អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​អាស៊ាន៖លោក​អូបាម៉ា​បាន​រិះគន់ ទិតៀន​ភូមា​ពី​កំណែទម្រង់​ប្រទេស​ដើរ​ថយក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ព្រហស្បតិ៍ ទី១៣ វិច្ឆិកា​នេះ ជា​ថ្ងៃទី២ នៃ​ជំនួបកំពូល​អាស៊ាន​លើកទី២៥ ក្នុង​ទីក្រុង​ណៃពីដ៏ ប្រទេស​ភូមា និង​ត្រូវ​បន្ត​នៅ​ថ្ងៃ​បន្ទាប់​ ដោយ​ជំនួបកំពូល​អាស៊ីបូព៌ា​ដែល​ចូលរួម​ដោយ​ប្រទេស​អាស៊ាន​ទំាង ១០ បូក​ជាមួយ​នឹង​ប្រទេស​ដៃគូ​ក្នុង​តំបន់ រួម​មាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឬ​មួយ​ក៏​ប្រទេស​ឥណ្ឌា​ជាដើម។ ទំាង​នេះ​មិន​ភ្លេច​និយាយ​ទេ ពី​វត្តមាន​របស់​ប្រទេស​រុស្ស៊ី សហរដ្ឋអាមេរិក​ដែល​ទើប​បាន​ក្លាយ​ជា​ដៃគូ​ពេញសិទ្ធិ​នៅ​ក្នុង​ជំនួបកំពូល​អាស៊ី​បូព៌ា។ វត្តមាន​ដែល​គ្រប់គ្នា​បាន​ចាប់​អារម្មណ៍​ខ្លំាង​នោះ គឺ​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន និង​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា។ លោក​អូបាម៉ា​ដែល​បាន​រិះគន់ ទិតៀន​ត្រង់ៗ​ពី​ការ​ដើរ​ថយ ក្រោយ​របស់​ប្រទេស​ភូមា។

លោក​អូបាម៉ា​កំពុង​ស្វាគមន៍​ជាមួយ​ក្រុម​អ្នក​តំណាងរាស្រ្ត និង​សង្គម​ស៊ីវិល​ភូមា
លោក​អូបាម៉ា​កំពុង​ស្វាគមន៍​ជាមួយ​ក្រុម​អ្នក​តំណាងរាស្រ្ត និង​សង្គម​ស៊ីវិល​ភូមា Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​មិន​បាន​និយាយ​រិះគន់ ទិតៀន​ប្រទេស​ភូមា​នៅ​ក្នុង​ជំនួបកំពូល​អាស៊ីបូព៌ា​ទេ តែ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត​អាមេរិកំាង និង​ដែល​ខ្លឹមសារ​នៃ​បទសម្ភាសន៍​នោះ​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​ចំ​ពេល​ដែល​លោក​អូបាម៉ា​បាន​ទៅ​ដល់​ទីក្រុង​ណៃពីដ៏ ប្រទេស​ភូមា​កាល​ពី​យប់​ថ្ងៃ​ពុធ ទី១២ វិច្ឆិកា។ នៅ​ក្នុង​បទសម្ភាសន៍​នោះ លោក​អូបាម៉ា​បាន​លើក​ឡើង​ចំៗ​ថា នៅ​ក្នុង​នយោបាយ​កំណែទម្រង់​ដែល​បាន​ផ្តួចផ្តើម​ឡើង​ដោយ​លោក​ប្រធានាធិបតី​ភូមា​ថេន សេន មាន​ការ​យឺតយ៉ាវ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន និង​មាន​វិស័យ​ខ្លះ​ទៀត​ថែម​ទំាង​មាន​ដំណើរ​ថយ​ក្រោយ​ទៅ​វិញ។ លោក​អូបាម៉ា​បាន​លើក​ឡើង​ពី​ការ​បន្ត​ចាប់​ឃុំ​ខ្លួន​អ្នកកាសែត ការ​បន្ត​ដាក់​គំនាប​លើ​អតីត​អ្នកទោសនយោបាយ និង​ឃាតកម្ម​ថ្មីៗ​លើ​អ្នកយកព័ត៌មាន​ពី​សំណាក់​ទាហាន​ភូមា។

ទន្ទឹម​គ្នា​នេះ លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ឆ្លៀត​លើក​ឡើង​ពី​ស្ថានការណ៍​នយោបាយ​ទូទៅ​នៅ​ភូមា មុន​ការ​រៀចំ​បោះឆ្នោត​សភា​នៅ​ឆ្នំា ២០១៥ ខាង​មុខ។ លោក​អូបាម៉ា​បាន​ចង់​ផ្តោត​សំខាន់​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​សល់​ពី​របបសឹក​ដែល​បាន​រារំាង​លោកស្រី​ប្រមុខ​បក្សប្រឆំាង​អ៊ុង សានស៊ូជី​មិន​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី។ ត្រង់​ចំណុច​នេះ លោក​អូបាម៉ា​បាន​សង្កត់​ធ្ងន់ៗ​ថា ការ​ធ្វើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​ជា​រឿង​មួយ​ចៀស​មិន​រួច និង​ត្រូវ​តែ​ឆ្លើយ​តប​តាម​ឆន្ទៈ​ចង់​បាន​របស់​ប្រជាជន។ សូម​ជម្រាប​ជូន​ថា ការ​លើកឡើង​របស់​លោក​អូបាម៉ា​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី​អ៊ុង សានស៊ូជី​បាន​អំពាវនាវ​កាល​ពី​សប្តាហ៍​កន្លង​ទៅ ឲ្យ​អាមេរិក​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​មាន​សុទិដ្ឋិនិយម​ខ្លំាង​ពេក ឬ​មួយ​ក៏​ថា កុំ​ឲ្យ​ជឿ​លើ​នយោបាយ​កំណែទម្រង់​របស់​លោក​ថេន សេន​ជ្រុល​ពេក ព្រោះ​សម្រាប់​លោកស្រី មាន​នយោបាយ​កំណែទម្រង់​ខ្លះ​កំពុង​នំា​ភូមា​ទៅ​រក​ទ្រនំចាស់​ជា​ថ្មី។

លោក​បាន គីមូន​ស្នើ​ភូមា​ឲ្យ​គោរព​សិទ្ធិមនុស្ស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​រ៉ូហ៊ីនយ៉ា

នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនំា​ភូមា​ក្នុង​ទីក្រុង​​ណៃពីដ៏ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​ជម្រុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីនយ៉ា​អ្នកកាន់សាសនា​អ៊ីស្លាម​រស់​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ តំាង​ពី​ក្រោយ​ផ្ទុះ​អំពើហិង្សា​រវាង​ក្រុម​អ្នកកាន់សាសនា​អ៊ីស្លាម និង​អ្នកកាន់សាសនា​ព្រះពុទ្ធ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៥០នាក់​ក្នុង​ឆ្នំា ២០១២ មក មាន​ប្រជាជន​រ៉ូហ៊ីនយ៉ា​ប្រមាណ​ជា ១៤ម៉ឺននាក់​ក្នុង​ចំនួន​ជាង ១លាននាក់​បាន​រត់ចោល​ផ្ទះសម្បែង។ មួយ​វិញ​ទៀត និង​តំាង​ពី​រដ្ឋាភិបាល​ភូមា​បាន​បិទបញ្ចប់​បេសកកម្ម​របស់​អង្គការ​ក្រុមគ្រូពេទ្យ​គ្មាន​ព្រំដែន​ក្នុង​រដ្ឋរ៉ាក់ឃីន​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក ប្រជាជន​រ៉ូហ៊ីនយ៉ាង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិមនុស្សធម៌ និង​អនាម័យ។

លោក​បាន គីមូន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​ក្នុង​រដ្ឋរ៉ាក់ឃីន​ទូទៅ ពិសេស​លោក​បាន​ស្នើ​រដ្ឋអំណាច​ភូមា​ឲ្យ​បើក​ផ្លូវ​សម្រាប់​អង្គការ​អន្តរជាតិ​នានា​អាច​យក​ជំនួយមនុស្សធម៌​ទៅ​ជួយ​ដល់​ប្រជាជន​រ៉ូហ៊ីនយ៉ា។ គួរ​រម្លឹក​ជូន​ថា រដ្ឋអំណាច​ភូមា​មិន​ដែល​បាន​ចាត់​ទុក​ពួក​រ៉ូហ៊ីនយ៉ា​ជា​ជនជាតិ​ភាគតិច​ភូមា​ទេ តែ​ជា​ជនអន្តាប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស។ សម្រាប់​អ.ស.ប. រ៉ូហ៊ីនយ៉ា ជា​ជនជាតិ​ភាគតិច​មួយ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​លោក និង​ក៏​ជាជនជាតិ​ភាគតិច​ដែល​បាន​ទទួល​រង​ការ​ធ្វើ​បាប​ខ្លំាង​ជាង​គេ​ដែរ។

ភូមា​កំពុង​ក្រពុល​មុខ​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ជាមួយ​ក្រុមជនជាតិពិន្ធុ

គឺ​ទើប​តែ​ជិត ៣ឆ្នំា​កន្លះ​ទៅ​ប៉ុណ្ណោះ ពោល​ក្នុង​ឆ្នំា ២០១១ ដែល​ភូមា​បាន​ស្គាល់​ការ​ដឹកនំា​ដោយ​រដ្ឋាភិបាល​ស៊ីវិល បន្ទាប់​ពី​បាន​ស្ថិត​ក្រោម​របបសឹក​អស់​រយៈពេល​ជិត​កន្លះ​សតវត្ស។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ថ្នាក់ដឹកនំា​ស៊ីវិល​សព្វថ្ងៃ រាប់​បញ្ចូល​ទំាង​រូប​លោក​ប្រធានាធិបតី​ថេន​សេន​ផង មិនមែន​ជា​ឥស្សរជន​នយោបាយ​ថ្មីថ្មោង​ទេ តែ​ជា​ឥស្សរជន​នយោបាយ​បន្ត​ពី​របបសឹក។ លោក​ថេន សេន​ពិត​ជា​បាន​ធ្វើ​កំណែទម្រង់​ច្រើន​ណាស់ រហូត​ដល់​ធ្វើ​ឲ្យ​ភូមា​រួច​ផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ។ តែ​ទន្ទឹម​គ្នា​នេះ ក៏​នៅ​សល់​​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ភូមា​នៅ​មិន​ទាន់​បាន​ដោះស្រាយ និង​ដែល​សហគមន៍​អន្តរជាតិ​កំពុង​សម្តែង​ក្តីព្រួយបារម្ភ​ជា​ពន់ពេក។

ក្រៅ​ពី​បញ្ហា​ជនជាតិ​ភាគតិច​រ៉ូហ៊ីនយ៉ា ការ​រំលោភ​សិទ្ធិមនុស្ស ឬ​មួយ​ការ​បន្ត​ចាប់​ឃុំឃំាង​អ្នកកាសែត រដ្ឋាភិបាល​ភូមា​ក៏​កំពុង​បន្ត​ប្រឈម​មុខ​នឹង​រឿង​សំខាន់​មួយ គឺ​ដំណើរ​ស្វែង​រក​សន្តិភាព​ជាមួយ​ក្រុមប្រដាប់អាវុធ​ជាតិពិន្ធុ​ភាគតិច​មួយ​ចំនួន។ មក​ដល់​ពេល​នេះ មាន​ក្រុមប្រដាប់​អាវុធ​ចំនួន ១៤ក្រុម ក្នុង​ចំណោម ១៦ក្រុម​បាន​ព្រម​ចុះ​ហត្ថលេខា​លើ​បទឈប់បាញ់​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ណៃពីដោ។ ២ក្រុម​ដែល​នៅ​រឹងទទឹង​គឺ​ពួក​កាឈីន និង​ក្រុមប្រដាប់អាវុធជាតិ​ដើម្បី​រំដោះ Ta’ang។ ក្រុម​ប្រដាប់អាវុធ​ទំាង​ពីរ​នេះ​បាន​បន្ត​ការ​តស៊ូ​ដើម្បី​ទាមទារ​ឯករាជ្យ​ផ្តាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ភូមា។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា តំាង​ពី​ភូមា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នំា ១៩៤៨ មក ជម្លោះ​រវាង​រដ្ឋាភិបាល និង​ក្រុមប្រដាប់អាវុធ​ជាតិពិន្ធុ​មួយ​ចំនួន​បាន​ក្លាយ​ជា​សង្រ្គាមស៊ីវិល​ដ៏​យូរលង់​មួយ​នៅ​ក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ