អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​តួកគី​នៅតែ​មិនអាច​ដោះដៃ ចេញ​ពី​​លោករេស៊េប អ៊ែរដូហ្កាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីបំផុត ប្រធានាធិបតី​តួកគី ផុតអាណត្តិ លោក​រេស៊េប អ៊ែរដូហ្កាន​បាន​ឈ្នះឆ្នោត ដឹកនាំ​ប្រទេស​មួយអាណត្តិ ៥ឆ្នាំ​បន្ថែមទៀត។ លទ្ធផល​បឋម​នៃ​ការបោះឆ្នោត កាលពីថ្ងៃអាទិត្យ​ម្សិលមិញ បាន​បង្ហាញ​ថា លោក​អ៊ែរដូហ្កាន បាន​ទទួលសំឡេងគាំទ្រ ៥២% ច្រើនជាង​គូប្រជែង គឺ​លោក​កេម៉ាល់ គីលីច្សដារ៉ូលូ ដែល​ទទួល​បាន​តែ ៤៧%។ ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ នៅប៉ុន្មានម៉ោងក្រោយ លទ្ធផលឆ្នោត​បឋម កាលពីយប់ថ្ងៃ​អាទិត្យ លោក​អ៊ែរដូហ្កាន បាន​សន្យា​ប្តូរទំព័រថ្មី ដើម្បី​ការរួបរួមជាតិតែមួយ។ កាន់អំណាច ដឹកនាំ តួកគី នៅ​២០​ឆ្នាំ​ចុងក្រោយនេះ លោក​អ៊ែរដូហ្កាន អាយុ ៦៩ឆ្នាំ​នឹង​បន្ត​ដឹកនាំតួកគី​៥ឆ្នាំ​ទៀត។ តួកគីដែល​កំពុងបែកបាក់ជាពីរ និង​រួបរឹត​ដោយ​វិបត្តិសេដ្ឋកិច្ច។

អ្នកគាំទ្រ​លោកអ៊ែរដូហ្កាននៅទីក្រុង​អ៊ីស្តង់ប៊ូល ថ្ងៃអាទិត្យទី ២៨ ឧសភា ២០២៣
អ្នកគាំទ្រ​លោកអ៊ែរដូហ្កាននៅទីក្រុង​អ៊ីស្តង់ប៊ូល ថ្ងៃអាទិត្យទី ២៨ ឧសភា ២០២៣ AP - Khalil Hamra
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោតប្រធានាធិបតី​តួកគី​លើកនេះ​ជាព្រឹត្តិការណ៍​ដ៏សំខាន់ ព្រោះថា គណបក្ស​ប្រឆាំង​ធ្លាប់​សង្ឃឹមច្រើន​ថា នឹង​ទទួល​ជ័យជំនះ បញ្ចប់​សម័យដឹកនាំ​ផ្តាច់ការ​របស់លោកអ៊ែរដូហ្កាន ប្រធានាធិបតី​ផុតអាណត្តិ​ដែល​កំពុង​ធ្លាក់​កូដប្រជាប្រិយ​ដោយសារ​វិបត្តិសេដ្ឋកិច្ច បញ្ហា​អតិផរណា ជាពិសេស បញ្ហា​គ្រោះរញ្ជួយដី​ដែលបាន​សម្លាប់មនុស្ស​ជាង ៥ម៉ឺននាក់ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់លាននាក់​បាត់បង់ផ្ទះសម្បែង។

ដោយសារ​អប្រជាប្រិយភាព របស់​ប្រធានាធិបតី និង​ការស្រេកឃ្លានរបស់​យុវជន​ដែលចង់​ឲ្យមាន​ការផ្លាស់ប្តូរ អ្នកវិភាគ​ជាច្រើន​ធ្លាប់​វាយតម្លៃ ថា លោក​អ៊ែរដូហ្កាន​នឹង​អាច​បរាជ័យ​នៅក្នុងការបោះឆ្នោត​លើកនេះ។

ប៉ុន្តែ ផ្ទុយទៅវិញ លោក​អ៊ែរដូហ្កាន នៅទីបំផុត នៅតែ​អាច​ទាក់ទាញ​សំឡេងគាំទ្រច្រើន នៅក្នុងការបោះឆ្នោត មិនថា នៅជុំទី១ និងនៅជុំទីពីរ ដែលបើកផ្លូវ​ឲ្យ​លោកនៅ​បន្តកាន់អំណាច នៅតួកគី ៥ឆ្នាំ​បន្តទៀត។ លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជុំទី​២​បាន​បង្ហាញ​ថា លោកអ៊ែរដូហ្កាន​បាន​ទទួល​ជ័យជំនះ ដឹកនាំ​ប្រទេស​មួយអាណត្តិ ៥ឆ្នាំទៀត ជាមួយ​ទទួល​សំឡេងគាំទ្រ​ចំនួន ៥២% ច្រើន​ជាង បេក្ខជន គូប្រជែង គឺ​លោកកេម៉ាល់ គីលីច្សដារ៉ូលូ ។ មានហេតុផល​មួយចំនួន​ដែលធ្វើ​ឲ្យ​លោក​អ៊ែរដូហ្កាន នៅតែ​ទទួលបាន​សំឡេង​គាំទ្រ​ច្រើន នៅក្នុង​ការបោះឆ្នោត។

ទី១ ការប្រកាន់​នយោបាយ​អ៊ីស្លាមនិយម​បាន​ធ្វើ​ឲ្យរដ្ឋាភិបាលលោក​អ៊ែរដូហ្កាន ទទួល​បាន​ការគាំទ្រ​របស់​ក្រុមអភិរក្ស​និយម ដែលមាន​ចំនួន​ច្រើន នៅ​ប្រទេស​តួកគី។

ទី២ ក្រុមឃោសនា​របស់លោកអ៊ែរដូហ្កាន ដែល​គ្រប់គ្រងជាង ៩០% នៃ​ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេស ​រមែងរំលឹក​ពី​បញ្ហា​អសន្តិសុខ បើសិន​តួកគី គ្មានមេដឹកនាំ តឹងរ៉ឹង ដូចជា​លោក​អ៊ែរដូហ្កាន។ នៅត្រង់​ចំណុច​នេះ គណបក្សកាន់អំណាច​បាន​សង្កត់ធ្ងន់​ពីបញ្ហា​គំរាមកំហែង​ភេរវកម្ម ដែល​រដ្ឋាភិបាល​ចាត់ទុកថា​ជា​ស្នាដៃ​របស់​ក្រុមគួដ។ គណបក្ស​កាន់អំណាច នៅ​បង្ហាញ​ស្នាដៃ​ច្រើន​របស់​លោកប្រធានាធិបតីអ៊ែដូហ្កាន ដែលបានសម្រេច ជំរុញ​ឲ្យ​តួកគី លេចមុខ ជាអ្នកដើរ​តួនាទី​សំខាន់មួយ នៅក្នុង​ឆាកនយោបាយអន្តរជាតិ ដូចជា​នៅក្នុងសំណុំរឿងសង្រ្គាមអ៊ុយក្រែន នៅ​ស៊ីរី។

ទី៣ ប្រឈម​នឹង​បុរសខ្លាំង ដែលស្គាល់ និង​ចាក់រឹសអំណាច​របស់​ខ្លួន នៅ​តួកគី ជាង ២០ឆ្នាំមកនេះ គឺភាពទន់ខ្សោយរបស់​បក្ស​ប្រឆាំង។ គណបក្ស​ប្រឆាំង​មាន​បេក្ខជនម្នាក់ គឺ លោក​កេម៉ាល់ គីលីច្សដារ៉ូលូ ដែល​គ្មានរូបភាព​ជា​អ្នកដឹកនាំ អាច​បញ្ចុះបញ្ចូល​ទាក់ទាញ​អ្នកបោះឆ្នោត។

អាចជាជ័យជំនះចុងក្រោយ​របស់​លោកអ៊ែរដូហ្កាន?

លោកអ៊ែរដូហ្កាន​ទទួលជ័យជំនះ នៅក្នុងការបោះឆ្នោត​ដើម្បីដឹកនាំ​ប្រទេស​មួយអាណត្តិទៀតមែន ប៉ុន្តែ បើមើល​ឲ្យស៊ីជម្រៅ លោក​អ៊ែរដូហ្កាន​ទទួល​បរាជ័យ​ទៅវិញ ព្រោះថា ចាប់តាំង​ពីកាន់អំណាច​ដឹកនាំ​ប្រទេស ២០ឆ្នាំមក នេះជាលើកទី​១ដែល​លោកអ៊ែរដូហ្កាន បាន​ទទួល​សំឡេងគាំទ្រ​តិចមែនទែន រហូត​ធ្វើ​ឲ្យលោក​ត្រូវ​ទៅ​ប្រឈម​នឹងគូប្រជែង នៅ​ក្នុងការបោះឆ្នោត នៅជុំទី២។

លទ្ធផលឆ្នោត​នៅជុំទី២​ទៀតសោត បង្ហាញ​ថា លោក​អ៊ែរដូហ្កាន ដែលទទួលសំឡេងឆ្នោត ៥២% នាំមុខ​គូប្រជែង តែ ៤% ប៉ុណ្ណោះ ព្រោះលោក កេម៉ាល់ គីលីច្សដារ៉ូលូ ​បានទទួលសំឡេង​ឆ្នោត ៤៧,៩%។ ចង់ ឬ​មិនចង់ ការបោះឆ្នោតលើកនេះ បង្ហាញ​ថា តួកគី បានបែកបាក់គ្នា​ជាពីរក្រុម។ គឺ​ក្រុម​អភិរក្សនិយម និងក្រុមយុវជន​ដែលស្រេកឃ្លាន​សេរីភាព ចង់​ឲ្យមានការផ្លាស់ប្តូរ។

តាម​បេក្ខជន​បក្ស​ប្រឆាំង លោក​កេម៉ាល់ គីលីច្សដារ៉ូលូ ការបោះឆ្នោត​នៅ​តួកគី​លើកនេះ ប្រព្រឹត្តទៅ ក្នុង​បរិយាកាស​តឹងតែង ហិង្សា បំភិតបំភ័យ ដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិបោះឆ្នោត​តួកគី។ អាច​និយាយ​បាន​ថា បើសិន​តួកគី រៀបចំ​ការបោះឆ្នោតដោយសេរី ដោយគ្មាន​ការដាក់សម្ពាធ​នយោបាយ នោះ អាចទៅរួច ដែលលោក​អ៊ែរដូហ្កាន អាច​ខ្ទាតចេញពីអំណាច ដោយសារ​សំឡេងឆ្នោត​របស់​ប្រជាជន​​តួកគី ដែល​ចង់បាន​សេរីភាព ដែល​ធុញទ្រាន​នឹង​របបដឹកនាំ​របស់​លោកអ៊ែរដូហ្កាន ដែល​កាន់តែ​ផ្តាច់ការ។

ជាមួយសំលេង​ឆ្នោត​កាន់តែ​តិចទៅៗ ពីអាណត្តិមួយទៅអាណត្តិមួយ ជ័យជំនះលើកនេះ អាចជាជ័យជំនះចុងក្រោយ​របស់​លោកអ៊ែរដូហ្កាន​ក៏អាច​ថាបាន។

សំណុំរឿង​ច្រើន​ដែល​កំពុងរង់ចាំលោក​អ៊ែរដូហ្កាន

នៅក្រាញដឹកនាំ​ប្រទេស​៥ឆ្នាំទៀត មិនមែនជារឿងស្រួល សម្រាប់​លោក​អ៊ែរដូហ្កាន ព្រោះថា មានបញ្ហា​ច្រើនដែលកំពុង​រង់ចាំលោក ដូចជា​វិបត្តិអតិផរណា ដែលកើនឡើង​ខ្ពស់ ដល់ទៅ ៤០% មិន​ធ្លាប់​មាន​នៅ​តួកគី។ អត្រាអតិផរណា​កើនឡើង​ខ្ពស់ ក៏ដោយសារ​តែ លោក​អ៊ែរដូហ្កាន​ខ្លួនឯង​បញ្ចុះអត្រាការប្រាក់​ឲ្យទាបខ្លាំង ក្នុងគោលដៅ ទប់ទល់​នឹង​ទំនិញឡើងថ្លៃ។

បញ្ហាចំពោះមុខទី ២ គឺគ្រោះមហន្តរាយ​បង្កឡើងដោយ​គ្រោះរញ្ជួយដី កាលពី​ខែ មេសា​កន្លងទៅ​ដែលកំពុងអូសទាញ​សេដ្ឋកិច្ច​តួកគី ឲ្យ​ដើរថយក្រោយ។ គេវាយតម្លៃថា តួកគី ត្រូវការប្រមាន ១០០ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់ឡើងវិញ នៅក្រោយ គ្រោះរញ្ជួយដី។ វាជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែល​រដ្ឋាភិបាល​លោកអ៊ែរដូហ្កាន ត្រូវរក​ឲ្យបាន។

មេដឹកនាំ​ក្នុងពិភពលោកស្វាគម ទន្ទឹង​ចាប់ដៃធ្វើការសាជាថ្មីជាមួយ​លោកអ៊ែរដូហ្កាន

តាំងពីព្រឹកថ្ងៃចន្ទទី ២៩​ឧសភា មេដឹកនាំ​នៅក្នុងពិភពលោក ដែលមានតាំងពី​លោកចូ បៃដិន ប្រធានាធិបតីបារាំង ប្រធានាធិបតី​អង់គ្លេស ប្រធានាធិបតី​រុស្ស៊ី និង​រដ្ឋាភិបាល​ចិន បាន​ផ្ញើសារ​អបអរ ជ័យជំនះ​របស់​លោកអ៊ែរដូហ្កាន នៅក្នុងការបោះឆ្នោត ប្រធានាធិបតី​កាលពីថ្ងៃអាទិត្យ។

សារជូនពរ មានតាំងពីគ្រប់ទិស តាំងពីខាង ប្រទេស​លោកខាងលិច និង​ពីខាង​រុស្ស៊ី ចិន ប៉ុន្តែ គេអាចដឹងថា​អ្នកដែល​សប្បាយចិត្ត ត្រេកអរខ្លាំង​ជាងគេ ដែលឃើញ​លោកអ៊ែរដូហ្កាន​នៅបន្តដឹកនាំ​តួកគី គឺ​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​បាន​ពង្រឹង​សម្ព័ន្ធភាព​កាន់តែជិតដិតខ្លាំង​នឹង​លោក​អ៊ែរដូហ្កាន។ លោក​ពូទីន​ពេញចិត្ត​នឹង​ឲ្យលោក​អ៊ែរដូហ្កាន​នៅបន្តជាប្រធានាធិបតី​តួកគី ព្រោះថា លោក​អ៊ែរដូហ្កាន ជា​មេដឹកនាំ​ម្នាក់ ដែលមិនញញើត មិន​ខ្វល់​ពីការដាក់សម្ពាធ​របស់​ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក។

អ្នកដែល​អាច​ខកចិត្ត​នឹង​ឃើញ លោក​អ៊ែរដូហ្កាន​នៅបន្តកាន់អំនាច​ដឹកនាំ​តួកគី គឺក្រុមប្រទេស​លោក​ខាងលិច ដូចជា​អាមេរិក និងសហភាពអឺរ៉ុបដែលមានទំនាក់ទំនង​មិនសូវរលូនប៉ុន្មានជាមួយ​មេដឹកនាំ​តួកគី។ ក្រោមការដឹកនាំ​របស់​លោកអ៊ែរដូហ្កាន តួកគី​បាន​ងាក​ទៅ​ជិតស្និទ្ធ​នឹង​រុស្ស៊ី។ តួកគី​ជាសមាជិក​របស់អូតង់ បែរជាងាកទៅទិញមីស៊ីលពីរុស្ស៊ី និងឈ្លោះដណ្តើមប្រេង​ជាមួយ​ក្រិកដែលជា​សមាជិក​អឺរ៉ុប អូតង់។ ស៊ុយអែត​ផ្ទាល់ដែល​ចង់ក្លាយ​ជា​សមាជិកអូតង់ ខកចិត្តខ្លាំងជាងគេ ដោយសារ​លោកអ៊ែរដូហ្កាន​ប្រឆាំង​ដាច់ខាត មិនគាំទ្រ​បេក្ខភាព​របស់ស៊ុយអែត។

សម្រាប់ប្រទេស​លោកខាងលិច ជាពិសេស​អាមេរិក គេ​ចង់​ឲ្យមានការផ្លាស់ប្តូរ​មេដឹកនាំ​តួកគី ប៉ុន្តែ បើតួកគី ជ្រើសរើស​លោក​អ៊ែរដូហ្កាន​ឲ្យ​ដឹកនាំ​បន្តទៀត នោះ គេ​ក៏​គ្មានជម្រើស​អ្វីផ្សេងដែរ ក្រៅតែ​ពីបន្ត​សហការ សរសេរសារអបអរ ព្រោះចង់ មិនចង់ តួកគីជា​សមាជិកសំខាន់​របស់​អូតង់ និងដើរតួនាទីមិនអាច​ខ្វះបាន នៅក្នុង​បរិបទភូមិសាស្រ្ត​នយោបាយ នៅ​អឺរ៉ុប និងនៅដើមបូព៌ា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ