អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សេដ្ឋកិច្ចសកលដែលទើបងើបឡើងបន្តិចកំពុងរងការគំរាមកំហែងជាថ្មីដោយមេរោគបំប្លែងខ្លួនថ្មី « អូមីក្រុង »?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី២៩ វិច្ឆិកា ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ប្រទេស​ក្នុង​លោក​ហៅកាត់ G៧ បាន​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​បន្ទាន់​ដើម្បី​ប្រឈម​ទប់​នឹង​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង »។ សម្រាប់​អង្គការ​សុខភាពពិភពលោក មេរោគបំប្លែងខ្លួន​ថ្មី​មក​ពី​អាហ្រ្វិកខាងត្បូង​មួយ​នេះ​មាន​កម្រិត​ហានិភ័យ​ខ្ពស់។ ចំណែក​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ក៏​បាន​សម្តែង​ក្តីបារម្ភ​ដូច​គ្នា តែ​ធានា​ថា គេ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ជ្រួលច្របល់​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​ប្រទេស​កាន់​តែ​ច្រើន​បាន​ចាត់​វិធានការ​ទប់ស្កាត់ ដូច​ជា​ការ​បិទព្រំដែន ឬ​មួយ​ក៏​លើក​ពេល​បើក​ប្រទេស​ជា​ដើម។

ប្រធានាធិបតីអាមេរិកលោកចូ បៃដិន។
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន។ © (Photo by Anna Moneymaker/Getty Images) (Anna Moneymaker/San Francisco Chronicle via AP)
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​ពិភពលោក​ដែល​ទើប​ស្គាល់​ភាព​ប្រសើរ​បន្តិច​ឡើង​វិញ​កំពុង​ទទួល​ការ​គំរាមកំហែង​ជា​ថ្មី​ដោយ​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង » ឬ​អត់ គឺ​អាស្រ័យ​ទាំង​ស្រុង​លើ​ការ​វិវត្តន៍​របស់​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង »នៅ​ពេល​ខាង​មុខ។ « អូមីក្រុង »ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​អាហ្រ្វិកខាងត្បូង​ជា​មេរោគបំប្លែងខ្លួន​ថ្មី​ស្រឡាង និង​ជា​មេរោគបំប្លែងខ្លួន​ថ្មី​មួយ​ដែល​គេ​នៅ​មិន​ទាន់​បាន​ស្គាល់​ច្បាស់​ពី​អត្តសញ្ញាណ​របស់​វា។ ពិត​ណាស់ អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ទុក​ជា​មេរោគ​បំប្លែងខ្លួន​ដែល​មាន​កម្រិត​ហានិភ័យ​ខ្ពស់។ តែ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ពី​កម្រិត​អាត្រា​គ្រោះថ្នាក់ និង​កម្រិត​អត្រា​ឆ្លង​របស់​វា។

ខណៈ​នេះ អង្គការ​សុខភាព​ពិភពលោក រួម​ទាំង​ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ​ទូទាំង​សកលលោក​កំពុង​ធ្វើ​ការ​សិក្សា វិភាគ​លើ « អូមីក្រុង »។ ការ​សិក្សា​អាច​ផ្តល់​ចម្លើយ ៣ ទី១ « អូមីក្រុង »អាច​ជា​មេរោគបំប្លែង​ខ្លួន​ស្លូត ទី២ « អូមីក្រុង »អាច​ជា​មេរោគបំប្លែង​ខ្លួន​កាច​ល្មម និង​ទី៣ « អូមីក្រុង »អាច​ជា​មេរោគបំប្លែង​ខ្លួន​កាច​ខ្លាំង​ជាង​មេរោគបំប្លែងខ្លួន « ដែលតា »ដែល​កំពុង​គ្របដណ្តប់​ពិភពលោក​សព្វថ្ងៃ។ ផ្តើម​ចេញ​ពី​សេណារីយ៉ូ​ខាង​លើ គេ​អាច​ទាញ​ចេញ​នូវ​ការ​ព្យាករ​សម្រាប់​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំ ២០២២ ខាង​មុខ។ តាម​ការ​ព្យាករ​របស់​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ក្នុង​ខែ​តុលា​កន្លង​ទៅ កំណើន​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំ ២០២២ មាន​អត្រា ៤,៩%។

តែ​បើ​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង »បង្ក​គ្រោះថ្នាក់​តិចតួច ហើយ​វ៉ាក់សាំង​សព្វថ្ងៃ​មាន​ប្រសិទ្ធិភាព​អាច​ទប់ទល់​វា​បាន អត្រា​កំណើន​សេដ្ឋកិច្ច​សកល​ឆ្នាំ ២០២២ នឹង​បន្ត​មាន តែ​អាច​ធ្លាក់​ចុះ​តិចតួច ពោល​ពី ៤,៩% មក​នៅ​ត្រឹម ៤,៤៥%។ ផ្ទុយ​ទៅ​វិញ បើ​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង »បង្ក​គ្រោះថ្នាក់​ខ្លាំង​រហូត​មាន​ការ​បិទខ្ទប់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន និង​ការ​ក្រុង​ប្រជាជន​មិន​ឲ្យ​ចេញ​ពី​ផ្ទះ អត្រា​កំណើន​សេដ្ឋកិច្ច​សកល​ឆ្នាំ ២០២២ ក៏​នឹង​បន្ត​មាន តែ​អាច​ធ្លាក់​ចុះ​ពាក់កណ្តាល​មក​នៅ​ត្រឹម ២,៣%។ ឃើញ​ថា ទោះ​ក្នុង​សេណារីយ៉ូ​មួយ​ណា​ក៏​ដោយ សេដ្ឋកិច្ចពិភពលោក​នៅ​តែ​មាន​កំណើន​ដដែល។ គ្រាន់​តែ​ថា​មាន​តិច​ជាង​ការ​ព្យាករ​នៅ​មុន​ពេល​លេច​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង »។

សកម្មភាព​ដែល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកល​រងផល​ប៉ះពាល់

នៅ​ចំពោះ​មុខ​ពេល​នេះ និង​ខុស​ពី​វិធានការ​លើក​មុន ប្រទេស​ភាគ​ច្រើន​នៅ​មិន​ទាន់​បាន ឬ​មិន​បាន​ជ្រើស​យក​វិធានការ​ក្រុង​មនុស្ស​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ដូច​ពេល​ផ្ទុះ​កូវីដ១៩ ដំបូង​ទេ។ គួរ​បញ្ជាក់​ថា ក្នុង​រយៈ​ពេល ២ឆ្នាំ​នៃ​វិបត្តិ​កូវីដ១៩ កន្លង​ទៅ ប្រទេស​នីមួយៗ រួម​ទាំង​ពលរដ្ឋ​ម្នាក់ៗ​បាន​រៀនសូត្រ និង​មាន​បទពិសោធន៍​ច្រើន​ពី​ជំងឺ​ឆ្លង​សកល​មួយ​នេះ។ មេរៀន និង​បទពិសោធន៍​ដែល​គេ​ចង់​ផ្តោត​សំខាន់ គឺ​វិធានការ​បង្ការ និង​ការពារ រួម​ទាំង​ការ​សម្រប​ខ្លួន​រស់នៅ​តាម​គន្លង​ថ្មី។ មួយ​វិញ​ទៀត និង​ខុស​ពី​ថ្ងៃ​ផ្ទុះ​កូវីដ១៩ ដំបូង ពិភពលោក​សព្វថ្ងៃ​នេះ​កំពុង​មាន​វ៉ាក់សាំង​បង្ការ និង​ដែល​វ៉ាក់សាំង​នេះ​បាន​បង្ហាញ​ចេញ​នូវ​ប្រសិទ្ធិភាព​របស់​វា។

តែ​អ្វី​ដែល​ប្រទេស​កាន់​តែ​ច្រើន​កំពុង​ធ្វើ​ដើម្បី​ប្រឈម​ទប់​នឹង​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង »ពេល​នេះ គឺ​ការ​បិទព្រំដែន​អាកាស​ខាង​ក្រៅ​ជាមួយ​ក្រុម​ប្រទេស​ដែល​កំពុង​មាន​វត្តមាន « អូមីក្រុង »ពិសេស​ក្រុម​ប្រទេស​អាហ្វ្រិក។ ការ​បិទ​ប្រទេស​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ចរាចរណ៍​ទំនិញ និង​ចរាចរណ៍​មនុស្ស ពិសេស​ចរាចរណ៍​ដឹកទំនិញ​ផ្លូវអាកាស​ដែល​នឹង​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ទំនិញ​ជួប​ភាព​រអាក់រអួល។ ទន្ទឹម​គ្នា​នេះ និង​ទោះ​បី​ជា​គ្មាន​វិធានការ​ក្រុង​មនុស្ស​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ដូច​មុន​ក៏​ដោយ ក៏​មាន​អ្នក​ខ្លះ​លេង​ហ៊ាន​ចេញ​ក្រៅ​ដើរ​សេរី​ដូច​មុន​ដោយ​បារម្ភ​ខ្លាច​ឆ្លង « អូមីក្រុង »។

គេ​បាន​សង្កេត​ឃើញ​ថា តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ១៩ ដំបូង​រហូត​មាន​មេរោគបំប្លែងខ្លួន​ជា​បន្ត​បន្ទាប់ គេ​មិន​ធ្លាប់​ឃើញ​មាន​មេរោគ​កូវីដ១៩ បំប្លែងខ្លួន​មួយ​ណា​ដែល​កំពុង​បំភ័យ និង​ធ្វើ​ឲ្យ​ពិភពលោក​ជ្រួលច្របល់​ដូច​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង »ពេល​នេះ​ទេ។ គឺ​ភាព​ភ័យ​ខ្លាច និង​ជ្រួលច្របល់​នេះ​ហើយ​ដែល​កំពុង​ជះ​ផលវិបាក​ជា​ថ្មី​ដល់​សេដ្ឋកិច្ច​សកល។

លោក​ចូរ បៃដិន៖​គ្មាន​ហេតុផល​ដែល​ត្រូវ​ជ្រួលច្របល់​ដោយ « អូមីក្រុង » ទេ

តាម​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន គេ​ត្រូវ​បារម្ភ តែ​មិន​ត្រូវ​ជ្រួលច្របល់​នៅ​ចំពោះ​វត្តមាន​មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង » ពេល​នេះ​ទេ។ តាម​លោក​បៃដិន ចង់ ឬ​មិន​ចង់ ហើយ​យូរ ឬ​ឆាប់ មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង » ដែល​កំពុង​ឆ្លង​ចូល​ក្នុង​ប្រទេស​កាន់​តែ​ច្រើន​នឹង​ឆ្លង​ដល់​អាមេរិក​នៅ​ថ្ងៃ​ខាង​មុខ។ ការ​លើក​ឡើង​របស់​លោក​បៃដិន​មិន​ខុស​ទេ ព្រោះ​កន្លង​មក មេរោគ​បំប្លែង​ផ្សេង​ដូច​ជា « ដែលតា » ដែល​មាន​ប្រភព​នៅ​ឥណ្ឌា​ក៏​បាន​ឆ្លង​ចូល​នៅ​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក និង​កំពុង​ក្លាយ​ជា​មេរោគបំប្លែងខ្លួន​កាច​ជាង​គេ​នៅ​ពេល​នេះ។

គេ​អាច​និយាយ​ថា មេរោគបំប្លែងខ្លួន​ថ្មី « អូមីក្រុង »ស្លូត ឬ​មួយ​ក៏​កាច​ជាង​មេរោគបំប្លែងខ្លួន « ដែលតា »។ តែ​ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ ពិភពលោក​គួរ​ណាស់​តែ​រួម​ដៃ​គ្នា​ដើម្បី​ទប់​ស្កាត់ ពោល​មិន​គួរ​ប្រើ​វិធានការ​អន្តោម័ត និង​មិន​ត្រូវ​ជ្រួលច្របល់​ទេ។ ចូរ​កុំ​ភ្លេច​ថា ដរាប​ណា​ពិភពលោក​នៅ​មិន​ទាន់​អាច​កំចាត់​ជំងឺ​កូវីដ១៩ ទាំង​ស្រុង​បាន ដរាប​នោះ​នឹង​បន្ត​លេច​ចេញ​នូវ​មេរោគបំប្លែង​ខ្លួន​ថ្មីៗ​ជា​បន្ត​ទៀត។ ម្សិលមិញ​ជា « ដែលតា »ថ្ងៃ​នេះ​ជា « អូមីក្រុង » ចុះ​ថ្ងៃ​ស្អែក​នឹង​មាន​លេច​មេរោគបំប្លែងខ្លួន​ថ្មី​ស្អី​ទៀត។ អ៊ីចឹង​ហើយ​បាន​ជា​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ជា​លក្ខណៈ​សកល​ក្រោម​ទ្រង់ទ្រាយ​ធំ ពោល​មិន​ត្រូវ​មាន​ការ​រើសអើង​ក្នុង​រឿង​វ៉ាក់សាំង​រវាង​ក្រុម​ប្រទេស​អ្នកមាន និង​ក្រុម​ប្រទេស​អ្នកក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ