អានតួអត្ថបទ
ចលនាហេស្បូឡាលីបង់

តើក្រុមហេស្បូឡាលីបង់កំពុងប្រកាស​សង្រ្គាមជាមួយ​អ៊ីស្រាអែល​ឬក៏យ៉ាងណា?

មួយសប្តាហ៍ក្រោយគំរាមពីការផ្ទុះរាលដាលទៅជា​សង្រ្គាមតំបន់ ក្នុងករណី​​អ៊ីស្រាអែល​មិន​បញ្ឈប់សង្រ្គាមហ្កាហ្សា មេដឹកនាំ​ចលនាហេស្បូឡា លីបង់ លោក ហាសាន់ ណាហ្សរ៉ាឡា​បាន​ចេញមុខ​ប្រកាស​នៅថ្ងៃសៅរ៍ ថា ចលនាហេស្បូឡា​លីបង់​ចាប់ផ្តើម​ប្រើអាវុធ​ថ្មី​ដើម្បីវាយប្រហារ​ទៅលើ​ទឹកដី​អ៊ីស្រាអែល។ ចាប់តាំងពីអ៊ីស្រាអែល​ធ្វើសង្រ្គាមសងសឹកនឹងពួកហាម៉ាស ដោយ​បើកការវាយប្រហារ​ទម្លាក់គ្រាប់បែក​នៅហ្កាហ្សា ចលនាហេស្បូឡាលីបង់ដែលជា​សម្ព័ន្ធមិត្ត​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ចាប់ផ្តើម​ដៅវាយប្រហារ​ទីតាំងយោធា និង​ភូមិប្រជាជនអ៊ីស្រាអែលដែលនៅជាប់ព្រំដែនជាមួយលីបង់។

អ៊ីស្រាអែលវាយប្រហារលើ​ភូមិលីបង់នៅជាប់ព្រំដែន​អ៊ីស្រាអែល​នៅក្នុងយុទ្ធនាការវាយបកលើក្រុមហេស្បូឡាលីបង់ដែលបាញ់គ្រាប់រ៉ូក្កែត​មីស៊ីលសម្លាប់ទាហានអ៊ីស្រាអែលនៅភាគខាងជើង​អ៊ីស្រាអែល។
អ៊ីស្រាអែលវាយប្រហារលើ​ភូមិលីបង់នៅជាប់ព្រំដែន​អ៊ីស្រាអែល​នៅក្នុងយុទ្ធនាការវាយបកលើក្រុមហេស្បូឡាលីបង់ដែលបាញ់គ្រាប់រ៉ូក្កែត​មីស៊ីលសម្លាប់ទាហានអ៊ីស្រាអែលនៅភាគខាងជើង​អ៊ីស្រាអែល។ AP - Hussein Malla
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការប្រកាស​តាម​កញ្ចក់ទូរទស្សន៍លីបង់ ប្រមុខដឹកនាំចលនាហេស្បូឡាលីបង់ លោក ហាសាន​ ណាហ្សរ៉ាឡា​បាន​និយាយ​ថា ក្រុមទាហានហេស្បូឡា​បាន​ចាបផ្តើម​ប្រើប្រាស់សព្វាវុធថ្មីៗនៅក្នុងការវាយប្រហារ​ទៅលើ​អ៊ីស្រាអែល។

នៅមួយថ្ងៃក្រោយ​អ៊ីស្រាអែល​បើកសង្រ្គាមសងសឹកក្រុមហាម៉ាសប៉ាឡេស្ទីននៅទឹកដីហ្កាហ្សា​ ក្រុម​ហេស្បូឡាលីបង់ដែលជាសម្ព័ន្ធមិត្ត​របស់ពួកហាម៉ាសប៉ាឡេស្ទីន ​បានបាញ់គ្រាប់រ៉ូក្កែត​សំដៅទីតាំង​យោធា និងភូមិប្រជាជនអ៊ីស្រាអែលនៅជាប់ព្រំដែនលីបង់ អ៊ីស្រាអែល។ ការផ្ទុះអាវុធរវាង​កងទ័ពអ៊ីស្រាអែល​និង​ចលនាប្រដាប់អាវុធហេស្បូឡាលីបង់​កើតមានសឹងជារៀងរាល់ថ្ងៃ។ ភាគីទាំងពីរ​បាន​តតាំងប្រយុទ្ធគ្នាដោយប្រើគ្រប់ទម្រង់អាវុធយុទ្ធភ័ណ្ឌ ដែលមានតាំងពីកាំភ្លើងធំធុនធ្ងន់ មីស៊ីលបញ្ជាពីចម្ងាយ រ៉ូក្កែត និង​ដ្រូនប្រយុទ្ធ។

ប៉ុន្តែ នៅក្នុងការប្រកាស​កាលពីថ្ងៃ​សៅរ៍ ប្រមុខដឹកនាំចលនាហេស្បូឡាលីបង់​អះអាងថា នៅក្នុង​ប្រវត្តិតស៊ូ​នៅលីបង់ នេះជាលើកទី១​ដែល​ ចលនា​ហេស្បូឡា​ប្រើ​ដ្រូនអត្តឃាតដើម្បីវាយប្រហារ​លើ​គោលដៅ​ក្នុងទឹកដីអ៊ីស្រាអែល។

មេដឹកនាំចលនាហេស្បូឡាលីបង់ លោក​ហាសាន ណាហ្សរ៉ាឡានៅបានបន្ថែមដែរថា នៅប៉ុន្មាន​ថ្ងៃ​មកនេះ ទាហាន​ហេស្បូឡា​បាន​ប្រើ​មីស៊ីល​Burkan ដែលមាន​សមត្ថភាព​ពាំនាំ​គ្រាប់ផ្ទុះទម្ងន់ពី​៣០០ទៅ​៥០០គីឡូក្រាម។ បើតាម​មេចលនាហេស្បូឡាលីបង់ ក្រៅពីប្រើដូ្រនហោះទៅយកការណ៍ក្នុងទឹកដីអ៊ីស្រាអែល ក្រុមប្រដាប់អាវុធ​ហេស្បូឡា​នៅបាន​ប្រើ​គ្រាប់រ៉ូក្កែត វាយចូលជ្រៅទៅក្នុង​ទឹកដីអ៊ីស្រាអែល​ ដើម្បីសងសឹកឲ្យប្រជាជន​ស៊ីវិល​លីបង់​៥នាក់ដែលស្លាប់​នៅក្នុងការវាយប្រហារ​របស់​អ៊ីស្រាអែល​កាលពីសប្តាហ៍មុន។ បន្ទាប់ពី​បាញ់បំផ្លាញ​ផ្ទះសម្បែង​ក្នុងតំបន់រស់នៅរបស់ប្រជាជនអ៊ីស្រាអែល នៅជិត​តំបន់​ព្រំដែន នៅថ្ងៃអាទិត្យ​ពួកហេស្បូឡាលីបង់បាញ់មីស៊ីល​បំផ្លាញរថយន្ត​ជាច្រើន​គ្រឿងនៅក្នុងទឹកដីអ៊ីស្រាអែល​។

ដោយ​ទទួលបានការគាំទ្រ​ទាំងផ្នែកថវិកា​និង​សព្វាវុធពីអ៊ីរ៉ង់ ចលនា​ហេស្បូឡាលីបង់​បាន​ធ្វើទំនើបកម្ម​កងទ័ព និង​បង្កើនការស្តុកអាវុធជាប្រចាំ។ តាម​អ្នកជំនាញ​ដើមបូព៌ា នៅពេលបញ្ចប់សង្រ្គាមជាមួយ​អ៊ីស្រាអែល នៅឆ្នាំ​២០០៦ ចលនាហេស្បូឡា​លីបង់​មាន​គ្រាប់រ៉ូក្កែត​១៥០០០ដើម។ ប៉ុន្តែ ចំនួននេះអាច​កើនឡើង​ជាង​១០ដងនៅ​ជិត​២០ឆ្នាំមកនេះ។ ក្រៅពីគ្រាប់រ៉ូក្កែត ចលនាហេស្បូឡា​អះអាងថាខ្លួន​ចេះកែច្នៃ​ផលិតបាន​មីស៊ីល​ដែលមាន​សមត្ថភាព​បាញ់ចូលជ្រៅទៅក្នុងទឹកដីអ៊ីស្រាអែល មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលប្រឆាំងនាវាចម្បាំង និងមីស៊ីល​បញ្ជាតម្រង់ចំៗគោលដៅ ដែលអ៊ីស្រាអែល ចាត់ទុកជាគ្រោះថ្នាក់ធំចំបងសម្រាប់សន្តិសុខអ៊ីស្រាអែល។ បើនិយាយពីកម្លាំងប្រយុទ្ធវិញ មេចលនាហេស្បូឡាលីបង់អះអាងថា នៅ​ឆ្នាំ​២០២១ ចលនារបស់ខ្លួន​របស់​មាន​ទាហាន​ប្រយុទ្ធ​១សែននាក់ ដែលនៅក្នុងនោះមានកងកម្លាំងពិសេស​ដែលមានជំនាញធ្លាប់ចូលរួមធ្វើសង្រ្គាមនៅស៊ីរី ជាច្រើនម៉ឺននាក់។

បើតាមអ៊ីស្រាអែល ពួកក្រុមហេស្បូឡា​បាន​លួច​ជីករូងក្រោមដី និង​ប្រើយុទ្ធសាស្រ្ត​តាក់ទិក​ដូច​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ដើម្បីគ្រោងធ្វើសង្រ្គាម​វាយប្រហារ​អ៊ីស្រាអែល។ ប៉ុន្តែ នៅថ្ងៃ​សៅរ៍ ពោល​គឺប៉ុន្មានម៉ោងក្រោយការប្រកាស​របស់​មេដឹកនាំចលនាហេស្បូឡា ក្នុងការប្រើប្រាស់អាវុធ​ថ្មីវាយប្រហារ​លើ​អ៊ីស្រាអែល រដ្ឋមន្រ្តីការពារជាតិ​អ៊ីស្រាអែល​នៅពេល​ចុះ​ទៅ​ជួបកងទ័ពប្រចាំការនៅព្រំដែនអ៊ីស្រាអែល និងលីបង់​បាន​ព្រមានថា បើសិន​ក្រុមហេស្បូឡា​នៅតែវាយប្រហារ​​អ៊ីស្រាអែល ពោលគឺញុះញង់អូសទាញលីបង់​ទៅក្នុងសង្រ្គាមជាមួយអ៊ីស្រាអែល នោះ​ទីក្រុង​បេរូត​របស់​លីបង់​នឹង​ជួបវាសនា​ដូចហ្កាហ្សា​សព្វថ្ងៃ​យ៉ាងដូច្នេះដែរ។

កន្លងមក នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​ប្រកាស​ហើយថា អ៊ីស្រាអែល​នឹងអាចផ្ទុះសង្រ្គាមសាជាថ្មីជាមួយលីបង់​ក្នុងករណីមានការចាប់បង្ខំពីខាងចលនាហេស្បូឡាលីបង់​។ ​ការវាយប្រហារ​ដាក់គ្នារវាង​កងទ័ពអ៊ីស្រាអែល​និង​ចលនាប្រដាប់អាវុធ​ហេស្បូឡាលីបង់ ដោយសារតែសង្រ្គាមហ្កាហ្សា​នៅ​ជាង​១ខែមកនេះបាន​សម្លាប់យុទ្ធជន​ហេស្បូឡាលីបង់​៦៨នាក់​​ ចំណែកនៅភាគីអ៊ីស្រាអែល​មាន​ស្លាប់ទាហាន​​៦នាក់ និង​ប្រជាជនស៊ីវិល​២នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ