អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេរោគបំបែងខ្លួនថ្មី « អូមីក្រុង » បានទម្លាយអត្តសញ្ញាណខ្លះ តែភាពស្រពិចស្រពិលកំពុងបន្តមាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ពុធ ទី៨ ធ្នូ អង្គការ​សុខភាពពិភពលោក WHO បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​មេរោគបំបែងខ្លួន​ថ្មី « អូមីក្រុង »។ តាម WHO « អូមីក្រុង » ហាក់​មាន​អត្រា​ឆ្លង​ខ្ពស់​លើ​អ្នក​ដែល​ធ្លាប់​ឆ្លង​កូវីដ១៩ រួច​ហើយ។ តែ​ទន្ទឹម​គ្នា​នេះ « អូមីក្រុង » មិន​បាន​បង្ក​ឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ទេ។ ទាក់ទង​នឹង​វ៉ាក់សាំង​វិញ មន្ទីរពិសោធន៍ Pfizer/BioNTech បាន​ធានា​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធិភាព​ទល់​នឹង​នឹង « អូមីក្រុង » និង​មាន​ប្រសិទ្ធិភាព​កាន់​តែ​ខ្ពស់ បន្ទាប់​ពី​បាន​ចាក់​ដូសទី៣ ឬ​ដូសជំរុញ។

មេរោគបំបែងខ្លួនថ្មី « អូមីក្រុង » បានទម្លាយអត្តសញ្ញាណខ្លះ តែភាពស្រពិចស្រពិលកំពុងបន្តមាន
មេរោគបំបែងខ្លួនថ្មី « អូមីក្រុង » បានទម្លាយអត្តសញ្ញាណខ្លះ តែភាពស្រពិចស្រពិលកំពុងបន្តមាន © 网络照片
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ទេ​ថា ទិន្នន័យ​ថ្មីៗ​ចុង​ក្រោយ​ទាក់ទង​នឹង​អូមីក្រុង​នេះ​បាន​ធ្វើ​ឲ្យ​ពិភពលោក​កក់ក្តៅ លែង​សូវ​បារម្ភ និង​ធូរស្រាល​បន្តិច។ តែ​គេ​ក៏​មិន​ត្រូវ​មាន​សុទិដ្ឋនិយម​ខ្លាំង​ពេក​ដែរ។ តាម​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក WHO លោក​ទេដ្រូស ដំណឹង​ថ្មី និង​ទិន្នន័យ​ថ្មី​ស្តីពី​អូមីក្រុង​បាន​មក​ពី​អាហ្រ្វិកខាងត្បូង​ដែល​ជា​ប្រទេស​ប្រភពដើម​នៃ​មេរោគបំបែងខ្លួន​ថ្មី « អូមីក្រុង »។ គួរ​រម្លឹក​ថា មេរោគបំប្លែង​ខ្លួន​ថ្មី​មួយ​នេះ​ត្រូវ​បាន​អាហ្រ្វិកខាងត្បូង​ប្រកាស​ប្រាប់​ពិភពលោក​ជា​សាធារណៈ​កាល​ពី​ថ្ងៃទី២៤ វិច្ឆិកា។

លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​បឋម​មក​ពី​អាហ្រ្វិកខាងត្បូង​បាន​ឲ្យ​ដឹង ២ចំណុច​សំខាន់ ទី១ « អូមីក្រុង » ហាក់​មាន​អត្រា​ឆ្លង​ខ្ពស់​លើ​អ្នក​ដែល​ធ្លាប់​ឆ្លង​កូវីដ១៩ រួច និង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ហើយ​ចំណុច​សំខាន់​ទី២ « អូមីក្រុង » ហាក់​មិន​បាន​បង្ក​ឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ដូច​មេរោគបំប្លែងខ្លួន « ដែលតា » ទេ។ តែ​លោក​ទេដ្រូស​បាន​សំណូមពរ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ដោយ​បញ្ជាក់​ថា ការ​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែម​ទៀត​ជា​រឿង​ចាំ​បាច់ មុន​នឹង​អាច​ទាញ​ចេញ​នូវ​សេចក្តីសន្និដ្ឋាន​មួយ។

តាម​ពិត លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​បឋម​មក​ពី​អាហ្រ្វិកខាងត្បូង​ពេល​នេះ​ក៏​មិន​សូវ​គ្នា​ប៉ុន្មាន​នឹង​ការ​សង្កេត​ជា​លក្ខណៈ​ទូទៅ​ដែរ។ មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​ឆ្លង​អឺរ៉ុប​បាន​សម្គាល់​ឃើញ​ថា​ពេល​នេះ អត្រា​ឆ្លង​របស់​អូមីក្រុង​ហាក់​មាន​ល្បឿនលឿន តែ​ហាក់​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ព្រោះ​អ្នក​ឆ្លង​អូមីក្រុង​ច្រើន​ជា​អ្នក​គ្មាន​លេច​រោគសញ្ញា ឬ​មួយ​ក៏​មាន​រោគសញ្ញា​តិចតួច។ ចំណែក​លោក​អង់តូនី ហ្វូស៊ី ទីប្រឹក្សា​សុខាភិបាល​របស់​ប្រធានាធិបតី​​អាមេរិក​ហ៊ាន​បញ្ជាក់​ច្បាស់ៗ​ថា អូមីក្រុង​មិន​ធ្ងន់ធ្ងរ​ជាង​ដែលតា និង​អាច​មាន​គ្រោះថ្នាក់​តិច​ជាង​ដែលតា។ តើ​អូមីក្រុង​គ្រោះថ្នាក់​ជាង ឬ​មិន​គ្រោះថ្នាក់​ជាង​ដែលតា?។ អត់​ទាន់​មាន​ចម្លើយ​ច្បាស់​ទេ​នៅ​ពេល​នេះ។

តើ​អូមីក្រុង​អាច​នឹង​ចូល​ជំនួស​កន្លែង​ដែលតា​ឬ​ទេ?

គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​មួយ​ច្បាស់​ចំពោះ​សំណួរ​នេះ​ទេ។ គួរ​រម្លឹក​បន្តិច​ថា ជិត ២ឆ្នាំ​ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ១៩ ពី​ប្រទេស​ចិន ពិភពលោក​បាន​ស្គាល់​មេរោគបំប្លែងខ្លួន​មួយ​ចំនួន ដូច​ជា​បេតា អាល់ហ្វា ឬ​មួយ​ក៏​ដែលតា។ តែ​សព្វថ្ងៃ​នេះ មាន​តែ​ដែលតា​មួយ​គត់​ដែល​កំពុង​ឆ្លង​ខ្លាំង និង​កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំង។ កំណើន​ករណី​ឆ្លង​ថ្មី កំណើន​ចំនួន​អ្នក​ចូល​មន្ទីរពេទ្យ និង​កំណើន​ចំនួន​អ្នក​ស្លាប់​ដែល​ប្រទេស​មួយ​ចំនួន ពិសេស​អឺរ៉ុប​កំពុង​ស្គាល់​ពេល​នេះ គឺ​បង្ក​ឡើង​ដោយ​ដែលតា ពោល​មិនមែន​អូមីក្រុង​ទេ។

តែ​គេ​បាន​សង្កេត​ឃើញ​ថា អូមីក្រុង​ដែល​ទើប​លេច​រូបរាង​ជាង ១០ថ្ងៃ​មុន​សោះ​ហាក់​កំពុង​ឆ្លង​ចូល​ប្រទេស​កាន់​តែ​ច្រើន និង​មាន​ប្រទេស​ខ្លះ​កំពុង​ស្គាល់​កំណើន​ករណី​ឆ្លង​ដោយ​អូមីក្រុង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ នៅ​អាហ្រ្វិកខាងត្បូង​ដែល​ជា​ប្រទេស​ប្រភព​អូមីក្រុង អូមីក្រុង​កំពុង​គ្របដណ្តប់​ខ្លាំង ព្រោះ​នៅ​ក្នុង​ចំនួន​ករណី​ឆ្លង​ថ្មី មាន​ជាង ៩០% ជា​អូមីក្រុង។ ដូច្នេះ និន្នាការ​នៅ​អាហ្រ្វិកខាងត្បូង​ពេល​នេះ​ប្រហែល​ជា​មាន​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដោយ​មិន​អាច​គេច​ផុត​ទេ។ គ្រាន់​តែ​ថា​នៅ​ពេល​នេះ អ្នក​ឆ្លង​អូមីក្រុង​ខ្លះ​មិន​ធ្លាក់​ឈឺ​ធ្ងន់ធ្ងរ ខ្លះ​គ្មាន​រោគសញ្ញា ឬ​មាន​រោគសញ្ញា​តិចតួច និង​ពិសេស​ទៀត​នៅ​ពេល​នេះ អូមីក្រុង​មិន​ទាន់​បាន​ផ្តាច់​ជីវិត​មនុស្ស​ម្នាក់​ទេ។

ប្រសិទ្ធិភាព​វ៉ាក់សាំង​ចោទ​ជា​បញ្ហា?

នៅ​ពេល​ដែល​គេ​និយាយ​ពី​វ៉ាក់សាំង គឺ​គេ​ចង់​ផ្តោត​សំខាន់​លើ​វិធានការ​បង្ការ​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ។ តែ​អ្វី​ដែល​គេ​បាន​សង្កេត​ឃើញ​ចំពោះ​ជំងឺ​កូវីដ១៩ ឬ​កូវីដ១៩ បំប្លែង​ខ្លួន​ពេល​នេះ ការ​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏​នៅ​តែ​ឆ្លង ទោះ​ចាក់​បាន​ចំនួន ២ដូស​ក៏​ដោយ។ គ្រាន់​តែ​ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច និង​បាន​ឆ្លង​កូវីដ១៩​មិន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​រហូត​ចូល​ពេទ្យ ឬ​ស្លាប់។ ជាមួយ​អូមីក្រុង​ជា​រឿង​មួយ​ផ្សេង​ទៀត ព្រោះ​ជា​មេរោគបំប្លែងខ្លួន​ថ្មីថ្មោង ហើយ​វ៉ាក់សាំង​ដែល​ពិភពលោក​មាន​សព្វថ្ងៃ​ក៏​មិន​បាន​ត្រៀម​ដើម្បី​បង្ការ​វា​ដែរ។

វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​នៅ​អាហ្រ្វិកខាងត្បូង​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ដំបូង​លើ​វ៉ាក់សាំង Pfizer ដោយ​បញ្ជាក់​ថា វ៉ាក់សាំង Pfizer បាត់បង់​ប្រសិទ្ធិភាព​ប្រឈម​នឹង​អូមីក្រុង។ តែ​មន្ទីរពិសោធន៍ Pfizer/BioNTech បាន​ព្យាយាម​អះអាង​ក្នុង​ថ្ងៃ​ពុធ ទី៨ ធ្នូ​ថា ប្រសិទ្ធិភាព​វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធិភាព​ទល់​នឹង​អូមីក្រុង មិន​មាន​កម្រិត​ប្រសិទ្ធិភាព​កាន់​តែ​ខ្ពស់​បន្ទាប់​ពី​បាន​ចាក់​ដូស​ទី៣ មាន​ន័យ​ថា បើ​ចាក់​បាន​ត្រឹម​តែ ២ដូស​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ។

ការ​លើក​ឡើង​របស់ Pfizer/BioNTech ក៏​ជា​ការ​យល់​ឃើញ​របស់​អង្គការ​សុខភាពពិភពលោក គ្រូពេទ្យ​ជំងឺ​ឆ្លង​នៅ​អាមេរិក និង​លោក​អង់តូនី ហ្វូស៊ី​ដែល​ជា​ទីប្រឹក្សា​សុខាភិបាល​របស់​ប្រធានាធិបតី​​អាមេរិក​ដែរ។ ក្នុង​ពេល​ជាមួយ​គ្នា Pfizer/BioNTech បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​វ៉ាក់សាំង​របស់​ខ្លួន​សម្រាប់​ទប់​នឹង​អូមីក្រុង​ដែល​អាច​ចេញ​នៅ​ខែ​មីនា ឆ្នាំ ២០២២។ សរុប​វិញ ទោះ​បី​ជា​គេ​បាន​ដឹង​បន្ថែម​ពី​អត្តសញ្ញាណ​របស់​អូមីក្រុង​ក៏​ដោយ​ក៏​មេរោគបំប្លែងខ្លួន​ថ្មី​មួយ​នេះ​កំពុង​បន្ត​បង្កប់​នូវ​អាថ៌កំបាំង​ច្រើន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ