អានតួអត្ថបទ
តួកគី-បោះឆ្នោត

តួកគី​ បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ក្រោមផ្ទៃ​នៃលទ្ធផល​​មិន​ច្បាស់លាស់

ពលរដ្ឋ​តួកគី​ជាង​៦០លាន​ ចាប់​ផ្តើម​​បោះឆ្នោត​សភា និង​ប្រធានាធិបតី នៅថ្ងៃអាទិត្យ​ទី ១៤ ឧសភា​ តាំងពីម៉ោង​៨ព្រឹក ម៉ោង​ក្នុង​ស្រុក ត្រូ​វ​ជា​ម៉ោង​៥​សកល។ ការ​បោះឆ្នោត​ ជុំ​ទីមួយ​នេះ ទំនង​ជា​ថ្ងៃ​សម្រេច​​បិទ​បញ្ចប់​សករាជ​​អំណាច ​២០​ឆ្នាំ​របស់​លោក អ៊ែរដូហ្កាន ប្រធានាធិបតី​ផុតអាណត្តិ​ផង។ ​ការ​ស្ទង់​មតិ សុទ្ធ​តែ​ថា​បេក្ខជន​​​ កេម៉ាល់ គីលីច្សដារ៉ូគ្លូ ដែល​ជា​គូប្រជែង​ដ៏​ចម្បង​នោះ នាំ​មុខ​ទាំងអស់។

ការិយាល័យ​បោះឆ្នោត​មួយ នៅ​ក្រុង​ អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី ១៤ ឧសភា ២០២៣
ការិយាល័យ​បោះឆ្នោត​មួយ នៅ​ក្រុង​ អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី ១៤ ឧសភា ២០២៣ REUTERS - YVES HERMAN
ផ្សាយពាណិជ្ជកម្ម

តាម​ទម្លាប់​ប្រជាពលរដ្ឋ​តួកគី​ ចូល​រួម​បោះឆ្នោត​ក្នុង​ចំនួន​ដ៏​ច្រើន​ ប្រមាណ​ដល់​ទៅ​ជាង​៨០%។ នៅថ្ងៃ​នេះ​ វត្តមាន​អ្នក​បោះឆ្នោត​អាច​កាន់​តែ​ខ្ពស់លើស​សព្វដង​​ទៀត បើ​យោល​ទៅ​លើទម្រង់​នៃ​ភាព​​​ប្រកួត​ប្រជែង​ដែល​មាន​លក្ខណៈ​ជា​ការ​សម្រេច​ឱ្យ​ប្រធានាធិបតី ផុតអាណត្តិ អ៊ែរដូហ្កាន​បន្ត ​ ឬ​​បញ្ចប់​តំណែង​​​​របស់​គាត់។ ជា​ការ​ជ្រើសរើសមេដឹកនាំ​​ថ្មី រវាង​បេក្ខភាព​ចម្បង​ពីរ​រូប គឺ លោក អ៊ែរដូហ្កាន អ្នក​អភិរក្សអ៊ីស្លាមនិយម​ អាយុ​៦៩​ឆ្នាំ​ កាន់​អំណាច​តាំងពី​២០ឆ្នាំ​មក និង​លោក គីលីច្សដារ៉ូគ្លូ អាយុ​៧៤​ឆ្នាំ​ នៃបក្ស​សង្គមប្រជាធិបតេយ្យ​ ជា​សម្ព័ន្ធ​បក្ស​ប្រឆាំង គាំទ្រ​ដោយ​លោក​ខាង​លិច។

បន្ទាប់​ពី​ឆ្លង​កាត់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដ៏ពុះ​កញ្ជ្រោល​និង​ជួន​អម​​ដោយ​អំពើ​ហិង្សា​ផង​នោះ ការ​បោះឆ្នោត​បាន​ចាប់​ផ្តើម​ដោយ​​ស្ងប់​ស្ងាត់ទេ។ ក្រសួង​មហាផ្ទៃ​បាន​ប្រមូល​កម្លាំង​ប៉ូលិស នគរបាល កង​សន្តិសុខ និង​បុគ្គលិក​ ​ប្រមាណ​ជាង ៦សែន​នាក់ ដើម្បី​ធានា​សុវត្ថិភាពពេល​បោះឆ្នោត។ ក្រុម​បក្ស​ប្រឆាំង ដែល​មិន​សូវ​ទុក​ចិត្ត​លើ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត ​រំពឹង​លើ​ ក្រុមស្ម័គ្រ​ចិត្ត​របស់​សង្គម​ស៊ីវិល​ ក្នុង​ការ​ធានា​ឯករាជ្យ​ភាពនៃ​ការ​បោះឆ្នោត។ ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជា​អ្វី​ដែល​បក្ស​ទាំង​សងខាងតែង​ព្រួយ​បារម្ភ​។

ការិយាល័យបោះឆ្នោត​ត្រូវ​បិទ​នៅវេលាម៉ោង​ ៥​ល្ងាច​ ត្រូវ​នឹង​ម៉ោង​២រសៀល​ម៉ោង​សកល។ បេក្ខជន​ជា​គូ​ប្រជែង​គ្នា​ទាំងពីរ សង្ឃឹម​ដូច​គ្នា​ថា​នឹង​​ទទួល​ជោគជ័យ​នៅ​ល្ងាច​នេះ​ ដោយ​ពុំ​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត​ជុំ​ទីពីរទេ។ បេក្ខជន​ណា​ទទួល​បាន​សំឡេង​ឆ្នោត​លើស​ពី ៥០% នឹង​ត្រូវ​ឈ្នះ​ក្លាយ​ជា​ប្រធានាធិបតី​តួកគី​ថ្មី នៅ​ជុំ​ទីមួយ​នេះ​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ