អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

របាយការណ៍៖ ទាហាន​តាលីបង់​ដើរគោះតាមផ្ទះ ដើម្បី​តាមប្រមាញ់​រក​អ្នកដែល​ធ្លាប់ធ្វើការឲ្យ​កម្លាំងបរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅអាហ្វហ្កានីស្ថាន ជនជាតិអាមេរិកាំង ជនជាតិអាហ្វហ្កានីស្ថាន និង​ជនបរទេស រាប់ម៉ឺននាក់ កំពុង នៅ​ជាប់ កកកុញ ក្នុង និង​ក្រៅ​ព្រលាន​យន្តហោះ ការហ្សៃ ដែលជាច្រកចេញ​តែមួយគត់​ពីអាហ្វហ្កានីស្ថាន ដែលបានធ្លាក់​ក្នុង​កណ្តាប់ដៃ​គ្រប់គ្រង​របស់​ក្រុមតាលីបង់ តាំង​ពីថ្ងៃអាទិត្យ​ទី ១៥សីហា ២០២១។ នៅ​ថ្ងៃ​សុក្រ ទី ២០​សីហា អង្គការ​អូតង់​បាន​និយាយ​ថា មនុស្ស​ជាង ១៨០០០នាក់ ត្រូវ​បាន​ដឹកចេញពីព្រលានយន្តហោះ​ក្នុង​ក្រុងកាប៊ូល ក្នុង​រយៈពេល ៥ថ្ងៃមកនេះ។ ប្រតិបត្តិការ​ជម្លៀស​បន្ទាន់ ជនជាតិ​បរទេស និង​ជនជាតិ​អាហ្វហ្កានីស្ថានដែលធ្លាប់ធ្វើការជាមួយ​កងកម្លាំងបរទេស ធ្វើឡើង នៅខណៈ​ដែល​របាយការណ៍របស់អង្គការ​សហប្រជាជាតិ បាន​បង្ហាញថា ក្រុមតាលីបង់​កំពុង​ដើរគោះទ្វារ ពីផ្ទះមួយ ទៅផ្ទះមួយ ដើម្បី​តាមរកមុខ​បុគ្គល​ដែលធ្លាប់ធ្វើការ​ឲ្យ​កងកម្លាំងបរទេស។

ក្រុមប្រដាប់អាវុធ​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន
ក្រុមប្រដាប់អាវុធ​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

សេតវិមាន​និយាយ​នៅថ្ងៃ​ព្រហស្បតិ៍ទី ១៩​សីហាថា មនុស្ស​ជាង ៩ពាន់នាក់ ត្រូវ​បាន​ជម្លៀសចេញពី​អាហ្វហ្កានីស្ថាន តាំង​ពី​ថ្ងៃ​ទី ១៤​សីហា ចំណែក មនុស្ស​ជាង ៦ពាន់នាក់ បាន​ឆ្លងកាត់​ការត្រួតពិនិត្យ ឯកសារគ្រប់គ្រាន់ និង​រង់ចាំតែធ្វើដំណើរ​តាម​យន្តហោះ យ៉ាងយូរ​នៅ​ថ្ងៃ​សុក្រទី ២០​ខែសីហា។ នៅពេល​ថ្ងៃ​កំណត់ចាកចេញ​របស់​កងទ័ព​អាមេរិក ពីអាហ្វហ្កានីស្ថាន កាន់តែកៀក ប្រជាជន​អាហ្វហ្កានីស្ថាន រាប់ម៉ឺននាក់ បាន​សម្រុក​ទៅ​ព្រលានយន្តហោះ ក្នុង​ក្តីសង្ឃឹម​គេចចេញពី​ក្រោមការដឹកនាំ​របស់​ក្រុមតាលីបង់។ នៅពីរថ្ងៃក្រោយ​ចូល​កាន់កាប់​ទីក្រុង​កាប៊ូល អ្នកនាំពាក្យ​របស់​ក្រុមតាលីបង់ បាន​ធ្វើ​សន្និសីទ​កាសែត ដែលនៅក្នុង​នោះ ក្រុមតាលីបង់​បាន​សន្យាថា របបតាលីបង់​នឹង​មិន​សងសឹក​អ្នកដែល​ធ្លាប់ធ្វើការឲ្យ​បរទេស នោះទេ។ ប៉ុន្តែ របាយការណ៍​មួយ របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញផ្ទុយពីនេះ។ នោះគឺ ទាហាន តាលីបង់ បាន​ដើរ​គោះទ្វារ ពីផ្ទះមួយ ទៅ​ផ្ទះមួយ ដើម្បី​តាមរកមុខ អ្នកដែល​ធ្លាប់ធ្វើការ​ជាមួយ​កងកម្លាំង​បរទេស។

តើ​ក្រុមតាលីបង់ កំពុង​បង្ហាញ​ធ្មុង សារជាតិពិត នៃ​ចរិត​ឃោរឃៅ​របស់ខ្លួន?

សណ្តាន ឆ្កែ​កន្ទុយខ្វៀន នៅតែ​ខ្វៀន គ្មានថ្ងៃ​លាតឲ្យ​ត្រង់​វិញទេ។ យ៉ាងណាមិញ ក្រុមតាលីបង់​ក៏​ដូច​គ្នា។ ក្រុមតាលីបង់ ធ្លាប់​ដឹកនាំ​ប្រទេស ផ្តាច់ការ បំបិទសិទ្ធិសេរីភាព​ប្រជាជន និង​ផ្តន្ទាទោស​មនុស្ស តាមវិធីសាស្រ្ត​ព្រៃផ្សៃ ដោយ​គប់ដុំថ្ម ជាដើម។ ជនជាតិភាគតិច និង​មនុស្សស្រី រងការធ្វើបាបខ្លាំងជាងគេ នៅក្នុង​ជំនាន់ គ្រប់គ្រង​របស់​ពួកតាលីបង់ នៅអាហ្វហ្កានីស្ថាន ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១។ ប៉ុន្តែ នៅ​ពេលវាយឈ្នះសង្រ្គាម ត្រលប់​មក​គ្រប់គ្រង អាហ្វហ្កានីស្ថាន ថ្នាក់ដឹកនាំ​តាលីបង់​បានប្រឹង​បង្ហាញ​សហគមន៍​អន្តរជាតិ​ថា នៅ​២០ឆ្នាំក្រោយ ក្រុមតាលីបង់​បាន​ផ្លាស់ប្តូរ លែងដឹកនាំប្រទេស​តឹងរ៉ឹង​ដូចមុន​ ចំណែក​អ្នកនាំពាក្យក៏ទើប​អះអាងថា របបដឹកនាំតាលីបង់​ថ្មី នឹង​មិន​សងសឹក​អ្នកដែល​ធ្លាប់ធ្វើការ​ឲ្យរដ្ឋាភិបាល​ចាស់ ឬ​អ្នកដែលធ្វើការ​ឲ្យ​កងកម្លាំងបរទេស​នោះទេ។ អ្នកនាំពាក្យ​តាលីបង់​នៅ​បាន​សង្កត់ធ្ងន់ថា នឹង​គ្មាន​ទាហាន​តាលីបង់​ណាម្នាក់​ដែល​ទៅគោះទ្វារផ្ទះរបស់​ប្រជាជនអាហ្វហ្កានីស្ថាន​ដើម្បី​សួរថា ហេតុអ្វីបានជា​ពួកគេ​ធ្វើការជួយ​កម្លាំងបរទេសនោះទេ។

ប៉ុន្តែ ការនិយាយ​ធានា​របស់​ថ្នាក់ដឹកនាំ តាលីបង់ វា​ខុសផ្ទុយស្រឡះ ពី​សកម្មភាព​ធ្វើ​ជាក់ស្តែង របស់​ទាហាន​តាលីបង់។ កន្លងមក ពាក្យ​សន្យាធានា របស់​ក្រុមតាលីបង់​មិនបាន​ធ្វើ​ឲ្យ​ប្រទេស​លោកខាងលិច ជាពិសេស ប្រជាជន​អាហ្វហ្កានីស្ថាន​ជឿទុកចិត្ត​នោះទេ។ របាយការណ៍​ពិសេស របស់​មជ្ឈមណ្ឌល ន័រវែស សម្រាប់ ការវិភាគ​សកល ដែល​កុម្មង់ឡើង​ដោយ​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​កាន់តែ​ច្បាស់ថា ពួកតាលីបង់​និយាយផ្សេង និង​ធ្វើផ្សឹង។ របាយការណ៍​សម្រាប់​អង្គការ​សហប្រជាជាតិ ដែល​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស​បាន​ទទួល​អាន នៅថ្ងៃ​ព្រហស្បតិ៍​ទី​១៩​សីហា បាន​បង្ហាញ​ថា ក្រុមតាលីបង់​បាន​បញ្ចេញ​សារជាតិពិត​របស់ខ្លួន ដោយ​មិនព្រម​លះបង់​ចោល ចរិត ឃោរឃៅ សម្លាប់​សងសឹកអ្នកដែល​ក្រុមនេះ​បាន​ចោទថា ជា​អ្នកសហការ​ជាមួយ​ជនបរទេស​នោះទេ។

តាម​លោកChristian Nellemann ប្រធានក្រុមដឹកនាំ​សរសេរ របាយការណ៍​ខាងលើ  មាន​មនុស្ស​មួយ​ចំនួន​ធំ​ដែល​ស្ថិត​ក្នុង​បញ្ជីឈ្មោះ តាមចាប់ខ្លួន​របស់​ពួកតាលីបង់។ រហូតមកដល់ពេលនេះ ក្រុមតាលីតាបង់​តាម​រកមុខ អ្នកដែលមិនព្រម ចុះចូល​ជាមួយ​ខ្លួន។ ដោយ​គោះទ្វារ ពីផ្ទះមួយ ទៅ​ផ្ទះមួយ ទាហាន​តាលីបង់ បាន​ចាប់ខ្លួន សម្លាប់ភ្លាមៗ ឬ​ធ្វើទារុណកម្ម​សួរចម្លើយ​សមាជិកគ្រួសារ​របស់​បុគ្គល ដែល​ក្រុមតាលីបង់​តាម​ចាប់ខ្លួន។ សម្រាប់ ប្រធានក្រុមសរសេរ​របាយការណ៍ របស់​វិទ្យសា្ថន ន័វែស បុគ្គល​ដែល​មាន​ឈ្មោះ​ក្នុង​ក្រុមតាលីបង់ កំពុង​ប្រឈម នឹង​គ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយ​នឹង​អាច​កើតមាន​ការសម្លាប់​ជាទូទៅ។

នៅ​ថ្ងៃព្រហស្បតិ៍ទី​១៩សីហា ​ប្រជាជន​អាហ្វហ្កានីស្ថាន​ដែល​ខ្លាច​ក្រុមតាលីបង់​សងសឹក ព្រោះ​តែ​ខ្លួន​ធ្លាប់ធ្វើការ​ជាមួយ ប្រទេស​លោកខាងលិច នៅតែ ធ្វើដំណើរ​សំដៅ ព្រលានយន្តហោះ ក្នុង​ក្តីសង្ឃឹម​ចាកចេញពី​អាហ្វហ្កានីស្ថាន ប៉ុន្តែ ត្រូវ​ទាហាន​តាលីបង់ ចាប់កាក់ នៅ​ច្រកទ្វារ​ដែល​បិទ លែង​ឲ្យ​ចូល​ក្នុង​ព្រលាន​យន្តហោះ តទៅទៀត។

អ្នកណាខ្លះ​ដែល​ជា​ផ្ទាំងស៊ីប តាមប្រមាញ់​របស់​ទាហាន​តាលីបង់?

តាមរបាយការណ៍​ខាងលើ បុគ្គល​ដែល​ក្រុមតាលីបង់​កំពុងតាមរកមុខ គឺជាជនជាតិអាហ្វហ្កានីស្ថាន​ដែលធ្លាប់ធ្វើការ​ឲ្យ​កងកម្លាំងបរទេស និង​រដ្ឋាភិបាល​ចាស់។ ពួកគេ​ទាំងនោះ អាច​ជា​អ្នកបកប្រែ ឲ្យ​ទាហាន​អាមេរិកាំង ទាហាន​អង្គការអូតង់ ជាអ្នកធ្វើការ​នៅស្ថានទូត បរទេស ជា​ប៉ូលិស ទាហាន​កុម្ម៉ង់ដូរពិសេស និង​ភ្នាក់ងារ​ស៊ើបការសម្ងាត់ របស់​រដ្ឋាភិបាល​អាហ្វាហ្កានីស្ថាន ដែល​មិនព្រម ចុះចូល​ជាមួយ​ក្រុមតាលីបង់។

សម្រាប់អ្នកសរសេរ​របាយការណ៍ បើសិន​ក្រុមតាលីបង់ បានសម្រេច ចាប់ខ្លួន​ភ្នាក់ងារ ស៊ើបការណ៍​សម្ងាត់​អាហ្វហ្កានីស្ថាន នោះ​វា​នឹង​គ្រោះថ្នាក់ ធ្ងន់ធ្ងរ សម្រាប់ បណ្តាញ ស៊ើបការណ៍​សម្ងាត់​របស់​ក្រុមប្រទេស លោកខាងលិច ជាពិសេស ផែនការ យុទ្ធសាស្រ្ត​របស់​ប្រទេស​លោកខាងលិច សម្រាប់ ប្រយុទ្ធប្រឆាំង នឹង​ក្រុមអាល់កៃដា ឬ​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម​ជាដើម។

ដូចមន្រ្តីរដ្ឋាភិបាល​ចាស់ អ្នកបកប្រែ អាហ្វហ្កានីស្ថាន ជា​ក្រុម​ដែល​ទាហាន​តាលីបង់សំដៅ​រកមុខ​សងសឹកខ្លាំងណាស់ផងដែរ។ ពួកគេ​ទាំងនេះ ត្រូវ​ក្រុមតាលីបង់ ចោទ ដាក់​រហស្សនាមថា ជា​ភ្នែក ត្រចៀក របស់​ទាហាន​បរទេស ក្នុង​សមរភូមិប្រយុទ្ធ​នឹង​ក្រុមតាលីបង់។ តាម អង្គការ No one left behind  អ្នកបកប្រែ អាហ្វហ្កានីស្ថាន និង​សមាជិក​គ្រួសារ​របស់ពួកគេ​ប្រមាណ ៣០០​នាក់ ហើយ​ត្រូវ​បាន​ក្រុមតាលីបង់​សម្លាប់ ដោយសារ​តែមាន​ទំនាក់ទំនងជាមួយ​អាមេរិក។

ក្រៅតែពីអ្នកបកប្រែ និង​មន្រ្តីប៉ូលិស​របស់​រដ្ឋាភិបាលមុន អ្នកកាសែត អាហ្វហ្កានីស្ថាន​ក៏កំពុង​ធ្លាក់​ក្នុង​ផ្ទាំងស៊ីប​វាយប្រហារ​របស់​ពួកតាលីបង់ដែរ។ គណៈកម្មាធិការ​ដើម្បី​ការពារ​អ្នកកាសែត នៅ​សប្តាហ៍នេះ ទាហាន​តាលីបង់​បាន​ចូលឆែកឆេរ ផ្ទះ​របស់អ្នកកាសែត ៤នាក់ ចំណែក ២នាក់ ត្រូវ​ទាហាន​តាលីបង់​វាយធ្វើបាប នៅពេល​ចុះយក​ព័ត៌មាន​ស្តីពីបាតុកម្ម នៅ​ទីក្រុង Jalalabad។ ប្រព័ន្ធផ្សព្វផ្សាយ​អាល្លឺម៉ង់ Deutsche Welle បាននិយាយ​នៅ​ថ្ងៃព្រហស្បតិ៍ទី​១៩សីហាថា ទាហាន​តាលីបង់​បាន​សម្លាប់​សមាជិកគ្រួសារ​របស់​អ្នកកាសែត​ម្នាក់ ដែលកំពុង​ធ្វើការ​ឲ្យ​ទូរទស្សន៍រដ្ឋអាល្លឺម៉ង់។

តាលីបង់​បាន​សម្លាប់​សមាជិកគ្រួសារ និង​វាយឲ្យ​របួស សមាជិក​ម្នាក់ទៀត នៅក្រោយ​ពួកគេ​រកមិនឃើញ មុខ អ្នកកាសែត ដែល​តាម​ពិត បាន​ភៀសខ្លួន មក​ធ្វើការ​នៅទឹកដី​អាល្លឺម៉ង់ ជាច្រើន​ខែ​មកហើយ។

ហ្វេសប៊ុក​ចាត់វិធានការ​ជួយ​ការពារ​គណនី របស់​អ្នកប្រើប្រាស់នៅ​អាហ្វហ្កានីស្ថាន ពី​ការតាមប្រមាញ់​របស់ពួកតាលីបង់

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​បិទខ្ទប់​មិន​ឲ្យ​ក្រុមតាលីបង់​ប្រើប្រាស់​បណ្តាញ​សង្គម​របស់ខ្លួន រហូតមក ក្នុង​ហេតុផល​ក្រុមនេះ ស្ថិតក្នុង​បញ្ជីឈ្មោះ ភេរវជន​របស់​ក្រសួងសេដ្ឋកិច្ច​អាមេរិក។ បន្ទាប់​ពី​បាន​បិទចោល​គណនី​របស់​អ្នកនាំពាក្យ​តាលីបង់ និង​គណនី​របស់ក្រុមតាលីបង់ នៅ​ក្នុង​បណ្តាញ​Whatsapp កាលពីថ្ងៃ​អង្គារ ក្រុមហ៊ុន​ហ្វេសប៊ុក បាន​អះអាងថា ទៅតាម​សំណូមពរ​របស់​អ្នកកាសែត អង្គការ​ការពារ​សិទ្ធិមនុស្ស ក្រុមហ៊ុន​បាន​ចាត់វិធានការ​បន្ទាន់ ដើម្បី ជួយ​ការពារ​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​ហ្វេសប៊ុក នៅអាហ្វហ្កានីស្ថាន។

ជារួម ហ្វេសប៊ុក​បាន​បង្កើត គន្លឹះពិសេស​មួយ ដែល​អ្នកប្រើប្រាស់​អាច​ចុចប្រើ ដើម្បី បិទបាំង​គណនី​របស់គេ ដោយ​លឿនបំផុត។ ដោយ​ចុចចាក់សោរ​បិទ គណនី​របស់ខ្លួន អ្នកប្រើប្រាស់ ហ្វេសប៊ុក​នៅអាហ្វហ្កានីស្ថាន នឹង​អាច​មាន​សិទ្ធិមិន​ឲ្យ​អ្នកដែលគ្មាន​ក្នុង​បញ្ជីមិត្តភក្តិ ឬអ្នកស្គាល់ អាច​ចូល​ទៅ​ចែករំលែក រូបថត ឬ​មើល​ខ្លឹមសារ​ចុះផ្សាយ​របស់ខ្លួន​កន្លងមក​នោះទេ។ ហ្វេសប៊ុក​អះអាងដែរថា ក្រុមហ៊ុន​បាន​ដកចេញជាបណ្តោះអាសន្ន​ផងដែរ លទ្ធភាព ដែលគេ​អាច​ចូល​មើល​បញ្ជីឈ្មោះ មិត្ត​របស់​អ្នកប្រើប្រាស់ ឬ​ក៏ការចុចស្វែងរក ឈ្មោះ មនុស្ស នៅ​អាហ្វហ្កានីស្ថាន។

តាម​ប្រធានផ្នែក​បទបញ្ជាស្តីពីសន្តិសុខ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ចំណាត់ការ​ខាងលើ​នឹង​​អាចជួយច្រើន ឲ្យ​គេប្រឆាំង​ទប់ទល់​នឹង​និន្នាការ​របស់ក្រុមតាលីបង់ ដែល​កំពុង​ដៅស្វែងរកមនុស្ស ដែល​គេ​ចង់ សងសឹកសម្លាប់ តាមរយៈ ព័ត៌មាន​នៅលើ​បណ្តាញសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ