អានតួអត្ថបទ
អៀរ៉ង់-នុយក្លេអ៊ែរ

កិច្ចព្រមព្រៀង​រវាងអៀរ៉ង់​ ប្រេស៊ីល​ និងទួរគី​ដើម្បីដោះស្រាយ​វិបត្តិនុយក្លេអ៊ែរ​

ដោយ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ប្រេស៊ីល​និង​ទួរគី​ ប្រទេស​អៀរ៉ង់​បាន​យល់ព្រម​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ធ្វើការ​ដោះដូរ​ជាមួយ​បរទេស​នូវ​ជាតិ​Uranium​ចម្រើន​ធាតុ​តិចទាប​​របស់ខ្លួន​ប្តូរ​នឹង​វត្ថុ​ធាតុ​ឥន្ធនៈ​សម្រាប់​ប្រតិករ​នុយក្លេអ៊ែរ។

លោកប្រធានាធិបតីអៀរ៉ង់  Ahmadinejad លោកប្រធានាធិបតី​ប្រេស៊ីល​ Lula da Silva និង​លោក​នាយករដ្ឋមន្ត្រី​ទួរគី​ Erdogan នៅពេលចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នុយក្លអ៊ែរ​នៅ​ទីក្រុង​តេហេរ៉ង់
លោកប្រធានាធិបតីអៀរ៉ង់ Ahmadinejad លោកប្រធានាធិបតី​ប្រេស៊ីល​ Lula da Silva និង​លោក​នាយករដ្ឋមន្ត្រី​ទួរគី​ Erdogan នៅពេលចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នុយក្លអ៊ែរ​នៅ​ទីក្រុង​តេហេរ៉ង់ ©Reuters
ផ្សាយពាណិជ្ជកម្ម

04:20

បទវិភាគ​របស់​ សៀក​ សារិន

សេចក្តី​ប្រកាស​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​រវាង​អៀរ៉ង់​ ប្រេស៊ីល​ និង​ទួរគី​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​នេះ​ ធ្លាក់​ចំពេល​ដែល​ប្រទេស​លោក​ខាងលិច​កំពុង​រិះរក​ធ្វើ​ការ​ពង្រឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អៀរ៉ង់​ដែល​គេ​សង្ស័យ​ថា​កំពុង​ខិតខំ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដោយ​លាក់​បំពួន​ខ្លួន​នៅ​ពី​ក្រោយ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​ខ្លួន។

 
កិច្ច​ព្រម​ព្រៀង​រវាង​អៀរ៉ង់​ ប្រេស៊ីល​ និង​ទួរគី​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សម្រុះ​សម្រួល​របស់​ប្រទេស​ប្រេស៊ីល​និង​ប្រទេស​ទួរគី​ដែលជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។​ កិច្ច​ព្រម​ព្រៀង​នេះ​បាន​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​តេហេរ៉ង់​ដោយ​ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងបី​ដោយ​មាន​វត្តមាន​ផង​ទៀត​របស់​លោក​ប្រធានាធិបតី​អៀរ៉ង់​Mahmoud Ahmadinejad លោក​ប្រធានាធិបតី​​ប្រេស៊ីល​Luiz Inacio Lula da Silva និង​លោក​នាយក​រដ្ឋមន្ត្រី​ទួរគី​Recep Tayyip Erdogan។

កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំងបី​គ្រោង​បញ្ជូន​ជាតិ​Uranium​ចម្រើន​ធាតុ​តិចទាប​របស់​អៀរ៉ង់​ពោលគឺ​មាន​កម្រិត​(​៣,៥%​)​ប្រមាណ​១ ២០០​គីឡូក្រាម​យក​ទៅ​ស្តុក​ទុក​នៅ​ប្រទេស​ទួរគី​ ហើយ​ប្តូរ​យក​មក​វិញ​នូវ​វត្ថុធាតុ​ឥន្ធនៈ​ចម្រើន​ធាតុ​ដល់​កម្រិត​២០%​ប្រមាណ​១២០គីឡូក្រាម​ដែល​ប្រតិករ​នុយក្លេអ៊ែរ​អៀរ៉ង់​ត្រូវការ។​ ដូច្នេះ​នៅ​ខណៈ​នេះ​ បាល់​ដែល​ត្រូវ​លេង​គឺ​ឋិត​នៅខាង​ប្រទេស​បស្ចិមលោក។

កិច្ច​ព្រម​ព្រៀង​រវាង​អៀរ៉ង់​ ប្រេស៊ីល​ និង​ទួរគី​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​ដែល​បាន​ប្រកាស​ឲ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី១៧​ឧសភា​កន្លង​ទៅ​ បាន​ត្រូវ​អ្នកនាំ​ពាក្យ​នៃ​ប្រធានាធិបតី​អាមេរិក​លោក​Robert Gibbs​ចាត់​ទុក​ថា​ជា​ជំហាន​មួយ​ឈាន​ទៅរក​សភាព​វិជ្ជមាន។​ ក៏​ប៉ុន្តែ​ទីក្រុង​តេហេរ៉ង់​ត្រូវ​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​មាន​ជំនឿ​ថា​កម្មវិធី​នុយក្លេអ៊ែរ​អៀរ៉ង់​ជា​កម្មវិធី​នុយក្លេអ៊ែរ​មាន​គោល​បំណង​ស៊ីវិល។​ សហរដ្ឋ​អាមេរិក​បារម្ភ​ខ្លាចក្រែង​ទីក្រុង​តេហេរ៉ង់​យក​កិច្ច​ព្រម​ព្រៀង​រវាង​អៀរ៉ង់​ ប្រេស៊ីល​ និង​ទួរគី​មក​ធ្វើ​ជា​លេស​សម្រាប់​ពន្យឺត​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ជា​ថ្មី​ទៅលើ​ប្រទេស​អៀរ៉ង់។

ប្រទេស​លោក​ខាងលិច​ឯទៀតៗ​នៅ​តែ​មានការ​ប្រយ័ត្ន​ប្រយែង​ពុំ​ទុកចិត្ត​ប្រទេស​អៀរ៉ង់​ឡើយ។​ លោក​ស្រី​Catherine Ashton ​ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ កិច្ច​ព្រម​ព្រៀង​រវាង​អៀរ៉ង់​ ប្រេស៊ីល​ និង​ទួរគី​នេះ​គ្រាន់តែ​ធ្វើការ​ឆ្លើយ​តប​មួយភាគ​ទៅលើ​ការ​ទាមទារ​ចង់បាន​របស់​ទី​ភ្នាក់​ងារ​អន្តរជាតិ​ខាង​ថាមពល​អាតូមិក​AIEA តែ​ប៉ុណ្ណោះ។​ ចំណែកឯ​ប្រធាន​នៃ​សហភាព​អឺរ៉ុប​លោក​Herman Van Rompuy វិញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជំហរ​របស់​សហភាព​អឺរ៉ុប​ពុំ​ប្តូរ​ប្រែ​ឡើយ។​ គេ​នៅ​តែ​បារម្ភ​យ៉ាង​ខ្លាំង​នឹង​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់។

នៅ​ថ្ងៃ​អង្គារ​នេះ​ ប្រទេស​ចិន​បាន​សរសើរ​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​សម្រេច​បាន​រវាង​ប្រទេស​អៀរ៉ង់​ ប្រេស៊ីល​ និង​ទួរគី​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​ ដោយ​បាន​ធ្វើការ​កត់​សម្គាល់​ថា​ សាធារណរដ្ឋ​អ៊ីស្លាម​អៀរ៉ង់​បាន​សាង​ផ្ទេរ​ជាតិ​Uranium ចម្រើន​ធាតុ​មួយ​ភាគ​ធំ​របស់​ខ្លួន​ទៅ​បរទេស​ ដើម្បី​ប្តូរ​យក​វត្ថុធាតុ​ឥន្ធនៈ​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​កម្មវិធី​វិទ្យាសាស្ត្រ​របស់​ខ្លួន។
 

ជាសមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប. ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេស​អៀរ៉ង់ ប្រទេស​ចិន​មាន​តួ​នាទី​គន្លឹះ​ក្នុង​កិច្ច​ចរចា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប. ​ដែល​កំពុង​រិះរក​ធ្វើការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ទៅលើ​ប្រទេស​អៀរ៉ង់​ដែល​កំពុង​បន្ត​កម្មវិធី​ចម្រើន​ធាតុ​Uranium របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ