អានតួអត្ថបទ

ប៉ូលិស​ថៃ​ភ្ជាប់​ភេរវកម្ម​នៅ​វត្ត​ព្រះភូមិ ទៅ​នឹង​ក្រុមជួញ​ដូរ​មនុស្ស​ ដោយ​មាន​ការ​លូក​ដៃ​ពី​បក្ស​ប្រឆាំង

ប៉ូលិស​ថៃ បាន​បរិហារ​​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ២៨ កញ្ញា​នេះ ថា​បក្ស​ប្រឆាំង​នយោបាយ​មាន​លូក​ដៃ​ក្នុង​ភេរវកម្ម​មរណៈ​នៅ​ក្រុង​បាងកក​ កាលពី​ថ្ងៃទី ១៧​សីហា ដោយ​បាន​អះអាង​បន្ថែម​ទៀត​ថា​ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​នេះ ជា​ទង្វើ​សង​សឹក​របស់​ក្រុម​ឈ្មួញ​មេ​ខ្យល់​ជួញ​ដូរ​មនុស្ស​ ដែល​យក​កំហឹង​របស់​ពួក​ជនជាតិ​ភាគ​តិច​អ៊ីស្លាម​ចិន​មក​បូក​បញ្ចូល​គ្នា។

អ្នក​នាំពាក្យ​របស់​ប៉ូលិស​ថៃ លើក​បង្ហាញ​រូប​ជន​សង្ស័យ​បង្ក​ភេរវកម្ម​នៅ​ទីក្រុង​បាងកក​ថ្ងៃទី ១៧ សីហា ២០១៥
អ្នក​នាំពាក្យ​របស់​ប៉ូលិស​ថៃ លើក​បង្ហាញ​រូប​ជន​សង្ស័យ​បង្ក​ភេរវកម្ម​នៅ​ទីក្រុង​បាងកក​ថ្ងៃទី ១៧ សីហា ២០១៥ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

“គឺ​ជា​ស្នាដៃ​របស់​មនុស្ស​ពីរ​ក្រុម​ដែល​មាន​បំណង​ដូច​គ្នា​តែ​មួយ ... ប្រើ​គ្នា​ទៅ​វិញ​ទៅមក” ! នេះ​ជា​សេចក្តី​ប្រកាសបង្កប់​អត្ថន័យ​​របស់​មេ​ប៉ូលិស​ថៃ ក្នុង​សន្និសីទ​កាសែត ដែល​ចាត់​ទុក​ដូច​ជា​ការ​បិទ​បញ្ចប់​​សំណុំ​រឿង​ស៊ើប​អង្កេត​ភេរវកម្ម​នៅ​ក្រុង​បាងកក។

 
ប៉ូលិស​ថៃ​ជឿ​ជាក់​ថា មូលហេតុនៃ​ភេរវកម្ម​កាលពី​ថ្ងៃទី ១៧ សីហា គឺ​​សង​សឹក​ប្រឆាំង​នឹង​នយោបាយ​របស់​រដ្ឋាភិបាល ក្នុង​ការ​បោស​សម្អាត​បណ្តាញ​ជួញ​ដូរ​មនុស្ស។ ភេរវកម្ម​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​​២០​នាក់ ក្នុងនោះ​១៤​នាក់​ជា​បរទេស គ្មាន​ម្ចាស់​ទេ ! បន្ទាប់​ពី​សំដៅ​ទិស​តាមដាន​លើ​ក្រុម​អ៊ុយហ្គួរ​ ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​ចិន ថា​សហការ​ជាមួយ​ក្រុម​ជួញ​ដូរ​មនុស្ស​មក ប៉ូលិស​ថៃ​បាន​ព្រលយ​ជា​សាធារណៈ​លទ្ធភាព​​​ទី​បី គឺ​ការលូក​ដៃ​របស់​បក្ស​ប្រឆាំង​នយោបាយ។

បើ​តាម​មេប៉ូលិស​ថៃ ដែល​ច្រាន​ចោល​ដាច់​ខាត​ អំពើ​ភេរវកម្ម​អន្តរជាតិ​ បាន​អះអាង​ថា​ ភាព​ប្រេះ​ឆា​ក្នុង​ជីវិត​នយោបាយ​ថៃ​រាប់​សិប​ឆ្នាំ​កន្លង​មក​ អាច​មាន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ភេរវកម្មនេះ។ នៅ​ក្នុង​ពេលអង្កេត​​ ប៉ូលិស​ថៃ​បាន​រក​ឃើញ​ថា​ក្រុមធ្វើ​ភេរវកម្ម​នៅ​ក្រុង​បាងកក​នេះ ទំនង​ជា​បាន​ជួយ​ជន​សង្ស័យ​បង្ក​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​កាលពី​ឆ្នាំ​២០១០ និង​២០១៤។ ដូច្នេះ​ហើយ​បាន​ជា​ប៉ូលិស​ថៃ​មិន​អាច​ច្រាន​​ចោល​​មូលហេតុ​នយោបាយ​ដែល​នាំ​ដល់​ការ​ធ្វើ​ភេរវកម្ម​ទេ។

ការ​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ពី​សំណាក់​អាជ្ញាធរ​សឹកថៃ​ គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ ប៉ុន្តែ​នេះ​គឺ​ជា​លើក​ទី​មួយ ដែល​ប៉ូលិស​ថៃ​បាន​ភ្ជាប់​ភេរវកម្ម​ក្រុង​បាងកក​ថ្ងៃទី ១៧​សីហា​ ទៅ​នឹងបក្ស​ប្រឆាំង​ស្និទ្ធ​នឹង​ត្រកូល​ថាក់ស៊ីន ត្រកូល​អ្នក​សាធារណ​រដ្ឋ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​ក្រសែ​ភ្នែក​អ្នក​រាជានិយម។

កាលពី​ថ្ងៃ​សៅរ៍ ប៉ូលិស​ថៃ បាន​សាកល្បង​រៀប​ចំ​ឆាក​ឈុត​ភេរវកម្ម​ឡើង​វិញ ជាមួយ​​វត្តមាន​ជន​សង្ស័យ​ចាប់​បាន​ទាំង​ពីរ។ ជន​សង្ស័យ​ទី​មួយ ឈ្មោះ Bilal Mohammed Adem Karadag បើ​តាម​លិខិត​ឆ្លង​ដែន​តួកគី ជា​អ្នក​ធ្វើ​ភេរវកម្ម និងជនសង្ស័យ​ទីពីរ​ឈ្មោះ​ Yusufu Mieraili ជា​អ្នក​ចុច​ទូរស័ព្ទ​ឱ្យ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​កាបូប ស្ពាយ​ខ្នង ដែល ប៊ីឡាល យក​ទៅ​ផ្លុង​ចោល​នៅ​ក្នុង​បរិវេណទីសក្ការៈព្រះភូមិ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ