អានតួអត្ថបទ

សម្ព័ន្ធអារ៉ាប់​បើក​ជំនួបកំពូល​ក្នុង​បរិបទ​តានតឹង​រវាង​ប្រទេស​សមាជិក

បន្ទាប់ពីអាក់ខាន មិនបាន​រៀបចំ​ចំនួន​៣ឆ្នាំ ដោយសារ​វិបត្តិកូវីដ សម្ព័ន្ធអារ៉ាប់​បាន​បើកជំនួបកំពូល នៅ​ថ្ងៃ​អង្គារ​ទី ១​វិច្ឆិកា នៅ​អាល់ហ្សេរី ដែលជា​ប្រទេស​ម្ចាស់ផ្ទះ។ នៅពេល​សម្ព័ន្ធអារ៉ាប់​មាន​ប្រទេស​សមាជិក​សរុប ២២ ប្រទេស មេដឹកនាំ​របស់​ប្រទេស​អារ៉ាប់ ជាច្រើនរូប ​បាន​អវត្តមាន នៅក្នុងបរិបទ​នៃ​ការខ្វែងគំនិតគ្នា នៅក្នុង​ជម្លោះ នៅ​ស៊ីរី លីប៊ី និង​ការបង្ខិតចូលជិតគ្នា​រវាង​ប្រទេស​អារ៉ាប់មួយចំនួន​ជាមួយ រដ្ឋជ្វីហ្វ អ៊ីស្រាអែល។

ជំនួបកំពូលសម្ព័ន្ធអារ៉ាប់​ត្រូវ​បាន​រៀបចំ​នៅប្រទេស​អាល់ហ្សេរី នៅថ្ងៃ​អង្គារ​ទី ១​វិច្ឆិកា និង​ត្រូវ​បិទបញ្ចប់​នៅថ្ងៃពុធទី ២ វិច្ឆិកា ២០២២
ជំនួបកំពូលសម្ព័ន្ធអារ៉ាប់​ត្រូវ​បាន​រៀបចំ​នៅប្រទេស​អាល់ហ្សេរី នៅថ្ងៃ​អង្គារ​ទី ១​វិច្ឆិកា និង​ត្រូវ​បិទបញ្ចប់​នៅថ្ងៃពុធទី ២ វិច្ឆិកា ២០២២ AP - Anis Belghoul
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល ៣ឆ្នាំ ដែល​សម្ព័ន្ធអារ៉ាប់​ខកខាន មិនបាន​រៀបចំ​ជំនួបកំពូល ដោយសារ​តែ​វិបត្តិកូវីដសកល ប្រទេស​សមាជិក​អារ៉ាប់ជាច្រើន​បាន​បែកបាក់​គ្នាខ្លាំង ដោយសារ​តែ​ហេតុការណ៍មួយចំនួន​ដែល​កំពុង​កើតរញ្ជួយ​តំបន់។ ក្រៅ​ពី​ជម្លោះប្រដាប់អាវុធ សង្រ្គាមស៊ីវិល នៅ​ស៊ីរី និង​លីប៊ី ប្រទេស​សមាជិក​សម្ព័ន្ធ​អារ៉ាប់​មានជំហរ​មិនដូចគ្នា នៅក្នុង​រឿង​ចង​សម្ព័ន្ធមេត្រី​ជាមួយ ប្រទេស​អ៊ីស្រាអែល។

ដោយដើរតាមផ្លូវ​របស់​អេហ្ស៊ីប និង​ហ្សកដានី អេមីរ៉ាត អារ៉ាប់​រួម បារ៉ែន និង​ម៉ារ៉ុក​បាន​ចុះកិច្ចព្រមព្រៀង​ស្តារទំនាក់ទំនង​ជាមួយ​រដ្ឋជ្វីហ្វ អ៊ីស្រាអែល ក្រោមការផ្តួចផ្តើមគំនិត​របស់​រដ្ឋបាលលោក​ដូណាល់ ត្រាំ។ អាល់ហ្សេរី​ដែល​មាន​ជំហរ គាំទ្រ បុព្វហេតុ​ប្រជាជន​ប៉ាឡេស្ទីន និង​ទើប​រៀបចំ ជំនួបផ្សះផ្សារ​រវាង​ក្រុមហ្វាតា និង​ហាម៉ាសប៉ាឡេស្ទីន កាលពី​ខែ តុលាកន្លងទៅ បាន​ដំឡើង​សំឡេងដាក់គូប្រជែង ប្រទេស​ម៉ារ៉ុក ដែលបាន​ប្រកាស​ចងសម្ព័ន្ធភាពយោធា​ជាមួយ​អ៊ីស្រាអែល។ ការខ្វែងគំនិត​គ្នា របស់​ប្រទេស​អារ៉ាប់ ទាក់ទង​នឹង​ចំណងមេត្រី​ជាមួយ​អ៊ីស្រាអែល បានលេចត្រដែត​យ៉ាងច្បាស់ កាលពីថ្ងៃអង្គារ នៅពេល​មេដឹកនាំ​របស់​ប្រទេស​អារ៉ាប់​មួយចំនួន ដែល​បាន​ចងសម្ព័ន្ធមេត្រីជាមួយ​ប្រទេស​អ៊ីស្រាអែល ដូចជា​អេមីរ៉ាត អារ៉ាប់រួម បារ៉ែន និង​ម៉ារ៉ុក​បាន​អវត្តមាន​នៅក្នុង​ជំនួបកំពូល នៅអាល់ហ្សេរី។ ចំណែក​រាជបុត្រស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត បិនសាល់ម៉ាន​អវត្តមានផងដែរ ប៉ុន្តែ ក្នុង​ហេតុផល​សុខភាព​មិន​ល្អ។

ទោះ​សមាជិក​មិន​ជួបជុំ​គ្នា​ទាំងស្រុង សម្ព័ន្ធអារ៉ាប់ ដែលមាន​២២​ប្រទេស ត្រូវ​តែ​ពិភាក្សាគ្នា រហូត​ដល់​ថ្ងៃ​ពុធទី ២ វិច្ឆិកា ដើម្បី​សម្រេច​ឲ្យ​សេចក្តីថ្លែងការណ៍​រួម ស្តីពីជំហរ​របស់​សម្ព័ន្ធអារ៉ាប់ នៅក្នុង​សង្រ្គាម​នៅស៊ីរី យេម៉ែន និង​នៅលីប៊ី។

អាល់ហ្សេរី​ផ្ទាល់ ចង់​ឲ្យ​គេ​រាប់រក​ស៊ីរីឡើងវិញ បន្ទាប់ពី​របប​របស់​លោកប្រធានាធិបតី​បាស្ហាអាល់អាសាដ ត្រូវ​ព្យួរសមាជិកភាព ដោយសារ​ការបង្រ្កាបលើ​ប្រជាជន​កាលពី​ឆ្នាំ ២០១១។ ប៉ុន្តែ ប្រទេស​នៅឈូងសមុទ្រពែរ្ស ជាច្រើនចេញមុខ​​ប្រឆាំង។ លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​ស៊ីរី ធ្លាប់​បាន​ទាមទារ​ឲ្យ​គេ​គោរព​អធិបតេយ្យភាព ដែនបូរណភាព​របស់​ស៊ីរី។ ប៉ុន្តែ នៅក្នុង​សំបុត្រ​មួយច្បាប់ ផ្ញើ​ទៅ កាន់​សម្ព័ន្ធអារ៉ាប់ នៅ​ថ្ងៃ​បើកជំនួបកំពូល នៅ​អាល់ហ្សេរី លោក​​ពូទីន​មិន​បាន​ជំរុញខ្លាំង ​ឲ្យប្រទេស​អារ៉ាប់​ត្រូវតែ​ចូលជិតស្និទ្ធិនឹង​ស៊ីរី ប៉ុន្តែ លោក​ផ្តោតសំខាន់​លើ​សហប្រតិបត្តិការ​រវាង​រុស្ស៊ី និង​សម្ព័ន្ធ​អារ៉ាប់។

សម្រាប់​លោកពូទីន ប្រទេសនៅដើមបូព៌ា​និង​នៅ​អាហ្វ្រិកខាងជើង ដែលមាន​ប្រជាជន​រស់នៅ​ជាង​៥០០លាននាក់ ដើរតួនាទីសំខាន់​នៅក្នុង​បង្កើតទំនាក់ទំនងអន្តរជាតិ ពហុប៉ូល។ ដូច្នេះ រុស្ស៊ី​ប្តេជ្ញា​នឹង​អភិវឌ្ឍ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​សមាជិកអារ៉ាប់ ដើម្បី បង្កើន​ការធានា​សុវត្ថិភាព សន្តិភាព នៅថ្នាក់តំបន់ និងនៅក្នុងពិភពលោក។ នេះបើតាម​សារ​របស់​លោកពូទីន ដែល​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​អាល់ហ្សេ ចុះផ្សាយ​ជា​សាធារណៈ កាលពីថ្ងៃ អង្គារម្សិលមិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ