អានតួអត្ថបទ
អេមីរ៉ាតអារ៉ាប់រួម-ឧស្ម័នកាបូនិក

មហាសេដ្ឋីប្រេងអេមីរ៉ាត អារ៉ាប់រួមត្រូវបានតែងតាំងជា​ប្រធានសន្និសីទ​អន្តរជាតិស្តីពីអាកាសធាតុCop២៨

ពីរថ្ងៃ​ក្រោយ​ត្រូវ​តែងតាំង​ជាប្រធានដឹកនាំសន្និសីទអន្តរជាតិស្តីពីអាកាសធាតុ Cop28 ម្ចាស់ក្រុមហ៊ុនប្រេងដ៏ធំ​របស់​ប្រទេស​អេមីរ៉ាត អារ៉ាប់រួមបាន​ប្រកាស​អំពាវនាវ​ឲ្យ​ពិភពលោក​កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដោយ​មិនចាំបាច់រករឿង វាយប្រហារ​ឧស្សាហកម្ម​ថាមពល។ ការតែងតាំងមហាសេដ្ឋីប្រេងរបស់​អេមីរ៉ាតអារ៉ាប់រួម ឲ្យធ្វើជា​ប្រធានដឹកនាំសន្និសីទអាកាសធាតុរបស់​អង្គការ​សហប្រជាជាតិ​ នៅ​ឆ្នាំ ២០២៣ ​បាន​បណ្តាល​ឲ្យមាន​ប្រតិកម្ម​រិះគន់​ពីសំណាក់អង្គការ​សកម្មជន​បរិស្ថាន។

ស៊ុលតង់  Ahmed Al Jaber កាន់តំណែងជារដ្ឋមន្រ្តីថាមពលអេមីរ៉ាតអារ៉ាប់រួម និងជាប្រធានក្រុមហ៊ុនប្រេងជាតិ រួមទាំងក្រុមហ៊ុន​ថាមពលកកើតឡើងវិញ Masdar។ លោកទើបត្រូវបាន​តែងតាំងជា​ប្រធានដឹកនាំ​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ Cop២៨ ដែលត្រូវរៀបចំនៅ​ទីក្រុង​ឌូបៃ នៅ​ខែវិច្ឆិកា ឆ្នាំ ២០២៣
ស៊ុលតង់ Ahmed Al Jaber កាន់តំណែងជារដ្ឋមន្រ្តីថាមពលអេមីរ៉ាតអារ៉ាប់រួម និងជាប្រធានក្រុមហ៊ុនប្រេងជាតិ រួមទាំងក្រុមហ៊ុន​ថាមពលកកើតឡើងវិញ Masdar។ លោកទើបត្រូវបាន​តែងតាំងជា​ប្រធានដឹកនាំ​សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ Cop២៨ ដែលត្រូវរៀបចំនៅ​ទីក្រុង​ឌូបៃ នៅ​ខែវិច្ឆិកា ឆ្នាំ ២០២៣ AP - Jon Gambrell
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​មហាសេដ្ឋីប្រេង អេមីរ៉ាត អារ៉ាប់រួមដែលត្រូវ​ធ្វើជា​ម្ចាស់ផ្ទះទទួលរៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ Cop២៨​ ការជ្រើសរើស​​​ម្ចាស់ក្រុមហ៊ុន​ប្រេងឲ្យធ្វើ​ជា​ប្រធាន​សន្និសីទអាកាសធាតុ ជារឿងជៀសមិនផុត។

នៅថ្ងៃព្រហស្បតិ៍ ស៊ុលតង់ Al Jaber ប្រធានក្រុមហ៊ុនប្រេងជាតិ និង​ជា​រដ្ឋមន្រ្តីថាមពល​របស់​អេមីរ៉ាតអារ៉ាប់រួម ត្រូវ​បាន​តែងតាំង​ជា​ប្រធានដឹកនាំ​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ Cop ២៨ ដែលត្រូវ​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឌូបៃ នៅ​ខែវិច្ឆិកា ចុងឆ្នាំនេះ។

នៅក្នុង​វេទិកាស្តីពីថាមពល​ដែលរៀបចំ​ ​នៅទីក្រុង​អាប៊ូដាប៊ី នៅថ្ងៃ​សៅរ៍​នេះ អនាគត​ប្រធានសន្និសីទអាកាសធាតុ បានអំពាវនាវ​ឲ្យ​ពិភពលោក​ផ្តោតសំខាន់ទៅលើ​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក​ ដោយ​មិនចាំបាច់ត្រូវបែរខ្នង​ដាក់ការរីកចម្រើនដែលបាន​មកពីឧស្សាហកម្ម​ថាមពល ពោល​គឺ​ដោយមិនចាំបាច់កាត់បន្ថយការផលិតប្រេង។ “ជំរុញ​កំណើនសេដ្ឋកិច្ចជាមួយការ​បញ្ចេញឧស្ម័នកាបូនិកកាន់តែតិច គឺ​ជាអនាគត​។ យើង​កំពុងធ្វើការ​ជាមួយដៃគូឧស្សាហកម្ម​ថាមពល​ដើម្បី​បង្កើនល្បឿនកាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក ជាពិសេស​ឧស្ម័ន​មេតាន និងជំរុញ​ការអភិវឌ្ឍ​ឧស្ម័ន​អ៊ីដ្រូសែន។​​​​​​​” នេះជាការអះអាង​របស់​ស៊ុលតង់ Al Jaber។

រងការចោទប្រកាន់ថា ជា​ប្រភពបញ្ចេញឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់​ដែលជាដើមហេតុ​នៃការឡើងកំដៅផែនដី ក្រុមប្រទេសមហាសេដ្ឋីប្រេង ដែលមាន​អេមីរ៉ាត​អារ៉ាប់រួមដែរនោះធ្លាប់​ប្រកាស​នយោបាយកាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក ប៉ុន្តែ នៅតែ​មិន​ព្រមបន្ថយ​ល្បឿនក្នុងការផលិតប្រេង ឧស្ម័ន ដែល​ជាប្រភពបញ្ចេញ​ឧស្ម័នកាបូនិក។ ជាក់ស្តែង គេ​បានទាមទារ​ឲ្យមានការវិនិយោគ​ច្រើនជាង ៦០០ពាន់លាន​ដុល្លារ ដើម្បី​ធានាការ​ផ្គត់ផ្គង់ប្រេង និង​ឧស្ម័នសម្រាប់តម្រូវការពិភពលោក ពីពេលនេះ ដល់ឆ្នាំ ២០៣០។

សម្រាប់​អង្គការ សកម្មជន​ការពារ​បរិស្ថាន ការតែងតាំងប្រធានក្រុមហ៊ុន​ប្រេងអេមីរ៉ាតអារ៉ាប់រួម ឲ្យធ្វើជាប្រធាន​សន្និសីទអាកាសធាតុរបស់​អង្គការ​សហប្រជាជាតិ ស្តែង​ឲ្យឃើញ ពីជម្លោះផលប្រយោជន៍ដ៏គួរឲ្យអាស្រូវបំផុត។ សម្រាប់​ប្រធាន​អង្គការ​Actionaid ការតែងតាំង​មហាសេដ្ឋីប្រេង​ដែលជាអ្នកទទួលខុសត្រូវ​បញ្ចេញ​ឧស្ម័នកាបូនិក​ឲ្យធ្វើ​ជា​ប្រធានសន្និសីទអាកាសធាតុ ប្រៀប​ដូចជា​បញ្ជូន​កូនមាន់​ឲ្យ​ទៅនៅក្នុង​កណ្តាប់ដៃ​គ្រប់គ្រង​របស់​សត្វកញ្ច្រោង។

នៅក្នុងសន្និសីទ​អន្តរជាតិស្តីពី អាកាសធាតុ​Cop ២៧​នៅប្រទេសអេហ្ស៊ីប នៅ​ចុងឆ្នាំ ២០២២ អេមីរ៉ាតអារ៉ាប់រួម​ធ្លាប់រងការចោទប្រកាន់ថា បាន​បញ្ជូនមន្រ្តី​របស់ខ្លួនឲ្យ​​ទៅធ្វើ​Lobbyខ្លាំង ដើម្បីកុំ​ឲ្យគេ​និយាយ​ពីរឿងកាត់បន្ថយការប្រើប្រាស់ប្រេង នៅក្នុងសេចក្តីសម្រេច​ស្តីពីការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ដែរថា ស៊ុលតង់ Al Jaber មានតំណែងផងដែរ​ជាប្រធានក្រុមហ៊ុន​ថាមពលកកើតឡើងវិញ​នៅអេមីរ៉ាតអារ៉ាប់រួម ឈ្មោះ Masdar។ អតីត​អ្នកទទួលខុសត្រូវ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ លោក​Yvo de Boer បាន​សំដែងការគាំទ្រ​បេក្ខភាព​របស់​ស៊ុលតង់ Al Jaber ព្រោះថា អេមីរ៉ាត អារ៉ាប់រួម​ជាប្រទេស​សំខាន់​បំផុត​ដែលវិនិយោគ​ច្រើន​លើ​ថាមពល​កកើតឡើង​វិញ ទាំងនៅក្នុងប្រទេស និងនៅបរទេស។ ការឡើងកំដៅផែនដី​ជា​ប្រធានបទសំខាន់​សម្រាប់​ប្រទេស​វាលខ្សាច់រហោឋាន​ដូចជា​អេមីរ៉ាតអារ៉ាប់រួម​។ តាម​ការសិក្សា​នៅឆ្នាំ ២០២១ តំបន់មួយចំនួន​នៃ​ឈូងសមុទ្រពែរ្ស​ដែលកន្លែងខ្លះអាច​មាន​សីតុណ្ហភាព​៥០អង្សា អាច​ក្លាយ​ជាកន្លែងដែលគេមិនអាចរស់នៅបាន ពីពេលនេះ ដល់​ចុងសតវត្សរ៍៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ