អានតួអត្ថបទ
ភូមា

ភូមា​លេច​ត្រដែតក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន តែ​​ការ​​រិះគន់​ក៏​មាន​ច្រើន

ភូមា​ដែលជា​ប្រទេសដ៏​​ឯកា ធ្លាប់​រស់​ក្រោម​​របប​ដឹកនាំ​សឹក​អស់​ជិត​កន្លះ​សតវត្ស​ កំពុង​បង្ហាញ​ខ្លួន​ជា​លើក​ទី​មួយ ​​លើ​ឆាក​អន្តរជាតិ​​ តាមរយៈ​ការ​ទទួល​រៀប​ចំ​ជំនួប​កំពូល​អាស៊ានសប្តាហ៍​នេះ។ ជា​ប្រធាន​ផ្លាស់​វេនអាស៊ាន​ ភូមា​បាន​ទទួល​ចំណាប់​អារម្មណ៍​ពិសេស និង​ត្រូវ​ទទួល​ស្វាគមន៍​​លើក​ទីពីរ​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា។ ទន្ទឹម​នឹង​ការ​លេច​មុខ​លេច​មាត់ ការរិះគន់​ក៏​មាន​ច្រើន ព្រោះ​ការ​បោះឆ្នោត​សភា​ នឹង​ឈាន​មក​ដល់​នៅ​រវាង​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

រូប​ថត​អនុស្សាវរីយ៍​ក្នុង​​ពិធី​បើក​ជំនួប​កំពូល​​អាស៊ាន​លើក​ទី ២៥​ នៅ​ទីក្រុង​ណៃពិដោ ថ្ងៃ​ទី ១២ វិច្ឆិកា ២០១៤
រូប​ថត​អនុស្សាវរីយ៍​ក្នុង​​ពិធី​បើក​ជំនួប​កំពូល​​អាស៊ាន​លើក​ទី ២៥​ នៅ​ទីក្រុង​ណៃពិដោ ថ្ងៃ​ទី ១២ វិច្ឆិកា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ដឹកនាំ​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ អាស៊ាន និង​ប្រធានាធិបតី​អាមេរិក​ កំពុង​ជួបប្រ​ជុំ​គ្នា​នៅ​ទីក្រុង​ណៃពិដោ រយៈ​ពេល​ពីរ​ថ្ងៃ នា​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​ទី ១៣​វិច្ឆិកានេះ។

 
ជាមួយ​នឹង​សក្កានុពល​សេដ្ឋកិច្ច មាន​ប្រជាជន​ជាង​៦០លាន​នាក់ មាន​ផ្ទុក​ធនធាន​ធម្មជាតិ​ក្រោម​ដី​យ៉ាង​សន្ធឹក​សន្ធាប់ តាំង​ពីមាន​រដ្ឋាភិបាល​ជា​ស៊ីវិល​មក ភូមាបាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​​ពី​​សហរដ្ឋ​អាមេរិក។ លោក​អូបាម៉ា​ ​​តាម​ដាន​អន្តរកាល​នយោបាយ​នៅ​ប្រទេស​នេះ​ យ៉ាង​ប្រកៀក​ប្រកិត​បំផុត។ នៅលើក​នេះ លោក​អូបាម៉ា ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ភូមា លោក ថេន សេន​​ផង និង​លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​ អ៊ុង សានស៊ូជីផង​។

ប៉ុន្តែ​​ប៉ុន្មាន​​ថ្ងៃចុងក្រោយ​ ការ​រិះគន់​ មាន​កាន់​តែ​ច្រើនឡើងៗ ចំពោះ​ភាព​យឺត​យ៉ាវ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់។ លោកស្រី​ អ៊ុងសានស៊ូជី បាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​​ប្រុង​ប្រយ័ត្ន​ កុំ​មាន​សុទិដ្ឋនិយម​ខ្លាំង​ពេក​​លើ​រដ្ឋាភិបាលភូមា។ ទីប្រឹក្សា​សន្តិសុខ​របស់​លោក​អូបាម៉ា ក៏​ទើប​តែ​នឹង​បាន​ទទួល​ស្គាល់​ដែរ​ថា មាន​ការ​ជឿន​លឿន​​​មែន ប៉ុន្តែ​នៅ​សល់​ និង​មាន​ការ​ជ្រុល​ជ្រួស​ច្រើន ក្នុង​ដំណើរការ​កំណែទម្រង់។

វិបត្តិ​ជុំ​វិញ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ អំពើ​ហិង្សា​អន្តរសាសនា ជម្លោះ​ជាមួយ​ទ័ព​ព្រៃរហូត​ដល់​មានស្លាប់ និង​ជន​ភៀស​ខ្លួន​ជា​ច្រើន​ពាន់​នាក់  ការ​រឹត​បន្តឹង​​សេរីភាព​សារព័ត៌មាន ការ​ចាប់​ឃុំ​ឃាំង​អ្នក​កាសែត សុទ្ធ​សឹង​បញ្ហា​ប្រឈម​ដែល​​មក​បង្អាប់​តុល្យការ​នៃ​សកម្មភាព​ធ្វើ​កំណែ​ទម្រង់​តាំង​ពី​​បី​ឆ្នាំមក​​របស់​រដ្ឋាភិបាល​ស៊ីវិលភូមា។ នៅ​តែ​មួយ​ឆ្នាំទៀត ការ​បោះឆ្នោត​សភា​២០១៥នឹង​មក​ដល់ ! បក្ស​ប្រឆាំង​របស់​លោកស្រី អ៊ុងសានស៊ូជី មាន​សំណាងច្រើន​នឹង​​ឈ្នះ​ឆ្នោត ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​ជា​រនាំង​បាំង​លោកស្រី​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព​ មិន​ឱ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី បាន​ឡើយ។ លោកស្រី​កំពុង​ពុះពារ​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម​ដើម្បី​ទាមទារ​ឱ្យ​មាន​​ការ​ប្តូរ​ផ្លាស់​រដ្ឋធម្មនុញ្ញ​ចាស់​នេះ។

នៅ​ក្នុង​បរិបទ​ដូច្នេះ​ ​អាមេរិក​របស់​លោក​​អូបាម៉ា​ ដែលមាន​នយោបាយ​​ផ្តល់​អាទិភាព​​ដល់​អាស៊ី ដើម្បី​ទប់ទល់​សន្ទុះ​​ដ៏​ខ្លាំង​ក្លា​របស់​ចិន ​ត្រូវ​តែ​គិត​គូរ​លើក​ទឹក​ចិត្តការពារ​​លោកស្រី​អ៊ុងសានស៊ូជី ដោយ​​មិន​ ដក​ទំនុក​ចិត្ត​ពី​រដ្ឋាភិបាល​​លោក​ថេនសេនទេ។ ប៉ុន្តែ​នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល​អាស៊ាន​ថ្ងៃ​នេះ ជា​ផ្លូវ​ការ​គេ​ឃើញ​មាន​តែ​សំណុំ​រឿង​សេដ្ឋកិច្ច​តំបន់ ឬ​វិបត្តិ​ដែនដី​នៅ​សមុទ្ទ​ចិន ដែល​​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​អាស៊ី​ ត្រូវ​បន្ត​ពិភាក្សា​គ្នា​នៅ​ភូមា ក្រោយ​ជំនួប​APEC​ នៅ​ប៉េកាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ