អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ក្រុមប្រទេសអារ៉ាប់និងអ៊ីស្លាម រួមគ្នា​ថ្កោលទោសអ៊ីស្រាអែល តែ​ខ្វែងគំនិតគ្នា​លើវិធានការឆ្លើយ​តប

កាលពីថ្ងៃសៅរ៍ ទី​១១វិច្ឆិកា អារ៉ាប៊ីសាអូឌីត បានដឹកនាំកិច្ចប្រជុំពិសេសមួយ នៅទីក្រុងរីយ៉ាត ដោយ​បានច្របាច់បញ្ចូលគ្នា រវាង​ជំនួប​កំពូល​នៃសម្ព័ន្ធអារ៉ាប់ និង​ជំនួប​កំពូល​នៃ​អង្គការសហប្រតិបត្តិការអ៊ីស្លាម​។ កម្មវត្ថុនៃកិច្ចប្រជុំ​​ ​រវាង​ថ្នាក់ដឹកនាំក្រុមប្រទេសអារ៉ាប់ និងប្រទេសកាន់​សាសនា​អ៊ីស្លាមនេះ គឺដើម្បី​និយាយអំពី​បញ្ហាសង្គ្រាម​នៅតំបន់ហ្កាហ្សា ដែល​អ៊ីស្រាអែល កំពុងតែធ្វើទៅលើ​ក្រុមហាម៉ាសប៉ាឡេស្ទីន​។ តែលទ្ធផលនៃកិច្ចប្រជុំនេះ បានបង្ហាញឲ្យ​ឃើញ​នូវការខ្វែងគំនិតគ្នាយ៉ាងខ្លាំង បើទោះបីគ្រប់គ្នា បានប្រកាស​ថ្កោល​ទោសទៅលើអ៊ីស្រាអែល​។

Saudi Crown Prince Mohammed bin Salman speaks during Organisation of Islamic Cooperation (OIC) summit in Riyadh, Saudi Arabia, November, 11, 2023. Saudi Press Agency/Handout via REUTERS ATTENTION EDIT
ព្រះអង្គម្ចាស់ Mohammed bin Salman ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំពិសេស រវាងអង្គការសហប្រតិបត្តិការ​អ៊ីស្លាម (OIC) និងអង្គការសម្ព័ន្ធអារ៉ាប់ នៅទីក្រុងរីយ៉ាត ថ្ងៃទី១១ វិច្ឆិកា ២០២៣ VIA REUTERS - SAUDI PRESS AGENCY
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ប្រទេសអារ៉ាប់ និង​ប្រទេសអ៊ីស្លាម បានយល់ព្រមប្រកាស​រួមគ្នា ថ្កោលទោសអំពើរបស់អ៊ីស្រាអែល ដែលបាញ់​ប្លោងមីស៊ីលសម្លាប់ប្រជាជនស៊ីវីល​នៅហ្កាហ្សា​ ថាជា “អំពើព្រៃផ្សៃយង់ឃ្នង”។ ក៏ប៉ុន្តែ​ ពុំមានការប្រកាសរួមគ្នា​ណាមួយ ស្តីអំពីវិធានការឆ្លើយតបទៅលើ​អ៊ីស្រាអែលទេ​ មិនថាជាទណ្ឌកម្ម​សេដ្ឋកិច្ច​ ឬជាទណ្ឌកម្ម​នយោបាយ​ការបរទេស​។​

នៅក្នុងលិខិតប្រកាសរួមចុងក្រោយ នៃ​កិច្ចប្រជុំនេះ ក្រុមប្រទេសអារ៉ាប់ និងអ៊ីស្លាម បាន​បដិសេធចោល ចំពោះការលើកឡើងរបស់អ៊ីស្រាអែល ដែលអះអាងថាខ្លួនមាន “សិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន​”។ បន្ថែមពីនេះ​​ ​ក្រុមប្រទេស​អារ៉ាប់ និងអ៊ីស្លាម បានអំពាវនាវទៅកាន់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ថាត្រូវតែចេញ សេច​ក្ដី​សម្រេចចិត្តរួមមួយ ដែលមានកម្លាំងចាប់បង្ខំ ធ្វើឲ្យ​អ៊ីស្រាអែលបញ្ឈប់សង្គ្រាមនេះជាបន្ទាន់​។ ទាក់ទិននឹង​អនាគតនៃតំបន់​ហ្កាហ្សាវិញ ក្រុមប្រទេសអារ៉ាប់និងអ៊ីស្លាម បាន​យល់ស្របគ្នា ដោយ​បានច្រានចោលរាល់ដំណោះស្រាយនយោបាយទាំងអស់ ទៅថ្ងៃអនាគត ដែលផ្តាច់ដែនដីតំបន់ហ្កាហ្សា ពីដែនដី​តំបន់ស៊ីហ្សកដានី​។

យ៉ាងណាក៏ដោយ កិច្ចប្រជុំនៅទីក្រុងរីយ៉ាត បានរំលេចឲ្យ​ឃើញ ពី​ការខ្វែងគំនិតគ្នាខ្លាំង រវាង​ប្រទេសអារ៉ាប់ និង​ប្រទេសអ៊ីស្លាម ទាក់ទិន​នឹង​វិធានការឆ្លើយតបទៅកាន់អ៊ីស្រាអែល។ ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ៃស៊ី បានប្រកាសថា ត្រូវតែ​ចាត់ទុក​កងទ័ពអ៊ីស្រាអែលជា​ “អង្គភាព​ភេរវកម្ម​”។ អាល់ហ្សេរី និងលីបង់ បានចេញមុខទាមទារ​ ថាត្រូវតែផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ​និងការទូតទាំងស្រុងជាមួយអ៊ីស្រាអែល និងបានអំពាវនាវឲ្យ​ប្រទេសអារ៉ាប់ត្រូវតែ​ឈប់លក់ប្រេង​ឲ្យអ៊ីស្រាអែល។ ក៏ប៉ុន្តែ​គំនិត​នេះ ត្រូវបាន​ប្រទេស៣បដិសេធ ក្នុងនោះមាន​ ​អេមីរ៉ាតអារ៉ាប់រួម និង​បារ៉ែន​។​

គួរកត់សំគាល់ដែរថា មិនថាប្រធានាធិបតីតួកគី មិនថាភាគីអារ៉ាប៊ីសាអូឌីត បាន​លើកឡើងដូចគ្នា ដោយ​បាន​រិះគន់​គោលជំហររបស់​ក្រុមប្រទេសលោក​ខាងលិច ថា​គាំទ្រកាន់ជើងអ៊ីស្រាអែលជ្រុលហួសហេតុ មិនខ្វល់ពីអាយុជីវិតជនស្លូតត្រង់ប៉ាឡេស្ទីន​។ លោក ម៉ាសមូដ អាបាស ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីនវិញ បានថ្លែងថា សហរដ្ឋអាមេរិក​ មានទំនួលសុខត្រូវធំណាស់ក្នុងបញ្ហានេះ ព្រោះសហរដ្ឋអាមេរិក​មានឥទ្ធិពលទៅលើអ៊ីស្រាអែល​។ ចំណែក​​ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ បាន​លើកឡើងថា មធ្យោបាយតែមួយគត់ ដើម្បីកសាងសន្តិភាព និង​ស្ថិរភាព គឺអ៊ីស្រាអែលត្រូវតែបិទបញ្ចប់​ការដាក់អាណានិគម នៅលើដែនដីប៉ាឡេស្ទីន​។

ដោយឡែក លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បានថ្លែងតាមកញ្ចក់ទូរទស្សន៍​កាលពីល្ងាចថ្ងៃសៅរ៍​ថា ក្រុមប្រទេសអារ៉ាប់ គួរណាតែ​ក្រោកឈរឡើង​ប្រឆាំងនឹងក្រុមហាម៉ាស ព្រោះថាក្រុមនេះ ជាក្រុម​ភេរវកម្ម ជា​អាយ៉ងដៃជើង​របស់អ៊ីរ៉ង់ មិនខុសពីក្រុមហេសបូឡានៅ​លីបង់ ឬក្រុមហ៊ូទីនៅយេម៉ែនឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ