អានតួអត្ថបទ
អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់​ប្រកាស​ចង​សម្ព័ន្ធភាព​ការទូត​នឹងគ្នា​ឡើងវិញ ក្រោម​ការផ្សះផ្សារបស់​ចិន

ជាគូ​ប្រជែង ដណ្តើម​ឥទ្ធិពល​គ្នា នៅក្នុងតំបន់ អារ៉ាប៊ី សាអូឌីត និងអ៊ីរ៉ង់​បាន​ប្រកាស កាលពីថ្ងៃ​សុក្រ​ទី ១០មីនាថា​ ប្រទេស​ទាំងពីរ​យល់ព្រម​ស្តារ​ទំនាក់ទំនង​ការទូត​នឹងគ្នា​ឡើងវិញ បន្ទាប់ពី​អាក់ខាន អស់​ជាង ៧ឆ្នាំ។ តាម​សេចក្តីប្រកាសរួម ចេញផ្សាយ​នៅក្រោយ ការចរចា រវាង​អ្នកទទួលខុសត្រូវផ្នែកសន្តិសុខ​របស់​ប្រទេស​ទាំងពីរ នៅទីក្រុង​ប៉េកាំង អ៊ីរ៉ង់ និងអារ៉ាប៊ី សាអូឌីត បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពីការស្តារទំនាក់ទំនង​ការទូត និងការបើក​ដាក់ឲ្យដំណើរការ​ស្ថានទូត នៅក្នុងរយៈពេល ២ខែទៅមុខ។

ទង់ជាតិអ៊ីរ៉ង់ និង​ចិន នៅក្នុងអំឡុង​ទស្សនកិច្ច​របស់ប្រធានាធិបតីអ៊ីរ៉ង់ នៅទីក្រុង​ប៉េកាំង កាលពីថ្ងៃទី ១៤កុម្ភៈ ២០២៣
ទង់ជាតិអ៊ីរ៉ង់ និង​ចិន នៅក្នុងអំឡុង​ទស្សនកិច្ច​របស់ប្រធានាធិបតីអ៊ីរ៉ង់ នៅទីក្រុង​ប៉េកាំង កាលពីថ្ងៃទី ១៤កុម្ភៈ ២០២៣ REUTERS - THOMAS PETER
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត គូសត្រូវធំ​ពីរ នៅ​តំបន់ដើមបូព៌ា បាន​ចាប់ផ្តើម​បើក​ការចរចាសន្តិភាព តាំង​ពី​ឆ្នាំ ២០២១ នៅ​ប្រទេស​អូម៉ង់ និង​នៅអ៊ីរ៉ាក់ នៅ​ឆ្នាំ ២០២២។ ប៉ុន្តែ ទើប​នៅទីក្រុង​ប៉េកាំង កាលពីថ្ងៃ​សុក្រទី ១០​មីនា ដែល​ភាគីទាំងពីរ​ប្រកាស​យល់ព្រមព្រៀង​គ្នា ដើម្បីស្តារ​ឡើងវិញ ទំនាក់ទំនងការទូត អ៊ីរ៉ង់ និងអារ៉ាប៊ី សាអូឌីត។

ស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មាន​អ៊ីរ៉ង់ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រមុខ​ដឹកនាំសាសនា​អ៊ីស្លាមអ៊ីរ៉ង់ លោក​អាលី ស្ហង់ខានី ដែល​បានចុះ​ហត្ថលេខាជាមួយសមភាគីអារ៉ាប៊ី សាអូឌីត បាននិយាយ​ស្វាគម​តួនាទី​របស់​ចិន ដែលគាំទ្រ ដំណើរការចរចា​ដើម្បី​ការខិតចូលជិតគ្នា រវាង​អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត​នៅ​បាន​ថ្លែងអំណរគុណ​អ៊ីរ៉ាក់ និង​រាជាណាចក្រ​អូម៉ង់ ដែល​ធ្លាប់​ផ្តល់​កន្លែងសម្រាប់​ការចរចា នៅ២ឆ្នាំ​ចុងក្រោយ​នេះ។

អ៊ីរ៉ង់ សំបូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម ស្ហ៊ីអ៊ីត និង​អារ៉ាប៊ីសាអូឌីត ស៊ុននីត ចាប់ឈ្លោះគ្នា និង​កាត់ផ្តាច់​ចំណងការទូត​តាំង​ពី​ឆ្នាំ ២០១៦។ នៅ​ឆ្នាំនោះ អារ៉ាប៊ីសាអូឌតី​បាន​ប្រកាស​កាត់ផ្តាច់​ចំណង​ការទូត ជាមួយ​អ៊ីរ៉ង់ នៅបន្ទាប់ពី ក្រុមស្ហ៊ីអ៊ីត​អ៊ីរ៉ង់ លើកគ្នា​វាយប្រហារ​លើ​ស្ថានទូត​អារ៉ាប៊ីសាអូឌីត នៅទីក្រុង​តេហេរ៉ង់ ដើម្បី​សងសឹក​នឹង​អារ៉ាប៊ីសាអូឌីត​ដែល​ប្រហារជីវិតមេដឹកនាំ​សាសនា​និកាយស្ហ៊ីអ៊ីត​នៅអារ៉ាប៊ីសាអូឌីត។

តាម​សេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃសុក្រ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់​ព្រមព្រៀងគ្នាថា នៅក្រោយ​ការចរចា​នៅថ្ងៃសុក្រ រដ្ឋមន្រ្តីការបរទេស​របស់ប្រទេស​ទាំងពីរ​នឹង​ជួបពិភាក្សាគ្នា ដើម្បី​បើក​ស្ថានទូត នៅក្នុងប្រទេស​ទាំងពីរ នៅក្នុងរយៈពេល​២ខែខាងមុខ។

នៅក្នុង​សេចក្តីថ្លែងការណ៍រួម ដែលដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​អារ៉ាប៊ីសាអូឌីត SPA អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់ សម្រេច​ផងដែរ ដាក់​ឲ្យ​ដំណើរការឡើងវិញ នូវ​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការសន្តិសុខ ចុះឆ្នាំ ២០០១ និង​កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម សេដ្ឋកិច្ច​និងការវិនិយោគ។ លើសពីនោះ អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត នៅបាន​បញ្ជាក់​ពី​ឆន្ទៈ​គោរព​គ្នា​ទៅវិញ ទៅមក នៅពេល​និយាយ​ពី​ដែនអធិបតេយ្យភាព និង​ការមិនលូកដៃចូល​កិច្ចការផ្ទៃក្នុងគ្នាទៅវិញ ទៅមក។

កិច្ចព្រមព្រៀងស្តារទំនាក់ទំនង​ការទូតរវាង​អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត​នឹង​អាច​ទៅ​ជួយកាត់បន្ថយ​ភាពតានតឹង និង​ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​តំបន់ ជាពិសេស នៅយេម៉ែន និងស៊ីរី។ ជាក់ស្តែង​នៅ​យេម៉ែន អ៊ីរ៉ង់ គាំទ្រ​ផ្តល់អាវុធ ដល់​ក្រុមឧទ្ទាមហ៊ូទី និកាយស៊្ហីអ៊ីត ដែល​អារ៉ាប៊ី សាអូឌីត​ចោទប្រកាន់ថា ជាមុខសញ្ញា​ដ៏គ្រោះថ្នាក់សម្រាប់សន្តិសុខ​អារ៉ាប៊ីសាអូឌីត។​

អ្នកនាំពាក្យ​ម្នាក់​របស់​សេតវិមាន ទទួលបន្ទុក ផ្នែក​សន្តិសុខ បាននិយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFPថា អាមេរិក​ស្វាគម​រាល់ការប្រឹងប្រែង​ដើម្បីបិទបញ្ចប់​សង្រ្គាម​នៅ​យេម៉ែន និងកាត់បន្ថយភាពតានតឹង​នៅដើមបូព៌ា។ ប៉ុន្តែ សម្រាប់​អតីតឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​នៅ​បារាំង កិច្ចព្រមព្រៀង អ៊ីរ៉ង់ និងអារ៉ាប៊ី សាអូឌីត​មិនមែន​ជាដំណឹង​ល្អ​សម្រាប់​អ៊ីស្រាអែល ដែល​កំពុង​ព្យាយាម​ចងស្ពាន​មេត្រីជាមួយ អារ៉ាប៊ីសាអូឌីត ដើម្បី​ធ្វើឲ្យអ៊ីរ៉ង់​នៅឯកោរ។ ម្យ៉ាង​វា​នឹង​អាច​ទៅគំរាមកំហែង​កិច្ចព្រមព្រៀង​សន្តិភាព Abraham របស់​អាមេរិក ដែល​ទើប​បានផ្ចុងផ្តើម​ឲ្យ​អ៊ីស្រាអែល​ចង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​អារ៉ាប់ពីរ គឺ​អេមីរ៉ាតអារ៉ាប់រួម និង​បារ៉ែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ