អានតួអត្ថបទ
បារាំង-អាល់ហ្សេរី

អាល់ហ្សេរី​ប្រកាសបិទ​ដែនអាកាស​មិន​ឱ្យ​យន្តហោះ​យោធា​បារាំង​ហោះឆ្លងកាត់

បន្ទាប់​ពី​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​អាល់ហ្សេរី​ប្រចាំ​ទីក្រុង​ប៉ារីស ឱ្យ​ត្រលប់​ចូល​ប្រទេស​វិញ ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​បារាំងមក អាល់ហ្សេរីបាន​​ចេញ​បម្រាម​ហាមឃាត់​មិន​ឱ្យយន្តហោះ​យោធា​បារាំង ហោះហើរ​ឆ្លង​កាត់​ដែន​អាកាស​អាល់ហ្សេរី​ ដូច​ទម្លាប់​ទៀត​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ទី​បញ្ជាការ​ដ្ឋានកងទ័ព​បារាំង។ ហេតុអ្វី​បាន​ជា​ទំនាក់ទំនង​បារាំង-អាល់ហ្សេរី​ធ្លាក់​ដល់​កំរិត​នេះ ?

យន្តហោះ​ចម្បាំង​ «Rafale» នៃ​កង​ទ័ព​អាកាសបារាំង កំពុង​ចាក់សាំង​លើ​មេឃ
យន្តហោះ​ចម្បាំង​ «Rafale» នៃ​កង​ទ័ព​អាកាសបារាំង កំពុង​ចាក់សាំង​លើ​មេឃ Photo: Armée de l'air
ផ្សាយពាណិជ្ជកម្ម

តាំង​ពីព្រឹក​​ថ្ងៃ​អាទិត្យ​ទី​៣ តុលា​មក យន្តហោះ​យោធា​បារាំង ដែល​ហោះ​សំដៅ​ទៅ​​ និង​ហោះ​មក​ពី​តំបន់​សាហ៊ែល​ ក្នុងក្របខ័ណ្ឌ​​ប្រតិបត្តិការបារខាន​ Barkhane ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាតនៅ​តំបន់​​សាហ៊ែល មិន​អាច​ឆ្លង​កាត់​ដែន​អាកាសអាល់ហ្សេរី​​ដូច​ទម្លាប់​បាន​ទេ។ អាល់ហ្សេរី​បាន​សម្រេច​បិទ​ព្រំដែន​អាកាស​ ដោយ​ពុំ​បាន​ជូន​ដំណឹង​អ្វី​ជា​ផ្លូវការ​ដល់​យោធា​បារាំង​ឡើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​វរសេនីយឯក​Pascal  Ianni ដោយ​គូស​បញ្ជាក់បន្ថែម​ថា​ ការ​បិទ​ព្រំដែនអាកាសនេះ​បាន​ធ្វើ​ឱ្យ​រំខាន​ចរន្ត​​ហោះហើរ​បន្តិច​បន្តួច ដោយ​ត្រូវ​សម្របសម្រួល​ផែនការ​ហោះ​ហើរ​ខ្លះ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ភស្តុភារ និង​​បេសកកម្ម​ស៊ើបអង្កេត​របស់​យោធា​បារាំង​នៅ​តំបន់​សាហ៊ែល​ទេ។ បារាំង​ពេលនេះ​កំពុង​រៀប​ចំ​ចាកចេញ​ពី​មូលដ្ឋាន​យោធា​នៅ​តំបន់​សាហ៊ែល​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី​និងកំពុង​រៀប​ចំ​កាត់​បន្ថយ​កង​ទ័ពពាក់​កណ្តាល​ នៅ​ឆ្នាំ​២០២៣​។

ទង្វើ​របស់​​អាល់ហ្សេរី​ចំពោះ​យោធា​បារាំង បាន​កើត​ឡើងបន្ទាប់​ពី​​អាល់ហ្សេ​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូតអាល់ហ្សេរី​ប្រចាំ​ទីក្រុងបារីស​ឱ្យ​ត្រលប់​ចូល​ស្រុក​កំណើត​វិញ ដើម្បី​បញ្ជាក់​អំពី​ជំហរ​ប្រឆាំង​នឹង​បារាំង។

ទំនាក់ទំនង​បារាំង-អាល់ហ្សេរី​ធ្លាក់​ដុនដាប​ដល់​កំរិត​នេះ បើ​តាម​សារព័ត៌មានក្នុង​ស្រុក​អាល់ហ្សេរី​ បណ្តាល​មក​ពី​មូលហេតុ​ពីរ​យ៉ាង ទាក់ទង​នឹងការ​ប្រកាស​ជំហរ​​របស់​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ៖ ទីមួយ  ​កាលពី​ថ្ងៃ​អង្គារ​ទី ២៨​កញ្ញា លោកប្រធានាធិបតី​បានប្រកាស​កាត់​បន្ថយ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​អាល់ហ្សេរី ម៉ារ៉ុក និង​ទុយនីស៊ី​ចំនួន​ពាក់​កណ្តាល ព្រោះ​អាល់ហ្សេរី​មិន​ព្រមចេញ​លិខិត​ធ្វើ​ដំណើរ​បណ្តោះ​ឱ្យ​​ជន​អន្តោប្រវេសន៍​អាល់ហ្សេរី​​ខុស​ច្បាប់​ដែល​បារាំងត្រូវ​​បញ្ជូន​​​ត្រលប់​ចូល​ស្រុក​វិញ។ ដោយ​មិន​បង្អង់​ក្រសួងការ​បរទេស​អាល់ហ្សេរី​បានកោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​ក្រុង​អាល់ហ្សេ ចូល​បំភ្លឺ​ម្តង​រួច​ហើយ។

ហើយ​កាន់តែធ្ងន់ធ្ងរ​ទៀត គឺជំនួប​រវាង​ប្រធានាធិបតី​បារាំង​ជាមួយ​កូន​ចៅ​យុទ្ធជន​Harki (កងស្វ័យត្រាណ​អាល់ហ្សេរី​បំរើ​ឱ្យ​យោធា​បារាំង) និង​អ្នក​ធ្វើ​មាតុភូមិនិវត្តន៍​អាល់ហ្សេរី នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០​កញ្ញា។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ឡឺម៉ុង លោក​ម៉ាក្រុង​បាន​និយាយ​ទាក់ទង​នឹង​សង្គ្រាម​នៅអាល់ហ្សេរី (ពី​ឆ្នាំ​១៩៥៤-១៩៦២) ប្រវត្តិសាស្ត្រ​ផ្លូវ​ការ​របស់​អាល់ហ្សេរី​ត្រូវ​បាន​សរសេរតាក់តែង​ឡើង​វិញ​ដោយ​ផ្អែក​លើ​គំនិត​ស្អប់​ខ្ពើម​បារាំង និង​ស្ថាបនា​ប្រទេស​ឡើង​វិញ​ដោយ​ឈរ​លើ​ប្រព័ន្ធ​នយោបាយ​យោធា​ ដែល​កំពុង​ទ្រុឌទ្រោម​នាពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ