អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្កាហ្សា​៖ ក្រុមប្រឹក្សាសន្តិសុខ អនុម័តសេចក្តីសម្រេចចិត្តរួម ហៅឲ្យ​ផ្អាក​សង្គ្រាម​ដើម្បី​ជួយ​ផ្នែកមនុស្ស​ធម៌

ក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចចិត្តរួម ទាមទារឲ្យ​ផ្អាក​សង្គ្រាម​​ជាបន្ទាន់ ក្នុងរយៈពេលមួយគ្រប់គ្រាន់ ដើម្បី​បើកផ្លូវជួយ​ដល់ប្រជាជនស៊ីវីលប៉ាឡេស្ទីន​​។ ដោយ​ពុំបានបញ្ជាក់លំអិត ថា​ទាមទារ​ឲ្យ​ផ្អាកសង្គ្រាម​ប៉ុន្មាន​ថ្ងៃ លោក Stephane Dujaric អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ បានអះអាងថា ត្រូវតែជារយៈពេលមួយ​វែងគ្រប់គ្រាន់ ដើម្បី​អាចបើកប្រតិបត្តិការ​ដឹកជញ្ជូនស្បៀងនិងជំនួយផ្សេងៗ ចូលទៅហ្កាហ្សាក្នុងទំហំ​មួយ​គ្រប់គ្រាន់​។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតនៅថ្ងៃទី ២៥ តុលា ២០២៣
United Nations Security Council vote on a new U.S. resolution on the conflict between Israel and Palestinians, which was vetoed with Russia voting against, Wednesday, Oct. 25, 2023 at U.N. headquarters. (AP Photo/Bebeto Matthews) AP - Bebeto Matthews
ផ្សាយពាណិជ្ជកម្ម

ជាង​១ខែ ក្រោយ​ការ​ផ្ទុះសង្គ្រាមនៅតំបន់ហ្កាហ្សា នៅទីបំផុត​ ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ បាន​អនុម័តបាន​នូវសេចក្តីសម្រេចចិត្តរួមមួយ កាលពីថ្ងៃពុធ ទី​១៥វិច្ឆិកា។ សេចក្តីសម្រេចចិត្តរួមនេះ មានខ្លឹមសារ​​​អំពាវនាវ ឲ្យ​ផ្អាកសង្គ្រាម​នៅតំបន់ហ្កាហ្សាជាបន្ទាន់​ ក្នុងរយៈពេលមួយ​គ្រប់គ្រាន់ ដើម្បី​​រៀបចំបើក​ច្រកផ្លូវមនុស្សធម៌ ដឹកជំនួយស្បៀងអាហារ​ ថ្នាំសង្កូវ ប្រេងឥទ្ធនៈ និង​សម្ភារៈ​គ្រប់មុខទៅជួយ​ប្រជាជនស៊ីវីល​ នៅក្នុងតំបន់ហ្កាហ្សា​។

អត្ថបទដែល​ស្នើដោយ​ប្រទេសម៉ាល់ត៍នេះ បានទទួលសំឡេងឆ្នោត​គាំទ្រ ចំនួន​១២សំឡេង និង​៣សំឡេងអនុបវាទ​។​ ប្រទេសដែលបានបោះឆ្នោតអនុបវាទ គឺមាន​ សហរដ្ឋអាមេរិក អង់គ្លេស និង​រុស្ស៊ី​។ សេចក្តីសម្រេចចិត្តរួមរបស់ក្រុមប្រឹក្សាសន្តិសុខ មាន​កម្លាំងចាប់បង្ខំឲ្យ​គោរព តែយ៉ាងណាមិន​ប្រាកដថា គ្រប់ភាគីនឹងគោរពទេ​។​

សូមបញ្ជាក់ថា នៅក្នុងសេចក្តីសម្រេចចិត្តរួម ដែលត្រូវបាន​អនុម័ត​កាលពីថ្ងៃពុធ គឺ​អង្គការសហប្រជាជាតិ បាន​សង្កត់ធ្ងន់ ឲ្យ​ភាគីទាំងអស់នៃជម្លោះ ត្រូវតែគោរពច្បាប់អន្តរជាតិ ការពារអាយុជីវិតជនស៊ីវីលប៉ាឡេស្ទីន​​ ជាពិសេសគឺកុមារ។ ដោយមិន​បានថ្កោលទោស​ទៅលើក្រុមហាម៉ាស ថាបាន​វាយប្រហារភេរវកម្មមកលើអ៊ីស្រាអែលកាលពីថ្ងៃទី​៧តុលា សេចក្តីសម្រេចចិត្ត​នេះ​ បានត្រឹមអំពាវនាវទាមទារ​ឲ្យដោះលែសង​ចំណាប់ខ្មាំងទាំងអស់​។

គួរកត់សំគាល់ថា នេះ​ជាលើកដំបូងហើយ ដែល​ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ អាចបោះឆ្នោតដោយ​ជោគជ័យ​លើសេចក្តីសម្រេចចិត្តរួម ស្តីអំពីសង្គ្រាម​ដែលកំពុងតែផ្ទុះឆាបឆេះនៅតំបន់​ហ្កាហ្សា។ ប្រមាណ​១ខែមកនេះ មានគម្រោងអត្ថបទសេចក្តីសម្រេចចិត្ត​ ចំនួន​៤ផ្សេងៗគ្នា ដែលបានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ។​​​​ តែប្រទេសសមាជិក បានខ្វែងគំនិតគ្នា​ទៅលើខ្លឹមសារ ដោយម្ខាងទាមទារឲ្យ​ថ្កោលទោសឲ្យចំឈ្មោះ ទៅលើក្រុមភេរវកម្ម​ហាម៉ាស ដែល​បញ្ឆេះសង្គ្រាមនេះ ហើយ​ម្ខាងទៀត ទាមទារ​ថ្កោលទោសទៅលើអ៊ីស្រាអែល ដែលទម្លាក់គ្រាប់​សម្លាប់ជនស៊ីវីលប៉ាឡេស្ទីន​។

បញ្ហានេះ បានបង្ហាញឲ្យ​ឃើញ អំពីភាពមិនចុះសម្រុង និងការយល់ឃើញខុសគ្នា រវាងប្រទេសធំៗនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ទាក់ទិននឹងសំណុំរឿង អ៊ីស្រាអែល ប៉ាឡេស្ទីន ដែលតែងតែពុះចែកការយល់ឃើញជា២។ ថ្លែងនៅមុនពេល​បោះឆ្នោត​កាលពីថ្ងៃពុធ លោក ​Zhang Jun អគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា​ លោកដឹងថាគ្រប់គ្នាមាន​ការខកចិត្តខ្លាំងណាស់ ចំពោះ​ភាពអសកម្មស្ងាត់សូន្យ​ របស់ក្រុមប្រឹក្សាសន្តិសុខ​​ ក្នុង​រយៈ​ពេល៤០ថ្ងៃមកនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ