អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ូលិស​ថៃ៖​ការបំផ្ទុះ​គ្រាប់បែក​​មិនជាប់​ពាក់ព័ន្ធ​​នឹង​​បណ្តាញ​​ភេរវកម្ម​​អន្តរជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅយប់ថ្ងៃព្រហស្បតិ៍ និង​ព្រឹកថ្ងៃ​សុក្រ ​១១-១២សីហា​​នេះ ថៃ​បាន​រង​ការ​​​វាយប្រហារ​ដោយ​​គ្រាប់បែក​១១គ្រាប់​ នៅ​តាម​ខែត្រចំនួន​៥ ភាគខាងត្បូង ធ្វើអោយ​មនុស្ស​ស្លាប់​៤នាក់ និង​របួស​ច្រើននាក់ ក្នុង​នោះ​មាន​ជនបរទេស របួស​​​ច្រើននាក់​ផងដែរ។ ​ក្រុងឆ្នេរ​ទេសចរ​ដ៏​ធំ​ហួហ៊ីន និង​ភូកេត រងគ្រោះធ្ងន់ធ្ងរ​ជាងគេ។ 

ប៉ូលិស​ថៃ​នៅ​ Huan Hin ក្រោយការផ្ទុះ​គ្រាប់បែក​ថ្ងៃសុក្រ​១២កក្កដា​នេះ
ប៉ូលិស​ថៃ​នៅ​ Huan Hin ក្រោយការផ្ទុះ​គ្រាប់បែក​ថ្ងៃសុក្រ​១២កក្កដា​នេះ MUNIR UZ ZAMAN / APF / AFP
ផ្សាយពាណិជ្ជកម្ម

នៅមិនទាន់​មាន​ក្រុមណា​ប្រកាស​ទទួលខុសត្រូវ​ហេតុការណ៍​ទាងនេះ​ទេ ​តែ​​ប៉ូលិស​លើកឡើង​​ថា ភេរវកម្ម​​ទាំងនេះ​មិនជាប់ពាក់ព័ន្ធ​បណ្តាញ​​ក្រុមភេរវជន​អន្តរជាតិ​ទេ។ ប្រមុខ​ដឹកនាំ ​ប្រាយុទ្ធ ចាន់ អូចា លើកឡើង​ថា ហេតុការណ៍​ទាំងនេះ​ធ្វើឡើង​ក្នុង​ទិសដៅ​បង្ក​ចលាចល​ក្នុង​ស្រុក។

ថ្ងៃសុក្រ​នេះ ​អាជ្ញាធរ​​នៅតែ​រក្សា​អោយ​មាន​ក្បួន​ដង្ហែ​ក្នុង​កម្មវិធី​បុណ្យ​ចម្រើនព្រះជន្ម​ព្រះអគ្គ​មហេសី​​​ថៃ សិរីគិត។ ​

ប៉ូលិសថៃ​មិនគិតថាជាប់ពាក់ព័ន្ធ​បណ្តាញ​ភេរវកម្ម​​អន្តរជាតិ​​
ក្រុមភេរវជន​អន្តរជាតិ​ដូចជា​ក្រុមរដ្ឋអ៊ីស្លាម កំពុង​​​គំរាម​កំហែង​សន្តិសុខ​គ្រប់ទិសទី ដោយ​ផ្តោត​​ផ្ទាំងស៊ីប​លើ​ពលរដ្ឋ​ប្រទេស​លោកខាងលិច វាជាការពិត​ តែ​នៅថៃ​ ​​ការវាយ​ប្រហារ​គ្រាប់បែក​ជា​​បញ្ហា​ផ្សេងមួយទៀត សម្រាប់​អាជ្ញាធរ។ ​ជាញឹកញាប់​ គេឃើញ​មាន​​ហិង្សា​ផ្សេងៗ​ ​ដើម្បីសងសឹកគ្នា​ទៅវិញ​ទៅមក។ ករណី​​មាន​​​បញ្ហា​ដូចជា​ ​ជម្លោះរកស៊ី​ធំៗ រឺ​បញ្ហា​​នយោបាយ គេច្រើន​ឃើញ​មា​ន​ការ​គប់​គ្រាប់បែក​​ រឺ​ការប្រើប្រាស់​គ្រឿងផ្ទុះ​ផ្សេងៗ។ ​ម្ល៉ោះហើយ​ បើ​មាន​រឿងផ្ទុះ​គ្រាប់បែក ​​វាមិនមែន​ជា​រឿង​ប្លែកណាស់ណាទេ។

ប៉ូលិស​ថា ភេរវកម្ម​ទាំងនេះ វា​ជា​ការ​បំផ្លិចបំផ្លាញ​ក្នុងស្រុក​ប៉ុណ្ណោះ ទោះបី​ជា​វាកើតឡើង​​នៅ​ក្រុងឆ្នេរ​សំបូរ​ដោយ​ទេសចរ​បរទេស​ហួហ៊ីន និង​ភូកេត​ក៏ដោយ។

ហេតុការណ៍​ទាំងនេះ​កើតឡើង​ចំពេល​ព្រះអគ្គមហេសី​​ថៃ​​ចម្រើន​ព្រះជន្ម​​៨៤ព្រះវស្សា
នៅ​ថ្ងៃសុក្រ​នេះ ព្រះអគ្គមហេសី​សិរីគិត​ បាន​ប្រារព្ធ​បុណ្យចម្រើន​ព្រះជន្ម ដូចការ​គ្រោងទុក។​ គេឃើញ​មា​នក្បួនដង្ហែ​ពិធី​នៅប៉ុន្មានរយម៉ែត្រ​ប៉ុណ្ណោះ ពី​កន្លែង​ផ្ទុះគ្រាប់បែក​​។

ការ​បំផ្ទុះ​គ្រាប់បែក​​ប៉ះពាល់​ធ្ងន់ជាងគេ​នៅ​ក្រុងឆ្នេរ​ទេសចរ​ហួហ៊ីន។ ហួហ៊ីន​មិនត្រឹមតែ​សំបូរ​សណ្ឋាគារ​​ប្រណីតៗទេ នៅហួហ៊ីន​ ក៏មាន​គេហដ្ឋាន​គ្រួសារ​ក្សត្រថៃ​​​ដែរ។ ការបំផ្ទុះ​គ្រាប់បែក​​ នៅ​ហួហ៊ីន នៅ​ក្រុង​ដែល​មា​នគេហដ្ឋានក្សត្រថៃ នៅ​ចំថ្ងៃ​សុក្រ ជា​ថ្ងៃ​ចម្រើនព្រះជន្ម​ក្សត្រី​ថៃ ​អញ្ចឹង​យើងអាច​គិតថា ​វា​អាច​មិនមែន​ជា​រឿងចៃដន្យ​​។

វាអាច​ពាក់ព័ន្ធ​នយោបាយ​ផ្ទៃក្នុងថៃ​ក៏ថាបាន។ ​ថៃ​ទើបនឹង​បោះឆ្នោត​​​ប្រជាមតិរដ្ឋធម្មនុញ្ញ​ថ្មី​​។​​អ្នកបោះឆ្នោត​​ជាង​៦០ភាគរយ​បាន​គាំទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​របប​សឹក អនុញ្ញាត​អោយ​​​ ​លោក​ប្រាយុទ្ធ​​​បន្ត​ក្តាប់​នយោបាយតទៅ​​ទៀត។ មានន័យថា ពេលនេះ ​ប្រជាជន​ថៃ​ហាក់​មាន​ទំនោរ​​ទៅ​​រក​របប​សឹក ដែល​បានធ្វើរដ្ឋប្រហារកាលពី​​ឆ្នាំ២០១៤ទៅវិញ។

រដ្ឋធម្មនុញ្ញ​ថៃ​ថ្មីនេះ ផ្តល់សិទ្ធិ​អោយ​របប​សឹក​តែងតាំង​សមាជិក​ព្រឹទ្ធ​សភា។ ​តែ​ប្រជាជន​នៅតែ​បោះឆ្នោត​គាំទ្រ។ ​ដូច្នេះ សម្រាប់​បក្ស​លោក​ថាក់ស៊ីន​​​ដែល​តែ​ងតែ​​ឈ្នះឆ្នោត​ជាមួយ​សម្លេង​ផ្តាច់មុខនោះ​​ វា​មិនមែន​​ជា​ដំណឹង​ល្អទេ។ ក្រុមអាវក្រហម​ដែលគាំទ្រ​បក្ស​គ្រួសារ​ស៊ីនណាវ៉ាត់​មួយនេះ​ក៏ដូចគ្នា គឺពិត​ជា​អាច​​មិនសុខចិត្ត​ទេ ដែល​អាច​មានអ្នកបោះឆ្នោត​សន្ធឹកសន្ធាប់​ ​​​គាំទ្រ​រដ្ឋធម្មនុញ្ញរបស់​របប​សឹក។

ថៃ​តស៊ូ​ទំរាំងើបផុត​ពី​ការ​កាន់អំណាច​របស់​​ក្សត្រ ឥឡូវ បែរជា​ត្រូវ​មក​ជ្រក​ក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី​ ​ដែល​ហាក់​​មិនផ្តល់​តម្លៃ​ដល់​ការបោះឆ្នោត​ប្រជាធិបតេយ្យទាល់តែ​សោះ។ ​ដូច្នេះ​ បក្ស​លោក​​ថាក់ស៊ីន ប្រហែល​​ពិបាក​នឹង​ឡើង​មកកាន់កាប់​ថៃ​ដូចមុនវិញណាស់។

​មិនដឹងថា តើ​ក្រុម​អាវក្រហម​ដែល​គាំទ្រ​បក្ស​លោក​ថាក់ស៊ីន ​អាច​រៀបចំ​​ភេរវកម្ម​ទាំងនេះ អោយ​កើតឡើង​ ​ចំថ្ងៃ​បុណ្យចម្រើនព្រះជន្ម​ក្សត្រី​ថៃ ​ដើម្បីផ្ញើសារ​អោយគ្រួសារ​​ក្សត្រ​ថៃ ​បើកភ្នែក​មើល​ច្បាប់​ឡើងវិញ​រឺយ៉ាងណា​ ក៏មិនដឹង។ ​ប៉ូលិស​កំពុង​ស៊ើប​អង្កេត យើង​មិនអាច​​សន្និដ្ឋាន​ផ្តេសផ្តាសទេ។ ​

ប៉ូលិស​ក៏​មិនសង្ស័យ​ក្រុមផ្តាច់ទឹកដី​និយម​ភាគខាងត្បូង​ដែរ
តំបន់​​ចុងភាគខាងត្បូង​ថៃ​​ជាប់ព្រំដែន​ជាមួយ​ម៉ាឡេស៊ី​ ​ជាតំបន់​តែមួយគត់​​ដែលគេ​ប្រើ​គ្រាប់បែក​​ដៃ ​បង្ក​ការវាយ​ប្រហារ​ផ្សេងៗ។ ​ការបះបោរ​របស់​ក្រុមអ្នកកាន់​សាសនា​អ៊ីស្លាម​​ផ្តាច់ទឹកដី​និយម​ ជាង​១០ឆ្នាំ​នេះ បាន​សម្លាប់​មនុស្ស​រាប់ពាន់នាក់។ ​​ក្រុមជ្រុលនិយម​​​ច្រើន​​វាយប្រហារ​កងទ័ពថៃ​ ហើយ​មិនដែល​​​​ធ្វើ​ភេរវកម្ម ​​​​ក្រៅតំបន់​​ចុង​​ភាគខាងត្បូងទេ។ 

ការបំផ្ទុះគ្រាប់បែកម្សិលមិញ​និង​ថ្ងៃនេះ​ ​​កើតឡើង​នៅតាម​​ខែត្រ​​ភាគខាងត្បូងមែន​ តែ​មិន​រហូត​ដល់​ចុងភាគខាងត្បូង ជាប់​ជាមួយ​ព្រំដែន​ម៉ាឡេស៊ី​ ដែលរងការ​បះបោរ​របស់​ក្រុមផ្តាច់ទឹកដី​និយម​ដែរ។ នេះជាមូលហេតុ​ដែល​នាំអោយប៉ូលិស​យល់ថា ក្រុម​ផ្តាច់ទឹកដីនិយម​មិនបាន​​ធ្វើការ​វាយប្រហារ​ទាំងនេះ។

​​ភេរវកម្ម​ធ្ងន់ចុងក្រោយ កើតឡើង​នៅ​ក្រុងបាងកក​​​​ខែសីហាឆ្នាំ២០១៥
ខែសីហា​ឆ្នាំមុន ការវាយប្រហារ​នៅ​ក្រុងបាងកក ​បានសម្លាប់​មនុស្ស​​២០នាក់ក្នុង​នោះ​​មាន​ទេសចរ​​​ចិន​ច្រើននាក់ណាស់។ ​គេនៅ​​មិនទាន់ដឹង​ថា ក្រុមណា​​បង្កវា​នៅឡើយទេ ហើយ​ក៏មិនទាន់​មានក្រុមណា​ប្រកាស​ទទួលខុសត្រូវ​ដែរ។ តែ​ប៉ូលិស​​​ក៏មិនបាន​គិតថា វា​ជាប់​ពាក់ព័ន្ធ​​បណ្តាញ​ភេរវជន​អន្តរជាតិ​ដែរ។ ក្រុម​អង្កេត​គិតថា ​​ពួកអ៊ុយហ្គួរ នៅ​ចិន អាច​បង្ក​ភេរវកម្ម​នេះ​។ តុលាការក្រុងបាងកក ​​នឹង​បើក​សវនាការ​កាត់ទោស​ជនសង្ស័យ​២នាក់ ​នៅ​ថ្ងៃ២៣សីហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ