​អន្តរាគមន៍​សម្របសម្រួលពីកាតា និង​អេហ្ស៊ីប ភាគី​ទាំងសងខាងបាន​ផ្អាកការប្រយុទ្ធរយៈពេល៧ថ្ងៃ កាលពីចុងខែវិច្ឆិកា។ ចំណាប់ខ្មាំង​១០៥នាក់ ត្រូវបាន​ក្រុមហាម៉ាសដោះលែង ជាថ្នូរនឹងចំណាប់​ខ្មាំងប៉ាឡេស្ទីន​២៤០នាក់​។ យោងតាមភាគីអ៊ីស្រាអែល យ៉ាងហោចណាស់ នៅសល់​ចំណាប់ខ្មាំង​១២៩នាក់ទៀត​ ដែល​កំពុងស្ថិតក្នុងដៃរបស់ពួកហាម៉ាសនៅឡើយ​។

សំឡេងផ្ទុះបាន​ចាប់ផ្តើម​កក្រើកឡើងវិញ នៅថ្ងៃទី​១ធ្នូ​ ដោយ​លើកនេះ កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើម​រំកិលការវាយ​ប្រហារទៅ​ដល់ភាគខាងត្បូងហ្កាហ្សា​ ជាទីដែល​ជនភៀសខ្លួន​ប៉ាឡេស្ទីននៅកកកុញ​។ គិតជាសរុប ផ្អែកតាម​អាជ្ញាធរហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា គឺមានមនុស្សស្លាប់យ៉ាងហោច ២១៣២០នាក់នៅហ្កាហ្សា ដែលភាគច្រើនលើសលុប គឺជាស្ត្រីនិងកុមារ។ អង្គការសហប្រជាជាតិអះអាងថា ៨៥%នៃប្រជាជននៅហ្កាហ្សា ត្រូវបាន​ភៀសខ្លួន​ចេញពីផ្ទះសម្បែង ដែល​ខ្ទេចខ្ទីដួលរលំ ដោយ​គ្រាប់មីស៊ីលរបស់​អ៊ីស្រាអែល​។​

សមរភូមិអ៊ុយក្រែន​នឹងថ្កល់​

ឆ្នាំ​២០២៣ ក៏ជាឆ្នាំដែល​សង្គ្រាម​នៅអ៊ុយក្រែនបានអូសបន្លាយ មិនចាញ់​មិនឈ្នះ​​។ នៅខែមករា​ ដើមឆ្នាំ​២០២៣ រុស្ស៊ីបាន​កេណ្ឌទាហាន​បន្ថែម ចំនួន​៣០ម៉ឺននាក់ និងដោយមានការជួយសហការ ពី​ក្រុមទាហានស៊ីឈ្នួលWagnerផង ដើម្បី​ពង្រឹងសមរភូមិនៅតំបន់​ដុនបាស ភាគខាងកើតអ៊ុយក្រែន​។​ ខែឧសភា រុស្ស៊ីបាន​ប្រកាសថាបានជ័យជំនះ ដណ្តើម​បានទីក្រុង​Bakhmout ។

ការប្រយុទ្ធវាយបករបស់កងទ័ពអ៊ុយក្រែន ដែលត្រូវគេរងចាំតាមដាន នៅរវាង​ខែ​មិថុនា បាន​ហុចលទ្ធផលស្តួចស្តើង​បំផុត។ ឧបសគ្គគ្រាប់មីន រណ្តៅ​ និង​ប្លុកដុំថ្មបេតុង ដែលកងទ័ពរុស្ស៊ីបាន​ដាក់ការពារ បានធ្វើឲ្យ​កងទ័ពអ៊ុយក្រែន រុលទៅមុខ យ៉ាងលំបាកបំផុត។

ក្រុមគ្រួសារជនជាតិអ៊ុយក្រែន រំលឹកវិញ្ញាក្ខន្ធសពសមាជិកគ្រួសារ ដែលបានពលីជីវិតនៅសមរភូមិ។ ភូមិ Krasnyk អ៊ុយក្រែន ថ្ងៃទី​២៨ធ្នូ២០២៣
ក្រុមគ្រួសារជនជាតិអ៊ុយក្រែន រំលឹកវិញ្ញាក្ខន្ធសពសមាជិកគ្រួសារ ដែលបានពលីជីវិតនៅសមរភូមិ។ ភូមិ Krasnyk អ៊ុយក្រែន ថ្ងៃទី​២៨ធ្នូ២០២៣ AP - Evgeniy Maloletka

ថ្ងៃទី​២៤មិថុនា ព្រឹត្តិការណ៍​ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បាន​កើតឡើងនៅរុស្ស៊ី។ មេក្រុម​ទាហានស៊ីឈ្នួល Wagner Evgueni Prigojine បាននាំកម្លាំងទ័ព ធ្វើដំណើរ​តម្រង់ឡើងទៅរដ្ឋធានីម៉ូស្គូ ធ្វើ​ឲ្យ​អំណាចនយោបាយរុស្ស៊ី ភ័យស្លន់ស្លោ ដោយខ្លាចក្រែងមានការធ្វើរដ្ឋប្រហារប្លន់អំណាច។ តែទីបំផុត​ អ្នកជំនួញរកស៊ីធ្វើសង្គ្រាម​មាត់ឆៅរូបនេះ បាន​សម្រេចចិត្តដកថយវិញ មុននឹងជួបគ្រោះថ្នាក់ ធ្លាក់យន្តហោះស្លាប់ ២ខែក្រោយ​មក។ ការស្លាប់​របស់​ Evgueni Prigojine បានធ្វើ​ឲ្យគេសង្ស័យ​បំផុត ថាអាច​ជាសា្នដៃសងសិករបស់​លោកពូទីន​។

ពេលវេលាកាន់តែអូសបន្លាយ សមរភូមិអ៊ុយក្រែន​​ហាក់នៅ​នឹងថ្កល់ ចំណែកការគាំទ្រជួយ​ពីសំណាក់សម្ព័ន្ធមិត្តលោក​ខាងលិច ក៏ហាក់ដូចជាចុះថយសន្ទុះ។ អ៊ុយក្រែនប្រឹង​ប្រែង​ អំពាវនាវ រន្ធាន់សុំថវិកា និង​គ្រឿងសព្វាវុធទំនើបៗ ដើម្បី​បន្តការប្រយុទ្ធ​ ព្រោះបើអ៊ុយក្រែនចាញ់ គឺក្រុមប្រទេសលោកខាងលិចទាំងមូល ដែលនឹងត្រូវចាញ់​រុស្ស៊ី។ យ៉ាងណាក៏ដោយ សភាខុនហ្ក្រេសអាមេរិក បានបន្តរារែកមិនព្រមបោះឆ្នោត​យល់ព្រម លើសំណើកញ្ចប់ថវិកាថ្មី ដែល​រដ្ឋបាលលោកចូបៃដិន ចង់​យកទៅជួយអ៊ុយក្រែនទេ។ ដោយ​ឡែកនៅអឺរ៉ុបវិញ កាលពីពាក់​កណ្តាលខែធ្នូ ក្រុមប្រទេសសហភាពអឺរ៉ុប បាន​សម្រេច​យល់ព្រមបើកភ្លើងខៀវ ចាប់ផ្តើម​ដំណើរការចរចា ដើម្បី​បញ្ចូល​អ៊ុយក្រែន ជាសមាជិក​គ្រួសារសហភាពអឺរ៉ុប។ ជា​ការសន្យារបស់អឺរ៉ុប​ ដែលមានន័យស្មើនឹងការធានា ការពារសន្តិសុខអ៊ុយក្រែន​ទៅថ្ងៃអនាគត ថ្វីពេលនេះ អ្វីដែល​អ៊ុយក្រែនត្រូវការបំផុត គឺ​ថវិកាចំណាយ ​និង​គ្រឿងសព្វាវុធ ដើម្បីប្រយុទ្ធតទល់នឹង​ចោរឈ្លានពានរុស្ស៊ី​។

គ្រោះរញ្ជួយដី​ដ៏ធ្ងន់ធ្ងរ

២០២៣ ជាឆ្នាំដែលគេចងចាំផងដែរ ស្តីពីគ្រោះមហន្តរាយធម្មជាតិ​ រញ្ជួយដី​ ដ៏ធំចំនួន២លើក។ យប់ថ្ងៃទី​៥ ឈានចូលថ្ងៃទី​៦កុម្ភៈ គ្រោះរញ្ជួដី​កម្រិត​៧,៨រិឆទ័រ បានកើតឡើងនៅ​តួកគី និងនៅភាគខាងជើងស៊ីរី។ ជាកម្រិតរញ្ជួយដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់ ក្នុងរយៈពេល​១០០ឆ្នាំចុងក្រោយនៅតំបន់នេះ​។ មហន្តរាយនេះ បានផ្តាច់ជីវិតមនុស្ស​ យ៉ាងហោច ៥០០០០នាក់នៅតួកគី និងយ៉ាងហោច ៦០០០នាក់នៅស៊ីរី។

គ្រោះរញ្ជួយដីមួយទៀត បានកើតឡើងនៅ​តំបន់ភ្នំដ៏ក្រីក្រ ជិត​​ក្រុងម៉ារ៉ាកែឆ ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី​៨កញ្ញា។ មានកម្លាំងរញ្ជួយ ប្រមាណ​៧រិឆទ័រ គ្រោះរញ្ជួយដីនេះ បានផ្តាច់ជីវិត​មនុស្ស​ជិត​​៣០០០នាក់ របួសប្រមាណ​៥៦០០នាក់ និងបានបំផ្លាញ​ផ្ទះសំបែងប្រជាជនប្រមាណ ៦ម៉ឺនខ្នង។

មនុស្សម្នាឈរកាន់ទុក្ខសព ដែលស្លាប់ដោយគ្រោះរញ្ជួយដី នៅភូមិ Hatay ភាគខាងត្បូងតួកគី ថ្ងៃទី ១០កុម្ភៈ២០២៣
មនុស្សម្នាឈរកាន់ទុក្ខសព ដែលស្លាប់ដោយគ្រោះរញ្ជួយដី នៅភូមិ Hatay ភាគខាងត្បូងតួកគី ថ្ងៃទី ១០កុម្ភៈ២០២៣ AP - Can Ozer

អស្ថិរភាពនៅអាហ្វ្រិក​

ឆ្នាំ​២០២៣ ជាឆ្នាំដែលទ្វីបអាហ្វ្រិកបានឈានចូលក្នុង​ស្ថានការណ៍​អស្ថិរភាពជាខ្លាំង។ រដ្ឋប្រហារយោធា បានកើតឡើងជាបន្តបន្ទាប់ ខណៈប្រទេសខ្លះ​ស្ថិតនៅ​ក្នុងការគំរាមកំហែង ពីពួក​ជីហាតភេរវកម្ម​រួចទៅហើយ​។ តួយ៉ាង ប្រទេសនីហ្សេដែលស្ថិតនៅក្នុងតំបន់សាហ៊ែល បានធ្លាក់ចូលទៅក្នុងរបបសិក នៅថ្ងៃទី​២៦​កក្កដា។ ក្រុមយោធា​នីហ្សេ បានប្លន់អំណាច​គ្រប់គ្រង នឹង​បាន​​​ចាប់​បង្ឃាំងលោក​ប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម។ បន្ទាប់ពីនីហ្សេ រដ្ឋប្រហារយោធាក៏បានកើតឡើងដែរ នៅ​ប្រទេសហ្កាបុង នៅថ្ងៃ​ទី​៣០សីហា។ រដ្ឋប្រហារដែលបានកើតឡើង ក្រោយការបោះឆ្នោត​ប្រធានាធិបតី​ ដែល​គេសង្ស័យថា​ពោរពេញដោយ​ភាពមិនប្រក្រតី​។

ចំណែកប្រទេសស៊ូដង់ ដែលក្រីក្រតោកយ៉ាក​បំផុតទៅហើយ​នោះ​ បានធ្លាក់ចូលទៅ​ក្នុងសង្គ្រាម​ស៊ីវីល ចាប់ពីថ្ងៃទី​១៥មេសាមក​។ សង្គ្រាមប្រយុទ្ធគ្នា រវាង​កងទ័ពជាតិ​ស៊ូដង់ ដឹកនាំដោយ​មេបញ្ជាការ Abdel Fattah al-Burhane ទល់នឹងកម្លាំង​របស់មេបញ្ជាការម្នាក់ទៀត ឈ្មោះ Mohamed Hamdane Daglo  បាន​ផ្តាច់ជីវិតមនុស្ស​យ៉ាងហោច ១២០០០នាក់។ អង្គការសហប្រជាជាតិ អះអាងថា​ ​តួលេខនេះ​អាចនៅតិចជាងការពិតជាក់ស្តែងផង​។

កាលពីឆ្នាំ​២០២២ ប្រទេសម៉ាលី និងសាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​បានធ្លាក់ចូល​ ក្នុង​របបសិក​ មុននឹងឆ្លងរាលដាល មកដល់ បួគីណាហ្វាសូនៅខែ​កុម្ភៈ ហើយ​នីហ្សេនៅខែ​តុលា។ បារាំងដែលមានវត្តមាន​ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតភេរវកម្ម​ នៅតំបន់សាហ៊ែល បានបង្ខំ​ចិត្តដក​កម្លាំងទ័ពចេញទាំងស្រុង បន្ទាប់ពីបានរងសំពាធពីសំណាក់ អំណាចដឹកនាំរបបសិកដែល​ប្រឆាំងនឹងវត្តមានរបស់កងទ័ពបារាំង។ ស្របពេលជាមួយគ្នានេះ គេសង្កេតឃើញថាក្រុមប្រទេសអាហ្វ្រិកទាំងនេះ បានងាកទៅពឹងក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី ឲ្យការពារសន្តិសុខ និង​ផលប្រយោជន៍​របស់​ពួកគេ​​ នៅតាមទីតាំង​អណ្តូងរ៉ែធម្មជាតិ។

បញ្ញាសិប្បនិម្មិត​ ធ្វើមនុស្ស​ព្រួយបារម្ភ​

បើនិយាយពីវិស័យបច្ចេកវិទ្យាទំនើបវិញ ឆ្នាំ​២០២៣ ជាឆ្នាំដែល​គេសង្កេតឃើញថា បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិ​ត បានរីកសាយភាយវិវឌ្ឍន៍ យ៉ាងលឿនជាទី​បំផុត។ ការរីកចម្រើនខ្លាំង​ ដែលបាន​បង្កឲ្យ​មានការព្រួយ​បារម្ភ ពីសំណាក់​ជាពិសេស អ្នកសារព័ត៌មាន អ្នកនិពន្ធ និង​សិល្បៈករ។ ពួកគេបារម្ភថា ទៅថ្ងៃខាងមុខ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងមកដណ្តើមការងារ រំលោភបំពានលើ​កម្មសិទិ្ធបញ្ញា និងជាពិសេសនោះ គឺបង្កឲ្យ​មានការ​ភ័ន្តច្រឡំដល់​មតិ​សាធារណៈ លែង​ដឹងអ្វីជាការពិត អ្វីជាការប្រឌិត​។

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានញាំងឲ្យអ្នកធ្វើការ​ក្នុង​​វិស័យភាពយន្តហូលីវូដ ក្រោកឈរឡើង ធ្វើកូដ​កម្ម​​ ដ៏ធំមិនធ្លាប់មាន​ បើគិតពីឆ្នាំ​១៩៦០​មក ក្នុងប្រវត្តិសាស្ត្រហូលីវូដ។ អ្នកសរសេរសាច់រឿង និង​តារាសម្តែង ជាច្រើនពាន់នាក់​ បានរួមគ្នាទាមទារ​ ឲ្យ​មានការកំណត់​ក្របខណ្ឌច្បាប់​ឲ្យ​បានច្បាស់លាស់ ទាក់ទិននឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នៅក្នុងវិស័យ​ផលិតភាពយន្ត។ ក្រៅពីការទាមទារដំឡើងប្រាក់ខែ ពួកគេបានទាមទារផងដែរ ឲ្យ​មានការ​​បង់ប្រាក់កម្រៃត្រឹមត្រូវ នៅពេល​ណាគេប្រើ​បញ្ញាសិប្បនិម្មិត ធ្វើត្រាប់តាមសំឡេង ឬរូបភាពដូចទៅនឹងតារាសំដែងណាម្នាក់។​ កូដកម្ម​ជាច្រើនខែនៅហូលីវូដ បានធ្វើ​ឲ្យ​វិស័យនេះខាតបង់ប្រាក់​ ប្រមាណ​​៦ពាន់លានដុល្លារ។ ភាពយន្តខ្នាតខ្លី និង​ភាពយន្តភាគជាច្រើន ត្រូវជួបបញ្ហាអាក់ខានយឺតពេល​ក្នុងការផលិត​ មុននឹងកិច្ចព្រមព្រៀងត្រូវបានក្រុមហ៊ុនផលិតភាពយន្ត យល់ព្រម​ចុះហត្ថលេខា នៅដើមខែ​ធ្នូ​ ដើម្បី​បិទបញ្ចប់​កូដកម្មនេះ​។

ឱព្រះចន្ទអើយ!

នៅក្នុងវិស័យអវកាសវិញ ឆ្នាំ​២០២៣ ជាឆ្នាំដែលគេសង្កេតឃើញថា មហាអំណាចអវកាសបានចាប់ផ្តើម ​ផ្តោតការចាប់អារម្មណ៍​ខ្លាំង លើព្រះចន្ទ។ ឥណ្ឌាបានឈានជើង ចូលក្នុងការប្រកួតប្រជែង ឡើងទៅលើព្រះចន្ទ ដោយ​បាន​បញ្ជូន​យាន Chandrayaan-3 គ្មានមនុស្ស​ ទៅចុះចតបានជោគជ័យ នៅឯប៉ូលខាងត្បូងរបស់ព្រះចន្ទ។ មុនឥណ្ឌា គឺមានរុស្ស៊ី សហរដ្ឋអាមេរិក និងចិនទេ ដែល​បានបញ្ជូនយានទៅចុះចតបានជោគជ័យ​ នៅលើព្រះចន្ទ។

ប៉ុន្មានថ្ងៃ មុនយាន Chandrayaan-3 របស់ឥណ្ឌាចុះចតបានជោគជ័យ​ រុស្ស៊ីក៏បានបញ្ជូនយាន Luna-25 ទៅព្រះចន្ទដែរ តែការចុះចតបានជួបបរាជ័យ។ ចំណែក​ក្រុមហ៊ុន​ SpaceX វិញបានសាកល្បងបញ្ជូនយាន​ Starship ចំនួន​២ដង ទៅព្រះចន្ទ ម្តងនៅខែមេសា ម្តងនៅខែ​វិច្ឆិកា។ តែទាំង២លើក យាននេះបាន​ផ្ទុះឆេះក្រោយ​ពេលហោះចេញពីដី​។ Starship គឺជាក្តីសង្ឃឹមរបស់​ទីភ្នាក់ងារអវកាសNasa ដែលសង្ឃឹមថានឹងអាចបញ្ជូនអ្នកស្រាវជ្រាវអវកាស​ ទៅស្រាវជ្រាវនៅលើព្រះចន្ទ ចាប់ពីឆ្នាំ​២០២៥ទៅ។ ជប៉ុនវិញ ក៏បាន​សាកល្បងបង្ហោះយាន Hakuto-R ទៅកាន់ព្រះចន្ទដែរ កាលពីខែ​មេសា តែបានបរាជ័យ​។ សរុបមក ក្នុងឆ្នាំ​២០២៣ គ្រប់មហាអំណាចអវកាស សុទ្ធតែព្យាយាមឡើងទៅលើព្រះចន្ទ តែមានតែឥណ្ឌាមួយទេ ដែលបានជោគជ័យ​ គួរជាទីមោទនៈ។

វិបត្តិអាកាសធាតុកាន់តែអាសន្ន​

ស្របពេលអ្នកស្រាវជ្រាវអវកាស ខំប្រឹងងើយសំឡេងមើលទៅព្រះចន្ទ នៅ​លើ​ភពផែនដីយើងឯណេះវិញ សីតុណ្ហភាព​ឈានក្តៅឡើងៗ គួរឲ្យ​ព្រួយបារម្ភបំផុត។ យោងតាមអ្នកជំនាញឧតុនិយម​ ឆ្នាំ២០២៣ គឺជាឆ្នាំនៃ​ការបំបែក​ឯតទគ្គកម្ម​ ដែលសីតុណ្ហភាពជុំវិញផែនដីយើង បានឡើងក្តៅបំផុតពេញមួយឆ្នាំ។ សីតុណ្ហភាពក្តៅ​នេះ បានបូកផ្សំជាមួយនឹងគ្រោះរាំងស្ងួត គ្មានភ្លៀងតំបន់មួយចំនួនធំ ខណៈតំបន់ខ្លះទៀត មានភ្លៀងធ្លាក់យ៉ាងគំហុក ទាន់ហន់ខុសពីធម្មតា បង្កជាទឹកជំនន់ជន់លិច។​​ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គឺជាកត្តាធំបំផុត ដែល​នឹងធ្វើ​ឲ្យ​មាន​គ្រោះទុរ្ភិក្ស ព្រោះផលដំណាំត្រូវបានបំផ្លិចបំផ្លាញ។

ភ្លើងឆេះព្រៃនៅ​ West Kelowna ខេត្ត British Columbia របស់កាណាដា ថ្ងៃទី ១៨ សីហា ២០២៣
ភ្លើងឆេះព្រៃនៅ​ West Kelowna ខេត្ត British Columbia របស់កាណាដា ថ្ងៃទី ១៨ សីហា ២០២៣ AP - Darryl Dyck

សីតុណ្ហភាពក្តៅហួតហែងនេះ ក៏បានធ្វើ​ឲ្យ​ឆ្នាំ​២០២៣ ក្លាយជាឆ្នាំដែល​មានភ្លើងឆេះព្រៃ​ច្រើនបំផុតដែរ។ នៅកាណាដា ភ្លើងបានឆាបឆេះបំផ្លាញ​ព្រៃឈើ ទំហំ​១៨លានហិកតា ក្នុងឆ្នាំ​២០២៣ និងបាន​បង្ខំឲ្យ​មនុស្ស​ប្រមាណ​២សែននាក់ ត្រូវ​ភៀសខ្លួនចេញពីផ្ទះសម្បែង។ នៅលើកោះហាវ៉ៃ ភ្លើងព្រៃបានឆាបឆេះ​រាលដាល​ ឆេះខ្ទេចទីក្រុងទេសចរណ៍ Lahaina និងបានផ្តាច់ជីវិតមនុស្ស​៩៧នាក់។ នៅក្រិកវិញ មានមនុស្សស្លាប់​២៦នាក់ ដោយសារតែភ្លើងឆេះព្រៃឆ្នាំ​នេះ ដែល​ធ្ងន់ធ្ងរខ្លាំង​ជាងឆ្នាំណាៗទាំងអស់ ព្រោះតែធាតុអាកាសក្តៅស្ងួតហួងហែងខ្លាំង​។

ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បានបង្ហាញ​រូបរាងឲ្យឃើញកាន់តែច្បាស់ ក្នុងឆ្នាំ​២០២៣។ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ COP28 បានប្រព្រឹត្តិទៅនៅទីក្រុងឌូបៃ គឺជាឱកាសដែលពិភពលោក ជួបប្រជុំគ្នាស្វែងរកដំណោះស្រាយ​ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ​។ ជាលើកទី​១ក្នុងប្រវត្តិសាស្ត្រ សន្និសីទCOP28 បានសម្រេចបាន​នូវការសន្យារួមគ្នាមួយ ឈានទៅបោះបង់ចោល​បន្តិចម្តងៗ នូវ​វត្ថុធាតុដើម​ផលិត​ថាមពល​ ដែល​បាន​មកពីប្រភពផូស៊ីល ដែលមានដូចជា ប្រេងកាត ឧស្ម័ន​ និងធ្យូងថ្ម។ គឺថាមពលផូស៊ីលទាំងនេះហើយ ដែលជាប្រភពធំបំផុត​ នៃការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ហ៊ំព័ទ្ធក្នុងស្រទាប់បរិយាកាសធ្វើឲ្យសីតុណ្ហភាពផែនដី​ឡើងក្តៅទៅៗ ។ សង្ឃឹមថា ការធ្វើអន្តរកម្មថាមពលងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញ នឹងត្រូវចាប់ផ្តើមផ្តល់សន្ទុះឲ្យ​បាន​ខ្លាំង​​ ចាប់ពីឆ្នាំ​២០២៤តទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ