អានតួអត្ថបទ
តួកគី

បោះឆ្នោតប្រធានាធិបតីតួកគី៖លោកអ៊ែរដូហ្កានកំពុងឈានទៅកាន់អំណាចចំនួន ៥ឆ្នាំបន្ថែមទៀត?

នៅ​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា​នេះ ប្រទេស​តួកគី​បាន​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២។ មាន​បេក្ខជន​ចំនួន ២នាក់​ដែល​អ្នកបោះឆ្នោត​ត្រូវ​ជ្រើសរើស​សម្រាប់​ការ​បោះឆ្នោត​ជុំទី២ គឺ​ប្រធានាធិបតី​ផុតអាណត្តិ​លោក​អ៊ែរដូហ្កាន និង​ប្រធាន​គណបក្សប្រឆាំង​លោក កេម៉ាល់ គីលីច្សដារ៉ូហ្គូ។ តាម​លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ លោក​អ៊ែរដូហ្កាន​ដែល​បាន​កាន់​អំណាច​រយៈពេល ២០ឆ្នាំ​កំពុង​មាន​ប្រៀប​ឈាន​ទៅ​កាន់​អំណាច​ចំនួន ៥ឆ្នាំ​បន្ថែម​ទៀត។

À quelques jours du scrutin, le président turc Recep Tayyip Erdogan (à gauche) est devancé dans les sondages par le leader du Parti républicain du peuple (CHP) Kemal Kilicdaroglu (à droite).
À quelques jours du scrutin, le président turc Recep Tayyip Erdogan (à gauche) est devancé dans les sondages par le leader du Parti républicain du peuple (CHP) Kemal Kilicdaroglu (à droite). © Ozan Kose / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទី១ កាល​ពី ២សប្តាហ៍​មុន ប្រធានាធិបតី​ផុតអាណត្តិ​លោក​អ៊ែរដូហ្កាន​បាន​នាំ​មុខ​បេក្ខជន​គូប្រជែង​ផ្សេង​ទៀត​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៤៩,៥១%។ ចំណែក​អ្នក​ដែល​ទទួល​បាន​សំឡេង​ច្រើន​បន្ទាប់ គឺ​ប្រធាន​គណបក្សប្រឆាំង​លោក​កេម៉ាល់ គីលីច្សដារ៉ូហ្គូ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៤៤,៨៨%។ តែ​លទ្ធផល​ដែល​បេក្ខជន​ទាំង​ពីរ​បាន​ទទួល​នៅ​ជុំទី១ មិន​អាច​អនុញ្ញាត​ឲ្យ​បេក្ខជន​ណា​ម្នាក់​ជាប់​ឆ្នោត​ភ្លាមៗ​ឡើយ។ នេះ​ហើយ​ជា​មូលហេតុ​នៃ​ការ​រៀបចំ​បោះឆ្នោត​ជុំទី២ នៅ​ពេល​នេះ។

ក្នុង​រយៈពេល ១៥ថ្ងៃ​កន្លង​ទៅ បេក្ខជន​អ៊ែរដូហ្កាន​វ័យ ៦៩ឆ្នាំ និង​បេក្ខជន​គីលីច្សដារ៉ូហ្គូ​វ័យ ៧៤ឆ្នាំ​បាន​ប្រឹងប្រែង​ឃោសនា និង​ព្យាយាម​ចង​សម្ព័ន្ធ​ជាមួយ​គណបក្ស​ផ្សេង ពិសេស​ទាញ​យក​សំឡេង​ឆ្នោត​ពី​គណបក្ស​ផ្សេង​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​តិចតួច​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទី១។ ជាក់ស្តែង លោក​អ៊ែរដូហ្កាន​ទទួល​បាន​ការ​គាំទ្រ​ពី​បេក្ខជន​ប្រធាន​គណបក្ស​ជាតិនិយមជ្រុល​លោក Sinan Ogan។ នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទី១ បេក្ខជន​ប្រធាន​គណបក្ស​ជាតិនិយមជ្រុល​រូប​នេះ​ទទួល​បាន​ចំណាត់ថ្នាក់​ទី៣ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥,១៧%។

ចំណែក​លោក​កេម៉ាល់ គីលីច្សដារ៉ូហ្គូ​ទទួល​បាន​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រុម​គណបក្ស​ស្តាំនិយមជ្រុល។ តើ​រវាង​លោក​អ៊ែរដូហ្កាន និង​លោក​គីលីច្សដារ៉ូហ្គូ ពលរដ្ឋ​តួកគី​បោះឆ្នោត​ជ្រើស​យក​អ្នក​ណា?។ គេ​នឹង​ដឹង​លទ្ធផល​ក្នុង​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា​នេះ។ តែ​បើ​ផ្អែក​តាម​លទ្ធផល​ស្ទង់មតិ​កាល​ពី​ថ្ងៃទី២០ និង​ទី២១ ឧសភា លោក​អ៊ែរដូហ្កាន​បាន​នាំ​មុខ​លោក​គីលីច្សដារ៉ូហ្គូ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៥២,៧% ទល់​នឹង ៤៧,៣%។ បើ​លទ្ធផល​ផ្លូវការ​ដូច​គ្នា ឬ​ស្រដៀង​គ្នា​នឹង​លទ្ធផល​ស្ទង់មតិ​មែន ប្រធានាធិបតិ​ថ្មី​របស់​តួកគី​ជា​ប្រធានាធិបតី​ផុតអាណត្តិ​លោក​អ៊ែរដូហ្កាន​ដែល​បាន​កាន់​តំណែង​រយៈពេល ២០ឆ្នាំ​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ