អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកអូបាម៉ា​ចុះ​ហត្ថលេខា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អៀរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១ កក្កដា ២០១០​នេះ លោក​អូបាម៉ា​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី​ការ​ដាក់ទណ្ឌកម្ម​ជា​ឯកតោ​ ភាគី​លើ​អៀរ៉ង់។ ទណ្ឌកម្មនេះ គឺ​ជា​ទណ្ឌកម្ម​បន្ថែម​ពី​លើ​ទណ្ឌកម្ម​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ សន្តិសុខ​អង្គការ​សហប្រជាជាតិ​ កាលពីខែមុន ក្នុង​គោលដៅ​បង្ខំ​​ឲ្យ​អៀរ៉ង់​បោះបង់​ចោល​កម្មវិធីនុយក្លេអ៊ែរ។ លោក​អូបាម៉ា​បាន​ថ្លែងថា ទណ្ឌកម្មលើកនេះ​មាន​លក្ខណៈធ្ងន់ធ្ងរ​បំផុត​មិនធ្លាប់មាន។ ក៏ប៉ុន្តែ គេ​នៅតែ​មិន​ជឿថា​ វា​អាច​បង្ខំ​ឲ្យ​អៀរ៉ង់​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​បានទេ។

លោក​អូបាម៉ា​ចុះហត្ថលេខា​លើ​​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់
លោក​អូបាម៉ា​ចុះហត្ថលេខា​លើ​​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

ច្បាប់​ដែល​លោក​អូបាម៉ា​ចុះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញនេះ ត្រូវ​បាន​អនុម័ត​ដោយ​សភា​អាមេរិក កាលពី​សប្តាហ៍​មុន។ ច្បាប់នេះ​មានគោលដៅ​ពង្រីក​វិសាលភាព​នៃ​ទណ្ឌកម្ម ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​​បាន​អនុម័ត កាលពីខែមុន។ ក៏ប៉ុន្តែ អាមេរិក​បាន​ចាត់វិធានការ​ថ្មីមួយ ដែល​មិន​មាន​ក្នុង​សេចក្តី​សម្រេច​ក្រុមប្រឹក្សា​សន្តិសុខ នោះ​គឺ​ ការ​ហាមឃាត់​ការ​លក់​ប្រេង​ទៅ​ឲ្យ​អៀរ៉ង់។

គួរ​បញ្ជាក់ឡើង​វិញថា អៀរ៉ង់​ ថ្វីដ្បិត​តែ​ជា​ប្រទេស​សម្បូរប្រេងកាត​ឆៅ ក៏ប៉ុន្តែ មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចម្រាញ់​ប្រេង ដើម្បី​ប្រើប្រាស់​ក្នុង​ស្រុក​នោះទេ។ ផលិតផល​ប្រេង​ចម្រាញ់​រួច​ប្រមាណ​ជា ៤០% នៅលើ​ទីផ្សារ​អៀរ៉ង់ បាន​មកពី​ការ​នាំចូល​ពីបរទេស។ ការ​ហាម​ឃាត់​ការលក់​ប្រេង​ទៅ​ឲ្យ​អៀរ៉ង់នេះ ក៏​មាន​ចែង​ក្នុង​សេចក្តី​ព្រាង​នៃ​​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ដែរ ក៏ប៉ុន្តែ ដោយ​មាន​ការ​ជំទាស់​ពីចិន គេ​ក៏​លុប​វិធានការ​នេះ​ចេញ​វិញ។

ទណ្ឌកម្ម​ជា​ឯកតោ​ភាគី អនុម័ត​ដោយ​អាមេរិក​នៅពេលនេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​រួម​រវាង​សហរដ្ឋ​អាមេរិក​ និង​​​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត រួមមាន កាណាដា អូស្រ្តាលី និង​សហភាព​អឺរ៉ុប ដែល​បានព្រមព្រៀង​គ្នាថា នឹង​អនុម័ត​ទណ្ឌកម្ម​បន្ថែម​លើ​អៀរ៉ង់ ក្រៅ​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​សន្តិសុខ។ កាល​ពី​ពេលថ្មីៗនេះ ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ក៏​បាន​សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​លើអៀរ៉ង់​ ដូច​សហរដ្ឋ​អាមេរិក នៅពេលនេះ​ដែរ។ ក្រុមហ៊ុន​ប្រេង​​មួយ​ចំនួន​ នៅ​អឺរ៉ុប ដូចជា ក្រុមហ៊ុន​តូតាល់​របស់​បារាំង ជាដើម បាន​ប្រកាស​រួចមកហើយ​ថា​នឹង​បញ្ឈប់​ការ​ធ្វើ​វិនិយោគ​​នៅអៀរ៉ង់ ស្រប​ទៅតាម​​វិធានការ ដែល​អនុម័ត​ដោយ​​រដ្ឋាភិបាល​នៅ​អឺរ៉ុប។

នៅ​ក្នុង​ច្បាប់ ដែល​លោក​អូបាម៉ា​បាន​ចុះហត្ថលេខា កាល​ពី​​ថ្ងៃព្រហស្បតិ៍នេះ ការហាមឃាត់​ការលក់ប្រេង​ទៅ​អៀរ៉ង់​មិនមែន​ធ្វើ​ឡើង​តែ​ទៅលើ​ក្រុមហ៊ុន​ប្រេង​អាមេរិក​នោះទេ។ ក្រុមហ៊ុន​ប្រេង​បរទេស​ក៏​ត្រូវ​គេ​ដាក់​បញ្ចូល​ក្នុង​បម្រាម​នេះ​ដែរ។ យោង​តាម​ច្បាប់នេះ រាល់​ក្រុមហ៊ុន​បរទេស​ណា ដែល​លក់​ប្រេង​ទៅ​ឲ្យ​អៀរ៉ង់ ឬ​បោះទុនវិនិយោគ​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នៅអៀរ៉ង់ នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ការ​រកស៊ី​នៅ​អាមេរិក។

ទណ្ឌកម្ម​លើ​វិស័យ​ប្រេងនេះ ពិតជា​នឹង​​បង្ក​ផលវិបាក​ដល់​អៀរ៉ង់​ជាមិនខាន។ ជាការពិត​ថា អៀរ៉ង់​នៅតែ​អាច​មាន​លទ្ធភាព​រកផ្លូវ​ចៀស​ពី​ទណ្ឌកម្មនេះ​បាន ពីព្រោះថា វា​មិនមែន​ជា​ទណ្ឌកម្ម​ដាក់​ដោយ​អ.ស.ប.។ ក៏ប៉ុន្តែ បើ​ទោះជា​អៀរ៉ង់​អាច​រកទិញ​ប្រេង​បាន ក៏​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាងមុន​នោះដែរ។

ទោះជាយ៉ាងណា គេមិនរំពឹងថា ទណ្ឌកម្មនេះ​អាច​នឹង​ធ្វើ​ឲ្យ​អៀរ៉ង់​ចុះញ៉ម សុខចិត្ត​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​នោះទេ។ មហិច្ឆតា​របស់​អៀរ៉ង់ គឺ​ចង់​ក្លាយ​ជា​មហាអំណាច នៅ​ដើមបូព៌ា ជា​ពិសេស គឺ​ដើម្បី​ប្រជែង​ជាមួយ​អ៊ីស្រាអែល។ អៀរ៉ង់​យល់ថា កម្មវិធីនុយក្លេអ៊ែរ​នេះ គឺ​ជា​មធ្យោបាយ​ដ៏ល្អ​បំផុត ដើម្បី​ឈាន​ទៅ​សម្រេច​តាម​មហិច្ឆតា​នេះ។ ដូច្នេះ រដ្ឋាភិបាល​អៀរ៉ង់​ទំនង​ជា​បាន​ប្រុងប្រៀប​ខ្លួន​រួចជាស្រេច សុខចិត្ត​ទទួលរង​នូវ​ផលវិបាក​ ដែល​បង្ក​ឡើង​ដោយ​ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ