អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ាក់

អ៊ីរ៉ង់ចោទអ៊ីស្រាអែលថាជាអ្នកបាញ់មីស៊ីល សម្លាប់​មេទ័ព​អ៊ីរ៉ង់ទទួល​បន្ទុក​ប្រតិបត្តិការក្រៅប្រទេស

មេទ័ពដ៏មានឥទ្ធិពលម្នាក់ទៀតរបស់អ៊ីរ៉ង់ ឈ្មោះ Razi Moussavi បានស្លាប់​នៅក្នុង​ការវាយប្រហារដោយ​មីស៊ីល​៣គ្រាប់ នៅភាគខាងត្បូងរដ្ឋធានីដាម៉ាស កាលពីរសៀលថ្ងៃចន្ទ ទី​២៥ធ្នូ​។ អ៊ីរ៉ង់បាន​ប្រកាសចោទប្រកាន់ថា នេះជាស្នាដៃរបស់អ៊ីស្រាអែល ហើយ​បានគំរាមថា នឹងសងសឹក​វិញឲ្យ​សក្តិសមបំផុត​។ Razi Moussavi គឺជា​មេកងកម្លាំងប្រតិបត្តិការក្រៅប្រទេស នៃកងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់។

រូបថត​មិនស្គាល់​កាលបរិច្ឆេទ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Tasnim ថ្ងៃទី​២៥ធ្នូ២០២៣៖ អគ្គមេបញ្ជការធំៗទាំង២នៃ​​កងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ Razi Moussavi (ឆ្វេង​) និង Qasem Soleimani (ស្តាំ)។
រូបថត​មិនស្គាល់​កាលបរិច្ឆេទ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Tasnim ថ្ងៃទី​២៥ធ្នូ២០២៣៖ អគ្គមេបញ្ជការធំៗទាំង២នៃ​​កងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ Razi Moussavi (ឆ្វេង​) និង Qasem Soleimani (ស្តាំ)។ AFP - -
ផ្សាយពាណិជ្ជកម្ម

យោងតាមការផ្សាយ​ របស់​បណ្តាញទូរទស្សន៍រដ្ឋស៊ីរី មេទ័ពអ៊ីរ៉ង់ម្នាក់ឈ្មោះ Razi Moussavi បាន​ស្លាប់ហើយ បន្ទាប់ពីបានរងការវាយ​ប្រហារ ពីសំណាក់​កងទ័ពអ៊ីស្រាអែល។ មីស៊ីលចំនួន៣គ្រាប់ ត្រូវបានបាញ់​សំដៅមក​លើផ្ទះ របស់មេទ័ពអ៊ីរ៉ង់រូបនេះ នៅ​សង្កាត់ Sayeda Zeinab ស្ថិតនៅខាងត្បូងរដ្ឋធានី​ដាម៉ាស​។ បណ្តាញទូរទស្សន៍ បានផ្សាយ​រូបភាព​ បង្ហាញ​ឲ្យ​ឃើញ​ផ្សែងខ្មៅ​ ហោះឡើង នៅទីតាំងកើតហេតុ។

ទីភ្នាក់ងារ​ព័ត៌មានអ៊ីរ៉ង់ Mehr ដែលស្រង់​សំដី​​អគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅ​ស៊ីរី បានចុះផ្សាយ​ថា មីស៊ីល​៣​គ្រាប់​​របស់អ៊ីស្រាអែល បានបាញ់ចំ​ផ្ទះ​របស់​លោក​ អគ្គមេបញ្ជាការ Razi Moussavi កាលពីរសៀលថ្ងៃចន្ទទី​២៥ធ្នូ​។​ កងទ័ពឆ្មាំបដិវត្ត​អ៊ីរ៉ង់ បានចេញលិខិត​មួយ​នៅព្រឹកថ្ងៃអង្គារ​ទី​២៦ធ្នូ បញ្ជាក់ថា​លោកអគ្គមេបញ្ជាការ Razi Moussavi បានស្លាប់​ហើយ គឺស្លាប់ដោយ​ស្នាដៃរបស់អ៊ីស្រាអែល។ ដូចគ្នាដែរ លោក​ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី បាន​ចេញលិខិតប្រកាស​ ដោយ​បាន​គំរាមថា អ៊ីរ៉ង់នឹងសងសឹកអ៊ីស្រាអែល ឲ្យសក្តិសមបំផុតនឹង​ឧក្រិដ្ឋកម្មនេះ​។​

ទាក់ទងសួរដោយ​បណ្តាញព័ត៌មានបារាំង AFP ទាក់ទិននឹងការចោទនេះ កងទ័ពអ៊ីស្រាអែល បានបដិសេធថាមិនមាន​ទម្លាប់ធ្វើអត្ថាធិប្បាយ​ ស្តីពីការចុះផ្សាយ​របស់បណ្តាញ​ព័ត៌មានបរទេសទេ​។

ផ្អែកតាម​ការផ្សាយ​ របស់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Irna Razi Moussavi គឺជាមិត្តរួមអាវុធ របស់​ Qassem Soleimani អគ្គមេបញ្ជាការ​អ៊ីរ៉ងដ៏​មានឥទ្ធិពលម្នាក់ទៀត ដែលត្រូវបាន​កងទ័ពអាមេរិក​ បាញ់​មីស៊ីលសម្លាប់​នៅអ៊ីរ៉ាក់ កាលពីខែមករា​ឆ្នាំ​២០២០។ ក្រោយ​​ Qassem Soleimani ស្លាប់ គឺ Razi Moussavi បានឡើងមកជំនួស​​។

សូមបញ្ជាក់ថា Razi Moussavi គឺជាអគ្គមេបញ្ជាការដឹកនាំ​ កងកម្លាំង​ Qods ដែល​ជា​មែកធាង​កម្លាំងប្រតិបត្តិការក្រៅប្រទេស របស់កងទ័ពឆ្មាំបដិវត្ត​អ៊ីរ៉ង់។ គឺក្រុមនេះហើយ ដែល​ជាអ្នកទទួលបន្ទុកគ្រឿង​ភស្តុភារទាំងអស់ សម្រាប់កងកម្លាំង​​កូនចៅ​អ៊ីរ៉ង់ប្រចាំនៅដើមបូព៌ា ដូចជានៅស៊ីរី នៅអ៊ីរ៉ាក់ ក្រុមហេសបូឡានៅលីបង់ ក្រុមហ៊ូទីនៅយេម៉ែន ព្រមទាំងក្រុមហាម៉ាសនិងក្រុមជីហាតអ៊ីស្លាមនៅហ្កាហ្សា។ ក្រុម​ប្រដាប់អាវុធទាំងអស់នេះ គឺ​ជាខ្សែបណ្តាញ​​ដែលអ៊ីរ៉ង់ហៅថា ជា​បណ្តាញ​តស៊ូទប់ទល់នឹងអ៊ីស្រាអែល​ ព្រោះអ៊ីរ៉ង់មិនទទួលស្គាល់រដ្ឋអ៊ីស្រាអែលទេ​។

គួរកត់សំគាល់ថា អ៊ីស្រាអែល ត្រូវបានគេដឹងថា បានបើកការវាយប្រហារ ជាច្រើនរយដង​មកហើយ​ នៅក្នុងទឹកដី​ស៊ីរី បើគិតចាប់ពីឆ្នាំ​២០១១មក។​ ជាការវាយ​ប្រហារ ដែលសំដៅ​ទៅលើទីតាំង​ស្តុកអាវុធ ឬមូលដ្ឋានហ្វិកហាត់ របស់​ក្រុមកងកម្លាំង​ដែល​ពាក់ព័ន្ធជាមួយ​អ៊ីរ៉ង់។ កាលពីដើមខែ​ធ្នូ អ៊ីរ៉ង់អះអាងថា មានមន្ត្រីទ័ពខ្លួន២នាក់ បានស្លាប់​ដោយ​ការបាញ់​ប្លោងគ្រាប់​ របស់អ៊ីស្រាអែល ចំលើទីតាំង​មួយកន្លែងរបស់ក្រុមហេសបូឡា។ អ៊ីស្រាអែលមិន​សូវធ្វើអត្ថាធិប្បាយអ្វីច្រើនទេ ទាក់ទិននឹងការបាញ់ប្លោងគ្រាប់មីស៊ីលរបស់ខ្លួន នៅក្នុងទឹកដីស៊ីរី ដោយ​គ្រាន់តែបានទទួលស្គាល់ថា គឺដើម្បីទប់កុំឲ្យ​ពួកអ៊ីរ៉ង់ មកតាំងមូលដ្ឋាន​ទ័ព ជាប់កៀកនឹងព្រំដែន​អ៊ីស្រាអែល​។​

ដោយឡែក កាលពីថ្ងៃចន្ទ ទី​២៥ធ្នូដែរ កងទ័ពអាមេរិកបាន បើកការវាយប្រហារកម្ទេចទី​តាំង​៣កន្លែង របស់កងកម្លាំង​កូនចៅ​​អ៊ីរ៉ង់ នៅក្នុងទឹកដីអ៊ីរ៉ាក់។ មន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បាន​ប្រាប់ទីផ្នាក់ងារព័ត៌មានបារាំង AFP ថា ទីតាំង​បន្ទាយ​ របស់ក្រុម​ Hachd al-Chaabi ក្បែរក្រុងHilla ទីរួម​ខេត្ត​បាប៊ីឡូន បានរងការយ​​វាយប្រហារ​ផ្លូវអាកាស​​ បណ្តាល​ឲ្យស្លាប់១នាក់ របួស​២០នាក់។ យោងតាមលិខិតប្រកាស របស់​លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយចាំបាច់ និង​ដោយ​ប្រម៉ាណកម្លាំងបំផុតមិន​ឲ្យជ្រុលហួសហេតុទេ។ លោករដ្ឋមន្ត្រីអាមេរិកអះអាងថា ទីតាំងដែលកងទ័ពអាមេរិកបានបញ្ជាដ្រូនទៅ​​កំទេច គឺជា​ទីតាំង​របស់​កុ្រមភេរវកម្ម​ Kataëb Hezbollah កូនចៅអ៊ីរ៉ង់ បន្ទាប់ពី​ក្រុមនេះ​បានវាយប្រហារ មកលើ​មូលដ្ឋានទ័ពអាមេរិកនៅតំបន់ Erbil នៅថ្ងៃចន្ទទី​២៥ធ្នូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ