អានតួអត្ថបទ
ប្រេងកាត-អាកាសធាតុ

COP28៖ ការចរចាកាន់តែតានតឹង ដោយសារតែ​លិខិតដ៏ចម្រូងចម្រាសមួយ​របស់​OPEP

ការប្រជុំ​ចរចានៅ​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ ​COP28 នៅទីក្រុងឌូបៃ កំពុងតែស្ថិតនៅក្នុងភាពតានតឹង ចម្រូងចម្រាសយ៉ាងខ្លាំង។ ភាពចម្រូងចម្រាស ដែលបណ្តាល​មកពីលិខិតមួយ ដែល​អង្គការ​ក្រុមប្រទេសផលិត​ប្រេង ហៅកាត់ថាOPEP បាន​ផ្ញើទៅកាន់​ប្រទេសសមាជិក​និងប្រទេសដៃគូរបស់ខ្លួន ថាត្រូវតែបដិសេធចោលទាំងអស់ នូវខ្លឹមសារទាំងឡាយ​ណា ដែល​សំដៅ​មកលើ​ថាមពលហ្វូស៊ីល​។

ទីតាំងសន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ថ្ងៃទី ៨ធ្នូ២០២៣
ទីតាំងសន្និសីទអន្តរជាតិ​ស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ថ្ងៃទី ៨ធ្នូ២០២៣ REUTERS - THOMAS MUKOYA
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវបានផ្ទុះឡើង បង្កឲ្យ​មានការតវ៉ាជាខ្លាំង នៅក្នុង​សន្និសីទ​COP28 បន្ទាប់ពីប្រទេសនានា បានដឹងអំពីខ្លឹមសារលំអិត នៃលិខិតដែល​លោក Haitham al-Ghais អគ្គលេខាធិការអង្គការក្រុមប្រទេសផលិត​ប្រេង ហៅកាត់ថាOPEP ផ្ញើទៅកាន់​ប្រទេសសមាជិកទាំង​១៣ នៃOPEP និង​ប្រទេសដៃគូចំនួន​១០ប្រទេសទៀត។​ លិខិត​នេះ បាន​លើកឡើងថា ត្រូវតែបដិសេធចោល កុំទទួលយកនូវកិច្ចព្រមព្រៀងណាមួយ​​ ដែលមានខ្លឹមសារ​ សំដៅធ្វើឲ្យ​ប៉ះពាល់ ដល់វិស័យថាមពលហ្វូស៊ីល ពោលគឺវិស័យ​ប្រេងកាតនិង​ឧស្ម័ន​ធម្មជាតិ​។

លោក​អគ្គលេខាធិការOPEP បានសរសេរបន្ត ក្នុងន័យ​ពញ្ញាក់​ស្មារតី​ក្រុមប្រទេសផលិត​ប្រេងទាំងអស់ថា “OPEPសង្កេតឃើញ​ថា ទំនោរដាក់សំពាធស្តីបន្ទោស មកលើវិស័យថាមពលហ្វូស៊ីល កំពុងតែផុសផុលខ្លាំង ដល់ដំណាក់កាលមួយដែលមិនអាចត្រឡប់ក្រោយបានទេ”។ លោក​បន្ថែមថា “ក្រុមប្រទេសផលិត​ប្រេងជាសមាជិក និងជាដៃគូរបស់OPEP ត្រូវតែប្រុងប្រយ័ត្ន មិនត្រូវចុះញ៉មនឹងទំនោរនយោបាយ ដែល​ប្រឆាំង​នឹងថាមពលហ្វូស៊ីល ព្រោះវានឹង​បង្កគ្រោះថ្នាក់ មកលើភាពរីកចម្រើន ថ្កុំថ្កើន និងអនាគតរបស់ប្រជាជាតិយើង”។​

នៅថ្ងៃសុក្រទី​៨ធ្នូ ដំណឹងស្តីពីខ្លឹមសារនៃលិខិតនេះ ត្រូវបានគេដឹងព្រោងព្រាតពេញសន្និសីទ​COP28 ដែលការចរចាដើម្បីអនុម័តកិច្ចព្រមព្រៀងចុងក្រោយ កំពុងដំណើរការទៅយ៉ាងសកម្ម​។ នៅព្រឹកថ្ងៃសៅរ៍ នៅចំពោះអ្នកកាសែត លោកស្រីរដ្ឋមន្ត្រីក្រសួងអន្តរកម្មថាមពលអេស្ប៉ាញ​ បាន​បរិហារដោយចំៗថា លិខិតរបស់អគ្គលេខាធិការ​OPEP គឺវាបង្ហាញ​អំពី​គោលជំហរដ៏គួរឲ្យខ្ពើមរអើមបំផុត នៃក្រុមប្រទេសផលិតប្រេងដែលគិតតែប្រយោជន៍ខ្លួន​។​

ដូចគ្នាដែរ លោកស្រី​រដ្ឋមន្ត្រី​ក្រសួងអន្តរកម្មថាមពលបារាំង ដែល​កំពុងតែមាន​វត្តមាននៅឌូបៃដែរ បាន​លើកឡើង ក្នុងនាមរដ្ឋាភិបាល​បារាំង គឺលោកស្រី​មាន​ការ​ហួសចិត្តជាខ្លាំង ដែលឃើញ​គោលជំហរបែបនេះរបស់​OPEP។ លោកស្រីបានបន្ថែមថា ថាមពលហ្វូស៊ីល គឺជា​អ្នកទទួលខុសត្រូវ​ ព្រោះថាមពលនេះជាប្រភពបញ្ចេញឧស្ម័ន​កាបូនិក​ ចំនួន​ដល់ទៅ​៧៥%នៃទំហំសរុប​។ បើ​ពិភពលោកចង់ទប់សីតុណ្ហភាព​ផែនដី កុំឲ្យ​ឡើងលើស​ពី​១,៥°c វាគឺជារឿងចាំបាច់បំផុត ដែលត្រូវតែចាកចេញពី​ការប្រើប្រាស់​ថាមពលហ្វូស៊ីល។ លោក​ស្រីបន្តថា គោលជំហររបស់OPEP គឺជាគោលជំហរដែលធ្វើ​ឲ្យ​ប្រទេសងាយរងគ្រោះ និងប្រជាជនក្រីក្រ កាន់តែប្រឈមគ្រោះថ្នាក់ ដោយសារ្តែ​វិបត្តិអាកាសធាតុ​។

គួរកត់សំគាល់ថា ក្រុមប្រទេសកូនកោះ និង​តំណាងអង្គការ​បរិស្ថាន ដែលមានវត្តមានប្រជុំចរចានៅសន្និសីទ​COP28 បានសំដែងក្តីព្រួយបារម្ភជាខ្លាំង ខណៈពេលវេលាកាន់តែខើច ហើយដំណើរ​ការចរចាដើម្បី​តាក់តែងកិច្ចព្រមព្រៀមរួម រាំងស្ទះ​កាន់តែខ្លាំង។ អនាគត​នៃវិស័យថាមពលហ្វូស៊ីល ដែលមាន​ប្រេងកាត ធ្យូងថ្ម និងឧស្ម័នធម្មជាតិ គឺជាចំណុចចម្រូងចម្រាសខ្លាំងបំផុត នៅក្នុង​ខ្លឹមសារនៃគម្រោងកិច្ចព្រមព្រៀង ដែលគេកំពុងជជែកគ្នា​។ អារ៉ាប៊ីសាអូឌីត ក្នុងនាមជាប្រទេសដឹកនាំក្រុមប្រទេសផលិតប្រេង កំពុងត្រូវបានគេចោលភ្នែកសំឡឹង​ និងចោទប្រកាន់ថាអ្នកធ្វើគ្រប់យ៉ាង ដើម្បីរារាំង​រំខានការចរចាទាំងអស់​ នៅក្នុងសន្និសីទCOP28៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ