អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេ​ដឹកនាំ​តាលីបង់​ដែលរស់​នៅ​​និរទេស​ខ្លួន​ត្រលប់​ទៅ​កាន់​កាប់​អាហ្វហ្កានីស្ថាន​វិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​វាយ​ដណ្តើម​កាន់កាប់​អាហ្វហ្កានីស្ថាន​​ ក្រុម​តាលីបង់​បានបើក​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​ ១៧​ សីហា​ម្សិលមិញ​។ នៅឯ​សន្និសីទ​ក្នុង​ទីក្រុង​កាប៊ុល​ ពួកតាលីបង់ ​បាន​សន្យាថានឹង​មិន​សងសឹក​គូប្រជែង​ និង​គោរព​សិទ្ធិ​ស្រ្តីជាដើម​។ល។​ ជាការ​គួរ​ឲ្យកត់​សម្គាល់​ ការប្រកាសនេះធ្វើឡើងភា្លមៗ​បន្ទាប់ពី​មេដឹកនាំ​ជាន់​ខ្ពស់​តាលីបង់​ដែល​រស់នៅ​និរទេសខ្លួន​បាន​វិល​ត្រឡប់​ចូលទៅ​គ្រប់គ្រង​ប្រទេស​អាហ្វហ្កានីស្ថាន​វិញ​។

ក្រុមតាលីបង់ បានធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងកាលពីថ្ងៃអង្គារ ទី១៧ សីហា ឆ្នាំ២០២១។
ក្រុមតាលីបង់ បានធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងកាលពីថ្ងៃអង្គារ ទី១៧ សីហា ឆ្នាំ២០២១។ AP - Rahmat Gul
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​សារព័ត៌​មាន​ជា​លើក​ដំបូង​បង្អស់​របស់​ពួកតាលីបង់​

រហូតមកទល់នឹងពេលនេះ​ ស្ថានការណ៍នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នៅតែ​ជាប្រធាន​រឿងក្តៅ​ និងកំពុងត្រូវបាន​គេ​តាមដានយ៉ាងយកចិត្ត​ទុកដាក់​ខ្លាំង​ជាទីបំផុត​។ កាលពី​ថ្ងៃអង្គារ ទី១៧ សីហាម្សិលមិញ​ ក្រុមតាលីបង់​បាន​បើកធ្វើ​សន្និសីទសារព័ត៌មាន​ជា​លើក​ដំបូង​បង្អស់​របស់ខ្លួន​ ក្រោយពី​បានវិលត្រលប់​ទៅកាន់​អំណាច​នៅអាហ្វហ្កានីស្ថាន​ជាថ្មី​វិញ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាលើកដំបូង​ក្នុងទីក្រុង​កាប៊ុល​ ក្រុម​តាលីបង់​បានសន្យា​ផ្តល់​សន្តិភាព​ធ្វើការ​ផ្សះផ្សារជាតិរួបរួមជាតិ​ ដោយប្តេជ្ញាថា​នឹងមិនសងសឹកប្រឆាំង​ចំពោះ​អ្នកដែល​ធ្លាប់ធ្វើឲ្យ​អតីតរដ្ឋាភិបាលក្រុងកាប៊ុល​ ឬ​ជាមួយរដ្ឋាភិបាល​ឬក៏​កងកម្លាំង​បរទេស​ណាមួយ​នោះ​ទេ​។

អ្នកនាំពាក្យតាលីបង់​ លោក ហ្សាប៊ីហ៊ុលឡា ម៉ូចាហ៊ីដ (Zabihullah Mujahid) បាន​គូស​បញ្ជាក់​ថា របបគ្រប់គ្រងថ្មី​របស់តាលីបង់នឹង​ខុសប្លែកគ្នា​ពី​ជំនាន់​កាន់កាប់​ប្រទេស​ពីមុន។ លោក​ចង់​សំដៅ​ដល់​វិន័យ​ច្បាប់​អ៊ីស្លាម​តឹងតែង​ (The Sharia Law) ទីបំផុត​កាលពី​ឆ្នាំ ១៩៩៦-២០០១​។

របប​តាលីបង់ថ្មី​នឹង​គោរពសិទ្ធិ​សេរីភាព​សារព័ត៌មាន​។ ពួកគេថា​ចង់​រក្សាទុកឲ្យ​ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅតែ​ឯករាជ្យ​ ប៉ុន្តែសង្កត់ធ្ងន់ថា​អ្នកសារព័ត៌មាន​មិនត្រូវ​ធ្វើការ​ប្រឆាំង​នឹង​គុណ​តម្លៃ​ជាតិ​របស់​អាហ្វហ្កានីស្ថាន​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកគេ​ឡើយ​។

ពាក់ព័ន្ធសិទ្ធិស្ត្រីវិញ​ អ្នកនាំពាក្យតាលីបង់​លោក ម៉ូចាហ៊ីដ សន្យាថា​នឹង​គោរពសិទ្ធិ​ស្រ្តី​ ប៉ុន្តែ​ត្រូវស្ថិត​នៅក្នុងរង្វង់​នៃ​ច្បាប់អ៊ីស្លាម​។ ស្ត្រី​នឹងមិន​តម្រូវ​ឲ្យ​ពាក់ស្បៃ​បិទមុខជិតឈឹងទុក​តែ​ចន្លោះ​ភ្នែក​នោះទេ​ ប៉ុន្តែ​របបតាលីបង់ថ្មី​មិនបាន​និយាយប្រាប់​ឲ្យ​ជាក់ច្បាស់​នោះទេ​ ថាសម្លៀកបំពាក់បែបណា​ដែលស្ត្រីអាហ្វហ្កានីស្ថាន​អាចស្លៀកពាក់បាន​។ យ៉ាងណាក៏​ដោយ​ របបតាលីបងសម័យថ្មី​ឆ្នាំ ២០២១នេះ​ សន្យា​នឹង​អនុញ្ញាតឲ្យ​ស្ត្រី​ធ្វើការ​ និងចូល​សាលារៀន​បាន​។

បើទោះបីជា​ពួក​តាលីបង់​បានចេញមុខ​ធានា​អះអាងហើយ​ថា​នឹង​ផ្លាស់ប្តូរ​របៀប​ដឹកនាំថ្មី​ ផ្តល់សិទ្ធិសេរីភាព​ច្រើន​ជាង​មុនក្តី​ ក៏ប្រជាជន​អាហ្វហ្កានីស្ថាន​រាប់ម៉ឺននាក់​ នៅតែមាន​ភាពភ័យខ្លាច​និង​បន្តខ្នះខ្នែង​រត់ភៀសខ្លួនចេញពី​ប្រទេសដដែល​។ ហេតុអ្វីទៅ?​

ទោះបីជា​មាន​ការសន្យា​បញ្ជាក់អះអាង​ពីក្រុមតាលីបង់ថា​ផ្តល់​សន្តិភាព​ ផ្សះផ្សារ​រួបរួមជាតិ​ និងលើក​កម្ពស់សិទ្ធិសេរីភាពនៅក្នុង​ប្រទេសក្តី​ តែប្រជាជន​អាហ្វហ្កានីស្ថាន​ដែល​ព្រួយ​បារម្ភ​ភ័យខ្លាចខ្លាំងនៅតែ​បន្ត​ព្យាយាម​រត់ភៀសខ្លួនចេញពីការគ្រប់គ្រង​របស់ពួកតាលីបង់យ៉ាង​ប្រថុយប្រថាន​ជាទីបំផុត​។

នេះក៏ព្រោះតែ​ពួកគេ​មិនចង់​រស់នៅ​ក្រោយ​ការគ្រប់គ្រង​របស់​ពួកតាលីបង់​។ ពួកតាលីបង់ដែល ពួកគេ​នៅចងចាំបានថា​កាលពីសម័យ​កាន់កាប់​ប្រទេសរយៈពេល ៥ឆ្នាំ​ ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១ មាន​កំណត់ត្រាសិទ្ធិមនុស្សឃោរឃៅយ៉ាងខ្លាំង​ក្នុង​ពិភពលោក​។

ក្នុង​អំឡុងកាន់កាប់​ប្រទេស​ ៥ ឆ្នាំ កាលណោះ​ ពួកតាលីបង់​ល្បីល្បាញ​ខ្លាំងណាស់​រឿង​កាត់ទោស​ប្រហារ​ជីវិត​នៅ​ទី​សាធារណៈ ​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​ទង្វើ​ឃាតកម្ម ទង្វើ​ផិតក្បត់ ឬ​ទង្វើ​លួច​ប្លន់ និងរារាំងផងដែរមិនឲ្យ​ស្ត្រី​​ធ្វើការ​ទាក់ទង​ជាមួយបុរស​ជាដើម។ល។

បុរស​ត្រូវ​ទុក​ពុកចង្ការ​ ហើយ​ស្រ្តីវិញ​ត្រូវ​ពាក់ស្បៃ​បិទមុខ​ទុក​តែ​ចន្លោះភ្នែក​។ កាលណោះ​គ្មានទេ​រោងកុន​ រោងភាពយន្ត​ ការស្តាប់តន្ត្រី​ និង​ទូរទស្សន៍​ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ចំណែក​ក្មេងស្រី​អាយុចាប់ពី ១០ ឆ្នាំ​ឡើង​ មិនត្រូវបានអនុញ្ញាតឲ្យទៅសាលារៀន​បានឡើយ​។

រូបភាព​ទាំង​អស់​នេះ​ នៅទាន់សាប​រលាប​នោះទេ​ និង​នៅ​តែ​បន្ត​ដក់ជាប់​ក្នុងចិត្ត​ប្រជាជន​អាហ្វហ្កានីស្ថាន​ជាច្រើន​ជាពិសសេ​មនុស្សវ័យចំណាស់​។ ពួកគេឈឺ​និង​ចងចាំ​នូវ​រូបភាពទាំងនោះ​មិនទាន់ភ្លេច​ ទើប​ពួកគេខ្លះ​សុខចិត្ត​ប្រថុយ​ជីវិតរត់ភៀសខ្លួន​ពី​ប្រទេស​កំណើត​។

ចំណែក​ប្រតិបត្តិការ​ជម្លៀសប្រជាជន​ចេញ​ពី​អាហ្វហ្កានីស្ថានវិញ​នៅតែ​បន្ត​ធ្វើ​ ហើយ​ប្រទេស​ខ្លះ​បាន​សន្យា​ផ្តល់​សិទ្ធិជ្រកកោន​ដល់​ជនភៀសខ្លួន​អាហ្វហ្កានីស្ថានទៀតផង​។ រហូតមកទល់​នឹងពេល​នេះមានមនុស្សជាង​ ២ ០០០ នាក់ហើយ​ ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុងកាប៊ុល​។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន​ Reuters​។

នៅទីក្រុងកាប៊ុល​ ភាពតានតឹង​ ការភ័យខ្លាច​ នៅតែ​មាន​កម្រិត​ខ្ពស់​។ បើក្រឡេក​ទៅមើល​ទិដ្ឋភាព​ក្នុងរដ្ឋធានីកាប៊ុលវិញ​ អ្វីៗបានប្រែទៅជាស្ងប់ស្ងាត់​ ខណៈដែល​ក្រុម​តាលីបង់កំពុង​ដើរ​យាមល្បាត​តាមដងផ្លូវ​ ហើយអ្នករស់នៅក្រុងការប៊ុលជាច្រើន​ ស្នាក់​នៅតែក្នុងផ្ទះ​ ជាពិសេស​ស្ត្រីអាហ្វហ្កានីស្ថាន​មិន​ហ៊ានដើរចេញក្រៅដូចពីមុន​ទៀតនោះទេ​។

​មេដឹកនាំជាន់​ខ្ពស់​តាលីបង់​​ ម៉ុលឡា ​អាប់ឌុល​ ហ្កានី បារ៉ាដា​ (Mullah Abdul Ghani Baradar) ​ចាប់ផ្តើម​ចេញ​មុខ​ជា​សាធារណៈ​ និងបាន​ធ្វើដំណើរ​វិលត្រឡប់​ចូលក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​វិញ​

ម៉ុលឡា​ អាប់ឌុល ហ្កានី បារ៉ាដា​ គឺជា​ថ្នាក់ដឹកនាំ​កំពូលមួយរូប​ក្នុង​ចំណោម​ឥស្សរជន​កំពូល​ចំនួន ៤រូប ​ដែល​កំពុង​លេច​ឈ្មោះ​នៅ​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​តាលីបង់​ជំនាន់​ថ្មី​នាពេលនេះ​។

ម៉ុលឡា បារ៉ាដា​ ត្រូវបានគេស្គាល់ថា​ជាសហស្ថាបនិក​និងជា​អនុប្រធាន​ចលនាតាលីបង់​ និង​បាន​ធ្វើ​ដំណើរទៅដល់​ប្រទេសអាហ្វហ្គានីស្ថានវិញជាថ្មី​កាលពីយប់​ថ្ងៃអង្គារ​ម្សិលមិញ​នេះ​។

មេដឹកនាំកំពូលតាលីបង់​ ម៉ុលឡា បារ៉ាដា​ បាន​ចាប់​កំណើត​នៅ​ប៉ែក​ខាងត្បូង​ប្រទេសនិងធំ​ដឹងក្តី​នៅ​ក្រុង​កង់ដាហារ​។ លោកបានជ្រើសរើស​ទៅជាន់ដីទីក្រុងកង់ដាហារ​មុនគេ​។ កង់ដាហារ​ដែលជាទីក្រុងធំទី២​ របស់អាហ្វហ្កានីស្ថាន ជាស្រុកកំណើតនិង​ជារដ្ឋធានី​របស់តាលីបង់​ក្នុងកំឡុងពេល​ពួកគេ​ឡើងកាន់អំណាច​ជាលើកដំបូង​។

ម៉ុលឡា បារ៉ាដា បានចាកចេញពី​ប្រទេសកាតា​ ជាកន្លែងដែលលោក​បាន​ចំណាយពេល​រាប់​ខែ ដឹកនាំកិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក​និងក្រុម​អ្នកចរចា​សន្តិភាព​នៅអា​ហ្វហ្កានីស្ថាន​។

ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមតាលីបង់​ បានចេញផ្សាយវីដេអូ​បង្ហាញពី​ហ្វូងមនុស្ស​ដែល​កំពុង​ប្រមូល​ផ្តុំគ្នាច្រើន​កកកុញ​អបអរ​ទទួលស្វាគមន៍​វត្តមានត្រលប់មកវិញរបស់​ ម៉ុលឡា បារ៉ាដា នៅឯ​ព្រលានយន្តហោះ​។

ប៉ុន្តែសម្រាប់​ក្រុមអ្នកដែលខ្លាចការ​សងសឹក​ពី​ពួក​តាលីបង់​រួមមានជាអាទិ៍អ្នកដែល​ធ្លាប់ធ្វើឲ្យ​អតីតរដ្ឋាភិបាល​លោកអាស្រាហ្វ ហ្កានី ឬអ្នកធ្លាប់ធ្វើការ​ជា​មួយរដ្ឋាភិបាល ឬក៏កង​កម្លាំងបរទេស​នោះ ពួកគេ​កំពុង​មានអារម្មណ៍ផ្ទុយ​ស្រឡះ​ពីនេះ។

អាជីវករអាហ្វហ្កានីស្ថានម្នាក់​បាននិយាយថា​ ការភ័យខ្លាច​ត្រលប់​មកកាន់​អាហ្វហ្កានីស្ថា​ន​វិញហើយ​។ ចំណែក​អ្នកស្រាវជ្រាវសិទ្ធិមនុស្សអាហ្វហ្កានីស្ថានម្នាក់ គឺ​លោក​ម៉ូហាម៉ាត់ អ៊ីសាន សាដាត (Mohammad Ehsan Saadat) ដែលបាន​រត់​ភៀសខ្លួនចេញពី​ប្រទេស​កំណើតជាមួយគ្រួសារ បានប្រាប់សារព័ត៌មាន AFP នៅកាណាដាថា​ លោកមាន​សំណាង​ណាស់​ដែលមិន​បានរស់នៅក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នាពេលនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ