អានតួអត្ថបទ

ក្រុមប្រឹក្សា​សន្តិសុខ សម្រេច​ផ្តល់ជំនួយ​មនុស្ស​ធម៌ ទៅកាន់​តំបន់​ហ្គាហ្សា

ពី​​បុរីញូវ​យ៉ក សហរដ្ឋអាមេរិក ​កាលពីថ្ងៃសុក្រ ទី២២ធ្នូ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​សម្រេចផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា។​ ​អត្ថបទ​សេចក្តី​សម្រេច​ផ្តល់​ជំនួយ​មនុស្ស​ធម៌នេះ បានត្រូវ​លើកពេល​ជជែក​ពិភាក្សា​ចំនួន ៣ ដង ហើយ​និង ស៊ីពេល​អស់​ ៥ ថ្ងៃ ក្នុងការ​​ចរចាគ្នា​។ សេចក្តី​សម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ​ បានធ្វើ​ឡើង​ដោយបោះឆ្នោត​លើកដៃ​ ក្នុង​សំឡេង ១៣ លើ​១៥ ខណៈ​ពេល​ដែល រុស្ស៊ី​ និង សហរដ្ឋអាមេរិក​ ដែល​មាន​សិទ្ធិ​វេតូជំនាស់ បាន​រក្សាភាព​ស្ងាត់ស្ងៀម។ ស្ងាត់ស្ងៀម គឺ​បន្ទាប់ពី​លើកទី១ សហរដ្ឋអាមេរិក បាន​បោះឆ្នោត​វេតូម្តងរួច​មកហើយ និង​ដែលកាលនោះ ​បង្ក​ជាការ​រិះគន់​ខ្លាំង​។​

កាលពីថ្ងៃសុក្រ ទី២២ធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា។
កាលពីថ្ងៃសុក្រ ទី២២ធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា។ REUTERS - DAVID DEE DELGADO
ផ្សាយពាណិជ្ជកម្ម

ខ្លឹមសារ​សេចក្តីសម្រេច​​នេះ ជំរុញ​ឲ្យ​គ្រប់​ភាគី​ ត្រូវ​អនុញ្ញាតនិងជួយ​សម្រួល​ បើកផ្លូវ​​ ជាបន្ទាប់ និងឲ្យ​រក្សា​​សុវត្ថិភាព ដើម្បី​ក្រុមការងារ​​​សកម្មភាព​មនុស្សធម៌ អាច​បែង​ចែង​ ផ្តល់​ជំនួយ ​បា​នទូលំទូលាយ ដល់​ពលរដ្ឋ​ជន​ស៊ីវិល​ប៉ាឡេស្ទីន​។ ការ​ជួយ​សម្រួល​ជា​សំខាន់ទៀត​នោះ គឺ អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បើ​កផ្លូវ គ្រប់​ច្រក ដែលធ្វើ​ដំណើរ​​អាច​ឆ្ពោះទៅកាន់​តំបន់​ហ្គាហ្សា​។ សេចក្តីសម្រេច​​​ ក៏ស្នើសុំ​ឲ្យ​បញ្ឈប់​ការវាយ​ប្រហារហិង្សា​​ ឲ្យ​បាន​យូរអង្វែង​រៀង​ទៅ។ ​ចំណុច​សំខាន់​ ១ ទៀត គឺ ការ​អំពាវនាវ​ឲ្យ​ដោះលែង​ចំណាប់​ខ្មាំង។​​ ក្រុមប្រឹក្សាសន្តិសុខ ក៏​បាន​ស្នើ​ឲ្យ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ តែងតាំង​អ្នក​សម្របសម្រួល​រូបណាម្នាក់ ដើម្បី​ទទួល​បន្ទុក​នាំ​ជំនួយ​មនុស្សធម៌ ហើយ​និង​ធ្វើ​របាយការណ៍​ ក្នុង​អំលុងពេល ២០ ថ្ងៃទៀត។

​សេចក្តីសម្រេច​​ របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ ពុំ​បាន​ចែង​អំពី​ការ​ដាក់​កំហិត​ឲ្យ​មាន​បទ​ឈប់​បាញ់​​នោះទេ។ ​ត្រង់​ចំណុច​នេះហើយ ដែល​ អ្នក​តំណាង​ប្រទេសខ្លះ យល់ថា ពុំមែន​​ជាសេចក្តីសម្រេច​ល្អ​ប្រសើរឡើយ​។ មិន​ទាន់​ល្អប្រសើរ ពីព្រោះថា តើក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌ ទៅ​កាន់តំបន់​ហ្គាហ្សា យ៉ាង​ម៉េ​ចកើត​ ប្រសិន​បើ​ប្រតិបត្តិ​ការសឹក​កំពុងតែបន្ត​មាន​នោះ​?​ អ្នកស្រី​ឯកអគ្គរាជទូតអេម៊ីរ៉ាត់​អារាប់រួម បាន​លើកឡើង​ថា គឺមាន​តែ​បទឈប់​បាញ់គ្នា​១ទេ ដែល​អាច​បញ្ចប់​ទុក្ខ​វេទនា​នៅតំបន់​ហ្គាហ្សា​។ ទន្ទឹម​នឹងគ្នានេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរស៍ បាន​ប្រតិកម្មតាម​បណ្តាញ​សង្គម​X ថា​ ​​បទឈប់បាញ់​ ​ជា​ជម្រើសនិងមធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ឆ្លើយ​តប​ទៅនឹង​តម្រូវការ​​បន្ទាន់​របស់​តំបន់​ហ្គាហ្សា ដែលប្រជា​ពលរដ្ឋកំពុងតែ​ធ្លាក់​ចូល​ក្នុង​អន្លង់នៃ​​ក្តីអស់​សង្ឈឹម​។ ទាល់តែ​មាន​បទឈប់​បាញ់ ទើប​អាច​ធ្វើឲ្យ​អ្វីៗ​ផ្សេងទៀត ​ជឿលឿន​ទៅមុខ​ពិត​ប្រាកដ។​ នេះបើតាម​លោក អង់តូនីញ៉ូ ហ្គូទែរស៍។​

ក្នុងន័យ​សេចក្តីនេះដែរ​ អង្គការ​អន្តរជាតិ​ផ្សេងៗទៀត បាន​អំពាវនាវឲ្យ​ដាក់​សម្ពាធ​លើសាធារណ​មតិ​សហរដ្ឋអាមេរិក ឲ្យ​ញាក់​ខ្សែរដ្ឋបាល​អ៊ីស្រាអែល ជំរុញ​ឲ្យ​ឈប់​វាយប្រហារ​លើ​តំបន់​ហ្គាហ្សា និង​ឲ្យ​រៀបចំ​បទ​ឈប់​​បាញ់​ជាថ្មី។​ ក្នុង​សប្តាហ៍នេះ​ រដ្ឋបាល​របស់​ទីក្រុង​វ៉ាស៊ីនតោន ពុំ​បាន​ជំរុញ​ចំណុច​នេះ​ឡើយ ហើយ​ទាំង​អាមេរិក​និង​អ៊ីស្រាអែល សុទ្ធតែ​យល់​ដូចគ្នាថា ការ​ឈប់​បាញ់ គឺ​ផ្តល់​ឱកាស​ជាប្រយោជន៍​ដល់​ក្រុម​ហាម៉ាស។​ ទោះជា​យ៉ាងនេះមែន តែ សហរដ្ឋ​​អាមេរិក​និង​អ៊ីស្រាអែល ទាមទារ​ឲ្យ​ដោះលែង​ចំណាប់​ខ្មាំង​។

ក្រោយ​ពី​ដឹង​អំពីសេចក្តីសម្រេចរបស់​ក្រុមប្រឹក្សា​សន្តិសុខ ប្រមុខ​ការទូត​អ៊ីស្រាអែល លោក អេលី កូហេន បាន​អះអាងថាប្រទេស​អ៊ីស្រាអែល នឹង​បន្តគោរពតាម​ច្បាប់​អន្តរជាតិ តែ​ដោយហេតុផល​សន្តិសុខ​សុវត្ថិភាព​ អ៊ីស្រាអែល នឹង​ពិនិត្យ​តាម​ដាន​ ដំណើរ​ការ​ផ្តល់​ជំនួយ​នេះ ឲ្យ​កៀកកិតបំផុត៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ