អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តួកគី ៖ ​ដំណើរ​ឆ្ពោះ​ទៅ​រកការ​​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទីពីរ ជា​លើក​ទីមួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បើ​តាម​លទ្ធផល​បណ្តោះ​អាសន្ន ប្រធានាធិបតី​ផុត​អាណត្តិ​លោក អ៊ែរដូហ្កាន បាន​ទទួល​សំឡេង​គាំទ្រ​នាំមុខយ៉ាង​ប្រផុតប្រផើយ​ និង​​តិច​ជាង​៥០%។ ដូច្នេះ​ លោក អ៊ែរដូហ្កាន ត្រូវ​ប្រឈម​តទល់​ជាមួយ​លោក កេម៉ាល់ គីលីច្សដារ៉ូហ្គូ បេក្ខជននៃសម្ព័ន្ធ​​បក្សប្រឆាំង​ ជា​ថ្មី នៅ​ថ្ងៃទី ២៨ ឧសភា។ នេះ​ជា​លើក​ទីមួយ ហើយ​សម្រាប់​​​សាធារណរដ្ឋ​តួកគី ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី មិន​អាច​សម្រេច​ជ្រើសរើស​មេដឹកនាំ​ប្រទេសបាន​​ នៅជុំ​ដំបូង។

លោក អ៊ែរដូហ្កាន និង​លោក គីលីច្សដារ៉ូហ្គូ បេក្ខជន​ប្រធានាធិបតី​តួកគី ត្រូវ​ប្រកួត​ប្រជែងនៅជុំ​ទីពីរ ថ្ងៃទី ២៨​ឧសភា​២០២៣
លោក អ៊ែរដូហ្កាន និង​លោក គីលីច្សដារ៉ូហ្គូ បេក្ខជន​ប្រធានាធិបតី​តួកគី ត្រូវ​ប្រកួត​ប្រជែងនៅជុំ​ទីពីរ ថ្ងៃទី ២៨​ឧសភា​២០២៣ © Umit Bektas, Pool / AP / Montage RFI
ផ្សាយពាណិជ្ជកម្ម

ពុំ​ទាន់​មាន​ទេ​លទ្ធផល​​ជា​ផ្លូវការ ហើយ​ក៏​ពុំ​ទាន់​មាន​ការ​បញ្ជាក់ជា​ផ្លូវការ​​ដែរ អំពី​ចំនួន​​អ្នក​ចូល​រួម​បោះឆ្នោត​ ដែល​ទំនងមាន​អត្រា​​ខ្ពស់​ខ្លាំង​ដល់​ទៅ​ជាង​៩០%។ ប៉ុន្តែ បើ​តាម​ប្រធាន​ក្រុមប្រឹក្សា​​បោះឆ្នោតតួកគី និង​យោងតាម​លទ្ធផល​នៃ​ការរាប់​សន្លឹក​ឆ្នោត​បាន​៩៩% លោក អ៊ែរដូហ្កាន បាន​ទទួល​សំឡេង​ ៤៩,៤%។ ចំណែក លោក គីលីច្សដារ៉ូហ្គូ ជាគូប្រជែង​ដ៏​ចម្បង ដែល​គ្រប់​ការ​ស្ទង់​មតិ​សុទ្ធ​តែ​ទស្សនទាយ​ថា​ឈ្នះ​នោះ បាន​ទទួលការ​​គាំទ្រ ​៤៤,៩៦%។ ជាង​៥%​ទៀត ជា​សំឡេង​របស់​​បេក្ខជន​ទីបី អ្នក​ជាតិ​និយម​ លោក ស៊ីណាន អូហ្កាន (Sinan Ogan)។

ដោយ​គ្មាន​អ្នក​ឈ្នះ​លើស​៥០% តួកគី​ត្រូវ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទីពីរ ដែល​បេក្ខជន​នាំមុខ​គេពីរ​​ដំបូង ត្រូវ​តទល់​គ្នាជា​ថ្មី​ នា​ថ្ងៃទី ២៨ ឧសភា​។ នេះ​ជា​លើក​ទី​មួយ សម្រាប់សាធារណរដ្ឋ​​តួកគី​ដែល​មាន​អាយុ​១រយ​ឆ្នាំ និង​សម្រាប់​លោក​ អ៊ែរដូហ្កាន​ផ្ទាល់​តែ​ម្តង ដែលត្រូវ​ឡើង​សង្វៀនឆ្នោត​ជា​លើក​​ទីពីរ​ដូច្នេះ។

ប៉ុន្តែទោះ​មិនមែន​ជា​ជោគជ័យ​ភ្លាម​​ក៏ដោយ​ ក៏លទ្ធផល​ថ្ងៃ​នេះ​មិនមែន​ជា​​បរាជ័យ​ឡើយ​សម្រាប់​លោក​អ៊ែរដូហ្កាន។ នៅចំពោះមុខ​សកម្មជន​គាំទ្រ​ ដ៏​កកកុញ​ ទាំង​កណ្តាល​យប់ លោក អ៊ែរដូហ្កាន ដែល​ដឹកនាំ​ប្រទេស​អស់​២០​ឆ្នាំ​មក​ហើយ បាន​អះអាង​ប្រកប​ដោយ​ភាព​ជឿជាក់​ថា លោក​នឹង​បំរើ​ប្រទេស​រយៈ​ពេល​៥​ឆ្នាំ បន្ថែម​ទៀត។

លោក គីលីច្ស​ដារ៉ូហ្គូ ជា​គូប្រជែង​ដ៏​ចម្បង ដែល​ហាក់​មាន​សមត្ថភាព​ឈ្នះ​តាំងពី​ជុំ​ទីមួយ  តែ​បែរ​ជា​ធ្លាក់​មក​នៅ​លំដាប់​ទីពីរ​​ ដោយ​ប្រមូល​សំឡេង​មិន​បាន​ទាំង​៤៥%​ផងនោះ ទើប​ជា​អ្នក​ចាញ់​ល្បែង​ភ្នាល់។​ តែ​លោក​​នៅ​មាន​​ទំនុក​ចិត្ត​​ខ្លាំងក្លាដ​ដែល។ ​​លោក​បាន​ប្រកាស​នៅយប់​មិញ​ថា នឹង​ឈ្នះ​ជា​ប្រាកដ​នៅជុំ​ទីពីរ ព្រោះ​សង្គម​តួកគី​ស្រេកឃ្លាន​ការ​ប្តូរផ្លាស់។

​លោក គីលីច្ស​ដារ៉ូហ្គូ អាច​ប្តូរ​ផ្លាស់​លទ្ធផល​ឆ្នោត​ នៅជុំ​ទីពីរទេ​ ?

សំណាងមាន​​តិច​តួច​បំផុត ! ពេល​នេះ គឺលោកប្រធានាធិបតី​ផុត​អាណត្តិ​ អ៊ែរដូហ្កាន ជា​អ្នក​នាំមុខ និង​ជា​​អ្នក​​មាន​ប្រៀប​ខ្លាំង​ជាងនៅក្នុង​បោះឆ្នោត​ជុំ​ទីពីរ ព្រោះ​គណបក្ស​របស់​លោកអ៊ែរដូហ្កាន​ ក៏​កំពុងក្លាយ​ទៅ​ជា​បក្ស​មាន​សំឡេងភាគ​ច្រើន​នៅ​ក្នុង​សភាទៀត។ បើ​ ​តាម​លទ្ធផលបឋម ប្រសូត​ចេញ​ពី​​ការ​បោះឆ្នោត​សភា​ថ្ងៃ​ម្សិលមិញជាមួយ​គ្នា​នោះ គណបក្ស​របស់​លោក​ប្រធានាធិបតី​ទទួល​បាន​​ ​២៧០កៅអី ទល់​នឹង​១៦៨​អាសនៈ​សម្រាប់​​​សម្ព័ន្ធ​បក្ស​ប្រឆាំង​របស់​លោក គីលីច្សដារ៉ូហ្គូ ក្នុង​ចំណោម​អាសនៈ​សភា​ទាំង​អស់​៦០០។

ចំណែក​ ​លោក គីលីច្សដារ៉ូហ្គូ ហាក់​ដូច​ជា​គ្មាន​គន្លឹះ​នយោបាយ​អ្វី​ថ្មី​ផ្សេង​ សម្រាប់​ទាក់ទាញ​រក​សំឡេ​ងថ្មី​មក​គាំទ្រ​លោក​នៅជុំ​ទីពីរ​ទេ។ ការ​បោះឆ្នោត​ជុំ​ទីពីរ​នេះ​ ក៏​​អាស្រ័យផង​ដែរ​លើ​បក្ស​ដែល​ជាប់​ឆ្នោត​លំដាប់​ទីបី​ថ្ងៃ​នេះ។ នោះ​គឺ​គណបក្ស​ជាតិ​និយម​ ដឹកនាំ​ដោយ​លោក​ស៊ីណាន អូហ្កាន ដែល​បាន​ទទួល​សំឡេង​គាំទ្រ​ប្រមាណ​៥,៣%។ លោក គីលីច្ស​ដារ៉ូហ្គូ​មិន​​​រំពឹងថាអាច​ទាញ​យក​សំឡេង​ជាង​៥%​ នេះ​បាន​ទេ។

​បេក្ខជនទីបី ដែល​អាច​ប្តូរផ្លាស់​ជោគវាសនា​ឆ្នោតនៅ​ជុំ​ទីពីរ ជា​នរណា ?

​លោក ស៊ីណាន អូហ្កាន​ កំពុង​ក្លាយ​ជា​បុគ្គល​ដែល​គួរ​ឱ្យ​ចែចង់ខ្លាំងណាស់​ពេល​នេះ​ទាំង​លោក អ៊ែដូហ្កាន ទាំង​លោក​គីលីច្សដារ៉ូហ្គូ។ រហូត​មក​ទល់​យប់​មិញ​នេះ លោក ស៊ីណាន អូហ្កាន មិន​ទាន់​បង្ហាញ ជំហរ​ របស់​លោក​នៅ​ឡើយ​ទេ។ លោក​ថែម​ទាំង​​បដិសេធ​ មិន​ចេញ​សេចក្តី ណែនាំ ឱ្យ​សកម្មជន​និង​អ្នក​គាំទ្រ​បក្ស​ ថា​គួរ​បោះឆ្នោត​ឱ្យ​បេក្ខជន​ណា​ឡើយ​នៅថ្ងៃទី​២៨​ខាង​មុខ។

​ជា​អតីត​អ្ន​ក​នយោបាយ​ជាតិនិយម​ជ្រុល ប្រឆាំង​នឹង​គួដឌីស្ថាន លោក អូហ្កាន បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អាល្លឺម៉ង់​មួយ​ កាលពី​ព្រឹក​មិញ​ថា លោក​នឹង​អំពាវនាវ​ឱ្យ​បោះឆ្នោត​ជូន​លោក គីលីច្សដារ៉ូហ្គូ ដរាប​ណា​តែបេក្ខជន​បក្ស​ប្រឆាំង​រូប​នេះ ព្រម​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​គណបក្សស្និទ្ធ​នឹង​ក្រុម​​គួដឌីស្ថាន។ នេះ​ជា​​លក្ខខណ្ឌ ដែល​មិន​អាច​ទទួល​បាន​ទេ សម្រាប់​លោក គីលីច្សដារ៉ូហ្គូ ព្រោះ​គណបក្សគួដឌីស្ថាន​ជា​កម្លាំង​នយោបាយ​ទីបី របស់​ប្រទេស​។ សំឡេង​របស់​គណបក្ស​នេះ​បាន​ចូល​រួម​ចំណែក​ច្រើន​ណាស់​ ក្នុង​ការ​រុញ​ច្រាន​លោក គីលីច្សដារ៉ូហ្គូ ឱ្យ​បាន​ដល់​ថ្ងៃ​នេះ។ លោក​មិន​អា​ចបោះបង់​គណបក្ស​នេះដែល​ នឹង​ធ្វើ​ឱ្យ​សម្ព័ន្ធបក្ស​ប្រឆាំង​រង្គោះ​រង្គើឡើយ។

ចំណុច​អវិជ្ជមាន​​ចុងក្រោយសម្រាប់​លោក​ គីលីច្សដារ៉ូហ្គូ ពលរដ្ឋ​តួកគី​ដែល​សាកល្បង​ជ្រើសរើស​លោក​គីលីច្សដារ៉ូហ្គូ កាលពី​ជុំ​ទីមួយ​ អាច​នឹង​ងាក​មក​រក​លោក​អ៊ែរដូហ្កាន​វិញ ដើម្បីនិរន្តរភាព​និង​​ស្ថិរភាព​។

​តួកគី​ក្រោយការបោះឆ្នោត​ ?

​​ការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​តួកគី​ទី ១៣ ​នេះ មាន​ឥទ្ធិពល​នយោបាយ​ខ្លាំង​ស្ទើរ​ពុំ​ធ្លាប់​មាន​ទេ​សម្រាប់​ប្រវត្តិសាស្ត្រ​តួកគី​ ដែលស​ឱ្យ​ឃើញ​ថា នយោបាយ​ដឹកនាំ​រ​បស់​លោក​អ៊ែរដូហ្កានបែប​អ៊ីស្លាម​និយម ទំនើប និង​ស្រមៃក្លាយ​ជា​មហាអំណាច​មួយ បាន​ចាក់​កប់​ជ្រៅ​ក្នុង​សង្គម​តួកគី។

ជោគជ័យរបស់​ប្រធានាធិបតី​ផុត​អាណត្តិ​តួកគី សម្ព័ន្ធមិត្ត​របស់​លោក​ពូទីន នឹង​ធ្វើ​ឱ្យ​រុស្ស៊ី​រីករាយ តែ​ត្រូវបន្ត​​ធ្វើការ​ជាមួយ​ទាំង​​ទើស​ទាល់​ចិត្ត​​សម្រាប់​​រដ្ឋបាលអាមេរិក​របស់​លោក​បៃដិន ក៏​ដូច​ជា​បណ្តា​មេដឹកនាំ​អឺរ៉ុប​ជា​ច្រើន​ផ្សេង​ទៀត​​ ដែល​មាន​ទំនាក់ទំនង​រកាំរកូស​ស្រាប់​ជា​មួយលោក​អ៊ែដូហ្កាន ​ និង​ដែល​ចង់​ឃើញ​តួកគី​មាន​មេ​ដឹកនាំ ថ្មី​ បែប​ប្រជាធិបតេយ្យ​និងមិន​ប្រកាន់​សាសនា។ ជា​សមាជិក​អង្គការ​អូតង់ តួកគី​ក៏​ជា​ដៃគូ​ដ៏​ចាំបាច់​របស់​សហភាព​អឺរ៉ុប ក្នុង​វិបត្តិ​ជនភៀសខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ