អានតួអត្ថបទ
អាកាសធាតុ

អ្នកជំនាញ​វិទ្យាសាស្ត្រ​ថា សីតុណ្ហភាពផែនដីនឹងឡើងផុត​កម្រិតកំណត់​ ១,៥°C នៅរវាង​៧ឆ្នាំទៀត

សីតុណ្ហភាព​ផែនដី​យើង នឹងកើន​ឡើងលើសកម្រិត​១,៥°C ដោយ​មិនអាចចៀសផុតទេ។ នេះបើផ្អែក តាមការសន្និដ្ឋាន របស់​ក្រុមជំនាញ​វិទ្យាសាស្ត្រ​ Global Carbon Project។ ក្រុមអ្នកជំនាញ​បាន​ អះអាងដោយ​ក្តីបារម្ភថា​ ក្នុងរវាងត្រឹមតែ​៧ឆ្នាំ​តែប៉ុណ្ណោះ កម្រឹត​សីតុណ្ហភាព​នឹង​កើនឡើងលើស​អ្វីដែល​គេបាន​កំណត់ទុក ពោលគឺ​១,៥°c ហើយ​ការកើនឡើងនេះ នឹងបន្ត​ជាប់ៗគ្នាច្រើនឆ្នាំ​ទៅមុខទៀត​។

Smoke and steam billow from Belchatow Power Station, Europe's largest coal-fired power plant powered by lignite, operated by Polish utility PGE, in Kleszczow, Poland, November 22, 2023. REUTERS/Kacper
ផ្សែងពុល​ហោះចេញពី​ Belchatow Power Station រោងចក្រថាមពលអគ្គីសនី​ដើរដោយចំហេះធ្យូងថ្ម ធំជាងគេបង្អស់នៅអឺរ៉ុប។ តំបន់ Kleszczow ប្រទេសប៉ូឡូញប៉ូឡូញ ថ្ងៃទី​ ២២ វិច្ឆិកា ២០២៣ REUTERS - KACPER PEMPEL
ផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា ​​របាយការណ៍វិទ្យាសាស្ត្រនេះ​ ​ត្រូវបាន​បង្ហាញក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ។ យោងតាមរបាយការណ៍​​នេះ អ្នកវិទ្យាសាស្ត្របាន​ព្យាករណ៍ថា បរិមាណឧស្ម័នកាបូនិក​ ដែលកើតចេញពីចំហេះធ្យូងថ្ម ពីឧស្ម័ន និង​ពីប្រេងឥន្ធនៈ ដែលមនុស្សយើងប្រើប្រាស់ ដើម្បី​កំដៅខ្លួន ដើម្បី​បំភ្លឺ និង​ដើម្បី​ធ្វើដំណើរជាដើម គឺនឹងបន្តកើនឡើងខ្លាំងនៅឆ្នាំ​២០២៣នេះ​។​

គួររំលឹកថា នៅឆ្នាំ​២០១៥ ក្នុងឱកាស​COP21 ថ្នាក់ដឹកនាំបណ្តាប្រទេសទាំងអស់ បានព្រមព្រៀងគ្នា​កំណត់​កម្មវត្ថុ ធ្វើយ៉ាងណាមិន​ឲ្យ​សីតុណ្ហភាព​ផែនដីយើង ឡើងលើសពី​១,៥°c ដើម្បី​បញ្ចៀសបញ្ហា​រលកកំដៅ​ម្តងហើយ​ម្តងទៀត ព្រមទាំង​ការប្រែប្រួល​ដ៏ធ្ងន់ នៃអាកាសធាតុ ដែល​អាចបង្ក​ហានិភ័យ​ដល់មនុស្សជាតិ​ទាំងមូល​។

លោក Pierre Friedlinstein អ្នក​ជំនាញ​អាកាសធាតុជនជាតិអង់គ្លេស ដែលដឹកនាំការធ្វើរបាយការណ៍ខាងលើ​ បាន​លើកឡើងថា សន្និសីទCOP28នាពេលនេះ គឺជាឱកាសដ៏អាសន្ន​បំផុត ដែលថ្នាក់ដឹកនាំទាំងអស់ទូទាំងពិភពលោក ត្រូវតែស្រុះស្រួលគ្នា​ ឈានទៅ​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឲ្យ​បានឆាប់បំផុត ដើម្បី​អាច​រក្សាកម្មវត្ថុ​ទប់សីតុណ្ហភាពផែនដី មិន​ឲ្យ​លើសពី​២°c។ លោក​បន្តថា​ វិធានការដើម្បី​​កាត់​បន្ថយ​ការប្រើប្រាស់ធ្យូងថ្ម គឺមានលក្ខណៈយឺតយ៉ាវខ្លាំងណាស់ នាពេល​កន្លងមក​។​ អ្នកជំនាញ​រូបនេះ​បាន​​​រន្ធាន់ថា​ ពេលវេលាកាន់តែខើចណាស់ហើយ គ្រប់គ្នាត្រូវតែបង្កើនល្បឿននិងការប្រឹងប្រែង ក្នុងការបន្ថយការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​។

របាយការណ៍លំអិត ដែលចូលរួមតាក់តែងដោយ​អ្នកវិទ្យាសាស្ត្រ​ប្រមាណ​១៥០​នាក់​នេះ បាន​បង្ហាញតួលេខថា ក្នុងឆ្នាំ​២០២៣ កម្រិត​ឧស្ម័ន​កាបូនិក ដែលចេញពីសកម្មភាពមនុស្ស បាន​បន្ថែម​ទៅក្នុងបរិយាកាស ចំនួន​៤០,៩ពាន់​លានតោន​ ពោលគឺលើសកម្រិត​កាលពី​ឆ្នាំ​១៩៦០ ដល់ទៅ​៤ដងឯណោះ។ ការកាប់បំផ្លាញព្រៃឈើ នៅប្រេស៊ីល នៅ​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង​នៅឥណ្ឌូណេស៊ីជាដើម បាន​ចូលរួមមួយចំណែកដល់ការកើនឡើង​នៃឧស្ម័នកាបូនិកក៏ពិតមែន តែគឺ​វាតិចខ្លាំងណាស់ បើប្រៀបធៀបទៅនឹងឧស្ម័ន​កាបូនិក ដែល​បញ្ចេញចោល​ដោយ​ចំហេះថាមពលហ្វូស៊ីល​ និងស៊ីម៉ង់ត៍​ ដែលមាន​ទំហំដល់ទៅ​ ៣៦,៨ពាន់​លានតោន ពោលគឺកើនលើសឆ្នាំ​២០២២ ចំនួន​១,១%។​

របាយការណ៍បានទទួលស្គាល់ថា ប្រទេសចំនួន​២៦ បានប្រឹងប្រែងកាត់​បន្ថយឧស្ម័ន​កាបូនិក ជាក់ស្តែង សហភាពអឺរ៉ុប បាន​បន្ថយ​បាន​៧,៤%​ សហរដ្ឋអាមេរិក​ បន្ថយ​បាន​៣%។ តែយ៉ាងណា គឺវានៅតែមិនទាន់​គ្រប់គ្រាន់។​ សកម្មភាព​ស្ទុះឡើងវិញ នៃ​ជើងហោះហើរអាកាសចរណ៍ បានធ្វើ​ឲ្យ​ការបញ្ចេញ​ឧស្ម័ន​កាបូនិកក្នុងវិស័យ​នេះ កើនឡើងចំនួន​​២៨,២%ក្នុងឆ្នាំ​២០២៣។

ថាមពលដែល​បញ្ចេញ​ឧស្ម័ន​កាបូនិកច្រើនបំផុត គឺ​ធ្យូងថ្ម ហើយបើតាមការព្យាករណ៍ ការប្រើប្រាស់វានឹងកើនឡើងបន្ថែមទៀត ជាក់ស្តែង នៅចិន និងនៅឥណ្ឌា។ ឥណ្ឌាជាប្រទេស​ដែលមានប្រជាជនច្រើនជាងគេបំផុត តែប្រជាជនឥណ្ឌាម្នាក់ មានចំណែកបញ្ចេញ​ឧស្ម័នកាបូនិក​ តិចជាង​ប្រជាជន​អាមេរិក​ចំនួន​៧ដង​។ លោក Phillipe Ciais អ្នក ជំនាញ​រូបវិទ្យាបារាំង បាន​លើកឡើងថា បើគ្រប់គ្នា​ធ្វើ​ដូចប្រជាជនអាមេរិក គឺគ្រោះអាសន្ន​នឹងពិតជាមានប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ