អានតួអត្ថបទ
អៀរ៉ង់

អៀរ៉ង់៖ ទណ្ឌកម្ម​នឹង​គ្មាន​ប្រសិទ្ធិភាព​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​អៀរ៉ង់​នោះទេ

ទណ្ឌកម្ម​​លើក​ទី៤ លើ​អៀរ៉ង់ ត្រូវ​បាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​ជា​ផ្លូវការ​ ហើយ កាល​ពីយប់​ថ្ងៃ​ពុធ ម្សិលមិញ។ អាមេរិក សហភាព​អឺរ៉ុប និង​អ៊ីស្រាអែល​បាន​នាំ​គ្នា​សាទរ​ចំពោះ​សេចក្តី​សម្រេច​នេះ។ ចំណែក​អៀរ៉ង់​វិញ បាន​ផ្គើន​តបមកវិញ​ថា ខ្លួន​នឹង​នៅតែ​បន្ត​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​តទៅទៀត ទោះ​ជា​មាន​ទណ្ឌកម្ម​ថ្មី​នេះ​ក៏ដោយ។

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​លើក​ដៃ​អនុម័ត​ទណ្ឌកម្ម​លើ​អៀរ៉ង់
សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​លើក​ដៃ​អនុម័ត​ទណ្ឌកម្ម​លើ​អៀរ៉ង់ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

02:20

សេចក្តីរាយការណ៍​របស់ សេង ឌីណា

ដូចការ​រំពឹង​ទុក ទណ្ឌកម្ម​​លើ​អៀរ៉ង់​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ ១២​​សំឡេង ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង​១៥​ប្រទេស។ លីបង់​បាន​បោះឆ្នោត​អនុប្បវាទ។ ចំណែក​ប្រេស៊ីល និង​ទួរគី បាន​បោះប្រឆាំង។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​នាំ​គ្នា​អបអរសាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខនេះ ក៏ប៉ុន្តែ បាន​បញ្ជាក់ថា ទ្វារ​នៅតែ​បើក​ចំហរ​​សម្រាប់​អៀរ៉ង់ ក្នុងការ​ចរចា​បញ្ជប់​វិបត្តិនេះ។ លោក​ប៊ែនយ៉ាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​ក៏​បាន​​សាទរ​ចំពោះ​ទណ្ឌកម្ម​ថ្មីនេះ​ដែរ ហើយ​បាន​អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​​ពាក់ព័ន្ធ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តី​សម្រេច​នេះ។

លោក​អះម៉ាឌីនចាត (Ahmadinejad) ប្រធានាធិបតី​អៀរ៉ង់វិញ បាន​​ប្រៀបប្រដូច​​​សេចក្តីសម្រេច​​របស់​ក្រុមប្រឹក្សាសន្តិសុខនេះ​ ទៅ​នឹង​​ក្រណាត់​ជូតមាត់​ដែល​គេប្រើ​​ស៊ាំអស់ហើយ ដែល​គួរ​តែ​បោះចោល​ក្នុង​ធុងសំរាម។ រដ្ឋាភិបាល​អៀរ៉ង់​ក៏​បាន​និយាយ​ផ្គើន​ចំពោះ​សហគមន៍​អន្តរជាតិ​​ផងដែរ​ថា ទណ្ឌកម្ម​ថ្មីនេះ​នឹង​មិន​ធ្វើ​ឲ្យ​អៀរ៉ង់​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​នោះទេ។ អៀរ៉ង់​ក៏បាន​រិះគន់​យ៉ាងធ្ងន់ៗ​ទៅលើ​ប្រទេស​ចិន​ផងដែរ ដែល​បាន​បោះឆ្នោត​គាំទ្រ​ការ​ដាក់​ទណ្ឌកម្មថ្មីនេះ។ តំណាង​រដ្ឋាភិបាល​អៀរ៉ង់ នៅក្នុង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ បានថ្លែង​ថា “ចិន​កំពុងតែ​បាត់បង់​ឥទ្ធិពល​​ក្នុង​ពិភព​អ៊ីស្លាម​បន្តិចម្តងៗ​ហើយៗ ទម្រាំ​តែ​ចិន​ដឹង​ខ្លួន ពេលនោះ​វា​នឹង​ហួសពេលហើយ! ចិន​ធ្លាប់​បាន​ហៅ​អាមេរិក​ថា​ជា​ខ្លាក្រដាស។ ចុះនៅពេលនេះ ដែល​ចិន​គាំទ្រ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​អៀរ៉ង់ តើ​គេគួរ​ហៅ​ចិន​ថា​ជាអ្វី​ទៅវិញ?!”

ការ​ណ៍​ដែល​អៀរ៉ង់​រិះគន់​ចិន ដោយ​ពាក្យ​សម្តី​ធ្ងន់ៗ​បែបនេះ គឺ​ជា​រឿង​មួយ​ដ៏​កម្រ​បំផុត។ នេះ​បង្ហាញ​ពី​កំហឹង​​របស់​អៀរ៉ង់ ដែល​ឃើញ​ថា ទាំងរុស្ស៊ី និង​ទាំងចិន ដែល​ធ្លាប់​តែ​ជួយការពារ​អៀរ៉ង់ ពេលនេះ បែរជា​រួមដៃ​ជាមួយ​អាមេរិក​ដាក់ទោស​អៀរ៉ង់​ទៅវិញ។ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា ចិន​នៅតែ​ឲ្យ​តម្លៃ​ទៅលើ​ទំនាក់ទំនង​ជាមួយ​អៀរ៉ង់ ហើយ​ចិន​នៅតែ​​ជឿជាក់ថា ទំនាក់ទំនង​រវាង​ចិន និង​ពិភព​អ៊ីស្លាម​នៅតែ​រឹងមាំ​ដដែល។

នៅថ្ងៃ​ព្រហស្បតិ៍នេះ លោក​អះម៉ាឌីនចាត ប្រធានាធិបតី​​អៀរ៉ង់ នឹង​ទៅធ្វើ​ទស្សនកិច្ច​ នៅ​ក្រុងសៀងហៃ ប្រទេស​ចិន។ ក៏ប៉ុន្តែ នេះ​​​គ្រាន់តែ​ជា​ទស្សនកិច្ច​ក្នុង​ក្របខ័ណ្ឌ​ពិព័រណ៍​ពិភពលោក​តែប៉ុណ្ណោះ មិនមែន​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​នោះទេ។ ក្រោយ​ពី​មាន​ការរិះគន់​ដោយ​ពាក្យ​សម្តីធ្ងន់ៗ​របស់​មន្រ្តី​អៀរ៉ង់​​ទៅលើ​ចិនបែបនេះ គេ​មិនរំពឹង​ថា នឹង​មាន​​មេដឹកនាំ​ជាន់ខ្ពស់ចិន​រូបណា មក​ទទួលស្វាគមន៍​លោក​អះម៉ាឌីនចាត នៅសៀងហៃ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ