អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង-អាល់ហ្សេរី៖ទំនាក់ទំនងដែលកំពុងបន្តបំពុលដោយរឿងអតីតកាល និងពិបាកផ្សះផ្សា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ សីហា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី។ ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​អាល់ហ្សេរី​លោក​អាប់ឌែលម៉ាហ្ស៊ីដ ទេពប៊ូន។ គួរ​បញ្ជាក់​ថា នេះ​ជា​ទស្សនកិច្ច​លើកទី២ របស់​លោក​ម៉ាក្រុង​ក្នុង​នាម​ជា​ប្រធានាធិបតី​ទៅ​កាន់​អាល់ហ្សេរី។ តាម​រយៈ​ទស្សនកិច្ច​លើក​នេះ លោក​ម៉ាក្រុង​សង្ឃឹម​បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​រវាង​បារាំង និង​អាល់ហ្សេរី​ដែល​កំពុង​បន្ត​រកាំរកូស​ដោយ​រឿង​អតីតកាល។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ សីហា ២០២២ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី។
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ សីហា ២០២២ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី។ © AP/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​នៅ​អាល់ហ្សេរី​លើក​នេះ ទី១ ជា​ទស្សនកិច្ច​ដែល​គេ​ឲ្យ​ឈ្មោះ « ផ្លូវការ និង​មិត្តភាព » ពោល​មិនមែន​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទេ។ ជម្រើស​ឲ្យ​ឈ្មោះ​របៀប​នេះ​ជា​ការ​ព្រមព្រៀង​រវាង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​សមភាគី​អាល់ហ្សេរី​លោក​អាប់ឌែលម៉ាហ្ស៊ីដ ទេពប៊ូន។ ចំណែក​កំណត់សម្គាល់​ទី២ ជា​ទស្សនកិច្ច​ដែល​ធ្វើ​ឡើង​ចំ​ពេល​ដែល​អាល់ហ្សេរី​ទើប​ប្រារព្ធ​ខួប ៦០ឆ្នាំ​នៃ​ការ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​កាល​ពី​ឆ្នាំ ១៩៦២។

នៅ​អាល់ហ្សេរី លោក​ម៉ាក្រុង​ត្រូវ​ជួប​សន្ទនា​ចំនួន​ពីរ​ដង​ជាមួយ​លោក​ទេពប៊ូន ទទួល​ទានអាហារ និង​ធ្វើ​ដំណើរ​ជាមួយ​លោក​ទេពប៊ូន​ទៅ​កាន់​វិមាន​នៃ​ការ​ចងចាំ​ក្នុង​សម័យ​សង្រ្គាម​ដណ្តើម​ឯករាជ្យ​ពី​បារាំង។ បន្ទាប់​ពី​ទីក្រុង​អាល់ហ្សេ លោក​ម៉ាក្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​អូរ៉ង់​ដែល​ជា​ទីក្រុង​ធំ​ទី២ របស់​អាល់ហ្សេរី និង​ជា​ទីក្រុង​វប្បធម៌។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មួយ​នេះ​ជា​ជម្រើស​ផ្ទាល់​ខ្លួន​របស់​លោក​ម៉ាក្រុង​ដែល​លោក​ចង់​បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​ទៅ​អាល់​ហ្សេរី លោក​មិន​ឈប់​ចត​នៅ​តែ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​ទេ។

ផ្តល់​សន្ទុះ​លើ​ដៃគូ​សេដ្ឋកិច្ច

វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​បាន​ចាត់​ទក​ទស្សនកិច្ច « ផ្លូវការ និង​មិត្តភាព » ជា​ទស្សនកិច្ច​ដើម្បី​ផ្តល់​សន្ទុះ និង​បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ដើម្បី​បញ្ជាក់​ពី​ឆន្ទៈ និង​គោលដៅ​មួយ​នេះ លោក​ម៉ាក្រុង​បាន​នាំ​យក​ទៅ​ជាមួយ​លោក​នូវ​គណៈប្រតិភូ​មួយ​ក្រុម​ដែល​មាន​រដ្ឋមន្រ្តី​ចំនួន ៧រូប រួម​ទាំង​ក្រុម​អ្នកជំនួញ​បារាំង​គ្រាក់ៗ។ ប្រធានរឿង​ដែល​លោក​ម៉ាក្រុង​លើក​យក​ទៅ​ជជែក​ជាមួយ​សមភាគី​អាល់ហ្សេរី​មិន​ខ្វះ​ទេ រួម​មាន វិស័យ​ការពារ សន្តិសុខ និង​សេដ្ឋកិច្ច ពិសេស​ការ​ផ្សះផ្សា និង​ការ​ចងចាំ​ដែល​ជា​ប្រធានរឿង​ចម្រូងចម្រាស​ខ្លាំង និង​កំពុង​បន្ត​ចញ្ចឹម​ភាព​រកាំរកូស​មក​ដល់​សព្វថ្ងៃ។

ក្រៅ​ពី​នេះ នៅ​មាន​ប្រធានរឿង​ស្តីពី​ការ​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពលរដ្ឋ​អាល់ហ្សេរី​ដែល​ចង់​ទៅ​បារាំង។ គួរ​រម្លឹក​ថា​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២១ បារាំង​បាន​កាត់​បន្ថយ​ការ​ផ្តល់​ចំនួន​ទិដ្ឋាការ​ឲ្យ​ពលរដ្ឋ​អាល់ហ្សរី​ដល់​ទៅ ៥០%។ យ៉ាង​ណា​ក៏​ដោយ ដៃគូ​សេដ្ឋកិច្ច​ជា​ប្រធានបទ​អាទិភាព​ដែល​បារាំង​ចង់​ផ្តល់​សន្ទុះ​ឡើង​វិញ​ជាមួយ​អាល់ហ្សេរី ពិសេស​នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ត្រង់​ចំណុច​នេះ ការ​ធានា​ពី​ការ​ផ្គត់ផ្គត់​ឧស្ម័ន​ពី​អាល់ហ្សេរី​ជា​រឿង​ដែល​អឺរ៉ុប​ចង់​បាន​ខ្លាំង ព្រោះ​អាល់ហ្សេរី​ជា​ប្រទេស​ជង្រុក​ឧស្ម័ន​មួយ​នៅ​អាហ្រ្វិក។ នៅ​បារាំង ឧស្ម័ន​ប្រើប្រាស់​សព្វថ្ងៃ​មាន​ជិត ១០% ត្រូវ​បាន​បារាំង​នាំ​ចូល​ពី​អាល់ហ្សេរី។

« សុំទោស » ជា​ពាក្យ​ដែល​អាល់ហ្សេរី​ចង់​ឮ​ពី​បារាំង

ភាព​រកាំរកូស​រវាង​បារាំង និង​អាល់ហ្សេរី​កើត​ចេញ​ពី​រឿង​អតីតកាល​នៅ​ពេល​ដែល​បារាំង​បាន​ផ្តើម​ធ្វើ​​អាណានិគម​លើ​អាល់ហ្សេរី​ក្នុង​ឆ្នាំ ១៨៣០។ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ១៩៦២ ពោល​ក្រោយ​ពី​ការ​ត្រួតត្រា​របស់​បារាំង​អស់​រយៈពេល ១៣២ឆ្នាំ​ទើប​អាល់ហ្សេរី​អាច​រើបម្រះ​រួច​ពី​នឹម​អាណានិគម។ តែ​ទំរាំ​ទទួល​បាន​ឯករាជ្យ​ពី​បារាំង មាន​ពលរដ្ឋ​អាល់ហ្សេរី​ច្រើន​ណាស់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​តស៊ូ​ប្រឆាំង​នឹង​អាណានិគមនិយម​បារាំង។ ជា​រៀងរាល់​ឆ្នាំ រដ្ឋាភិបាល​អាល់ហ្សេរី​តែង​គោរពវិញ្ញាក្ខន្ធ​ចំពោះ​ថ្នាក់ដឹកនាំ និង​វីរៈជន​អាល់ហ្សេរី​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​សង្រ្គាម​ទាមទារ​ឯករាជ្យ​ពី​បារាំង​ក្នុង​ចន្លោះ​ឆ្នាំ ១៩៥៤ និង ១៩៦២។

អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​អាល់ហ្សេ​ចង់​បាន គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​សុំទោស​ជា​ផ្លូវការ​ចំពោះ​ទង្វើ​របស់​ខ្លួន។ នៅ​ក្នុង​ទស្សនកិច្ច​លើកទី១ របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ លោក​ម៉ាក្រុង​ដែល​បាន​កើត​នៅ​ក្រោយ​អាល់ហ្សេរី​ទទួល​បាន​ឯករាជ្យ​បាន​ត្រឹម​ចាត់​ទុក​អាណានិគម​បារាំង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ បន្ទាប់​មក លោក​ម៉ាក្រុង​បាន​បរិហារ​ពី​ការ​សម្លាប់​រង្គាល​លើ​បាតុករ​អហិង្សារ​អាល់ហ្សេរី​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៧ តុលា ឆ្នាំ ១៩៦៧ ថា​ជា​ឧក្រិដ្ឋកម្ម​មិន​អាច​លើកលែង​ទោស​ឲ្យ​បាន។ តែ​ស្រាប់​នៅ​ក្នុង​ខែ​តុលា ឆ្នាំ ២០២១ លោក​ម៉ាក្រុង​បាន​បញ្ឆេះ​កំហឹង​ពលរដ្ឋ​អាល់ហ្សេរី​ដោយ​បាន​ស្តីពី​បន្ទោស​លើ​ប្រព័ន្ធ​នយោបាយ យោធា​អាល់ហ្សេរី​ដែល​បន្ត​យក​ការ​ចងចាំ និង​ការ​ឈឺចាប់​ក្នុង​សម័យ​អាណានិគម​ធ្វើ​ជា​អាជីវកម្ម​នយោបាយ និង​ថែម​ទាំង​ចោទ​សួរ​ពី​វត្តមាន​រដ្ឋ​អាល់ហ្សេរី​នៅ​មុន​បារាំង​ធ្វើ​អាណានិគម។

តែ​ក្រោយ​មក ការ​ស្តីបន្ទោស​ដូច​នេះ​ត្រូវ​បាន​លោក​ម៉ាក្រុង​សម្តែង​ការ​សោកស្តាយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្វីៗ​ហាក់​មិន​បាន ឬ​មិន​ទាន់​អាច​លុប​បំបាត់​រឿងរ៉ាវ​សល់​ពី​អតីតកាល​បាន​ឡើយ។ ពាក្យ​សុំទោស​ដែល​ប្រទេស និង​ប្រជាជន​អាល់ហ្សេរី​បាន​រង់ចាំ និង​កំពុង​រង់ចាំ​នៅ​មិន​ទាន់​មាន​ទេ​មក​ទល់​ពេល​នេះ។ ដូច្នេះ ការ​ដែល​បារាំង និង​អាល់ហ្សេរី​អាច​ផ្សះផ្សា​គ្នា និង​ទុក​រឿងអតីតកាល​ចោល​បាន ឬ​មិន​បាន​នឹង​អាស្រ័យ​ទាំង​ស្រុង​លើ​ឆន្ទៈ​របស់​ប្រទេស​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ