អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាហ្វហ្កានីស្ថាន៖តើសហគមន៍អន្តរជាតិត្រូវមានជំហរយ៉ាងម៉េចជាមួយពួកតាលីបង់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​អាហ្វហ្កានីស្ថាន ២ថ្ងៃ​ក្រោយ​ពួក​តាលីបង់​វាយ​ដណ្តើម​កាន់កាប់​ក្រុង​កាប៊ូល ស្ថានការណ៍​ទូទៅ​កំពុង​បន្ត​ច្របូកច្របល់​ខ្លាំង ពិសេស​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ូល។ ប្រទេស​ជា​ច្រើន​កំពុង​បន្ត​ខ្នះខ្នែង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​ពី​អាហ្វហ្កានីស្ថាន​ឲ្យ​បាន​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​កំពុង​បន្ត​មាន​ជា​បន្តបន្ទាប់។ ក្រោយ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នា​ថ្ងៃ​ចន្ទ ទី១៦ សីហា ឯកអគ្គរដ្ឋទូត​នៃ​ក្រុម​ប្រទេស​សមាជិក​អង្គការ​អូតង់​រួម​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ ទី១៧ សីហា។ ដោយឡែក​ក្នុង​ថ្ងៃ​ចន្ទ ទី១៦ សីហា ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​ថ្លែង​សុន្ទកថា​ស្តីពី​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន។

US President Joe Biden defended his decision to pull US troops out of Afghanistan
US President Joe Biden defended his decision to pull US troops out of Afghanistan Brendan SMIALOWSKI AFP
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​សម្តែង​ការ​ភា្ញក់ផ្អើល​ខ្លាំង​ដោយ​លោក​នឹក​ស្មាន​មិន​ដល់​ពី​ការ​ដែល​ពួក​តាលីបង់​បាន​វាយ​ចូល​កាន់កាប់​ក្រុង​កាប៊ូល​យ៉ាង​ងាយ​ស្រួល និង​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​បាច់​ចំណាយ​ពេល​យូរ មិន​បាច់​ប្រយុទ្ធ និង​គ្មាន​ការ​បង្ហូរ​ឈាម​មួយ​ដំណក់។ តែ​អ្វី​ដែល​លោក​បៃដិន​បាន​ផ្តោត​ខ្លាំង​នៅ​ក្នុង​សុន្ទរកថា​ប្រមាណ​ជា ២០នាទី គឺ​ការពារ​លើ​ការ​សម្រេចចិត្ត​របស់​លោក​ក្នុង​ការ​ដក​ទ័ពអាមេរិក​ទាំង​អស់​ចេញ​ពី​អាហ្វហ្កានីស្ថាន​ដោយ​លោក​បាន​បញ្ជាក់​ច្រើន​ដង​ថា លោក​គ្មាន​ការ​សោកស្តាយ​បន្តិច​សោះ​ឡើយ​លើ​អ្វី​ដែល​លោក​បាន​សម្រេច និង​ថា លោក​ជា​ប្រធានាធិបតី​អាមេរិក​ទី៤ ដែល​កំពុង​ជាប់​អន្ទាក់​នៅ​ក្នុង​រឿង​អាហ្វហ្កានីស្ថាន។

លោក​បៃដិន​បាន​បញ្ជាក់​ថា លោក​មិន​ចង់​ទុក​រឿង​ច្រំដែល​មួយ​នេះ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ទី៥ និង​ថា គ្មាន​ពេល​ល្អ​ដើម្បី​ដកទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ទេ។ សម្រាប់​លោក​បៃដិន បេសកកម្ម​របស់​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​កាល​ពី ២០ឆ្នាំ​មុន​មិនមែន​ដើម្បី​កសាង​អាហ្វហ្កានីស្ថាន​មួយ​ប្រជាធិបតេយ្យ​ទេ តែ​ដើម្បី​តាម​កំចាត់​មេភេរជន​ដែល​បាន​វាយប្រហារ​អាមេរិក​ក្នុង​ថ្ងៃទី១១ កញ្ញា ២០០១ និង​រារាំង​កុំ​ឲ្យ​ពួក​ភេរជន​ប្រើ​ទឹកដី​អាហ្វហ្កានីស្ថាន​ជា​មូលដ្ឋាន​ដើម្បី​វាយប្រហារ​អាមេរិក​ជា​ថ្មី។ តាម​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ដដែល បេសកកម្ម​របស់​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន​ទទួល​បាន​ជោគជ័យ ហើយ​អាមេរិក​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​អាហ្វហ្កានីស្ថាន​ទៀត​ឡើយ។

នៅ​ចុង​បញ្ចប់ លោក​បៃដិន​បាន​ព្រមាន​ពួក​តាលីបង់​កុំ​ឲ្យ​រារាំង​លើ​ដំណើរការ​ជម្លៀស​ជនជាតិ​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ដោយ​បញ្ជាក់​ថា បើ​ពួក​តាលីបង់​ហ៊ាន​រារាំង ពួក​គេ​នឹង​ស្គាល់​ថ្នាំខ្លាំង​របស់​អាមេរិក​ជា​ពុំ​ខាន។

តើ​អ្វី​ដែល​បាន​កើត​មាន​នៅ​អាហ្វហ្កានីស្ថាន​ពេល​នេះ​ជា​កំហុស​របស់​អ្នក​ណា?

គេ​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​ដោយ​ចោទ​ជា​សំណួរ​វិញ​ថា តើ​វា​ជា​ពេល​វេលា​ដែល​ត្រូវ​វែក​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ ឬ​មួយ​ក៏​ត្រូវ​ទម្លាក់​កំហុស​ដាក់​អ្នក​នេះ អ្នក​នោះ​ឬ?។ បើ​តាម​មើល​ទៅ មិនមែន​ជា​ពេល​វេលា​ដែល​ត្រូវ​ចង្អុល​មុខ​ដាក់​គ្នា​ទេ តែ​ជា​ពេល​វេលា​ដែល​ត្រូវ​ទាញ​យក​មេរៀន​ទៅ​វិញ។ សម្រាប់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន ការ​ដែល​អាហ្វហ្កានីស្ថាន​បាន​ធ្លាក់​ក្នុង​ដៃ​ពួក​តាលីបង់​យ៉ាង​ឆាប់​រហ័ស​ពេល​នេះ​មិនមែន​ជា​កំហុស​របស់​លោក​ដែល​បាន​សម្រេច​ដក​ទ័ព​អាមេរិក​ទេ។ តែ​ជា​កំហុស​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ពិសេស​ទ័ពអាហ្វហ្កានីស្ថាន​ដែល​គ្មាន​ឆន្ទៈ​ប្រយុទ្ធ ត ទល់​នឹង​ពួក​តាលីបង់។ លោក​បៃដិន​មិន​ភ្លេច​រម្លឹក​ទេ​ថា ក្នុង​រយៈពេល ២០ឆ្នាំ​កន្លង​ទៅ អាមេរិក​បាន​ចំណាយ​លុយ​ជា​ច្រើន​ពាន់លានដុល្លារ​ដើម្បី​ជួយ​ហ្វឹកហ្វឺន និង​បំពាក់អាវុធ​ទំនើបៗ​ឲ្យ​ទ័ពអាហ្វហ្កានីស្ថាន។

តាម​លោក​បៃដិន ទ័ពអាមេរិក​មិន​អាច មិន​ត្រូវ​បន្ត និង​មិន​ត្រូវ​ស្លាប់​លើ​សមរភូមិ​សង្រ្គាមស៊ីវិល​នៅ​ក្នុង​ប្រទេស​មួយ​បាន​ឡើយ និង​បាន​ស្តីបន្ទោស​លើ​ប្រទេស និង​ប្រជាជន​អាហ្វហ្កានីស្ថាន​ដែល​មិន​បាន និង​មិន​ចេះ​ឆក់ឱកាស​យក​សំណាង​ដើម្បី​កំណត់​ជោគវាសនា​អនាគត​ដោយ​ខ្លួន​ឯង។ ពិត​ណាស់ អាមេរិក​ជា​អ្នក​ផ្តើម​សង្រ្គាម​ដំបូង​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ ២០០១ ដោយ​ទម្លាក់​ពួក​តាលីបង់​ចេញ​ពី​អំណាច​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១។ តែ​ក្រោយ​មក សង្រ្គាម​នេះ​បាន​ចូល​រួម​ដោយ​ប្រទេស​បស្ចិមលោក ពិសេស​កម្លាំង​អូតង់​ក្នុង​គោលដៅ​បំបែក​សំបុក​ពួក​ភេរវជន​អាល់កៃដា និង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ហាក់​យល់​ខុស ឬ​មើល​ស្រាល​ដោយ​ចេតនា ឬ​អចេតនា​នោះ គឺ​កម្លាំង​របស់​ពួក​តាលីបង់។

ពួក​តាលីបង់​បាន​ក្លាយ​ជា​តួអង្គ និង​ជា​កម្លាំង​នយោបាយ​មិន​អាច​ខ្វះ​បាន

គួរ​រម្លឹក​ថា ពួក​តាលីបង់​ធ្លាប់​បាន​កាន់​អំណាច​រយៈពេល ៥ឆ្នាំ​ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១។ បើ​កុំ​តែ​អាមេរិក​ទម្លាក់​ពី​អំណាច​កាល​ពី ២០ឆ្នាំ​មុន ម្ល៉េះ​ពួក​នេះ​ប្រហែល​អាច​បន្ត​កាន់​អំណាច​មក​ដល់​សព្វថ្ងៃ​ផង​ក៏​មិន​ដឹង។ សម្រាប់​ប្រទេស​បច្ចិមលោក​មួយ​ចំនួន និយាយ​ជា​រួម និង​សម្រាប់​អាមេរិក និយាយ​ដោយ​ឡែក ការ​ដែល​ពួក​តាលីបង់​បាន​ត្រឡប់​ទៅ​កាន់​អំណាច​ជា​ថ្មី​នៅ ២០ឆ្នាំ​ក្រោយ​មក​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ពី​ភាព​បរាជ័យ​យ៉ាង​ល្វីង​ជូរចត់​នៃ​នយោបាយ​របស់​អាមេរិក។ រូបភាព​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ូល​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែកចាយ​ពាសពេញ​ពិភពលោក​នាំ​ឲ្យ​គេ​នឹក​ឃើញ​ភ្លាម​ភ្លែត​នូវ​បរាជ័យ​របស់​អាមេរិក​នៅ​ក្នុង​សង្រ្គាម​វៀតណាម​កាល​ពី​ឆ្នាំ ១៩៧៥។

តែ​អ្វី​ដែល​អាច​ខុស​គ្នា​បន្តិច​នៅ​ត្រង់​ថា ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ចូលរួម​ចំណែក​ជាមួយ​អាមេរិក​នៅ​ក្នុង​រឿងរ៉ាវ​អាហ្វហ្កានីស្ថាន​ពេល​នេះ។ ដូច្នេះ​ចាប់​ពី​អំណឹះ​ត ទៅ ប្រទេស​ជាប់​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ពិនិត្យមើល​ឡើង​វិញ​នូវ​ជំហរ និង​យុទ្ធសាស្រ្ត​របស់​ខ្លួន​ជាមួយ​ពួក​តាលីបង់ ព្រោះ​ថា​ចង់ ឬ​មិន​ចង់ ពួក​នេះ​បាន​ក្លាយ​ជា​តួអង្គ​នយោបាយ និង​ជា​កម្លាំង​នយោបាយ​មួយ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ឆាក​នយោបាយ និង​នៅ​គ្រប់​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អាហ្វហ្កានីស្ថាន។ ដរាប​ណា​គេ​នៅ​បន្ត​ទាត់​ចោល និង​ចាត់​ទុក​តាលីបង់​ជា​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់ ដរាប​នោះ​គ្មាន​ថ្ងៃ​ដែល​អាហ្វហ្កានីស្ថាន​អាច​ស្គាល់​សុខ​សន្តិភាព​បាន​ឡើយ។

គេ​បាន​សង្កេត​ឃើញ​ថា​ពេល​នេះ គ្រប់​គ្នា​ហាក់​កំពុង​ទទួល​ស្គាល់​ចុង​មាត់ ចុង ក នូវ​ជោគជ័យ​របស់​ពួក​តាលីបង់។ អាមេរិក​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក​នែដ ប្រៃស៍​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ចន្ទ ទី១៦ សីហា​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​អាហ្វហ្កានីស្ថាន​នឹង​អាស្រ័យ​ទាំង​ស្រុង​លើ​មាយាទ និង​អាកប្បកិរិយា​របស់​ពួក​តាលីបង់។ លោក​នែដ ប្រៃយ៍​ចង់​បាន និង​ចង់​ឃើញ​ពួក​តាលីបង់​គោរព​សិទ្ធិមនុស្ស ពិសេស​សិទ្ធិស្រ្តី និង​ក្មេង​ស្រី។ គួរ​រម្លឹក​ថា ពួក​តាលីបង់​ធ្លាប់​បាន​និយាយ​ច្រើន​ដង​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។ តែ​ការ​ពិត​យ៉ាង​ណា​នោះ គេ​ត្រូវ​រង់ចាំ​មើល​នៅ​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ