អានតួអត្ថបទ
សន្និសីទCO28

COP28៖ ប្រទេសទាំងអស់​សម្រេច​បាន​កិច្ចព្រម​ព្រៀង សន្យា​ធ្វើ “អន្តរកម្ម​ចាក​ឆ្ងាយ​ពីថាមពលផូស៊ីល​”

បន្ទាប់ពីបាន​ឆ្លងកាត់ការជជែកគ្នា យ៉ាងតានតឹងនិងចម្រូងចម្រាសផងនោះ​ ទីបំផុតសន្និសីទ​COP28 បានសម្រេច​បាន​នូវកិច្ចព្រមព្រៀងមួយ ដែលប្រទេសជាច្រើនបាន​អបអរសាទរ និងចាត់ទុកថា ជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ​។ គ្មាននរណាសង្ឃឹមទេ ថាសន្និសីទCOP28នៅទីក្រុងឌូបៃ អាចឈានមកបិទបញ្ចប់ ជាមួយ​នឹងកិច្ចព្រមព្រៀងរួម ដែល​ប្រទេសទាំងអស់ សុខចិត្តទទួលយកទាំងអស់គ្នា​។

COP28 Chief Executive Officer Adnan Amin, United Arab Emirates Minister of Industry and Advanced Technology and COP28 President, Sultan Ahmed Al Jaber, and COP28 Director-General Majid Al Suwaidi appl
លោក Sultan Ahmed Al Jaber រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​អេមីរ៉ាតអារ៉ាប់រួម និងជាប្រធាន​សន្និសីទ​COP28 ក្រោយឈរទះដៃអបអរសាទរ ក្រោយ​បានជោគជ័យអនុម័តកិច្ចព្រមព្រៀងរួម។ ឌូបៃ ថ្ងៃទី ១៣ធ្នូ២០២៣ REUTERS - AMR ALFIKY
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាម​ការលើក​ឡើងរបស់​ លោក​ Sultan Al Jaber ប្រធានសន្និសីទCOP28 កិច្ចព្រមព្រៀងដែលសម្រេចបាន​នេះ គឺជាលទ្ធផលនៃការចរចា​សម្របសម្រួលរវាងគ្រប់ប្រទេស​ ​យ៉ាងលំបាកលំបិនបំផុត។ កិច្ចព្រមព្រៀងនេះ មានតម្លៃជាប្រវត្តិសាស្ត្រ ព្រោះជាលើកទី១ ដែលក្នុងខ្លឹមសារ​វា​ គេបានចារ​រាយឈ្មោះ ថាមពលផូស៊ីលទាំងអស់ ពោលគឺប្រេងឥន្ធនៈ ធ្យូងថ្ម និងឧស្ម័ន ថាជា​ប្រភពដ៏ធំនៃការបញ្ចេញ​ឧស្ម័ន​កាបូនិក​។

ទន្ទឹមគ្នានេះដែរ កិច្ចព្រមព្រៀងនេះបាន​សង្កត់បន្ថែមថា ប្រទេសទាំងអស់ត្រូវតែ​ប្រឹងប្រែង​​ធ្វើអន្តរកម្មថាមពល ឲ្យ​បាន​លឿនរហ័សបំផុត នៅក្នុង​កំឡុងពេលទសវត្សនេះ ដើម្បីឲ្យ​ឈានទៅ​សម្រេច​អព្យាក្រិត្យភាពកាបូន នៅឆ្នាំ​២០៥០ ដូចអ្វីដែលអ្នកវិទ្យាសាស្ត្រ​បាន​ដាក់អនុសាសន៍។ ជាផែនការ​អន្តរកម្ម​ប្រព័ន្ធថាមពល រំដោះខ្លួនចេញពីថាមពលផូស៊ីល នៅក្នុងក្រមខណ្ឌមួយ​ត្រឹមត្រូវ មាន​របៀបរៀបរយ និង​មានសមភាព​។​

អ្វីដែល​គួរឲ្យ​កត់សំគាល់​បំផុតមួយទៀត គឺកិច្ចព្រមព្រៀង​នេះ បាន​កំណត់ថា ប្រទេសទាំងអស់ទូទាំងពិភពលោក សន្យា​ធ្វើអន្តរកម្មថាមពល ដោយ​ធ្វើយ៉ាងណា ចាកឆ្ងាយ​ម្តងបន្តិចៗពីថាមពលផូស៊ីល ដែលជាប្រភព​ធ្វើ​ឲ្យ​សីតុណ្ហភាព​​ជុំវិញ​ផែន ដី​ឡើងកំដៅ។ ដើម្បី​សម្របសម្រួល​ការយល់ឃើញ រវាងប្រទេសទាំងអស់ គេបានប្រើពាក្យ​ជាភាសាអង់គ្លេសថា « Transitioning away » ដែលវាមានន័យស្រាលជាង​ពាក្យ « Phase-out » ដែលអាចប្រែមកក្នុងន័យ​ថា “ចាកចេញ” ឈប់ប្រើ​ថាមពលផូស៊ីលតែម្តង។​

សកម្មជនបរិស្ថាន លើកបដាប្រឆាំង​នឹង​ថាមពលហ្វូស៊ីល​ នៅខាងមុខ​ទីតាំង​សន្និសីទអាកាសធាតុ COP28 ។ ឌូបៃ ថ្ងៃទី១៣ធ្នូ២០២៣
សកម្មជនបរិស្ថាន លើកបដាប្រឆាំង​នឹង​ថាមពលហ្វូស៊ីល​ នៅខាងមុខ​ទីតាំង​សន្និសីទអាកាសធាតុ COP28 ។ ឌូបៃ ថ្ងៃទី១៣ធ្នូ២០២៣ AP - Peter Dejong

ក្នុងទឹកមុខញញឹម និងលើកមេដៃពីរឡើងទៅលើ លោក Xie Zhenhua តំណាងគណៈប្រតិភូចិន បានអបអរសាទរ ចំពោះការស្រុះស្រួលគ្នានេះ​។ ជាមួយ​គ្នានេះ លោក​បានលើកឡើងថា ក្រុមប្រទេសអ្នកមាន រីកចម្រើនជឿនលឿន ត្រូវតែ​ប្រឹងប្រែងឲ្យ​បានខ្លាំង ដើម្បី​​​​នាំមុខ ធ្វើជាគម្រូ នៅក្នុងការធ្វើអន្តរកម្ម​ថាមពល។

គួរបញ្ជាក់ថា រហូតដល់នាទីចុងក្រោយ​ មុន​បិទសន្និសីទCOP28 ភាគីទាំងអស់បារម្ភថា អត្ថបទកិច្ចព្រមព្រៀង នឹងមិនអាចឆ្លងកាត់ការអនុម័តបានទេ ព្រោះអារ៉ាប៊ីសាអូឌីត និងឥណ្ឌា អាចនឹងប្រឆាំង។ ប្រភពពីក្រុមការងារ​អេមីរ៉ាតអារ៉ាប់រួម ដែលដឹកនាំសន្និសីទ​ បានលើកឡើងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ត្រូវបាន​គេចរចាជជែក ដើម្បី​សម្រួលការយល់ឃើញខុសៗគ្នា រវាងភាគីទាំងអស់ ហើយជាពិសេសនោះ គឺដើម្បី​បញ្ចៀសកុំឲ្យ​អារ៉ាប៊ីសាអូឌីត​ រាំងខ្ទប់បាន​។ គេបានរក្សាខ្លឹមសារ​ឲ្យមានន័យ​ស្រាលនិង​ទូលាយ ដើម្បីទុកឲ្យ​ភាគីទាំងអស់ យកទៅបកស្រាយ​ឲ្យ​ស្របទៅ​តាមការចង់បានរៀងៗខ្លួន។

ដោយឡែក ក្រុមសម្ព័ន្ធ​ប្រទេសកូនកោះ ដែល​ជាអ្នកប្រឈមគ្រោះថ្នាក់​បំផុតដោយ​បញ្ហា​បម្រែបម្រួលអាកាសធាតុ បានឡើងថ្លែងអំពីការ​ព្រួយ​បារម្ភរបស់ខ្លួន ថា​កិច្ចព្រមព្រៀងនេះមានខ្លឹមសារទន់ខ្សោយ។​ តែយ៉ាងណាក្រុមសម្ព័ន្ធប្រទេសកូនកោះ បានទទួលស្គាល់ដែរ ថា​វាជាការបោះជំហាន​ប្រសើរឡើង​ខ្លះ​ បើប្រៀបធៀបទៅនឹង​សន្និសីទលើកមុន​ៗ។ ការយល់ឃើញដែល​ស្របគ្នាជាមួយ តំណាងអង្គការបរិស្ថាននានា ដែលមានវត្តមាន​នៅក្នុងសន្និសីទនេះដែរ។ ជាក់ស្តែង លោក Stephen Cornelius តំណាងអង្គការ WWF បានលើកឡើងថា ទោះកិច្ចព្រមព្រៀងនេះ​ មិនអំពាវនាវឲ្យចំៗ ថាត្រូវឈប់ប្រើថាមពលផូស៊ីលទាំងស្រុងក៏ដោយ តែនេះ​​ជាលើកទី១ហើយ ដែលខ្លឹមសារ​វា​បានសំដៅដោយចំ ថា​ត្រូវតែប្រឹង​​ធ្វើអន្តរកម្មថាមពល ងាកចេញពីឲ្យ​ឆ្ងាយ ពី​​ការប្រើប្រាស់ប្រេងឥន្ធនៈ ធ្យូងថ្ម និ​ង​ឧស្ម័ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ