អានតួអត្ថបទ
អ៊ីរ៉ាក់-សហរដ្ឋអាមេរិក

ស្ថានទូតអាមេរិកនៅបាដដាដក្លាយ​ជាផ្ទាំងស៊ីបវាយប្រហារគ្រាប់រ៉ូក្កែត

ស្ថានទូតអាមេរិកនៅទីក្រុង​បាដដាដ បាន​ក្លាយជាផ្ទាំងស៊ីបវាយប្រហារ​របស់​គ្រាប់រ៉ូក្កែតជាច្រើនគ្រាប់​កាលពី​ព្រឹកព្រលឹម​ថ្ងៃ​សុក្រទី៨ធ្នូ។ នៅមិនទាន់មាន​ក្រុមណាមួយចេញមុខ​ទទួលខុសត្រូវលើ​ការបាញ់ស្រោចគ្រាប់រ៉ូក្កែត​សំដៅ​ទីតាំង​ស្ថានទូត​អាមេរិក​នៅទីក្រុង​បាដដាតនៅឡើយទេ។ នៅថ្ងៃ​សុក្រ អ្នកនាំពាក្យ​របស់​ស្ថានទូតអាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ចាត់គ្រប់វិធានការ​ការពារ​មន្រ្តីទូតអាមេរិក និង​សម្ព័ន្ធអន្តរជាតិប្រឆាំងក្រុមជីហាត​ដែលកំពុង​បំពេញ​បេសកកម្ម​ក្នុងទឹកដីអ៊ីរ៉ាក់។

ស្ថានទូតអាមេរិកនៅទីក្រុង​បាដដាដ​ប្រទេស​អ៊ីរ៉ាក់
ស្ថានទូតអាមេរិកនៅទីក្រុង​បាដដាដ​ប្រទេស​អ៊ីរ៉ាក់ AP - Khalid Mohammed
ផ្សាយពាណិជ្ជកម្ម

ថានទូតអាមេរិក​ក្នុងទីក្រុង​បាដដាត​បាន​រងការវាយប្រហារគ្រាប់រ៉ូក្កែតពីរលើក នៅព្រឹកព្រលឹម​ថ្ងៃ​សុក្រទី​៨ធ្នូ ប៉ុន្តែ មិនបាន​បង្ក​ឲ្យមានអ្នករបួស ឬ​ការខូចខាតធំដុំឡើយ។ នេះបើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យរបស់​ស្ថានទូតអាមេរិក​​ប្រចាំ​ក្រុងបាដដាដ មុន​នឹងទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ប្រើគ្រប់អំណាច​ ចាត់វិធានការការពារ​សន្តិសុខ​របស់​មន្រ្តីទូតអាមេរិក រួមទាំង​សម្ព័ន្ធអន្តរជាតិ​ដែលកំពុង​បំពេញបេសកកម្ម​ប្រយុទ្ធប្រឆាំង​ក្រុមជីហាត​ក្នុងទឹកដី​អ៊ីរ៉ាក់។

នៅព្រឹកព្រលឹម​ថ្ងៃ​សុក្រ គ្រាប់រ៉ូក្កែតជាច្រើនគ្រាប់ត្រូវ​គេបាញ់សំដៅ​ស្ថានទូតអាមេរិក និង​ទីស្នាក់ការរបស់​កងកម្លាំងសម្ព័ន្ធអន្តរជាតិ​ប្រឆាំង​ក្រុមជីហាត ក្នុងតំបន់បៃតងដែលជាតំបន់ស្ថិតក្រោមការយាមការពារសន្តិសុខដ៏តឹងតែង។

នៅមិនទាន់មានក្រុមណាចេញមុខ​ទទួលខុសត្រូវលើការបាញ់គ្រាប់រ៉ូក្កែត​សំដៅ​ស្ថានទូត​អាមេរិក​នៅឡើយទេ។ ប៉ុន្តែ ហេតុការណ៍នេះកើតឡើង​នៅ​២ខែ​ក្រោយ កងទ័ពអាមេរិក និង​កងកម្លាំង​សម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំង​ក្រុមជីហាត​នៅអ៊ីរ៉ាក់ និងស៊ីរី​បានរងការវាយប្រហារ​ពីសំណាក់​ក្រុមគាំទ្រអ៊ីរ៉ង់កាលពី​ពាក់កណ្តាលខែ​តុលាកន្លងទៅ។

កាលណោះ ក្រុមគាំទ្រ​អ៊ីរ៉ង់​ ដែលមានឈ្មោះថា ចលនា​តស៊ូ​អ៊ីស្លាម​នៅអ៊ីរ៉ាក់បាន​លើកហេតុផលថា ពួកគេ​ដៅវាយប្រហារ​កងទ័ពអាមេរិក​នៅអ៊ីរ៉ាក់ដើម្បី​សងសឹក​នឹង​អាមេរិក​ដែល​ចេញមុខ​គាំទ្រ​អ៊ីស្រាអែល​ធ្វើសង្រ្គាមវាយប្រហារ​ទៅលើ​ក្រុមហាម៉ាស​នៅ​ទឹកដីហ្កាហ្សា។

បើតាមវ៉ាស៊ីនតោន គិតចាប់តាំង​ពីផ្ទុះសង្រ្គាមហ្កាហ្សា នៅថ្ងៃទី ៧​តុលា អាមេរិករាប់ឃើញមាន​ការវាយប្រហារ​ចំនួន​៧៨លើកទៅលើ​កម្លាំងយោធាអាមេរិកដែលកំពុងឈរជើង​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាតរដ្ឋអ៊ីស្លាម ​ក្នុងទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី។

ឆ្លើយតបនឹងការវាយប្រហារ​លើ​​កងទ័ពរបស់ខ្លួន សម្ព័ន្ធអន្តរជាតិ​ដឹកនាំដោយ​អាមេរិក​បាន​បើកប្រតិបត្តិការការពារខ្លួន ដោយ​បាន​បាញ់សម្លាប់សកម្មជន​៥នាក់​របស់​ក្រុមAl-Noujabaគាំទ្រ​ដោយអ៊ីរ៉ង់ នៅក្នុង​ខេត្ត​Kirkouk ភាគខាងជើង​អ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍ទី​៣ទីធ្នូ​​សប្តាហ៍មុន។​​

នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទជាមួយ​រដ្ឋមន្រ្តីការបរទេស​អាមេរិក​ដែលធ្វើឡើង​នៅមុនការវាយប្រហារ​របស់​អាមេរិកនៅភាគខាងជើង​អ៊ីរ៉ាក់ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohamed Chia al-Soudani ​បាននិយាយធានា​ការពារ​​ទីប្រឹក្សារបស់​សម្ព័ន្ធអន្តរជាតិ ពោលគឺ​កងទ័ពអាមេរិក​​ដែលកំពុងមានវត្តមានក្នុងទឹកដីអ៊ីរ៉ាក់ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​ ប៉ុន្តែលោកនៅតែបញ្ជាក់ជំហរដាច់ខាត​របស់រដ្ឋាភិបាល​អ៊ីរ៉ាក់​ប្រឆាំង​រាល់ការវាយប្រហារ​របស់​បរទេស​ទៅលើ​ទឹកដីអ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ