អានតួអត្ថបទ
អ៊ីរ៉ាក់-វិបត្តិនយោបាយ

វិបត្តិ​​នយោបាយ​​​អ៊ីរ៉ាក់៖ បាតុកម្ម​​ និង​​ការផ្ទុះ​អាវុធហិង្សា បណ្តាល​ឲ្យ​​ស្លាប់​យ៉ាងហោច២៣នាក់

វិបត្តិនយោបាយ​អ៊ីរ៉ាក់ កំពុងតែ​ឈានចូល ​ក្លាយ​ជាការប្រឈមមុខដាក់គ្នា​ដោយ​ហិង្សា រវាងក្រុម​បាតុករ​ និង​កងសមត្ថកិច្ច​ បន្ទាប់ពី​មេដឹកនាំចលនា​នយោបាយ​​ដ៏មានឥទ្ធិពល​ ឈ្មោះ ម៉ុកតាដា សាដរ៍ បាន​ប្រកាស​ឈប់​ធ្វើនយោបាយ​ ​កាលពីថ្ងៃចន្ទ​ទី​២៩សីហា​។ ការប្រទូស្តរាយ​ហិង្សា​ ឈានទៅដល់ការផ្ទុះអាវុធ បានបណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ចំនួន​២៣នាក់ នៅក្រុងបាកដាត យោងតាម​ការឲ្យដឹងពីអាជ្ញាធរអ៊ីរ៉ាក់ នៅព្រឹកថ្ងៃអង្គារនេះ​។ សហគមអន្តរជាតិ បានអំពាវនាវ ឲ្យ​គ្រប់ភាគីនយោបាយ​អ៊ីរ៉ាក់​ មានការអត់ធ្មត់ ហើយចរចាគ្នារកច្រកចេញដោយសន្តិវិធី ដើម្បីបញ្ចៀសសង្គ្រាមស៊ីវីល។

សមត្ថកិច្ចបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី​បំបែក​ហ្វូងបាតុករគាំទ្រលោក ម៉ុកតាដា សាដរ៍ ដែលសំរុកចូលទៅ​វិមាន​រដ្ឋាភិបាល។ ក្រុងបាកដាត ថ្ងៃទី៣០សីហា ២០២២
សមត្ថកិច្ចបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី​បំបែក​ហ្វូងបាតុករគាំទ្រលោក ម៉ុកតាដា សាដរ៍ ដែលសំរុកចូលទៅ​វិមាន​រដ្ឋាភិបាល។ ក្រុងបាកដាត ថ្ងៃទី៣០សីហា ២០២២ AP - Hadi Mizban
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ផុសផុល បាន​កក្រើកកាន់តែខ្លាំង ចាប់ពីថ្ងៃចន្ទទី​២៩សីហា នៅទីក្រុងបាកដាត ថ្វីបើ​អាជ្ញាធរអ៊ីរ៉ាក់ បានប្រកាសចេញវិធានការ​ ដាក់បម្រាមគោចរ នៅទូទាំងប្រទេស។ យោងតាម​អ្នកយកព័ត៌មានបារាំង AFP សំឡេងផ្ទុះគ្រាប់កាំភ្លើង ត្រូវបាន​គេឮនៅព្រឹកថ្ងៃអង្គារ ចេញពីតំបន់បៃតង់ ដែលជាតំបន់សន្តិសុខពិសេស កណ្តាលក្រុងបាកដាត​។ តំបន់នេះ គឺសំបូរដោយទីតាំងស្ថាប័នធំៗរបស់រដ្ឋ ព្រមទាំង​ស្ថានទូតបរទេស។

ក្រុមបាតុករ​អ្នកគាំទ្រចលនានយោបាយ របស់​លោក ម៉ុកតាដា សាដរ៍ ជាច្រើនពាន់នាក់ បានសំរុកចូលទៅ​ក្នុងបរិវេណតំបន់បៃតង់ ដើម្បីកាន់កាប់អាគាររដ្ឋសភា និង​វិមានរដ្ឋាភិបាលអ៊ីរ៉ាក់។ សាក្សីបានអះអាងថា ការផ្ទុះអាវុធ បាញ់រះ បានកើតឡើង នៅច្រកចូលតំបន់បៃតង់ រវាង​ក្រុម​ប្រដាប់អាវុធគាំទ្រលោក ម៉ុតាដា សាដរ៍ និង​កងសមត្ថកិច្ចអ៊ីរ៉ាក់ ដែលមាន​ការជួយពីក្រុមទាហានប៉ារ៉ា Hachd ad-Chaabi ដែលជាក្រុមប្រដាប់អាវុធ ទំនុកបំរុងដោយ​​អ៊ីរ៉ង់​។ យោងតាម​ក្រុមគ្រូពេទ្យ ការផ្ទុះអាវុធនៅព្រឹកថ្ងៃអង្គារនេះ បណ្តាល​ឲ្យ​ស្លាប់​២៣នាក់ ​និង​របួសប្រមាណ​​៣៨០​នាក់​។

សូមបញ្ជាក់ថា លោកម៉ុកតាដា សាដរ៍ ប្រមុខដឹកនាំសាសនាអ៊ីស្លាមឈីអ៊ីត និងជា​មេចលនានយោបាយដ៏មានឥទ្ធិពល​បំផុតនៅអ៊ីរ៉ាក់ បាន​ប្រកាសកាលពីថ្ងៃចន្ទ ថាខ្លួននឹងឈប់លូកដៃក្នុងឆាក​នយោបាយជារៀងរហូត។ មុននឹង​ប្រកាសបែបនេះ លោកបាន​ហៅ​ឲ្យ​ក្រុម​សម្ព័ន្ធនយោបាយ​អ៊ីរ៉ាក់ ដែលស្និទ្ធនឹងអ៊ីរ៉ង់ ត្រូវតែយល់ព្រមរំលាយ​សភា ហើយ​បោះឆ្នោតសាជាថ្មី។ តែភាគីម្ខាងទៀត ទាមទារឲ្យ​បង្កើតរដ្ឋាភិបាលជាមុនសិន។

តែយ៉ាងណា អ្នកវិភាគ​មិនជឿថា លោក ម៉ុកតាដា សាដរ៍ លែងលូកដៃក្នុងកិច្ចការនយោបាយ​នោះទេ ព្រោះសំដី​របស់​លោក​ម្នាក់នេះ មានឥទ្ធិពលណាស់ ទៅលើប្រជាជនអ៊ីរ៉ាក់មួយចំនួនធំ ដែលចង់​ឃើញ​ការផ្លាស់ប្តូរ។ លោក Hamzeh Hadad អ្នកស្រាវជ្រាវម្នាក់នៅក្រុមប្រឹក្សាអឺរ៉ុបដើម្បី​ទំនាក់ទំនងអន្តរជាតិ ECFR បាន​លើកឡើងថា គេមិនភ្ញាក់ផ្អើលទេ ប្រសិន​បើ​លោក​ម៉ុកតាដា សាដរ៍ លេបសំដីវិញ ព្រោះវា​មិនមែនជាលើកទី១ទេ។ ហើយអ្វីដែល​គួរឲ្យ​​ខ្លាចបំផុតនោះ គឺលោក​ម្នាក់នេះ អាចនឹងពន្យុះ​ឲ្យ​ក្រុម​អ្នកគាំទ្រខ្លួន ធ្វើសកម្មភាពហិង្សាតាមចិត្ត ទាំងដែលអះអាង​ថា​ ​លោកលែងទទួលខុសត្រូវតទៅ​ទៀតហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ