អានតួអត្ថបទ
តួកគី-សិទ្ធិមនុស្ស

Human Rights Watch ចោទឆ្មាំព្រំដែនតួកគី ថា​ធ្វើទារុណកម្មនិង​បាញ់សម្លាប់ជនភៀសខ្លួនស៊ីរី

អង្គការការពារសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងថា ឆ្មាំព្រំដែនរបស់តួកគី បាន​ប្រើប្រាស់អំពើហិង្សាហួសប្រមាណទៅលើ​ជនភៀសខ្លួនស៊ីរី ដែលឆ្លងព្រំដែន ដូចជា​ការ​ធ្វើទារុណកម្ម និងការបាញ់រះបណ្តាល​ឲ្យ​ស្លាប់​ជាច្រើននាក់។ Human Rights Watch បាន​អំពាវនាវ ហៅ​ឲ្យអាជ្ញាធររដ្ឋាភិបាលតួកគី ត្រូវតែបើកការស៊ើបអង្កេត ទាក់ទិននឹងអំពើរំលោភបំពានសិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរនេះ​។

ជនភៀសខ្លួនស៊ីរី ដែលរងចាំនៅច្រក​ព្រំដែនតួកគី ក្រុង Antakya, ភាគអាគ្នេយ៍​ ថ្ងៃទី ២១ កុម្ភៈ ២០២៣
ជនភៀសខ្លួនស៊ីរី ដែលរងចាំនៅច្រក​ព្រំដែនតួកគី ក្រុង Antakya, ភាគអាគ្នេយ៍​ ថ្ងៃទី ២១ កុម្ភៈ ២០២៣ AP - Unal Cam
ផ្សាយពាណិជ្ជកម្ម

អង្គការ Human Rights Watch បានចេញលិខិតប្រកាស​មួយនៅថ្ងៃព្រហស្បតិ៍ទី​២៧មេសា ដោយ​បាន​លើកឡើងថា ឆ្មាំព្រំដែនតួកគី បាន​បាញ់រះ​ដោយ​មិនរើសមុខ ទៅលើ​ជនភៀសខ្លួនស៊ីវីល​ស៊ីរី ដែលប៉ុនប៉ងឆ្លងព្រំដែនដោយ​ខុសច្បាប់។ នៅមាន​ការប្រើអំពើ​ហិង្សាធ្ងន់ធ្ងរផ្សេងទៀត ដូចជា​ការ​ធ្វើទារុណកម្មជាដើម។

យោងតាមលិខិតនេះ កាលពីថ្ងៃទី​១១មីនា ឆ្មាំព្រំដែនតួកគី បាន​បាញ់រះ និង​ធ្វើទារុណកម្មទៅលើ​ក្រុមជនភៀសខ្លួនស៊ីរី ដែលមាន​គ្នា​៨នាក់។​ បុរសម្នាក់ និង​កុមារម្នាក់ បានស្លាប់ បន្ទាប់ពី​ឆ្មាំព្រំដែន​តួកគីបានចាប់យកទៅដាក់ឃុំ ខណៈ​អ្នកផ្សេងទៀតរងរបួសធ្ងន់។ អង្គការការពារ​សិទ្ធិមនុស្ស​នេះ​ បានរន្ធាន់​ប្រាប់​រដ្ឋាភិបាលតួកគី ត្រូវតែបើកការស៊ើបអង្កេត ចាប់យកមន្ត្រីឆ្មាំព្រំដែនដែល​ធ្វើអំពើហិង្សានេះ មកទទួលទោស។​

លោក Hugh Williamson ប្រធាន​ Human Rights Watch ប្រចាំតំបន់​អឺរ៉ុបនិងអាស៊ីកណ្តាល បាន​អះអាងថា ជាច្រើនឆ្នាំមកនេះ ដែលទាហានយាមព្រំដែនរបស់តួកគី បាន​បាញ់រះសម្លាប់​ជនភៀសខ្លួនស៊ីរីជាច្រើនរយនាក់ ដោយ​រដ្ឋាភិបាលតួកគី មិនព្រមចាត់វិធានការអ្វីសោះ។ លោក​បាន​បន្ថែមថា រដ្ឋាភិបាល​តួកគីមានចិត្តបុណ្យ​ បានទទួល​យក​ជនភៀសខ្លួន​ស៊ីរី ​ជាច្រើន​លាននាក់ពិតមែន​ ​ តែមិនមែនមានន័យថា តួកគីអាចប្រើអំពើហិង្សាហួសប្រមាណជាលក្ខណៈប្រព័ន្ធ​ ទៅលើក្រុមជនភៀសខ្លួនដែលឆ្លងព្រំដែន​ដោយ​ខុសច្បាប់​​ បែបនេះឡើយ​។

គួរបញ្ជាក់ថា យោងតាម​អង្គការ ឃ្លាំមើលសិទ្ធិមនុស្សស៊ីរី OSDH គិតពីដើមឆ្នាំនេះ មាន​ជនភៀសខ្លួនស៊ីរីចំនួន​១២នាក់ ដែលត្រូវបាន​ឆ្មាំព្រំដែនតួកគីបាញ់បណ្តាល​ឲ្យស្លាប់ ព្រមទាំង​២០នាក់រងបួសដោយ​គ្រាប់កាំភ្លើង។

សូមរំលឹកដែរថា គិតចាប់ពីឆ្នាំ​២០១១មក ក្រោយ​ផ្ទុះសង្គ្រាមនៅស៊ីរី តួកគីបានទទួលយកជនភៀសខ្លួនស៊ីរី ប្រមាណជិត​៣លាន​៦សែននាក់។ ថ្វីបើព្រំដែន​រវាងតួកគី និងស៊ីរី ត្រូវបិទយ៉ាងជាប់មែន តែតួកគី​បានអនុញ្ញាតិជារឿយៗ ​ឲ្យ​មាន​រថយន្តដឹកអ្នកជម្ងឺ អ្នករបួសចូលទៅព្យាបាល​នៅតួកគី និងអនុញ្ញាតឲ្យជនភៀសខ្លួនស៊ីរី អាចត្រលប់ទៅសួរសុខទុក្ខក្រុមគ្រួសារ​នៅ​ស៊ីរីដែរ។ ក៏ប៉ុន្តែ​ នៅក្រោយ​គ្រោះធម្មជាតិ​រញ្ជួយដី​ដ៏ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​៦កុម្ភៈ កន្លងទៅនេះ​ អាជ្ញាធរព្រំដែនតួកគីបា ន​រឹតបន្តឹងការយាម​ល្បាតយ៉ាងខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ