អានតួអត្ថបទ
អ៊ីរ៉ាក់-វិបត្តិនយោបាយ

វិបត្តិនយោបាយ​​អ៊ីរ៉ាក់៖ មេចលនា​នយោបាយ​ដ៏មាន​ឥទ្ធិពល ម៉ុកតាដា សាដរ៍ ប្រកាស​ឈប់​ធ្វើ​​នយោបាយ​​​​ជា​រៀង​រហូត

មេដឹកនាំចលនានយោបាយ ដ៏មានឥទ្ធិពលបំផុតនៅអ៊ីរ៉ាក់ គឺលោក ម៉ុកតាដា សាដរ៍ បានប្រកាស​កាលពីថ្ងៃចន្ទម្សិលមិញ ថាខ្លួន​នឹងចាកចេញ ពីឆាកនយោបាយ​ជារៀងរហូត។ ការប្រកាសនេះ គឺបន្ទាប់​ពីអ៊ីរ៉ាក់ បានជាប់គាំងនយោបាយ​ ក្រោយ​ការបោះឆ្នោត​កាល​ពីខែតុលាឆ្នាំ​២០២១ រហូតមកទល់ពេលនេះ នៅតែគ្មានរដ្ឋាភិបាលដឹកនាំប្រទេសទេ។​ តើការប្រកាសឈប់ធ្វើនយោបាយ​ របស់ប្រមុខអ៊ីស្លាមឈីអ៊ីត ម៉ុកតាដា សាដរ៍ នេះ អាចនឹង​ដោះស្រាយ​វិបត្តិបាន ឬក៏ផ្ទុយទៅវិញ វានឹងរុញច្រាន​វិបត្តិនយោបាយ​អ៊ីរ៉ាក់ ឲ្យ​កាន់តែទ័លច្រក?

លោក Moqtada Sadr មេចលនានយោបាយ និងសាសនាអ៊ីស្លាមឈីអ៊ីត ដ៏មានឥទ្ធិពល​នៅអ៊ីរ៉ាក់ ពេលថ្លែងសារនៅតាមទូរទស្សន៍ ថ្ងៃទី៣ សីហា ២០២២
លោក Moqtada Sadr មេចលនានយោបាយ និងសាសនាអ៊ីស្លាមឈីអ៊ីត ដ៏មានឥទ្ធិពល​នៅអ៊ីរ៉ាក់ ពេលថ្លែងសារនៅតាមទូរទស្សន៍ ថ្ងៃទី៣ សីហា ២០២២ © AFP
ផ្សាយពាណិជ្ជកម្ម

នៅលើទំព័រ Twitter របស់ខ្លួន លោក​ម៉ុកតាដា សាដរ៍ មេចលនានយោបាយ និងសាសនា​​អ៊ីស្លាមឈីអ៊ីត ដ៏មានឥទ្ធិពល​បំផុត​នៅអ៊ីរ៉ាក់ បានសរសេរថា លោក​បានសម្រេចចិត្ត ឈប់លូកដៃ ព្រមទាំងប្រឡូកក្នុងឆាកនយោបាយ​អ៊ីរ៉ាក់ ជារៀងរហូត។ លោកក៏បានប្រកាសបិទផងដែរ នូវ​ស្ថាប័ន​នយោបាយ​ និងសាសនា មួយចំនួន​ធំដែលប្រើឈ្មោះ​របស់​លោក​ ។

គួរបញ្ជាក់ថា អ៊ីរ៉ាក់កំពុងតែជាប់គាំង​ក្នុងវិបត្តិនយោបាយ​ យ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយ​ការ​បោះឆ្នោតសភា ខែតុលាឆ្នាំ​២០២១ ចលនា​នយោបាយ​របស់​លោក ម៉ុកតាដា សាដរ៍ បានទទួលអាសនៈសភានាំមុខគេ ចំនួន៧៣ ក្នុងចំណោម៣២៩ តែនៅតែមិនគ្រប់​ ដើម្បីបង្កើត​រដ្ឋាភិបាល​​។ កាលពីខែមិថុនា លោកម៉ុកតាដា សាដរ៍ បានហៅឲ្យ​សមាជិកសភាខ្លួន ធ្វើពហិកាឈប់ចូលសភា ព្រមទាំង​បាន​ប្រកាស បង្ខំ​ឲ្យ​គណបក្សនយោបាយ​ផ្សេងទៀត យល់ព្រមរំលាយ​សភាចោល ហើយ​រៀបចំការបោះឆ្នោតសាជាថ្មី​។​

មានវ័យ​៤៨ឆ្នាំ លោកម៉ុកតាដា សាដរ៍ គឺជាប្រមុខដឹកនាំសហគមអ៊ីស្លាម​ឈីអ៊ីត ដែល​ប្រជាជនអ៊ីរ៉ាក់ភាគច្រើន គោរព​គាំទ្រ។ លោក​បាន​អះអាងថា ចង់​ធ្វើកំណែទម្រង់នយោបាយស៊ីជំរៅ បិទបញ្ចប់អំពើពុករលួយ នឹងឈប់ធ្វើឲ្យ​អ៊ីរ៉ាក់​ ធ្វើជាអាយ៉ងរបស់​​អ៊ីរ៉ង់​តទៅទៀត។ យ៉ាងណាមិញ ក្រោយលោក​ម្នាក់នេះ បាន​ប្រកាសបដិសេធ​មិនទទួលយក​រដ្ឋាភិបាលចម្រុះ ដឹកនាំដោយ​ក្រុមសម្ព័ន្ធជាតិស្និទ្ធ​នឹង​​ឥទ្ធិពលអ៊ីរ៉ង់ ក្រុមអ្នកគាំទ្រលោក​ម៉ុកតាដា សាដរ៍ បានផ្តើមធ្វើបាតុកម្ម​ និង​បាន​សម្រុក​ចូលទៅ​​កាន់​កាប់​សភា​អ៊ីរ៉ាក់​ថែមទៀតផង​។

យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍នយោបាយ​នៅអ៊ីរ៉ាក់ អះអាងថាមានការមិនទុកចិត្តទេ នៅក្រោយ​ការប្រកាសរបស់​លោក ម៉ុកតាដា សាដរ៍ ថាឈប់លូកដៃ​​ក្នុងឆាកនយោបាយ​។ លោក​ម្នាក់នេះ ធ្លាប់​លេបសំដីខ្លួនឯងម្តងហើយ ដោយ​ធ្លាប់​ថា មិនឈរឈ្មោះក្នុងការបោះឆ្នោតទេ តែទីបំផុត​ជិតកៀកថ្ងៃបោះឆ្នោត ក៏បានសម្រេចឈរឈ្មោះវិញ​។

ក្រុមអ្នកគាំទ្រលោក ម៉ុកតាដា សាដរ៍ នៅខាងមុខអាគារដ្ឋសភាអ៊ីរ៉ាក់ ក្រុងបាកដាត ថ្ងៃទី២ សីហា ២០២២
ក្រុមអ្នកគាំទ្រលោក ម៉ុកតាដា សាដរ៍ នៅខាងមុខអាគារដ្ឋសភាអ៊ីរ៉ាក់ ក្រុងបាកដាត ថ្ងៃទី២ សីហា ២០២២ AP - Adil al-Khazali

ទន្ទឹមគ្នានេះ មានការបារម្ភកាន់តែខ្លាំង ពី​ការប្រទូស្តរាយ​គ្នា ឈានទៅដល់ការប្រើ​កម្លាំងហិង្សា​។ អាជ្ញាធរអ៊ីរ៉ាក់ បានប្រកាសដាក់បម្រាមគោចរ ហាមឃាត់ការធ្វើដំណើរ និង​ការជួបជុំទាំងស្រុង នៅទីក្រុងបាកដាត ចាប់ពីម៉ោង​ ៣និង៣០នាទី រសៀលថ្ងៃចន្ទ២៩សីហា។ រហូតមកទល់ពេលនេះ ថ្វីបើបាតុកម្មតវ៉ា មិន​បានឈានទៅដល់ការផ្ទុះអាវុធហិង្សាមែន តែ​ក្រុម Hachd al-Chaabi ដែលជាកម្លាំងប្រដាប់អាវុធ​ គាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា​ គេ​ត្រៀម​ខ្លួនរួចហើយ​ ​ដើម្បីចេញអន្តរាគម​ការពារ​ស្ថាប័នជាតិ​អ៊ីរ៉ាក់ ក្នុង​ករណី​​មាន​បាតុកម្មហិង្សានិងចលចលខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ