អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អារ៉ាប៊ីសាអូឌីត ដឹកនាំការប្រជុំ​បន្ទាន់​រវាង​ក្រុមប្រទេសអារ៉ាប់អ៊ីស្លាម ស្តីពីបញ្ហាតំបន់ហ្កាហ្សា

ថ្ងៃសៅរ៍ ទី១១វិច្ឆិកា នៅទីក្រុងរីយ៉ាត រដ្ឋធានី​អារ៉ាប៊ីសាអូឌីត មានកិច្ចប្រជុំបន្ទាន់​មួយ រវាង​ថ្នាក់ដឹកនាំ​នៃបណ្តាប្រទេសអារ៉ាប់និងអ៊ីស្លាម ដើម្បី​និយាយ​អំពីបញ្ហាសង្គ្រាម​នៅ​​តំបន់​ហ្កាហ្សា។ ក្រៅពីប្រធានាធិបតីតួកគី ប្រធានាធិបតី​ស៊ីរី ព្រមទាំង​មេដឹកនាំកាតា លោកអ៊ី​ប្រាហ៊ីម រ៉ៃស៊ី ប្រធានាធិបតីអ៊ីរ៉ង់ ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ​។​ អារ៉ាប៊ីសាអូឌីត កំពុងតែប្រើឥទ្ធិពលខ្លួន​ក្នុងជានាម​មេដឹកនាំ​ក្រុមប្រទេសអារ៉ាប់ ដើម្បី​ដាក់​សំពាធទៅ​លើ​អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ថាត្រូវតែបញ្ឈប់​សង្គ្រាមបាញ់​ប្លោងគ្រាប់​សម្លាប់ជនស៊ីវីល​ប៉ាឡេស្ទីន​។

Heads of states stand for family photo during Organisation of Islamic Cooperation (OIC) summit in Riyadh, Saudi Arabia, November, 11, 2023. Saudi Press Agency/Handout via REUTERS ATTENTION EDITORS - T
ថ្នាក់ដឹកនាំក្រុមប្រទេសសមាជិកអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) មកប្រជុំបន្ទាន់អំពី​បញ្ហាតំបន់ហ្កាហ្សា នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី​១១ វិច្ឆិកា ២០២៣ VIA REUTERS - SAUDI PRESS AGENCY
ផ្សាយពាណិជ្ជកម្ម

តាមការរំពឹងទុក កិច្ចប្រជុំកំពូលនៃបណ្តាថា្នក់ដឹកនាំប្រទេសអារ៉ាប់និងអ៊ីស្លាមនេះ នឹងប្រកាស​ថ្លែងការថ្កោលទោសធ្ងន់​ៗ ចំពោះ​ការបាញ់​ប្លោងគ្រាប់ ដែល​អ៊ីស្រាអែលបានធ្វើទៅ​លើតំបន់ហ្កាហ្សា ប្រមាណ​១ខែមកនេះ។​ ការទម្លាក់គ្រាប់បែក ដែល​បាន​ធ្វើ​ឲ្យ​ជនស៊ីវីល​ប៉ាឡេស្ទីន ស្លាប់​យ៉ាងហោច ១១០០០នាក់ និងរាប់ម៉ឺននាក់ទៀតត្រូវរត់ភៀសខ្លួន​។

មុននឹងចេញដំណើរទៅ​កាន់ក្រុងរីយ៉ាត លោក​អ៊ីប្រា​ហ៊ីម រ៉ៃស៊ី ប្រធានាធិបតី​អ៊ីរ៉ង់ បានថ្លែងថា ដល់ពេលហើយ ដែលត្រូវ​ឈប់និយាយត្រឹមតែសម្តី​​ ហើយត្រូវធ្វើអ្វី​ម្យ៉ាងឲ្យជាក់ស្តែង​។ ជាថ្មីម្តងទៀត លោក​អ៊ីប្រាហ៊ីម រ៉ៃស៊ី បាន​ទម្លាក់កំហុសទៅលើសហរដ្ឋអាមេរិក ដោយចោទថាអាមេរិកមាត់និយាយផ្សេង តែ​ទង្វើធ្វើផ្សឹង។​ នៅក្នុងសុន្ទរកថាចំពោះមុខថ្នាក់ដឹកនាំអារ៉ាប់នៅរីយ៉ាត​ លោក​ប្រធាធិបតី​អ៊ីរ៉ង់ បានអំពាវនាវថា ត្រូវតែ​រួមគ្នាប្រកាសចាត់ទុកកងទ័ពអ៊ីស្រាអែល ជា “អង្គការភេរវកម្ម”។ លោកអ៊ីប្រាហ៊ីម រ៉ៃស៊ី បន្តទៀតថា ក្រុមប្រទេសអារ៉ាប់អ៊ីស្លាម ត្រូវតែត្រៀមជួយផ្តល់អាវុធដល់ប៉ាឡេស្ទីន ប្រសិន​បើអ៊ីស្រាអែលមិនបញ្ឈប់សង្គ្រាមនេះទេនោះ។​

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ មេដឹកនាំអារ៉ាប៊ីសាអូឌីត បានប្រកាសថ្កោលទោស ចំពោះសង្គ្រាម​ដែល​បាន​ផ្តាច់ជី​វិតជនស៊ីវីលប៉ាឡេស្ទីន បំពាននឹងច្បាប់អន្តរជាតិ ធ្វើឡើងដោយ​អ៊ីស្រាអែល​។ នេះជាលើកទី១ហើយ ដែល​មេដឹកនាំអារ៉ាប៊ីសាអូឌីត ចេញមុខថ្កោលទោសអ៊ីស្រាអែល ខណៈសង្គ្រាម​បានផ្ទុះឡើងអស់រយៈពេល​១ខែមកហើយ​។ ប្រតិកម្មដ៏យឺតយ៉ាវនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការស្ទាក់ស្ទើព្រោះ​អារ៉ាប៊ីសាអូឌីត មានទំនាក់ទំនងស្អិតជាមួយអាមេរិក ហើយ​ក៏កំពុងតែចង់​ងាកទៅភ្ជាប់ទំនាក់ទំនង ​ជាមួយអ៊ីស្រាអែលដែរ​។​

គួរកត់សំគាល់ថា តំបន់ដើមបូព៌ាទាំងមូល កំពុងតែក្រេវក្រោធ​ជ្រួលច្របល់យ៉ាងខ្លាំង បន្ទាប់ពី​អ៊ីស្រាអែល​បាន​បើកការធ្វើសង្គ្រាម ​ទៅលើក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់​ហ្កាហ្សា។ ចាប់តាំងពីថ្ងៃ​៧តុលាមក អ៊ីស្រាអែលបានបាញ់​ប្លោងមីស៊ីលជញ្ជ្រំ​គ្មានលោះថ្ងៃ ហើយ​បានបញ្ជូនកងទ័ពសម្រុកចូលទៅ​ក្នុងតំបន់ហ្កាហ្សា ដើម្បី​កំទេចក្រុមហាម៉ាស។ ភាគីអ៊ីស្រាអែល បានអះអាងថាខាងគេមិនបានជ្រើសរើសធ្វើសង្គ្រាមនេះទេ។ តែគឺក្រុមភេរវកម្ម​​ហាម៉ាស​ ដែលបាន​បំផ្ទុះសង្គ្រាមនេះឡើង តាមរយៈការចូលមកសម្លាប់ប្រជាជនស៊ីវីល នៅខាងទឹកដីអ៊ីស្រាអែល ចំនួន​ប្រមាណ​១២០០នាក់ និង​បានចាប់ចំណាប់ខ្មាំង​ជាង​២៣០នាក់ថែមទៀត។ ជាងនេះទៀត ក្រុមហាម៉ាសបានយកប្រជាជនស៊ីវីលប៉ាឡេស្ទីន ធ្វើជាខែលការពារខ្លួន ដោយ​បាន​ជីករូងលាក់ខ្លួន​ក្រោមដី​ នៅខាងក្រោមមន្ទីរពេទ្យ​។

យ៉ាងណាក៏ដោយ តាមរយៈការប្រជុំបន្ទាន់នៅទីក្រុងរីយ៉ាតនាពេលនេះ អ្វីដែលគេសង្កេតឃើញ គឺការខិតចូលជិតគ្នា រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលប្រទេសអ៊ីស្លាមទាំង២នេះ ធ្លាប់ជាគូប្រជែងគ្នាក្នុងតំបន់ ហើយ​ងាកមករួមគ្នាថ្កោលទោសអ៊ីស្រាអែល​។​ ទោះចង់មិនចង់ សង្គ្រាម​ដែលក្រុមហាម៉ាសបាន​បំផ្ទុះឡើង នៅតំបន់ហ្កាហ្សានេះ បានធ្វើ​ឲ្យ​សន្ទុះនៃការភ្ជាប់ទំនាក់ទំនងរវាង​អ៊ីស្រាអែល ជាមួយបណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងអាប្រាហាំ ត្រូវអាក់ខាន​កកស្ទះ​មួយរំពេច។

លោក Aziz Alghashian អ្នកវិភាគ​នយោបាយការបរទេសម្នាក់​នៅអារ៉ាប៊ីសាអូឌីត បាន​លើកឡើងថា កាលៈទេសៈនេះ នឹងជំរុញ​ឲ្យ​​ក្រុមប្រទេសអារ៉ាប់និង​អ៊ីស្លាម​ ត្រូវតែ​រួមគ្នាឈរ​លើសមរភូមិការទូតតែមួយ ដើម្បី​ចង្អុរមុខអ៊ីស្រាអែល​ផង និង​ចង្អុរមុខក្រុមប្រទេសលោកខាងលិច ដែលមានអាមេរិកជាមេដឹកនាំផង។ តែយ៉ាងណាក៏ដោយ​ កម្លាំងសាមគ្គីជាធ្លុងមួយរវាង​ក្រុមប្រទេសអារ៉ាប់អ៊ីស្លាម មិនមែនជារឿងងាយធ្វើបានទេ ព្រោះប្លុក២បានបែងចែកគ្នាទៅហើយ រវាងក្រុមអ្នកចង់​ផ្តាច់ទំនាក់ទំនងទាំងស្រុង​ជាមួយអ៊ីស្រាអែល និងក្រុមមួយទៀតដែល​ចង់រក្សាទុក​បណ្តាញទាក់ទងខ្លះ ដើម្បីចរចាការទូតជាមួយអ៊ីស្រាអែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ