អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដបំប្លែងខ្លួន « Omicron » កំពុងធ្វើ​​ឲ្យ​ពិភពលោក​ផ្អើល​ជ្រួល​ច្របល់ ទោះ​​មិនទាន់​ដឹង​​​ថា​​​វា​គ្រោះថ្នាក់​​​កម្រិតណា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូវីដបំប្លែងខ្លួនថ្មីមួយទៀត ដែលមាន​ប្រភព​ចេញពី​តំបន់អាហ្វ្រិកខាងត្បូង កំពុងតែធ្វើឲ្យមាន​ការព្រួយបារម្ភ នៅទូទាំងពិភពលោក។ កូវីដបំប្លែងខ្លួនថ្មីនេះ ត្រូវបាន​អង្គការសុខភាព​ពិភពលោក ដាក់ឈ្មោះហៅថា អូមីក្រុង។ អ្នកជំនាញអះអាងថា សម្រាប់ពេលនេះ គេនៅមិនទាន់អាចដឹងបានទេ ថាកូវីដ​អូមីក្រុង មានកម្លាំងឆ្លងរាលដាល និងអាចបង្កហានិភ័យដល់សុខភាព ខ្លាំងកម្រិតណានោះ។ តែយ៉ាងណា សម្រាប់ពេលនេះ មាន​ប្រទេសកាន់តែច្រើន បានចាប់ផ្តើមចេញវិធានការ ហាមឃាត់​ការធ្វើដំណើរ​ មកពីប្រទេសមួយចំនួន​ នៅតំបន់ខាងត្បូងទ្វីបអាហ្វ្រិក។

Omicron ជាឈ្មោះទំរង់បំប្លែងខ្លួនថ្មីមួយទៀត របស់កូវីដ១៩ ដែលគេទើបតែរកឃើញ នៅអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៤ វិច្ឆិកា ២០២១
Omicron ជាឈ្មោះទំរង់បំប្លែងខ្លួនថ្មីមួយទៀត របស់កូវីដ១៩ ដែលគេទើបតែរកឃើញ នៅអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៤ វិច្ឆិកា ២០២១ © via REUTERS - Social Media
ផ្សាយពាណិជ្ជកម្ម

២ថ្ងៃមកនេះ វត្តមាន​របស់​កូវីដ​បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ត្រូវបាន​គ្រប់គ្នាទន្ទិញជាប់មាត់តែម្តង។ កូវីដថ្មី ដែលមានអត្តសញ្ញាណ B.1.1.529 នេះ ត្រូវបាន​អ្នកជំនាញ​អង្គការសុខភាពពិភពលោក សម្រេចហៅឈ្មោះជាផ្លូវការថា កូវីដអូមីក្រុង (Omicron)។ វាត្រូវបាន​គេធ្វើតេស្តវិភាគ រកឃើញដំបូងបង្អស់ នៅ​ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី​២៤វិច្ឆិកា។ ហើយ​នៅថ្ងៃសុក្រម្សិលមិញ អង្គការសុខភាពពិភពលោក បាន​ចាត់ទុក កូវីដ​អូមីក្រុងនេះ គឺអាចជាប្រទេសបំប្លែងខ្លួនថ្មី ដែលគួរឲ្យ​បារម្ភ​ និង​ប្រុងប្រយ័ត្នខ្ពស់។

វិធានការបិទខ្ទប់​ការធ្វើដំណើរ មកពីប្រទេសតំបន់ខាងត្បូងអាហ្វ្រិក

គ្រាន់តែដំណឹងនេះលេចឮភ្លាម ប្រទេសជាច្រើន បានចាប់ផ្តើមចេញវិធានការ​រិតបន្តឹងការធ្វើដំណើរ មកពីប្រទេសប្រមាណជា១០ប្រទេស ស្ថិតនៅភាគខាងត្បូងអាហ្វ្រិក មានដូចជា ប្រទេសអាហ្វ្រិកខាងត្បូង ម៉ាឡាវី បុតស្វាណា ហ្ស៊ីមបាវ៉េ ណាមីប៊ី​ ឡេសូតូ និង ម៉ូហ្សំប៊ិក ជាដើម។​ អាមេរិក កាណាដា ប្រេស៊ីល បានហាមឃាត់ ការធ្វើដំណើរមកពីប្រទេសទាំងនេះ។ នៅអឺរ៉ុបវិញ ក៏ដូចគ្នាដែរ បារាំង អង់គ្លេស អ៊ីតាលី ស្វ៊ីស ជាដើម បានចេញវិធានការចូលជាធរមានភ្លាមៗតែម្តង ហាមឃាត់ និង​ពិនិត្យយ៉ាងតឹងតែបំផុត ចំពោះអ្នកដំណើរដែលមកពីប្រទេសតំបន់អាហ្វ្រិកខាងត្បូងទាំងអស់។ ដោយឡែក​ ជប៉ុនវិញ បានដាក់កំហិត ឲ្យ​ធ្វើ​ចត្តាឡីស័ក ១០ថ្ងៃ ទៅលើអ្នកដំណើរ ដែលមកពីតំបន់នេះ។ ដំណឹងទាំងអស់នេះ បានធ្វើឲ្យ​មានបញ្ហាចលាចលខ្លាំងណាស់ នៅអាហ្វ្រិកខាងត្បូង ដោយ​ម្នាក់ប្រញ៉េបប្រញ៉ាប់ធ្វើដំណើរចេញ មុននឹង​ជាប់ទៅណាមិនរួច។

នៅព្រឹកថ្ងៃសោរ៍ទី២៧វិច្ឆិកា នៅព្រលានយន្តហោះក្រុងអាំស្ទែរដាំ ប្រទេសហូឡុង គេបាន​បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ ចំនួន៦១នាក់ ក្នុងចំណោមអ្នកដំណើរដែលមក​ពី​ប្រទេសអាហ្វ្រិកខាងត្បូង ប្រមាណ​៦០០នាក់​។ ឥឡូវពេលនេះ គេកំពុងតាមដានបន្តទៀត ថាតើក្នុងចំនោម ករណីវិជ្ជមាន៦១ករណីនេះ អាចមានកូវីដអូមីក្រុងដែរឬទេ។

គិតមកត្រឹមពេលនេះ ក្រៅពីនៅ​អាហ្វ្រិកខាងត្បូង គេបានរកឃើញករណីវិជ្ជមាន​កូវីដ​អូមីក្រុង នៅប្រទេសម៉ាឡាវី នៅអ៊ីស្រាអែល នៅបុតស្វាណា នៅហុងកុង និង​នៅប៊ែលហ្ស៊ិក មួយករណីដែរ។ ចំពោះករណីនៅ​ប៊ែលហ្ស៊ិក បើតាមលោករដ្ឋមន្ត្រីសុខាភិបាលប៊ែលហ្ស៊ិក គឺអ្នកដំណើរ​នោះ ត្រូវបាន​គេធ្វើតេស្តនៅថ្ងៃទី​២២វិច្ឆិកា ដោយ​ធ្វើដំណើរមកពីអេហ្ស៊ីប ប្តូរយន្តហោះ​នៅ​​តួកគី មុននឹងមកដល់ប៊ែលហ្សិក នៅថ្ងៃទី​១១វិច្ឆិកា។ ដូច្នេះវាអាចមានន័យថា កូវីដ​អូមីក្រុង អាចមានវត្តនៅប៊ែលហ្សិក នៅតួកគី និងនៅអេហ្ស៊ីប ច្រើនករណីទៀត។

មិនទាន់អាចសន្មត់ច្បាស់ថា កូវីដអូមីក្រុង អាចបង្កគ្រោះថ្នាក់ខ្លាំង

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​អាហ្វ្រិកខាងត្បូង បានរិះគន់ថា វិធានការបិទខ្ទប់ អ្នកដំណើរក្នុងពេលនេះ វាគឺខ្លាំងជ្រុលពេកហើយ មិនសមហេតុផលទេ។ ពោលគឺវាជាវិធានការ ដែល​ធ្វើឡើង ដោយ​ស្មារតីភ័យផ្អើលឈូរឆ ជ្រុលហួសហេតុ ហើយដែលអាចធ្វើឲ្យ​មាន​ផលវិបាក ទៅលើ​អាហ្វ្រិកខាងត្បូង មិនថាក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម​។

តែយ៉ាងណាក៏ដោយ ប្រទេសភាគច្រើន បានដកបទពិសោធន៍ជាមួយ​នឹងកូវីដបំប្លែងខ្លួន បន្តបន្ទាប់គ្នា ប្រមាណ​ជិត​២ឆ្នាំមកនេះ ដែលបង្ខំឲ្យ​គេត្រូវតែប្រយ័ត្នឲ្យ​បានខ្ពស់ ជាជាង​ធ្វេសប្រហែស។ គេសុខចិត្តធ្វើ​ឲ្យតឹងតែងសិន ចាំបន្ធូរនៅពេលក្រោយវិញ នៅណាដែល​អាចដឹងប្រាដកថា វាមិនសូវធ្ងន់ធ្ងរខ្លាំង។ មួយវិញទៀត អំឡុងពេលនេះ នៅអឺរ៉ុប និងនៅអាមេរិកជាដើម កំពុងតែមានរលកឆ្លងរាលដាល​​ ស្ទុះឡើងខ្លាំង ជាថ្មីម្តងទៀតរួចទៅហើយ ហើយយុទ្ធនាការចាក់វ៉ាក់សាំង ដូសជំរុញ ទើបតែចាប់ផ្តើមប៉ុណ្ណោះ។ ដូច្នេះ គេមិនអាចបណ្តោយ​ឲ្យ​មានកូវីដ​បំប្លែងខ្លួនថ្មីមួយទៀត ចូលមក​បន្ថែមបញ្ហាបានទេ បើទោះបីគេមិនទាន់ដឹងច្បាស់ ថាវាគ្រោះថ្នាក់កម្រិតណាក៏ដោយ​។

គិតមកត្រឹមពេលនេះ គឺមិនទាន់អាចសន្មត់បានទេ ថាកូវីដ​អូមីក្រុងនេះ​ វាមានកម្លាំងឆ្លងរាលដាលខ្លាំងកម្រិតណា ហើយអាចបង្កហានិភ័យ ធ្វើឲ្យ​អ្នកដែលឆ្លងវាប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតកម្រិតណា។ អ្នកជំនាញអះអាងថា គេត្រូវការពេលវេលា យ៉ាងហោច ២ ទៅ​៣សប្តាហ៍ទៀត ដើម្បីតាមដានចំណុចទាំងអស់នេះ។ ក៏ប៉ុន្តែ យោងតាមក្រុមអ្នកជំនាញ របស់អង្គការសុខភាព​ពិភពលោក បាន​ឲ្យដឹងថា បើពិនិត្យ​លើ​ទិន្នន័យវិភាគ​ ក្នុងពេល​បឋមនេះ គឺវាអាចទៅរួច ដែលកូវីដ​បំប្លែងខ្លួន អូមីក្រុងនេះ « អាចបង្កហានិភ័យខ្ពស់ ធ្វើឲ្យ​អ្នកជំងឺ អាចឆ្លងច្រើនដង »។

មេរោគបំប្លែង នៅក្នុងខ្លួន​អ្នកជំងឺកូវីដដែលជាមិនដាច់

យោងតាម​ លោក Etienne Simon-Lorière អ្នកជំនាញផ្នែកមេរោគ​នៅវិទ្យាស្ថាន ប៉ាស្ទ័របារាំង បាន​ឲ្យដឹងថា កូវីដអូមីក្រុងនេះ វាទំនងជាបានបំប្លែងខ្លួន ផ្លាស់ប្តូរអាស៊ីតអាមីណេចំនួនយ៉ាងហោច​៣ប្រភេទ ស្ថិតនៅក្នុងចំណុចសំខាន់មួយនៃកោសិកាមេរេោគ។ ចំណុចនេះ គឺជាចំណុចដែល​ ប្រព័ន្ធអង់ទីក័ររបស់រាងកាយមនុស្សយើង ចូលទៅវាយលុក។ ដូច្នេះបើចំណុចនេះ មានការផ្លាស់ប្តូរខ្លាំង គឺអង់ទីក័រយើង ដែល​ស្គាល់តែអាមេរោគចាស់ គឺមិនអាចទៅវាយលុកឈ្នះទេ។ អ្នកជំនាញ​រូបនេះ សង្ស័យថា គឺហេតុដូច្នេះហើយ បាន​ជា​កូវីដអូមីក្រុង អាចគេចផុត ពីប្រព័ន្ធការពារខ្លួនរបស់​មនុស្សយើង។ នេះគឺជាចំណុចគួរឲ្យ​បារម្ភមួយ។

ចំណុចគួរឲ្យ​បារម្ភមួយទៀត គឺកម្លាំងឆ្លងរាលដាលរបស់វា ប្រហែលជាអាចលឿន។ កាលពីខែតុលា ករណីរកឃើញវិជ្ជមានថ្មីនៅអាហ្វ្រិកខាងត្បូង មាន​ប្រហែលជា​៣០០ករណី ក្នុង​មួយថ្ងៃជាមធ្យម។ តែនៅថ្ងៃទី​២៥វិច្ឆិកា ស្រាប់តែឡើង ដល់ទៅ​២៥០០ករណីវិជ្ជមានថ្មី។ ការឡើងលឿន វាជួនចំពេលដែលគេទើបតែរកឃើញកូវីដអូមីក្រុងនេះតែម្តង។ ហើយឆ្លងកាត់ការពិនិត្យវិភាគ គេឃើញមានករណី កូវីដ​អូមីក្រុងនេះ ចំនួនជាង​៦០ករណី តែភាគច្រើនសឹងតែ៩០% គឺមានទីតាំង​ស្ថិតនៅតែតំបន់តែមួយទេ គេតំបន់ Gauteng ដែលជាខេត្តស្ថិតនៅភាគខាងជើងអាហ្វ្រិកខាងត្បូង។

លោក Alex Sigal អ្នកជំនាញ​នៅវិទ្យាស្ថាន​ស្រាវជ្រាវមេរោគអាហ្វ្រិកខាងត្បូងបាន លើកឡើងថា បើតាមការសង្ស័យ កូវីដអូមីក្រុងនេះ ប្រហែលជាងអាចបំលែងខ្លួនចេញពីអ្នកជំងឺដែលបានឆ្លងកូវីដ តែជាមិនដាច់ ដោយ​មានមេរោគជាប់សំងំក្នុងខ្លួន។ ការព្យាបាលមិនបានដឹតដល់ បានធ្វើឲ្យ​អ្នកជំងឺបែបនេះ ធ្លាក់ខ្លួនឈឺធ្ងន់ម្តងទៀត ហើយមេរោគវាអាចបំលែងខ្លួនថ្មី។ លោក Darren Martin អ្នកជំនាញ​នៅសកលវិទ្យាល័យអាហ្វ្រិកខាងត្បូង ក៏អះអាងដូចគ្នានេះដែរ។

ដោយឡែក អ្នកជំនាញ ក៏កំពុងពិនិត្យតាមដានដែរ អំពីករណីជល់គ្នា រវាងមេរោគកូវីដ ជាមួយនឹង​មេរោគជំងឺអេដស៍។ អាហ្វ្រិកខាងត្បូង ជាប្រទេសដែលមានអ្នកផ្ទុកមេរោគ HIV ច្រើនជាងគេបំផុត ហើយ​ការទទួលបានថ្នាំព្យាបាល ឲ្យ​បានត្រឹមត្រូវវិញ គឺមានកម្រិតទាបណាស់។ អ្នកជម្ងឺអេដស៍ ដែលមានប្រព័ន្ធការពារខ្លួនខ្សោយ អាចគ្មានលទ្ធភាពជាសះស្បើយ ឬទប់ជាមួយកូវីដបាន​ ធ្វើឲ្យ​មេរោគសំងំ បំលែងខ្លួនប្លែកថ្មី ហើយសាហាវជាងមុន។ ហើយជាងនេះទៀត កម្រិតចាក់វ៉ាក់សាំងបង្ការកូវីដនៅអាហ្វ្រិកខាងត្បូង ក៏ទាបខ្លាំងដែរ មានប្រមាណតែ ២៣%តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ