អានតួអត្ថបទ

អ៊ីរ៉ង់ព្រមានពីការផ្ទុះសង្រ្គាមក្នុងតំបន់ បើសិន​អ៊ីស្រាអែល​បើកការវាយលុកជើងគោក​ចូល​ហ្កាហ្សា

អ៊ីស្រាអែល​ទន្ទឹង​បើក​សមរភូមិ​ប្រយុទ្ធ​ជើងគោក​វាយលុក​ចូល​ក្នុងទឹកដី ហ្កាហ្សា ដើម្បី បោសសម្អាត​ក្រុមហាម៉ាស​ប៉ាឡេស្ទីន ដែលបាន​វាយឆ្មក់​ សម្លាប់​ប្រជាជន​អ៊ីស្រាអែលប្រមាណ ១៣០០​នាក់ កាល​ពី​ថ្ងៃទី ៧តុលា។ ក្នុង​ពេល​ត្រៀមវាយលុក​ចូលទឹកដី​ហ្កាហ្សា អ៊ីស្រាអែល​កំពុង​ប្រឈម​នឹង​សមរភូមិប្រយុទ្ធ​មួយទៀត​ពី​ខាង​ទឹកដី​លីបង់ ជាទី​ដែលក្រុមអេស្បូឡា​លីបង់ និង​សកម្មជនប៉ាឡេស្ទីន​គាំទ្រ​ដោយ​ក្រុមនេះ បាញ់​គ្រាប់រ៉ូកែត សម្លាប់​ទាហានអ៊ីស្រាអែល​ម្នាក់ នៅថ្ងៃ​អាទិត្យទី ១៥​តុលា។ នៅក្នុងដំណើរទស្សនកិច្ចនៅ​ចុងសប្តាហ៍នេះ​ ទៅកាន់​ប្រទេសលីបង់ អ៊ីរ៉ាក់ ហើយនិងស៊ីរី ​ដែលស្ថិតក្រោម​ឥទ្ធិពល​របស់​អ៊ីរ៉ង់ រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​ព្រមាន​អ៊ីស្រាអែល​ពីផលវិបាកធ្ងន់ធ្ងរ និង​ការរីករាលដាល​ទៅជា​សង្រ្គាមតំបន់ ​បើសិន​អ៊ីស្រាអែលនៅតែ​បន្តមហិច្ឆតា​វាយលុក ជើងគោក​ចូល​ទឹកដីហ្កាហ្សា។

អ្នកពន្លត់អគ្គិភ័យ​ក្នុងទីក្រុង​អ៊ីស្រាអែលរងការវាយប្រហារ​គ្រាប់រ៉ូកែត​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន កាលពីថ្ងៃទី ៨​តុលា ២០២៣
អ្នកពន្លត់អគ្គិភ័យ​ក្នុងទីក្រុង​អ៊ីស្រាអែលរងការវាយប្រហារ​គ្រាប់រ៉ូកែត​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន កាលពីថ្ងៃទី ៨​តុលា ២០២៣ REUTERS - AMIR COHEN
ផ្សាយពាណិជ្ជកម្ម

 

សងសឹកនឹងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបាន​បើកការវាយឆ្មក់ចូល និង​សម្លាប់​ប្រជាជនអ៊ីស្រាអែល ដ៏ច្រើន​មិនធ្លាប់មាន​នៅក្នុងប្រវត្តិរបស់​ខ្លួន អ៊ីស្រាអែល​បាន​ប្រកាស​សង្រ្គាម វាយកម្ទេចទាំងស្រុង ចលនា​ហាម៉ាស នៅក្នុង​ទឹកដីហ្កាហ្សា។ នៅព្រឹកថ្ងៃអាទិត្យ កងទ័ព រថក្រោះ កាំភ្លើងធំ​របស់​អ៊ីស្រាអែល ត្រូវ​បាន​ពង្រាយ​នៅតាម​ព្រំដែនជាប់ហ្កាហ្សា ដើម្បីត្រៀមវាយលុក នៅបន្ទាប់ពី ប្រជាជន​ប៉ាឡេស្ទីន​ត្រូវ​ជម្លៀសចេញអស់​ពីភាគខាងជើង​ហ្កាហ្សា។

មាន​ការព្រួយបារម្ភ​ថា ការវាយលុកផ្លូវគោក​របស់​កងទ័ពអ៊ីស្រាអែល​ទៅក្នុង​ទឹកដី​ហ្កាហ្សា ដែលមាន​ប្រជាជន​ប៉ាឡេស្ទីន រស់នៅជាង ២លាននាក់​មិនត្រឹមតែ​បង្ក​ឲ្យ​មាន​មហន្តរាយសម្លាប់​ជីវិត​មនុស្ស ប៉ុន្តែ វាអាច​នឹង​ឆេះរាលដាល​ទៅជា​សង្រ្គាមក្នុងតំបន់។ នៅក្នុងដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេសដែលស្ថិតក្រោមឥទ្ធិពលរបស់អ៊ីរ៉ង់ ដូចជា​អ៊ីរ៉ាក់ ស៊ីរី និង​លីបង់ កាល​ពីថ្ងៃ​សៅរ៍ ប្រមុខការ​បរទេស​អ៊ីរ៉ង់ លោក ហូសេន អាមី អាប់ឌូឡា​បាន​ព្រមានអ៊ីស្រាអែល​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើសិន​អ៊ីស្រាអែល​មិនព្រមបញ្ឈប់សកម្មភាពយោធា​ទៅលើ​ទឹកដីហ្កាហ្សា។

នៅក្រោយការជួបពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ អ៊ីរ៉ង់​អះអាង​ថា សម្ព័ន្ធមិត្ត​របស់ខ្លួន នឹងមិនឈរ​ឱបដៃ បណ្តោយ​ឲ្យ​អ៊ីស្រាអែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ប្រល័យពូជសាសន៍​នៅក្នុង​ទឹកដីហ្កាហ្សា។ នៅក្នុងសន្និសីទកាសែត នៅទីក្រុង​Beirut កាលពីថ្ងៃសៅរ៍ ​ប្រមុខការបរទេស​អ៊ីរ៉ង់និយាយថា លោក​បានដឹងថា ក្រុមអេស្បូឡា​នៅលីបង់​ដែលជាសម្ព័ន្ធមិត្ត​របស់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​បានរៀបចំ សេណារីយ៉ូ ​ជាច្រើន​ដែលនឹង​អាច​ធ្វើ​ឲ្យ​អ៊ីស្រាអែល​រងគ្រោះធ្ងន់ធ្ងរ ដូច​ត្រូវ​រញ្ជួយដី។

អ៊ីស្រាអែល​ធ្លាប់ចាត់ទុក​ក្រុមអេស្បូឡាលីបង់​ថា ជា​គ្រោះថ្នាក់គំរាមភ្លាមៗសម្រាប់សន្តិសុខ​អ៊ីស្រាអែល។ មាន​សមាជិកប្រយុទ្ធជាច្រើនពាន់នាក់ ដែលធ្លាប់ចេញទៅប្រយុទ្ធ​ក្នុងសង្រ្គាមនៅស៊ីរី ក្រុមអេស្បូឡា ដែលគាំទ្រ​ពីក្រោយ​ដោយ​អ៊ីរ៉ង់ ធ្លាប់ប៉ះទង្គិចអាវុធជាច្រើនដងជាមួយអ៊ីស្រាអែល និង​មាន​រ៉ូកែត និងមីស៊ីលជាង ១៥០ ០០០គ្រាប់​ដែល​បាញ់​ដល់គ្រប់កន្លែង​ក្នុងទឹកដី​អ៊ីស្រាអែល។ ចាប់តាំង​ពីមានជម្លោះប្រដាប់អាវុធ អ៊ីស្រាអែល និង​ក្រុមហាម៉ាស នៅជាង​១សប្តាហ៍មកនេះ អ៊ីស្រាអែល​បាន​បាញ់ប្លោង​សំដៅ​ក្រុមអេស្បូឡា​ដែល​អ៊ីស្រាអែល​ចោទថា ជាអ្នក​បាញ់​គ្រាប់រ៉ូកែត ​២ដង​ចូលទឹកដី​អ៊ីស្រាអែល។ នៅថ្ងៃអាទិត្យ គ្រាប់រ៉ូកែត​របស់​ក្រុមអេស្បូឡា​ទៅលើ​ទីតាំង​យោធានៅជាប់ព្រំដែនអ៊ីស្រាអែល លីបង់ សម្លាប់​ទាហាន​អ៊ីស្រាអែល១នាក់ និង​របួសជាច្រើននាក់។ រដ្ឋាភិបាល​អ៊ីស្រាអែល​បញ្ជាក់ថា គេ​បាន​បិទព្រំដែនប្រវែង ៤គីឡូម៉ែត្រ​ជាមួយលីបង់ចាប់ពីថ្ងៃអាទិត្យនេះតទៅ។

នៅក្នុង​សារព្រមាន​ដាច់ដោយឡែក​មួយទៀត​របស់​អ៊ីរ៉ង់ ទៅកាន់​អ៊ីស្រាអែល តាមរយៈ​ប្រេសិត​របស់អង្គការសហប្រជាជាតិ អ្នកតំណាង​អ៊ីរ៉ង់ នៅ​អង្គការ​សហប្រជាជាតិ​បាន​អះអាងថា អ៊ីរ៉ង់​នឹង​អាច​លូកដៃ បើសិន​អ៊ីស្រាអែល​នៅតែ​ចង់​វាយលុកផ្លូវគោក​ចូលទឹកដីហ្កាហ្សា។ ប្រទេសលោកខាងលិច នាំមុខ​ដោយ​អាមេរិក​និង​បារាំងបាន​អំពាវនាវ​ឲ្យ​ប្រទេសអ៊ីរ៉ង់ និង​លីបង់​ស្ថិតនៅក្រៅ ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីជៀសវាង​ការរីករាលដាលទៅជា​សង្រ្គាមក្នុងតំបន់។

ប៉ុន្តែ ប្រមុខការទូតអ៊ីរ៉ង់​បានប្រតិកម្មចំអកទៅ​វិញ ដោយថា អាមេរិកអំពាវនាវ​ឲ្យគ្រប់គ្នាអត់ធ្មត់ ប៉ុន្តែ ផ្ទុយទៅវិញ បិទភ្នែកទុក​ឲ្យ​រដ្ឋជ្វីហ្វ​ដូចជាអ៊ីស្រាអែល​បន្តឧក្រិដ្ឋកម្ម សម្លាប់​មនុស្សស្រី កុមារ និងប្រជាជន​ស៊ីវិល​នៅហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ