អានតួអត្ថបទ
អ៊ីស្រាអែល-អាល្លឺម៉ង់

អាមេរិកបើកភ្លើងខៀវឲ្យអ៊ីស្រាអែលលក់ប្រព័ន្ធខែលមីស៊ីលទៅឲ្យអាល្លឺម៉ង់

នៅក្នុងសេចក្តីប្រកាស​នៅថ្ងៃព្រហស្បតិ៍ ទី ១៧​សីហា ក្រសួងការពារជាតិអ៊ីស្រាអែលបាន​អះអាងថា អាមេរិកយល់ព្រមតាមការទាមទារ​របស់​អ៊ីស្រាអែលដែលចង់​លក់នាំចេញប្រព័ន្ធខែលមីស៊ីលឈ្មោះ Arrow 3 ទៅឲ្យប្រទេសអាល្លឺម៉ង់។ តាម​ក្រសួងការពារជាតិអ៊ីស្រាអែល នៅប៉ុន្មានសប្តាហ៍ខាងមុខ មន្រ្តីយោធាជាន់ខ្ពស់របស់អ៊ីស្រាអែល និងអាល្លឺម៉ង់​នឹង​ចុះហត្ថលេខាលើឯកសារយល់ព្រមព្រៀងទិញប្រព័ន្ធខែលមីស៊ីល Arrow 3 ដែលមានតម្លៃសរុប៣៥០០លានដុល្លារ។

ទាហានអ៊ីស្រាអែលរត់រកកន្លែងជ្រក នៅពេលប្រព័ន្ធខែលមីស៊ីលIron Domeចាប់ផ្តើមបាញ់ស្ទាក់គ្រាប់រ៉ុកក្កែតរបស់ពួកហាម៉ាសប៉ាឡេស្ទីន
ទាហានអ៊ីស្រាអែលរត់រកកន្លែងជ្រក នៅពេលប្រព័ន្ធខែលមីស៊ីលIron Domeចាប់ផ្តើមបាញ់ស្ទាក់គ្រាប់រ៉ុកក្កែតរបស់ពួកហាម៉ាសប៉ាឡេស្ទីន AP - Ariel Schalit
ផ្សាយពាណិជ្ជកម្ម

អាមេរិកយល់ព្រមឲ្យអ៊ីស្រាអែលលក់ប្រព័ន្ធខែលមីស៊ីល Arrow 3​ ដែលអាល្លឺម៉ង់បានចរចា ចង់ទិញតាំងពីឆ្នាំមុន។ ប្រព័ន្ធខែលមីស៊ីល Arrow 3ជាលទ្ធផលនៃគម្រោងស្រាវជ្រាវ និងការអភិវឌ្ឍរួមគ្នា​រវាង​ទីភ្នាក់ងារការពារដែនអាកាសអាមេរិក និង​អង្គការ​ការពារដែនអាកាសអ៊ីស្រាអែល ប៉ុន្តែ ផលិតឡើង​នៅក្នុងទឹកដីអ៊ីស្រាអែល។ ជាមួយការបើកភ្លើងខៀវរបស់អាមេរិក​ អ៊ីស្រាអែលសម្រេចបាន​កិច្ចព្រមព្រៀងលក់សព្វាវុធដ៏សំខាន់ក្នុងទឹកប្រាក់មហាសាល​ ៣៥០០លានដុល្លារ ដែលមិនធ្លាប់មានក្នុងប្រវត្តិអ៊ីស្រាអែល។

នៅក្នុង​សេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិអ៊ីស្រាអែល​អះអាងថា អ្នកតំណាងអាល្លឺម៉ង់ និង​មន្រ្តីយោធាជាន់ខ្ពស់អ៊ីស្រាអែលនឹង​ចុះហត្ថលេខា​លើឯកសារយល់ព្រមព្រៀងបឋមដែល​នៅក្នុងនោះ អាល្លឺម៉ង់​នឹង​ត្រូវ​បង់ប្រាក់​៦០០លាន​ដុល្លារដំបូង​ ដើម្បីចាប់ផ្តើមដំណើរការផលិតប្រព័ន្ធខែលមីស៊ីល។ ចំណែក​កិច្ចសន្យាពេញលេញស្តីពីការទិញប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែល Arrow 3នឹងត្រូវ​ចុះ​ហត្ថលេខាយ៉ាងយូរបំផុត​នៅចុងឆ្នាំ​២០២៣ នៅបន្ទាប់ពីមានការបោះឆ្នោតយល់ព្រមពីសភា​របស់​ប្រទេស​ទាំងពីរ។

អាល្លឺម៉ង់វិញគ្រោងទទួល​ប្រព័ន្ធខែលមីស៊ីលរបស់អ៊ីស្រាអែល​នៅខ្ទង់ត្រីមាសទី​៤ ចុងឆ្នាំ ២០២៥។ ដោយសារ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អាល្លឺម៉ង់​ចង់បានប្រព័ន្ធខែលមីស៊ីលរបស់អ៊ីស្រាអែល ដើម្បីយកទៅ​ការរពារដែនអាកាសរបស់ខ្លួន​ ពោលគឺនៅបន្ទាប់ពីអាល្លឺម៉ង់ប្រគល់ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលរបស់ខ្លួន IRIS-T និង​ប្រព័ន្ធខែល Patriot ផលិតឡើងនៅអាមេរិក ទៅឲ្យអ៊ុយក្រែន។ ម្យ៉ាង កិច្ចសន្យាទិញប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែលជាផ្នែកមួយនៃ​គម្រោងការពារដែនអាកាសរបស់អឺរ៉ុប ដែលអាល្លឺម៉ង់ជាអ្នកផ្តួចផ្តើមគំនិត និងមានប្រទេស​ចំនួន​១៧ចូលរួម ដូចជា​អង់គ្លេស​ជាដើម។ គម្រោងការពារដែនអាកាសអឺរ៉ុប​អនុញ្ញាត​ឲ្យ​មានការទិញដោះដូរសព្វាវុធគ្នាទៅវិញ ទៅមកដើម្បីពង្រឹងវិស័យការពារអឺរ៉ុប នៅចំពោះមុខការគំរាមកំហែងរបស់រុស្ស៊ី។

សម្រាប់អាល្លឺម៉ង់​ ប្រព័ន្ធខែលមីស៊ីល​អ៊ីស្រាអែល ​Arrow 3 ជាមធ្យោបាយដ៏ល្អប្រសើរ ពីព្រោះ​វាជា​ប្រភេទ​មីស៊ីលបាលីស្ទិកអ៊ីពែសូនិក ​ដែល​កសាងឡើងជាពិសេស សម្រាប់​បាញ់​បំផ្លាញកម្ទេច មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ ដែល​ប្រព័ន្ធខែលមីស៊ីលធម្មតា​គ្មាន​សមត្ថភាព​អាចចាប់ស្ទាក់​បាន។

ដោយយកគំរូតាម​ប្រព័ន្ធការពារ​ដែនអាកាសរបស់​អ៊ីស្រាអែល ឈ្មោះ Iron Dome ដែលមាន​សមត្ថភាព​ទប់ស្កាត់ គ្រាប់រ៉ុកក្កែតរបស់​ពួកហាម៉ាស​ប៉ាឡេស្ទីន អាល្លឺម៉ង់​គ្រោង​នឹង​ដាក់ពង្រាយ​ប្រព័ន្ធខែលមីស៊ីល Arrow 3 នៅ​ទីតាំង​៣​កន្លែង​ក្នុងប្រទេសដើម្បីការពារគ្របដណ្តប់ផងដែរ ​ប្រទេស​ជិតខាង​របស់​អាល្លឺម៉ង់ ដូចជា​រូម៉ានី ប៉ូឡូញ និង​ក្រុមប្រទេស​ជាប់សមុទ្រ​បាល់ទិក ដែលមានព្រំដែនជាប់រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ